ភ្នំពេញៈ​ ប្រធាន​កាក​បាទ​ក្រហម​កម្ពុជាលោក​ស្រីប៊ុន រ៉ានី ហ៊ុន សែន បាន​បង្ហាញ​ពី​មោទក​ភាព​ដែល​រាជ​រដ្ឋាភិ​បាល​បាន​គ្រប់​គ្រង​ការរីក​រាល​ដាល​មេរោគ​ឆ្លង​នានា​រួម​ទាំង​មេរោគ​អេដស៍​បាន​ល្អ​​ផង​ដែរ​ដោយ​លោក​ស្រី​ក៏​បាន​អំពាវ​នាវ​ដល់​ជនរួ​មជាតិ​ទាំង​អស់​ចូល​រួម​ដើម្បី​សម្រេច​បាន​ការ​បញ្ចប់​ជំងឺអេដស៍​នៅ​ឆ្នាំ​២០២៥​។​


​លោក​ស្រី​ប៊ុន រ៉ានី បាន​លើក​ឡើង​ដូច​នេះ​តាម​រយៈ​សារ​លិខិត​ក្នុង​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​១​ ធ្នូ ឆ្នាំ​២០២២​ក្រោម​ប្រធាន​បទ​«​ធ្វើ​ឱ្យ​មាន​សម​ភាព​»ដើម្បី​ទាក់​ទាញ​ការយក​ចិត្ត​ទុកដាក់​ដ​ល់​ប្រជាពលរដ្ឋ​គ្រប់រូបឱ្យបន្ត​ការ​ប្រុង​ប្រយ័ត្ន​កាន់​តែ​ខ្លាំង ជា​ពិសេស​យុវជន​យុវនារី ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ការ​ចម្លង​មេរោគ​អេដស៍​។​

​លោក​ស្រី​បាន​ឱ្យដឹង​ថា ៖ «​ខ្ញុំ​មាន​មោទក​ភាព​ដែល​រាជរដ្ឋាភិ​បាល​បាន​គ្រប់​គ្រង​ការរីក​រាល​ដាល​មេរោគ​ឆ្លង​នានា រួម​ទាំង​មេរោគ​អេដស៍​បាន​ល្អ​ប្រសើរ​ជាពិសេស​សកម្ម​ភាព​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ជាមួយ​នឹង​ស្មារតី​ទទួលខុស​ត្រូវ​ខ្ពស់ ​ដែល​បាន​ផ្តល់​ថ្នាំ និង​បណ្ណ​សម​ធម៌​ជាមួយ​នឹង​ថវិកា​ទ្រទ្រង់​ជីវភាព​ដល់​អ្នក​ផ្ទុក​មេរោគ​អេដស៍​, ធ្វើឱ្យ​អ្នក​ផ្ទុក​មេរោគ​អេដស៍ ​និង​អ្នក​ជំងឺ​អេដស៍ ​រាប់ម៉ឺន​នាក់​មាន​សុខភាព​ល្អ​, មាន​ក្តីសង្ឃឹម​, អាច​រស់នៅ​ក្នុង​ភាព​ថ្លៃថ្នូរ​, ស្មើ​មុខ​ស្មើ​មាត់​, ពុំមាន​ការ​រើស​អើង ក្នុង​សង្គម​ជាតិ​»​។​


​លោក​ស្រី ប៊ុន រ៉ានី ដែល​ជា​ឥស្សរ​ជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​វេទិកា​ភាព​ជា​អ្នក​ដឹកនាំ ​តំបន់​អាស៊ី​-​ប៉ាស៊ី​ហ្វិក​ ឆ្លើយ​តប​មេរោគ​អេដស៍ ​ជំងឺ​អេដស៍ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ផងដែរ​នោះ បាន​បញ្ជាក់​ទៀត​ថា​ បច្ចុប្បន្ន​នៅលើ​ពិភព​លោក​មាន​អ្នក​ឆ្លង​ថ្មី​ជាង៤​ពាន់​នាក់ ក្នុង​១​ថ្ងៃ ចំណែក​កម្ពុជា មាន​អ្នក​ឆ្លង​ថ្មី​ប្រមាណ​៣​នាក់ ​ក្នុង​១ថ្ងៃ​។​

​លោក​ស្រី​បាន​អំពា​វនាវ​ឱ្យ​ជន​រួមជាតិ​ វិស័យ​ឯកជន​ អង្គការ​ជាតិ​-​អន្តរ​ជាតិ​ទាំង​អស់​ចូលរួម​ជា​កម្លាំង​ក្នុង​ចរន្ត​ជាតិ​តែ​មួយ​ ទប់​ស្កាត់​ជំងឺឆ្លង​នានា​ដើម្បី​បញ្ចប់​ជំងឺ​អេដស៍​នៅ​ឆ្នាំ​២០២៥​ជាមួយនឹង​ការធ្វើ​ឱ្យមាន​សមភាព​នៅក្នុង​សង្គម​ជាតិ​។​


​លោក​ស្រី​បាន​បញ្ជាក់​ថា៖ «​សូម​បងប្អូន​ជនរួម​ជាតិ ជាពិសេស​ក្មួយៗ ​យុវជន​-​យុវនារី ត្រូវ​ស្វែង​យល់​ជា​ប្រចាំ​នូវ​ចំណេះ​ដឹង​ថ្មីៗស្ដីពី​ការ​បង្ការ​ការ​ចម្លង​មេរោគ​អេដស៍​ និង​ការ​រាល​ដាល​នៃ​មេរោគ​អេដស៍​ដើម្បី​បង្ការ​ខ្លួន​យើង​ គ្រួសារ​យើង​ សហ​គមន៍​យើង និង​សង្គម​ជាតិ​យើង​»​។​

​ជា​មួយ​គ្នា​នោះ​ដែរលោក​ស្រី​ក៏​ស្នើឱ្យ​ប្រជា​ពលរដ្ឋ​ដែល​បាន​ប្រព្រឹត្ត​ឬ​សង្ស័យ​បាន​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍​ត្រូវ​ស្វែង​រក​សេវា​ផ្តល់​ប្រឹក្សា​និង​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​រក្សា​ការ​សម្ងាត់​នៅ​តាម​សេវាសាធា​រណៈ​ សេវា​អង្គ​ការ​សង្គម​ស៊ីវិល​ សេវា​ឯក​ជន​ជាដើម​ដើម្បី​អាច​សម្រេច​ចិត្ត​ទៅ​ទទួល​សេវា​ថែទាំ និង​ព្យា​បាល បន្តបា​ន​ទាន់​ពេល​វេលា​។​

​លោ​កស្រីប៊ុន រ៉ានី បាន​សង្កត់​ធ្ងន់​ថា៖ «​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​បញ្ឈប់​ការរើស​អើង​ទៅលើ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ដែល​ជា​អំពើ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ស្តីពី​ការ​បង្កា​រនិង​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​និង​ជំងឺអេដស៍​នៅ​កម្ពុជា ​ហើយ​អ្នក​ដែល​ស្ថិត​ក្នុង​ក្រុម​ប្រឈម​ខ្ពស់​ត្រូវ​បន្ត​ការ​យក​ចិត្តទុក​ដាក់​ក្នុង​ការ​បង្ការ​ជំងឺ​អេដស៍ និង​ជំងឺ​ឆ្លង​ផ្សេងៗ​ទៀត ​ទាំង​បច្ចុប្បន្ន​និង​អនា​គត​»​។​

​កាល​ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​ លោក​ អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​តាម​បណ្តាញ​វីដេអូ(Zoom)​ស្តីពី​របាយ​ការណ៍​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្នាំ​២០២២ ដោយ​ផ្តោត​សំខាន់​លើ «​វិសម​ភាព​ដ៏​គ្រោះថ្នាក់​» ការដាក់​ឱ្យ​ដំណើរការ​ក្នុង​តំបន់​ពី​របា​យការណ៍​នៃ​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​ដោយ​អង្គការ ​UNAIDS​។​

​លោក​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរឱ្យកត់​សម្គាល់​ឆ្ពោះ​ទៅរក​ការ​បញ្ចប់​ជំងឺ​អេដស៍ ទំនង​ជា​មិន​ទាន់​សម្រេច​គោល​ដៅ​៩៥ ​ទី១ ​ដោយ​សារតែ​សម្រេច​បាន​ត្រឹម​តែ​៨៤​ភាគ​រយ​ប៉ុណ្ណោះ​ ដែល​នេះ​ក៏​ដោយ​សារតែ​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ កម្ពុជា​ត្រូវ​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។​

​លោក​អៀង មូលី មាន​ប្រសាសន៍​ថា៖ «​កម្រិត​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការរៀបចំ​កម្មវិធី​បង្ការ​សម្រាប់​ប្រជា​ជន​គន្លឹះ​ដែល​មាន​ហានិ​ភ័យ​ខ្ពស់គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់ដើម្បី​កាត់​បន្ថយ​ចំនួន​នៃ​ការ​ឆ្លង​ថ្មី មក​តិច​ជាឬ​ស្មើ​៣៦៥ ករណី​ក្នុង​១ឆ្នាំ ហើយ​ចំណុច​១​ទៀត​នោះ​គឺ​ការ​វិនិ​យោគ​ខាង​ផ្នែក​បង្ការ​នៅមា​ន​ក​ម្រិត​»​។​

​នា​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍១ ធ្នូ ឆ្នាំ​នេះដែ​រ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​សាទរ​ចំពោះ​សមិទ្ធ​ផល​ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ការ​ទប់​ស្កាត់​ការរីក​រាល​ដាល​នៃ​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ដែល​មាន​ចំណុច​សំខាន់ៗ​ជា​ច្រើន​ក្នុង​នោះ​កម្ពុជា​ត្រូវបាន​ទទួល​ស្គាល់​ថា​ មាន​អត្រា​គ្រប​ដណ្ដប់​សេវា​ព្យា​បាល​ថែទាំ​អ្នកជំងឺ​អេដស៍​ខ្ពស់​ជាង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​គឺ​ខ្ពស់​ជាង​ប្រទេស​ធំៗ​ដូចជា ​ចិន ​ឥណ្ឌា ថៃ និង​ប្រទេស​វៀត​ណាម​។​

​គិត​ត្រឹម​ត្រីមាស​ទី​២ ឆ្នាំ​២០២២ មាន​អ្នក​ផ្ទុកមេ​រោគ​អេដស៍​ចំនួន​៦៣ ៦១០​នាក់ បាន​កំពុង​ទទួល​ការព្យា​បាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​ដោយ​ឥត​គិត​ប្រាក់​ពី​មន្ទីរ​ពេទ្យ​រដ្ឋ ហើយ​ក្នុងនោះ​អ្នក​ផ្ទុកមេ​រោ​គ​អេ​ដស៍​ចំនួន ៦ ​៦១៧​នាក់ ​បានទទួល​​បណ្ណ​មូល​និធិ​សម​ធម៌​ផង​ដែរ​៕