សៀមរាបៈ ការ​ប្រារព្ធ​ពិធី​រំឭក​​គុណ​អង្គរ​រយៈពេល​​ ៣ ​ថ្ងៃ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១៤ រហូតដល់​ថ្ងៃទី​ ១៦ ខែធ្នូ ឆ្នាំ ​២០២២ នឹងមាន​ពិធី​រាប់​បាត​ព្រះសង្ឃ​ចំនួន ១៣០​ អង្គ​បន្ទាប់ពី​កម្មវិធី​បួងសួង និង​មាន​កម្មវិធី​សាសនា ស្ដង់​ពិព័រណ៍ និង​ការសម្ដែង​សិល្បៈ​បុរាណ​ជាច្រើន​ទៀត​។​


​លោក ឡុង កុសល អគ្គ​នា​យក​រង​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា តាម​ការគ្រោងទុក​ពិធី​រំឭក​គុណ​អង្គរ ចំនួន​ ៣​ ថ្ងៃ នេះ ដោយ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​ ១៤ មាន​ពិធីបួងសួង​ព្រឹត្តិការណ៍​រំឭក​​គុណ​អង្គរ នៅ​បរិវេណ​មុខ​ប្រា​​សាទ​អង្គរវត្ត ក្រោម​អធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយក​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់​ទំនាក់ទំនង​ជាមួយរ​ដ្ឋ​សភា​ព្រឹទ្ធសភា និង​អធិការកិច្ច លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា និង​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​អង្គការ​​យូណេស្កូ​ប្រចាំ​កម្ពុជា មន្ត្រី​រាជ​ការ​គ្រប់​លំដាប់ថ្នាក់ ភ្ញៀវទេសចរ​​ជាតិ និង​ភ្ញៀវ​អន្តរជាតិ ក៏​នឹងចូលរួម​ផងដែរ​។

​លោក​បញ្ជាក់ថា៖ «​នៅ​ព្រឹក​ថ្ងៃ​ដំបូង​នោះដែរ បន្ទាប់ពី​កម្មវិធី​បួងសួង​ក៏មាន​ពិធីរាប់បាត្រ​ព្រះ​សង្ឃ​ចំនួន​ ១៣០ ​អង្គ​ផងដែរ​។ នៅ​ថ្ងៃ​បន្តបន្ទាប់​ក៏មាន​នូវ​ទស្ស​នី​យ​ភាពជា​ច្រើន​ដូចជា កម្មវិធី​បែប​សាសនា ការតាំងពិព័រណ៍​ពី​សមិទ្ធផល​ការងារ​រយ​:​ពេល​ ៣០ ​ឆ្នាំកន្លងមក ស្នាដៃ​សិល្បៈ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​អង្គការ​យូណេស្កូ ការសម្តែង​អា​យ៉ៃ​ឆ្លើយឆ្លង ព្រមទាំង​ការ​ចាក់​បញ្ចាំងភាពយន្ត​អំពី​អង្គរ​ជាដើម​»​។


​រាល់​កម្មវិធី​សាសនា សិល្បៈ​ទស្សនីយភាព​ទាំងអស់ នឹង​បើក​ជា​សាធារណៈ​ឱ្យ​សា​ធារ​ណ​ជន​ចូល​ទស្សនា​ដោយ​ពុំមាន​បង់ប្រាក់​ឡើយ​។ ព្រឹ​តិ្ត​ការណ៍​រំឭក​គុណ​អង្គរ​រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​រំឭក​គុណ​អង្គរ​គឺ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ និង​បុព្វការី​ជន​ដែល​លោក​បាន​កសាង និង​ថែរក្សា​ប្រាសាទ​ទាំង​អស់​នៅក្នុង​តំបន់​អង្គរ​៕