ភ្នំពេញៈ រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិ​បាល លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ធា គ្រុយ ជំ​រុញឱ្យ​ពេទ្យឆ្មប​ទាំងអស់​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​អ្នកទទួល​សេវា​ទាំងអស់​។ ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ក្នុងពេល​លោក​ឆ្លើយ​សំណួរ​របស់​អ្នកកាសែត​ដែល​បាន​ចោទសួរ​ពី​វិជ្ជាជីវៈ​ឆ្មប​កាលពី​ថ្ងៃទី​ ៥ ខែធ្នូ ក្នុងឱកាស​បើក​អង្គសិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ដែន​កំណត់ និង​និយាម​វិជ្ជាជីវៈ​ឆ្មប​។​


​លោក ធា គ្រុយ បាន​ថ្លែង​ទៅកាន់​អ្នក​​កាសែត ពន្យល់ និង​រំឭក​ឡើងវិញ​ពី​វិជ្ជា​​ជីវៈ​ឆ្មប បន្ទាប់ពី​កើតមាន​ហេតុការណ៍​ឆ្មប​នៅ​ខេត្តកំពង់ស្ពឺ​អនុវត្ត​ខុស​វិជ្ជាជីវៈ​ធ្ងន់ធ្ងរ បណ្ដាលឱ្យ​ស្ត្រី​ម្នាក់​ស្ទើរ​ស្លាប់​ត្រូវបាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ លោក​បន្តថា ឆ្មប​ត្រូវបំពេញ​តួនាទី​ជា​អ្នក​ថែទាំ ទាំង​ម្ដាយ​ទាំង​ទារក ដើម្បី​ធានាបាន​ថា ពួកគេ​មាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​។

​លោក​បន្តថា​៖ «​កិច្ចការ​ឆ្មប​មិនមែន​កិច្ចការ​ធម្មតា​ទេ ឆ្មប​ត្រូវតែ​មាំទាំ​យល់​​ដឹង​ជំនាញ​នេះ​ឱ្យ​ច្បាស់​មែនទែន ត្រូវ​ប្រយ័ត្នប្រយែង​ក្រែង​មាន​បញ្ហា កុំ​ធ្វើ​លើសពី​ជំនាញ បើសិនជា​ស្ថានភាព​លើស​សមត្ថភាព​របស់ខ្លួន សូម​បញ្ជូន​អ្នកជំងឺ​ទៅ​ទីតាំង​មួយទៀត​ដែល​ល្អ​ជាង​ហ្នឹង កុំ​ធ្វើ​ខ្លួនឯង​ព្រោះ​ប្រឈម​ណាស់​»​។


​លោក​បន្ថែមថា​៖ «​កិច្ចការ​ឆ្មប ​គឺ​មិនមែនជា​កិច្ចការ​ជួញដូរ​អី​ទេ ជា​កិច្ច​ការដែល​គិតគូរ​មុនគេ​នូវ​ប្រយោជន៍ អតិថិជន​របស់ខ្លួន​ដែល​ទទួលយក​សេវា​របស់​យើង​។ ឆ្មប​មិនមែនជា​អ្នករកស៊ី​ទេ​ជា​អ្នកផ្ដល់​សេវា​ចាំបាច់​ដល់​ស្ត្រី​មាតា​និង​ទារក សូមមេត្តា​កុំ​ច្រឡំ​ថា វា​ជា​មុខរបរ​ជំនួញ​»​។​

​គណៈ​ឆ្មប​កម្ពុជា​បាន​បើក​សិក្ខា​សា​​លា​ផ្សព្វផ្សាយ​ស្តីពី​ដែន​កំណត់ និង​និយាម​វិជ្ជាជីវៈ​ឆ្មប ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​ឆ្មប​នៅ​កម្ពុជា​។ នៅ​កម្ពុជា ឆ្មប​ទាំងអស់​ដែល​ចង់​ប្រកប​អាជីព​ជា​ឆ្មប​ត្រូវ​ចុះ​បញ្ជី​នៅ​គណៈ​ឆ្មប​កម្ពុជា​។ គណៈ​ឆ្មប​កម្ពុជា​បញ្ជាក់ថា ការចុះបញ្ជី​ឆ្មប​គឺមាន​សារៈសំខាន់ ក្នុងការ​ការពារ​សា​ធា​​រណ​ជន ដើម្បី​ធានាថា ឆ្មប​ដែល​អនុវត្ត​ការងារ​មានគុណ​វុឌ្ឍិ​គ្រប់គ្រាន់ មាន​សុខ​ភាពល្អ អាកប្បកិរិយា និង​សីលធម៌​ល្អ​។ ការចុះបញ្ជី​មាន​សុពលភាព ​៣ ឆ្នាំ និង​តម្រូវឱ្យ​ចុះបញ្ជី​ឡើងវិញ​បន្ទាប់ពី​ចប់​សុពលភាព​នៅ​ឆ្នាំ​កំណត់​។


​គណៈ​ឆ្មប​កម្ពុ​ជាមាន​ទស្សនវិស័យ​ «​ធានាថា​ឆ្មប​ទាំងអស់​ផ្តល់​សេវា​ថែទាំ​សុខភាព​ដូចៗ​គ្នា ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​ដល់​មាតា និង​ទារក​ទើប​កើត តាមរយៈ​គោ​លន​យោ​បាយ និង​ពិធី​សារជាតិ​ព្រម​ទាំ​បទដ្ឋាន​អន្តរជាតិ​នៃ​ការអនុវត្ត​វិជ្ជាជីវៈ​ឆ្មប​»​។​

​កាលពី​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២២ មន្ទីរពេទ្យ​ឯកជន​ឈ្មោះ ដើម​អង្គ្រង​បាន​ធ្វេសប្រហែស​ដោយ​អនុញ្ញាតឱ្យ​ឆ្មប​ដែល​មិនមាន​ការបណ្ដុះបណ្ដាល​ធ្វើ​ការ​ពេញលេញ​ធ្វើការ​វះកាត់​យក​កូន​ស្លាប់​ក្នុង​ផ្ទៃ​ម្ដាយ​ចេញ ដោយ​កាត់​ដោយ​ទាំង​ពោះវៀន​ម្ដាយ​ធ្វើឱ្យ​ស្ត្រី​រូបនោះ​រង​​របួស​ធ្ងន់ធ្ងរ ហើយ​បច្ចុប្បន្ន​នៅ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​នៅឡើយ​។ ក្រសួងសុខាភិបាល​បានចាត់ទុក​ករណីនេះ​ជា​ករណី​គួរឱ្យ​យកចិត្តទុកដាក់​ដោ​យស​ម្រេច​បិទ​មន្ទីរ​ពេទ្យ​នេះ ដាក់ពិន័យ​ឆ្មប​រូបនោះ​មិនឱ្យ​ប្រកប​វិជ្ជាជីវៈ​រយៈពេល ​២ ​ឆ្នាំ​។

​ទោះជា​យ៉ាងណាក្ដី​អ្នកឃ្លាំមើល​បញ្ហា​សង្គម​យល់ឃើញថា ការអនុវត្ត​វិជ្ជាជីវៈ​ឆ្មប​នៅ​កម្ពុជា​មិនទាន់បាន​ប្រសើរ​នៅឡើយ ពីព្រោះ​យូរៗ​ម្តង​តែងមាន​ការរិះគន់​ពី​ការមិន​យកចិត្តទុកដាក់​ចំពោះ​មាតា​ដែល​ជិត​សម្រាល និង​កំហុស​បច្ចេកទេស​វិជ្ជាជីវៈ​បណ្ដាលឱ្យ​អ្នកទទួល​សេវា​មាន​គ្រោះថ្នាក់​ជាដើម​។

​សង្គម​ស៊ីវិល​ធ្លាប់​ស្នើ​ជា​ញឹកញាប់​ឱ្យ​ក្រសួងសុខាភិបាល និង​រដ្ឋាភិបាល កែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល ខណៈដែល​ពលរដ្ឋ​អ្នកមាន​ជីវភាព​ធូរធារ​រាប់ពាន់នាក់​បានសម្រេច​ចិត្ត​ចេញទៅ​ទទួល​សេវា​សុខាភិបាល​នៅក្រៅ​ប្រទេស​ដោយ​ទំនងជា​មិនសូវមាន​ទំនុកចិត្ត​លើ​គ្រូពេទ្យ​ក្នុងស្រុក​។ របាយការណ៍​របស់​គ​ណៈ​ឆ្មប​កម្ពុជា​បង្ហាញថា គិត​ត្រឹម​ឆ្នាំ​ ២០១៣ កម្ពុ​ជាមាន​ឆ្មប​ប្រមាណ​ជាង​ ៥ ​ពាន់​នាក់ បាន​ចុះបញ្ជី​ប្រកប​​វិជ្ជាជីវៈ​នៅក្នុង​ប្រទេស​កម្ពុជា​៕