ភ្នំពេញៈ នៅទីបំផុតអង្គការយូណេស្កូបានសម្រេចទទួលចុះបញ្ជី «គុនល្បុក្កតោ» របស់កម្ពុជាក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការពិភពលោកមួយនេះ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា នាទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក ទៅតាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានខិតខំប្រឹងប្រែងព្យាយាមស្នើសុំចុះបញ្ជីជាច្រើនលើក។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសាទរ និងអបអរចំពោះការចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ បន្ទាប់ពីលោកទទួលព័ត៌មានពីលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានដឹកនាំ ប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ នៅប្រទេសម៉ារុកនោះផ្ទាល់។
លោកស្រី ភឿង សកុណា បានជម្រាបជូនលោកហ៊ុន សែន ថា៖ «សម្តេចជាទីគោរពដ៏ខ្ពង់ខ្ពស់នាងខ្ញុំសូមគោរពជម្រាបជូនសម្តេចមេត្តាជ្រាបថា ក្នុងកិច្ចប្រជុំលើកទី១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ បានគោះញញួរ សម្រេចចុះបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ «គុនល្បុក្កតោ» នៅថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២២។ ឯកសារនានា រួមទាំងវីដេអូផងនោះនាងខ្ញុំបានផ្ញើជូនខុទ្ទកាល័យសម្តេចរួចស្រេចអស់ហើយ»។
ជាមួយគ្នា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ក្នុងនាមអតីតកីឡាករជម្រើសជាតិនៃកីឡាអូឡាំពិកម្នាក់ ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងជាសកម្មជននៃការរៀបចំគុនល្បុក្កតោ និងក៏ជាស្ថាបនិកម្នាក់ លោកសូមអបអរសាទរ និងមានក្ដីសោមនស្សរំភើបរីករាយយ៉ាងខ្លាំង ចំពោះការដាក់បញ្ចូល គុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីយនៃ
មនុស្សជាតិ នៃអង្គការ UNESCO នៅពេលនេះ។
លោកបន្ថែមថា៖ «យើងបានព្យាយាម និងខិតខំធ្វើការងារនេះ អស់រយៈជាច្រើនឆ្នាំហើយពេលនេះព្រលឹងរបស់ដូនតាយើង បានកក្រើកឡើងវិញហើយ និងបានឈានដល់កម្រិតនៃការដាក់ឱ្យមានការថែរក្សានៅលើពិភពលោក»។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫស ចាក់គល់ យ៉ាងជ្រៅនៅក្នុងសង្គមខ្មែរជាច្រើនសតវត្សរ៍មកហើយ ហើយបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភ័ស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។
ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោ តៗគ្នាពីជំនាន់ ១ ទៅជំនាន់ ១ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសាហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិ និងមាតុភូមិផង។ ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្សលើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ ឱ្យដឹងថា ការចុះបញ្ជី គុនល្បុក្កតោ ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាជោគជ័យ និងមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងបាត់បង់។
ក្រសួងបញ្ជាក់ថា ៖ «ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាសក្ខីភាពបង្ហាញច្បាស់ពីការស្រឡាញ់ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងគាំទ្រ និងសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងអ្នកជំនាញជាតិ អន្តរជាតិ សហគមន៍ សាលាគុន គ្រូ និងសិស្សគុនល្បុក្កតោ ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តនានានៅក្នុងកម្ពុជា»។
ក្រសួងវប្បធម៌ បានអំពាវនាវដល់សាធារណជនទាំងក្នុង និងក្រៅប្រទេស មេត្តាជួយបន្តចូលរួម ថែរក្សាការពារ និងលើកតម្កើងតម្លៃមរតកវប្បធម៌ជាតិឱ្យសម្រេចបានជោគជ័យ និងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍។ ក្រសួងបានសង្កត់ធ្ងន់ថា ៖ «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»។
បន្ទាប់ពី «គុនល្បុក្កតោ» ត្រូវបានចុះក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ លោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ ក៏បានចូលរួមអបអរសាទរជាមួយនឹងប្រទេស និងប្រជាជនកម្ពុជាផងដែរ។
ចំណែកលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ក៏បានសាទរដែលប្រទេសកម្ពុជាទទួលបានសមិទ្ធផលថ្មីមួយនេះ។
លោកថ្លែងថា៖ «យូណេស្កូសូមអបអរសាទរដល់ប្រទេសកម្ពុជាសម្រាប់សមិទ្ធផលដ៏អស្ចារ្យនេះក្នុងការការពារគុនល្បុក្កតោតាមរយៈសិលាចារឹករបស់ខ្លួនក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ ក្នុងនាមជាកីឡាប្រពៃណី សិលាចារឹកនេះនឹងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជានៅលើឆាកអន្តរជាតិសម្រាប់ការសន្ទនាអន្តរវប្បធម៌ ភាពស្អិតល្មួតក្នុងសង្គម និងការយោគយល់គ្នាត្រួសត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ»។
គួររំឭកថា បន្ទាប់ពីរបបប៉ុលពត ត្រូវបានផ្តួលរំលំទាំងស្រុង នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ គ្រូគុន និងអ្នកហាត់គុនមួយចំនួន ដែលបានរស់រានមានជីវិត បានចាប់ផ្តើមប្រមូលផ្តុំគ្នា ចងក្រងជាក្រុមៗ ដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោ ឡើងវិញ ហើយនៅឆ្នាំ ២០០៤ កម្ពុជា បានសម្រេចបង្កើតជាសហព័ន្ធកីឡាគុនល្បុក្កតោ ដើម្បីបំពេញកិច្ចការងារ ក្នុងការប្រមូល គ្រូគុនល្បុក្កតោ និងរៀបរៀងចងក្រងឯកសារ និងការប្រតិបត្តិប្រពៃណី ទំនៀម ទម្លាប់របស់គុនល្បុក្កតោ នៅតាមសហគមន៍ឡើងវិញ។
កម្ពុជាបានឈានដល់រៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ចូលគុនល្បុក្កតោជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នៃអង្គការយូណេស្កូ តាមទម្រង់កិច្ចការពារបន្ទាន់ (Intangible Cultural Heritage (ICH) in Need of Urgent Safeguarding) នៅអំឡុងឆ្នាំ ២០០៨ និងបានដាក់ជាលើកទី ២ នៅឆ្នាំ ២០១៧ ដោយបានប្តូរពីការស្នើសុំនៅក្នុងកិច្ចការពារបន្ទាន់ មកដាក់ជាបញ្ជីតំណាងនៃមនុស្សជាតិ (Representative List of the Intangible Cultural Heritage of Humanity) វិញ ព្រោះមើលឃើញថា ប្រជាជន និងគ្រូគុនល្បុក្កតោ នៅតាមមូលដ្ឋាន និងសហគមន៍ មានការផុលផុស ក្នុងការថែរក្សាប្រពៃណីទំនៀមទម្លាប់នៃគុនល្បុក្កតោ និងរៀបចំឱ្យមានអ្នកបន្តវេន នៅក្នុងមូលដ្ឋានរបស់ពួកគាត់។
ចំពោះការប្តូរទម្រង់បែបបទនៃការដាក់ «គុនល្បុក្កតោ» ទៅកាន់ UNESCO នេះ លោក ស៊ីយ៉ុង សុភារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការផ្លាស់ប្តូរទម្រង់នេះ គឺទី ១ វាអាស្រ័យទៅលើសហគមន៍ ឬអ្នកជាម្ចាស់មរតកអរូបី មិនមែនរដ្ឋទេ គឺអ្នកភូមិដែលគាត់ប្រតិបត្តិ និងចងក្រងនូវប្រវត្តិ និងឯកសាររស់ នៃគុនល្បុក្កតោនេះ ហើយទី ២ គាត់យល់ព្រមតាមការស្នើរបស់យើង ដើម្បីដាក់ជាទម្រង់ ICH Mumanity វិញ ព្រោះឥឡូវនេះ វាមានការផុលផុស»។
យ៉ាងណាក្តី សម្រាប់ការព្យាយាមដាក់គុនល្បុក្កតោ ទៅកាន់ UNESCO ចំនួន ២ លើកនោះ នៅមិនទាន់ទទួលបានជោគជ័យនោះទេ ដោយសារអង្គការមួយនេះ បានតម្រូវឱ្យកម្ពុជា ដាក់បន្ថែមនូវឯកសារ បន្ថែមទៅលើចំណុចខ្វះខាតមួយចំនួន ហេតុនេះ នៅក្នុងឆ្នាំ ២០១៩ កម្ពុជាបានព្យាយាមរៀបចំស្នើសុំជាលើកទី ៣ ដោយមានការចូលរួមប្រឹក្សាយោបល់ពីអ្នកជំនាញ និងតំណាងយូណេស្កូ ប្រចាំរាជធានីភ្នំពេញ។
នៅឆ្នាំ ២០១៩ ដដែលនោះ ដោយយល់ឃើញថា មានទិន្ន័យ ត្រូវដាក់បញ្ចូល ដើម្បីបំពេញ បន្ថែម ក្នុងឯកសារស្នើសុំនោះ កម្ពុជា ក៏បានដាក់បញ្ចូលទៅ ប៉ុន្តែដោយសារវិបត្តិកូវីដ ១៩ ជាសកល ហេតុនេះការដាក់បំពេញឯកសារនេះ ទើបបានធ្វើរួចរាល់ កាលពីឆ្នាំ ២០២១ ហើយជាលទ្ធផល UNESCO បានប្រកាសទទួលស្គាល់ និងឯកភាពដាក់ «គុនល្បុក្កតោ» ទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ដែលជាអនុប្រធានអចិន្រៃ្តយ៍ CAMSOC និងជាប្រធាន NOCC បានសម្ដែងការអបអរសាទរ និងរំភើបរីករាយហើយលោកបានចាត់ទុកការស្នើសុំដាក់បញ្ចូលទទួលបានជោគជ័យនេះ គឺជាការបន្ថែមនូវគុណតម្លៃដ៏វិសេសវិសាលបន្ថែមទៀត សម្រាប់កម្ពុជា ដែលដាក់កីឡាគុនល្បុក្កតោ ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ខាងមុខ។
ចំណែកលោក វ៉ាត់ ចំរើន បានប្រាប់បន្ថែមថា៖ «គុនល្បុក្កតោ ជាសម្បត្តិរបស់បុព្វបុរសខ្មែរ និងរបស់ប្រជាពលរដ្ឋខ្មែរទាំងជាង ១៦ លាននាក់ និងរបស់ប្រជាជនខ្មែរនៅជំនាន់ក្រោយៗរាប់លានទៀត ត្រូវថែរក្សាកេរមរតកនេះ ហើយក៏ទុកឱ្យពិភពលោក និងមនុស្សជាតិទាំងអស់ ចូលរួមថែរក្សាថែមទៀត។ ដូច្នេះការដាក់បញ្ចូលនេះ មានតម្លៃជាសកលសម្រាប់កម្ពុជាយើងថែរក្សានូវក្បាច់គុនព្រលឹងជាតិ ឬក៏យើងហៅថា ថែរក្សានូវមរតកដូនតាអង្គររបស់យើង»។
ជាមួយគ្នានេះ កញ្ញា អ៊ិត កន្និកា ហៅក្រៅថា កញ្ញា ពេជ្រ ចរណៃ គឺជាតារាសម្តែង និងជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោខ្មែរ ១ រូប បានលើកឡើងថា បំណងរបស់នាងបានសម្រេច ហើយរំភើបស្ទើរស្រក់ទឹកភ្នែក។
កញ្ញា បាននិយាយថា៖ «គ្រាន់តែឮដំណឹងច្បាស់ការណ៍ថា ល្បុក្កតោបានចូលក្នុងបញ្ជីអរូបីរបស់អង្គការយូណេស្កូភ្លាម ខ្ញុំបានធូរពីជំងឺទាំងដែលដៃនៅព្យួរសេរ៉ូមបានប្រហែល ៣០ ភាគរយនៅឡើយ ទឹកភ្នែកខ្ញុំហូរស្របពេលដែលខ្ញុំកំពុងរំភើបត្រេកអរ»។
ទន្ទឹមនឹងនេះ កញ្ញា កង ស្រីនីន អាយុ ១៧ ឆ្នាំ កូនសិស្សគុនល្បុក្កតោ នៅខេត្តកំពង់ឆ្នាំង បានប្រាប់ឱ្យដឹងថា នាងបានចូលរួមក្លិបដំបងដែក នាខេត្តកំពង់ឆ្នាំង កាលពី៦ឆ្នាំមុន ហើយនាងពិតជាស្រឡាញ់គុនល្បុក្កតោ ដែលជាក្បាច់គុនខ្មែរណាស់។ «ការដាក់បញ្ចូលគុនល្បុក្កតោក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ គឺជាការរួមចំណែកលើកកម្ពស់មោទនភាពរបស់ប្រទេសកម្ពុជា ជាពិសេសសម្រាប់យុវជន»។
កម្ពុជាជាប្រទេសដែលមានបេតិកភណ្ឌវប្បធម៌ចម្រុះ និងច្នៃប្រឌិតប្រកបដោយថាមពល។ គុនល្បុក្កតោ ក្បាច់គុនបុរាណកម្ពុជា គឺជាធាតុទី ៦ ពីប្រទេសកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ រួមជាមួយនឹងរបាំព្រះរាជទ្រព្យកម្ពុជាចុះក្នុងឆ្នាំ (២០០៨), ល្ខោនស្រមោលស្បែកធំ (២០០៨), ល្បែងទាញព្រ័ត្រ (២០១៥), ចាប៉ីដងវែង (២០១៦) និងល្ខោនខោលវត្តស្វាយអណ្តែត (២០១៨)៕