សៀមរាបៈ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​លើក​ឡើង​ថា យុវជន​រាប់ពាន់នាក់ រាប់ពាន់​គ្រួសារ រាប់ពាន់​អាជីវកម្ម​ទេសចរណ៍ បាន​ទទួល​ប្រយោជន៍​ដោយផ្ទាល់​ពី​សាលា​សណ្ឋាគារ និង​ទេសចរណ៍ ប៉ូលឌុយប្រ៊ូល ដែល​ទាំងនេះ គឺ​កើត​ចេញ​ពី​បេះដូង និង​ទឹកចិត្ត​សប្បុរស​របស់លោក​ប៉ូល ឌុយ ប្រ៊ូល និង គ្រួសារ។


​លោក​ថោង ខុន​បាន​ថ្លែង​បែបនេះ ក្នុងពេល​លោក​អញ្ជើញ​ចូលរួម​ពិធី​ប្រារព្ធ​ខួប ២០ ឆ្នាំ​នៃ​ការបង្កើត​សាលា​សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូលឌុលប្រ៊ូល នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទី ១ ធ្នូ​។ នេះ​បើ​យោងតាម​ផេក​ហ្វេសប៊ុក​របស់​រដ្ឋបាល​ខេត្ត​សៀមរាប។​

​ពិធី​ប្រារព្ធ​ខួប​នេះ ក៏មាន​វត្តមាន លោក Paul Dubrule ស្ថាបនិក​រូបករណ៍ នៃ​សាលា​សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូលឌុលប្រ៊ូល លោក ពេជ្រ សោភ័ណ្ឌ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង លោកស្រី ម៉ន​នី រង្សី អភិបាលរង​ខេត្ត​សៀមរាប ព្រមទាំង​សហការី នៃ​សាលា​សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូលឌុលប្រ៊ូល​ជាច្រើន​នាក់។


​លោក​រដ្ឋមន្ត្រី​ទេសចរណ៍ មានប្រសាសន៍ថា គិត​មកដល់​បច្ចុប្បន្ន លោក ប៉ូល ឌុយប្រ៊ូល និង​គ្រួសារ បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​ជាង ៩ លានដុល្លារ​អាមេរិក និង​កៀរគរ​រៃអង្គាស​ពី​សប្បុរសជន បាន​ប្រមាណ​ជាង ៦ លានដុល្លារ សរុប​នៃការ​ឧបត្ថម្ភ មាន​ប្រមាណ ១៥ លានដុល្លារ។

​លោក​ថោង ខុន​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ និង​ឈាន​មុខគេ​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ចូលរួម​ផ្ដល់ការ​បណ្តុះបណ្តាល​តាម​ស្ដង់ដា​អាស៊ាន បាន​យ៉ាងមាន​ប្រសិទ្ធភាព​ដល់​សិស្ស​ជាង ៦ ពាន់នាក់។


​លោក​ថ្លែងថា ទន្ទឹមនឹង​វិធាន​នានា​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ដោះស្រាយ ផលប៉ះពាល់​ពី​វិបត្តិ​កូវីដ ១៩ ក្រសួង​ទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​បាន​អនុវត្ត​នូវ​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ការស្តារ​និង​លើកស្ទួយ​ទេសចរណ៍ ក្នុង​អំឡុង និង​ក្រោយ វិបត្តិ​កូវីដ ១៩ បាន​យ៉ាងមាន​ប្រសិទ្ធភាព។

​ជាក់ស្តែង សម្រាប់​រយៈពេល ១០ ខែ​ដើមឆ្នាំ ២០២២ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ប្រមាណ​ជាង ១, ៥៧ លាន​នាក់ កើនឡើង ៨៨១% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១។

​រីឯ​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ធ្វើដំណើរ​កម្សាន្ត​ក្នុងប្រទេស​ជាង ១០,៨៦ លាន​នាក់ កើនឡើង ក្នុង​អត្រា ២៣៤% ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១។

​លោក Paul Dubrule ស្ថាបនិក​រូបករណ៍ នៃ​សាលា​សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូលឌុលប្រ៊ូល បាន​លើក​ពី​គោលបំណង​នៃ​កិច្ចប្រជុំ ក្នុងការ​ត្រួតពិនិត្យ​ពី​លទ្ធផល​នៃ​ការងារ​អនុវត្តបាន​ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ ព្រមទាំង ដើម្បី​ធ្វើការ​អបអរសាទរ​ខួប​លើកទី ២០ នៃ​ការបង្កើត​សាលា​សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូលឌុលប្រ៊ូល ដើម្បី​គាំទ្រ​ដល់​ការអប់រំ និង​ការអភិវឌ្ឍ​យុវជន​កម្ពុជា សំខាន់​លើការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជំនាញ​ផ្សេងៗ នៅក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

​ក្នុងនោះដែរ លោក ពេជ្រ សោ​ភ័​ណ្ឌ​រដ្ឋលេខាធិការ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់ ចំពោះ​សាលា​សណ្ឋាគារ និង​ទេសចរណ៍ ប៉ូលឌុលប្រ៊ូល ដែល​បាន​យកចិត្ត​ទុកដាក់ អនុវត្ត​ការងារ​កន្លងមក សំខាន់​ក្នុងការ​ចូលរួម​លើក​ស្ទួយ​វិជ្ជាជីវៈ​ទេសចរណ៍ បានល្អ​ប្រសើរ។

​លោក​ពេជ្រ សោ​ភ័​ណ្ឌ បាន​បញ្ជាក់ថា សាលា​សណ្ឋាគារ​និង​ទេសចរណ៍ ប៉ូលឌុលប្រ៊ូល បាន​ផ្តល់​នូវ​ចំណេះដឹង ការងារ​ដល់​ជនកម្ពុជា និង​បាន​ខិតខំ​បណ្តុះបណ្តាល​ក្នុង​រយៈពេល ២០ ឆ្នាំ​មកនេះ ដែល​បាន​ជួយ​ដល់​យុវជន​កម្ពុជា​យ៉ាងច្រើន​ក្នុងការ​ប្រកប​របស់​ចិញ្ចឹម​ក្រុមគ្រួសារ សំខាន់​លើការ​បណ្តុះបណ្តាល វិជ្ជាជីវៈ​ទេសចរណ៍ និង ជំនាញ​ជាច្រើន​ទៀត​ក្នុង​វិស័យ​ទេសចរណ៍។

​លោក​បាន​ថ្លែងអំណរគុណ លោក Paul Dubrule និង​លោកស្រី ដែល​បាន​បង្កើត​នូវ​សាលា​វិជ្ជាជីវៈ​នេះ​ឡើង ក្នុង​ការជួយ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រមទាំង​សហការី​បាន​ខិតខំ​យក​នូវ​ចំណេះដឹង​ចែករំលែក ធ្វើការ​បណ្តុះបណ្តាល​ដល់​យុវជន​កម្ពុជា សំខាន់​បាន​ជួយ​ផ្តល់នូវ​អាហារូបករណ៍ ដល់​សិស្ស​ក្រីក្រ នៅ​តាម​តំបន់​ជនបទ តាម​បណ្តា​ខេត្ត​នានា នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បានមក​ចូលរៀន​វិជ្ជាជីវៈ លើ​វិស័យ​សណ្ឋាគារ ទេសចរណ៍ និង​ជំនាញ​ផ្សេងៗ​ទៀត៕​