កោះកុងៈ រដ្ឋបាលខេត្តកោះកុងបានជូនដំណឹងដល់ប្រជានេសាទទាំងអស់ ឱ្យបិទនេសាទត្រីកាម៉ុងក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង។
សេចក្តីជូនដំណឹង នៅថ្ងៃទី៥ ខែធ្នូ បានឱ្យដឹងថា ការធ្វើនេសាទត្រីកាម៉ុង ក្នុងដែនជម្រកសុវត្ថិភាពត្រីកាម៉ុង នៅពាមក្រសោប ដែលមានផ្ទៃក្រឡាទំហំ១ ២៨៣ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងឃុំកោះកាពិ ស្រុកកោះកុង ត្រូវបានហាមឃាត់ការនេសាទចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។
រដ្ឋបាលខេត្តកោះកុង ប្រាប់ប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទត្រីកាម៉ុង ក្នុងតំបន់គ្រប់គ្រងដែនជម្រកសុវត្ថិភាពត្រីកាម៉ុងពាមក្រសោបទាំងអស់ មេត្តាបញ្ឈប់សកម្មភាពធ្វើការនេសាទត្រីកាម៉ុងជាកំហិត។ ប្រជានេសាទទាំងអស់ នឹងបន្តធ្វើនេសាទជាធម្មតាឡើងវិញ នៅពេលផុតរយៈពេល នៃការបិទការនេសាទនេះ។
រដ្ឋបាលខេត្តបញ្ជាក់ដោយក្តីសង្ឃឹមថា៖«បងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរនេសាទទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ដើម្បីរួមចំណែកគ្រប់គ្រងផលស្តុកត្រីកាម៉ុង ឱ្យមាននិរន្តរភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ និងធានាបាននូវប្រព័ន្ធអេកូឡូស៊ីដែនជម្រកសុវត្ថិភាពត្រីកាម៉ុងឱ្យល្អប្រសើរ»។
រដ្ឋបាលខេត្តក៏បានព្រមានថា ក្នុងករណីប្រជានេសាទ មិនអនុវត្តតាមសេចក្ដីជូនដំណឹងខាងលើនេះទេ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោក សុខ សុទ្ធី បានប្រាប់ថា ក្នុងអំឡុងពេលដែលរដ្ឋបាលខេត្តប្រកាសហាមឃាត់នេះ គឺជារដូវត្រីកាម៉ុងបន្តពូជ និងពងកូន។
លោកបញ្ជាក់ថា៖«ដូច្នេះដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សទៅថ្ងៃអនាគត អ្នកនេសាទទាំងអស់ ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការនេសាទត្រីប្រភេទនេះ»។
លោកសុខ សុទ្ធី បង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុងទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដើម្បីរួមចំណែកថែរក្សា និងការពារធនធានជលផលសមុទ្រឱ្យបានគង់វង្សទៅអនាគត។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលចេញផ្សាយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២១ ផលនេសាទសមុទ្រមាន ១២៥ ០០០តោន ស្មើនឹង៩៦,១៥% នៃផែនការដែលមានចំនួន១៣០ ០០០តោន។ ផលនេសាទសមុទ្រកម្ពុជានៅឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ មានការកើនឡើង២ ៣០០តោន៕
វីដេអូ៖