ភ្នំពេញៈ ដោយសារតែ​ឪពុក​​ម្តាយ​ជា​ជនភៀសខ្លួន​នៅ​ជំរំ​​ជាយដែន​ខ្មែរ​-​ថៃ ហើយ​ខ្លួន​ក៏​ចាប់កំណើត​នៅ​ទីនោះ ប៉ុន្តែ​ក្រោយ​វិលត្រឡប់​មកពី​ជំរំ​ជន​​ភៀសខ្លួន​វិញ​នៅក្នុង​អំឡុង​ឆ្នាំ​ ១៩៩៣ មករស់នៅឃុំនិមិត្ត ស្រុកអូរជ្រៅហើយ គ្រួសារ​របស់​កុមារា ប៊ួ បញ្ញា គ្មាន​ផ្ទះសំបែង គ្មាន​ដីស្រែ​ចម្ការ​ហើយ​សូម្បីតែ​លុយ​ ១ ​រៀល​ក្នុង​ហោប៉ៅ​ក៏​គ្មាន​ដែរ​។​


​ដោយសារតែ​កូនប្រុស​ស្រី​ដល់​ទៅ​ ៤ ​នាក់​នៅ​តូចៗ​នៅឡើយ ទើប​ឪពុក​របស់ ប៊ួ បញ្ញា បង្ខំចិត្ត​នាំ​ពួកគេ​ដើរ​សុំទាន​ដើម្បី​បាន​បាយ​ហូប ខណៈ​ម្តាយ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។ តែ​ជា​សំណាងល្អ​មាន​អង្គការ​មួយ​បាន​ទទួលយក​កុមារា ប៊ួ បញ្ញា ទៅ​រស់នៅក្នុង​មណ្ឌល ហើយ​បាន​បណ្តុះបណ្តាល​រហូត​ក្លាយ​ជា​គ្រូ​ភាសា​បារាំង និង​ទទួលបាន​សញ្ញាបត្រ​វិស្វករ​ផ្នែក​អភិ​​វឌ្ឍន៍​ជនបទ​ពី​វិទ្យាស្ថាន​បច្ចេក​​វិទ្យា​កម្ពុជា (​សាលា​តិច​ណូ​)​ និង​ក្លាយជា​អ្នកនិពន្ធ​សៀវភៅ​ទៀតផង​។​

​ក្នុង​ទម្រង់​មុខ​រាង​ពងក្រពើ មាន​មាឌ​ស្តើង សម្បុរ​សណ្តែក​​បាយ សក់ស្លូត​ និង​នៅ​ផ្នែក​ខាងក្រោយ​ខ្នង​មាន​គំនរ​សៀវភៅ​រៀប​ជា​ថ្នាក់ៗ ហើយ​នៅ​ផ្នែក​ខាងស្តាំ​ដៃ​មាន​ក្តារខៀន​បញ្ឈរ​មួយ​ដែលមាន​កៅអី​ជ័រ​ប្រមាណ​ជា​ ១០​ នៅក្នុង​បន្ទប់​ដែលមាន​​ទទឹង​ប្រវែង​ ៣ ​ម៉ែត្រ ​និង​បណ្តោយ​ ៥ ​ម៉ែត្រ នោះ​ហើយ​គឺជា​បន្ទប់​សម្រាប់​បង្រៀន​ភាសា​បារាំង​របស់លោក ប៊ួ បញ្ញា ដែល​ស្ថិតនៅ​ក្នុងភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​​បែកក្អម ខណ្ឌ​សែន​សុខ រាជ​​ធានី​ភ្នំពេញ​។​


​បុរស​វ័យ​ ៣២​ ឆ្នាំ​រូបនេះ បាន​រំឭក​ពី​ប្រវត្តិ​របស់ខ្លួន​ប្រាប់​ ភ្នំ​​ពេញ ​ប៉ុស្តិ៍​ថា ឪពុក​របស់លោក​មាន​ស្រុកកំណើត​នៅ​ស្រុក​ព្រះ​​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ រីឯ​រូបលោក​បានចាប់កំណើត​នៅ​ជំរំសាយធូ​ជាយដែន​ខ្មែរ​-​ថៃ​។ ​នៅ​ឆ្នាំ​១៩៩៣ បន្ទាប់ពី​មានការ​រំសាយ​អ្នក​ដែល​រស់​​នៅក្នុង​ជំរំ​ជនភៀសខ្លួន​ក្នុង​ប្រ​ទេស​ថៃ​ ឱ្យចូល​ក្នុងប្រទេស​កម្ពុជា​​វិញ ក្នុងនោះ គ្រួសារ​របស់ ប៊ួ បញ្ញា ក៏បាន​វិលត្រឡប់​មករ​ស់​​នៅ​ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​វិញ​ដែរ​។​

ប៉ុន្តែ​ពេល​ឪពុកម្តាយ​របស់លោក​វិល​ចូល​ស្រុក​វិញ មិនមាន​ផ្ទះ​​សំបែង ដីស្រែ​ចម្ការ​សម្រាប់​បង្ក​​បង្កើន​ផល​ឡើយ ខណៈ​ឪពុក​របស់លោក​ក៏មាន​ជំងឺរបេង​ឆ្អឹង​ធ្ងន់ធ្ងរ រីឯ​ម្តាយ​របស់លោក​បានចេញ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​


​លោក​ ប៊ួ បញ្ញា រៀបរាប់​បន្ត​​ថា ការរស់នៅ​ទាំង​លំបាក​វេទនា​នៅឯ​ស្រុកកំណើត​ពី​ឆ្នាំ​ ១៩៩៣ ដល់​ឆ្នាំ​ ១៩៩៦​។ ដោយសារតែ​ជីវភាព​គ្រួសារ​កាន់តែ​ទីទាល់​​ក្រ​ខ្លាំង ហើយ​ណាមួយ​ឪពុក​ខ្លួន​មាន​ជំងឺ​ប្រចាំកាយ​មិនអាច​ធ្វើ​ការងារ​ធ្ងន់ៗ​បាន​ផង​នោះ ឪពុក​របស់លោក​បាន​នាំ​កូនៗ​ធ្វើដំណើរ​មកកាន់​ខេត្ត​សៀម​​រាប ​ដើម្បី​ព្យាបាល​ជំងឺ ពីព្រោះ​គាត់​បានដឹងថា មាន​កន្លែង​មួយ​ដែល​ព្រះសង្ឃ​អាច​ព្យាបាល​ជំងឺរបេង​បាន​។​

​ពេលនោះ​ឪពុក​របស់លោក​បាន​នាំ​កូនៗ​ដើរ​ពី​ស្រុក​ព្រះ​​នេត្រ​ព្រះ ​ទៅ​ខេត្តសៀមរាប​ ទាំង​ហាលថ្ងៃ​ហាលភ្លៀង​យប់​កន្លែង​ណា​ដេក​កន្លែង​នោះ​និង​សុំទាន​គេ ដើម្បី​យកលុយ​ទិញ​បាយ​ហូប ហើយ​ពេលខ្លះ​មិន​ត្រឹមតែ​គេ​មិនឱ្យ​លុយ​ទេ តែ​ថែមទាំង​និយាយ​បន្តុះបង្អាប់​ឱ្យ​ទៀត​​ផង​។ ប៉ុន្តែ​ទោះជា​ត្រូវគេ​មើល​​ងាយ មើលថោក​យ៉ាងណាក្តី ក៏​ឪពុក និង​បងប្អូន​របស់លោក​មិនមាន​ចិត្ត​ខឹង​នឹង​គេ​ដែរ ព្រោះ​ធ្វើ​ម៉េច​បើ​គ្រួសារ​របស់លោក​ធ្លាក់ខ្លួន​ដល់​កម្រិត​ក្រោម​សូន្យ​ទៅហើយនោះ​។​

​លោក​ថ្លែងថា​៖ «​ដោយសារ​គ្មាន​ដី​គ្មាន​ផ្ទះ​រស់​អាស្រ័យ​នៅ​ពឹង​តែ​សុំ​ផ្ទះ​គេ​ជ្រក​នោះ ឪពុក​ខ្ញុំ​បាន​នាំ​កូនៗ​ទាំង ​៤ ​នាក់​ដើរ​សុំ​​ទាន​គេ​ពី​ស្រុក​ព្រះនេត្រព្រះ​រហូតដល់​ខេត្តសៀមរាប យប់​កន្លែង​ណា​នាំ​កូនៗ​ដេក​កន្លែង​នោះ​។​ ជួនកាល​ដើរកាត់​ព្រៃ គ្មាន​ផ្ទះ​អ្នកស្រុក ដេក​ទាំង​ភ្លៀង​ទទឹកជោក​ក៏មានដែរ គឺ​ដើរ​គ្មាន​គោល​​ដៅ​ច្បាស់លាស់​ទេ​។ ពួក​ខ្ញុំ​ដើរ​សុំទាន​គេ ថ្ងៃ​ខ្លះ​បាន​អង្ករ ថ្ងៃ​ខ្លះ​បាន​លុយ ហើយ​ពេលខ្លះ បានត្រឹមតែ​គេ​ស្តីឱ្យ​ដៀល​បន្តុះ​​បង្អាប់​ក៏មាន​»​។

​បើតាម​លោក បញ្ញា ឪពុក​របស់លោក​បាន​ប្រើពេល​វេលា​ដើរ​សុំទាន​គេ​អស់​រយៈ ​១ ​ឆ្នាំ ​(១៩៩៧) ​ហើយ​លោក​បានឮ​គាត់​និយាយថា ប្រសិនបើ​គាត់​នាំ​កូនៗ​ដើរ​សុំទាន​គេ​តទៅទៀត​​នោះ នឹងមិន​អាច​រក​អនាគត​ឱ្យ​កូនៗ​របស់គាត់​បានទេ ហើយ​ផ្ទុយទៅវិញ​បានត្រឹមតែ​មួយ​រស់ៗ និង​រង​ការប្រមាថ​មើល​​ងាយ​ពី​មនុស្ស​មួយចំនួន​ថែម​​ទៀតផង​។​

​លុះ​ចាប់តាំងពី​ឆ្នាំ​ ២០០១ ​មក ​ឪពុក​របស់លោក បាន​នាំ​រូប​​លោក រួមទាំង​បងប្អូន​ប្រុស​ស្រី ​៣ ​នាក់​ទៀត ​ទៅ​រស់នៅក្នុង​មណ្ឌល​​សុខភាព​មួយ​ដែល​គេបោះបង់​​ចោល​នៅក្បែរ​តំបន់​ប្រាសាទបន្ទាយឆ្មារ ស្ថិត​ក្នុងភូមិ​បន្ទាយ​ឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ពួក ខេត្តសៀមរាប​។ នៅ​ទី​​នោះ ឪពុក​របស់លោក​បាន​ធ្វើជា​ជាងកាត់សក់ ព្រោះ​គាត់​ចេះ​កាត់សក់​ជា​យូរ​មកហើយ​ដើម្បី​ដោះដូរ​អង្ករ​ឬ​លុយ​ចិញ្ចឹម​កូន​។

ចំណែកឯ​បងប្រុស​ទី​១ ​របស់លោក​បាន​ស៊ីឈ្នួល​ឃ្វាលគោ​ក្របី​ឱ្យ​អ្នកភូមិ​ដែល​ក្នុង ​១ ​ខែ​ គេ​ឱ្យ ​៨០ ​បាត​ដែរ តែ​ពេលនោះ​មាន​អ្នក​ចិត្តធម៌​ម្នាក់​បាន​សុំ​ប្អូនស្រី​ពៅ​របស់លោក​ទៅធ្វើជា​កូនចិញ្ចឹម​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ឆ្នាំ ២០០០ ហើយ​ឪពុក​របស់លោក​បានអនុញ្ញាត​។​

​លោក បញ្ញា ឱ្យដឹងទៀតថា នៅ​ទីនោះ​ជីវភាព​គ្រួសារ​របស់លោក​ចាប់ផ្តើម​ប្រសើរ​ជាង​មុន​បណ្តើរៗ តែ​សម្រាប់​បងប្អូន​របស់លោក​ទាំង​៣​នាក់​មិនទាន់បាន​ចូល​សាលារៀន​នៅឡើយ​ទេ​។ លុះ​នៅ​ឆ្នាំ​ ២០០២ ​ជា​សំ​​ណា​ង​ល្អ​លោក​ត្រូវបាន​អង្គការ​មួយ​ឈ្មោះថា អង្គការ​កុមារ​​មេគង្គ​បាន​ជួយឧបត្ថម្ភ​ដល់​លោក​ក្នុង ​១ ​ខែ​ ៥០០​ បាត តែ​អង្គការ​នោះ​មិនបាន​យក​លោក​ទៅ​រស់នៅក្នុង​មណ្ឌល​ទេ ដោយ​​ឱ្យ​លោក​ចូលរៀន​នៅ​សាលាបឋមសិក្សា​ក្នុងភូមិ​។ ​បន្ទាប់មក​ដោយ​អង្គការ​មើលឃើញថា លោក​រៀន​ពូកែ​ក៏​យក​លោក​ទៅ​រៀន​នៅក្នុង​មណ្ឌល​របស់​អង្គការ​នៅ​ក្រុង​សិរី​សោ​ភណ្ឌ ខេត្ត​បន្ទាយ​មានជ័យ​។

​លោក​បាន​និយាយថា​៖ «​មូល​​ហេតុដែល​អង្គ​ការយក​ខ្ញុំ​មក​រៀន​នៅ​ក្រុង​សិរីសោភ័ណ​ដោយ​​គិតថា បើ​ឱ្យនៅ​រៀន​នៅ​ឃុំ​បន្ទាយឆ្មារ​ទៀត គឺ​ភាគរយ​ច្រើន ខ្ញុំ​អាច​នឹងរ​ត់ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ព្រោះ​អ្នក​រស់​​នៅ​ម្តុំ​នោះ​ជាច្រើន​នាំគ្នា​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ជាក់ស្តែង​មិត្តភក្តិ​របស់ខ្ញុំ​គេ​រៀន​បាន​ល្មមៗ​​ទៅ​ថៃ​អស់ហើយ​។ នៅ​ជំនាន់​នោះគេ​មិនសូវ​ជឿជាក់​លើ​ការ​​អប់រំ​អី​ប៉ុន្មាន​ទេ​។ តែ​ឪពុក​ខ្ញុំ​ដ្បិតតែ​គាត់​ក្រីក្រ​មែន តែ​គាត់​ស្រឡាញ់​ការអប់រំ​បំផុត គាត់​ចង់ឱ្យ​កូនៗ​រៀន​ដល់​សាកល​​វិទ្យាល័យ តែ​ពេលនោះ​ខ្ញុំ​អត់​យល់ថា សាកលវិទ្យាល័យ​ជា​ស្អី​ផង​ទេ​»​។

​លោក បញ្ញា លើកឡើងថា កាលនោះ លោក​គិតថា គ្រួ​​សារ​រកតែ​លុយ​ទិញ​បាយ​ហូប​ក៏​គ្មាន​ផង​នោះ តើ​អាច​នឹងមាន​លទ្ធភាព​រៀ​ន​ដល់​សាកល​​វិទ្យាល័យ​យ៉ាងម៉េច​កើត​ទៅ​?​ សម្រាប់​រូបលោក​ស្នាក់នៅ​រៀន​​សូត្រ​ក្នុង​មណ្ឌល​អង្គការ​ ៦​ ឆ្នាំ ដោយបាន​ខិតខំ​រៀនសូត្រ​ភាសា​អង់គ្លេស ភាសា​បារាំង ហើយ​លោក​រៀន​បាន​រយៈពេល​ ៧​ ឆ្នាំ ​ក៏​ប្រឡង​បាក់​ឌុប​ជាប់​។ ​បើទោះជា​លោក​ប្រឡង​ជាប់​ថ្នាក់​ទី​១២ ​ក្តី តែ​ខាង​អង្គការ​តម្រូវឱ្យ​លោក​ប្រឡង​យក​អា​​ហា​រូបករណ៍​ពី​អង្គការ​ទៀត ព្រោះ​ថ្លៃ​ការសិក្សា​នៅ​សាកល​​វិទ្យាល័យ​ត្រូវ​ខាង​អង្គការ​ជា​​អ្នករ៉ាប់រង​បង់​ឱ្យ​ទាំងស្រុង​។

​នៅពេលនោះ​លោក​ក៏​ប្រឡង​ជាប់​បាន​អាហារូបករណ៍​របស់​អង្គការ​កុមារ​មេគង្គ និង​បានមក​រៀន​ជំនាញ​វិស្វករ​នៅ​វិទ្យាស្ថាន​​បច្ចេកវិទ្យា​កម្ពុជា ​(​តិច​ណូ​) ​អស់​រយៈពេល​ ៥​ ឆ្នាំ ដោយ​យក​​មុខជំនាញ​ផ្នែក​អភិវឌ្ឍន៍​ហេ​ដ្ឋា​​រចនាសម្ព័ន្ធ​ជនបទ​។​

​លោក​បាន​ថ្លែងថា ការរៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក៏ត្រូវ​រៀន​ភាសា​បារាំង​ដែរ តែ​លោក​មិនសូវ​ជា​ខំប្រឹង​ប៉ុន្មាន​ទេ ព្រោះ​លោក​ធ្លាប់បាន​រៀន​ភាសា​បារាំង​តាំងពី​នៅក្នុង​មណ្ឌល​របស់​អង្គការ​មក​ម្ល៉េះ ហេតុដូច្នេះ លោក​មាន​មូល​​ដ្ឋា​ន​គ្រឹះ​ភាសា​បារាំង​ស្រាប់​ហើយ​។ បន្ទាប់ពី​រៀន​ចប់​នៅ​ឆ្នាំ​ ២០១៧ លោក​ក៏បាន​ដាក់​​ពាក្យ​ធ្វើជា​គ្រូ​ជាប់កិច្ចសន្យា​បង្រៀន​ភាសា​បារាំងនៅមណ្ឌលទីក្រុងភ្នំពេញ​បានជិត ១ ​ឆ្នាំ ​លោក​ក៏បាន​ដាក់ពាក្យ​លាឈប់​ពី​គ្រូ​ហើយ​ត្រឡប់​ទៅ​ជួយ​បង្រៀន​ក្មេងៗ​នៅ​មណ្ឌល​អង្គការ​បាន ​១ ​ឆ្នាំ​ទើប​មក​ទី​ភ្នំពេញ​វិញ​។​

​ពេលនោះ​នៅ​ឆ្នាំ​ ២០១៩ ​លោក​ក៏បាន​បើក​បង្រៀន​ភាសា​​បា​រាំងជា​លក្ខណៈ​ឯកជន​ម្តង​។ ​បច្ចុប្បន្ន​លោក​បើក​បង្រៀន​សិស្ស​នៅផ្ទះ​ខ្លួនឯង​ផង និង​តាម​អន​ឡាញ​ផង តែ​លោក​មានការ​ទទួលស្គាល់​តាម​អន​ឡាញ​ច្រើនជាង​បង្រៀន​ផ្ទាល់​ក្នុង​ថ្នាក់ ដែលមាន​អ្នក​ស្គាល់​ជាង ​៥ ​ម៉ឺន​នាក់​ឯណោះ​។​

​លោក ប៊ួ បញ្ញា បាន​ប្រាប់ទៀតថា​៖ «​ដោយសារតែ​ស្ថាន​ភាព​ប្រទេស​បាន​ជួប​នូវ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ខ្ញុំ​ក៏មាន​ឱកាស​បង្រៀន​ភាសា​បារាំង​នៅតាម​អន​ឡាញ​។ ឱកាស​នេះ​ជួយ​ជីវភាព​ខ្ញុំ​បាន​ប្រសើរ​ដែរ ហើយ​យើង​រីករាយ​នូវ​អ្វីដែល​យើង​បាន​បញ្ចេញ ទោះបី​បាន​កម្រិត​ណាមួយ​ក៏ដោយ​»​។​

​លោក​ឱ្យដឹង​បន្ថែមថា ក្រៅ​​ពី​បង្រៀន​ភាសា​បារាំង លោក​ក៏បាន​សរសេរ​សៀវភៅ​វេ​យ្យា​ករ​ណ៍​ជា​ភាសា​បារាំង​សម្រាប់​ជា​ជំនួយ​ដល់​អ្នកសិក្សា​ភាសា​បារាំង​ផងដែរ ដោយ​លោក​បាន​ប្រើពេល​អស់​ជិត​ ២ ​ឆ្នាំ​ ក្នុង​​ការតាក់តែង​សៀវភៅ​នេះ​ឡើង​។​

​ដំបូង​ឡើយ​លោក​បោះពុម្ព​ចំនួន​ ១​ ពាន់​ក្បាល និង​លក់​តាម​អន​​ឡាញ​រយៈពេល​ ៤​ ខែ​មកនេះ​ជិត​អស់ហើយ​។ ក្រៅពី​សៀវ​​ភៅ​វេយ្យាករណ៍​ជា​ភាសា​បារាំង​លោក​ក៏បាន​និពន្ធ​សៀវភៅ​ចំនួន​

២ ​ក្បាល​ទៀត​ដែរ គឺ​សៀវភៅ​ «​វិធីសាស្ត្រ​សម្រេច​គោលដៅ​» ​និង ​១ ​ក្បាល​ទៀត​មាន​ចំណង​​ជើង​ថា​​ «​ខួបកំណើត​ស្នេហ៍​»​ តែ​សៀវភៅ​ ១​ ក្បាល​នេះ មិន​​មែន​បង្រៀន​ណែនាំ​ឱ្យ​យុវជន​ភ្លើតភ្លើន​រឿង​ស្នេហា​ទេ​។​

​ទន្ទឹមនឹងនោះ លោក​ក៏​ធ្លាប់​ត្រូវបាន​អង្គការ​កុមារ​មេគង្គ​យកទៅ​ប្រទេស​បារាំង​ បាន​ ១​ ខែ​ដែរ ដោយបាន​នាំយក​គំនូរ​គូ​ល័​រ​ទឹក​ជិត​ ១០០​ ផ្ទាំង ទៅ​បង្ហាញ​ស្នាដៃ​នៅ​ទីក្រុង​ប៉ារីស​ដែល​គំនូរ​ទាំងនោះ គឺ​លោក​​ជា​អ្នក​គូរ​ផ្ទាល់ ហើយ​លក់ដាច់​អស់​តែម្តង​។​

​លោក​បាន​បញ្ជាក់ថា​៖ «​កាល​​នោះ ខ្ញុំ​សប្បាយចិត្ត​ណាស់​​ដោយ​មិន​នឹកស្មានថា ខ្ញុំ​មាន​ស្នាដៃ​គូររូប ហើយ​ទទួលបាន​ការសរសើរ​ពី​សំណាក់​ជនជាតិ​បារាំង​យ៉ាង​ដូច្នោះ​ទេ​។ ពេលនោះ​មានតែ​ជនជាតិ​បារាំង​ទិញ​ផ្ទាំងគំនូរ​ខ្ញុំ ហើយ​លុយ​ដែល​​លក់បាន ខ្ញុំ​ជូនទៅ​អង្គការ និង​ទុក​សម្រាប់​ខ្លួនឯង​តែត្រឹម​ប្រ​ហែល​ ២០​ ភាគរយ​ទេ​»​។​

​បើតាម​លោក​ ប៊ួ បញ្ញា នៅ​ឆ្នាំ​ ២០២៥​ ខាងមុខនេះ លោក​នឹង​វិលត្រឡប់​ទៅ​ស្រុកកំណើត​របស់​ឪពុក​លោក​វិញ ដើម្បី​បើក​បង្រៀន​ភាសា​បារាំង​ដល់​ក្មេងៗ​​ដែល​រស់នៅក្នុង​តំបន់​ជនបទ ព្រោះថា ក្មេងៗ​ឬ​យុវជន​ជំនាន់​​ក្រោយ​មិនសូវ​ចេះ​ភាសា​បារាំង​​ទេ​។ ក្រៅពី​ភាសា​បារាំង​លោក​ក៏​អាច​ប្រើប្រាស់​ភាសា​អង់គ្លេស​ជា​ផ្លូវការ​បានដែរ​៕