លោក ស ខេង៖ អ្នកបើកបរយានយន្តមួយចំនួន ខ្លាចប៉ូលិសជាងខ្លាចច្បាប់

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក(គ.ស.ច.គ) លោក ស ខេង បានលើកឡើងថា តាមការសង្កេតរបស់លោកឃើញថាប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្តមួយចំនួនខ្លាចប៉ូលិសជាងខ្លាចច្បាប់ ដោយសារនៅពេលសមត្ថកិច្ចចរាចរណ៍រឹតបន្តឹង គឺពួកគាត់ខ្លាច ប៉ុន្តែនៅពេលលែងរឹតបន្តឹងពួកគាត់ក៏លែងខ្លាំងដែរ។
លោកបានថ្លែងដូចនេះនៅក្នុងពិធីប្រារព្ធទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ លោកបានថ្លែងថា ប្រសិនបើជិះរថយន្តពាក់ខ្សែក្រវាត់ និងពាក់មួកសុវត្ថិភាព នោះនឹងមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះឡើយ នៅពេលមានគ្រោះថ្នាក់កើតឡើង។
លោកមានប្រសាសន៍ថា៖«ទាក់ទងនឹងចំណុចនេះ តាមការសង្កេតរបស់ខ្ញុំឃើញថា ពេលដែលប៉ូលិសសមត្ថកិច្ចចរាចរណ៍រឹតបន្តឹងបន្តិចទៅពួកគាត់ខ្លាច តែបើប៉ូលិសលែងស្រែក គាត់ក៏លែងខ្លាចដែរ។ ដូចនេះប្រែមកថា ពួកគាត់មិនខ្លាចច្បាប់ទេ តែពួកគាត់ខ្លាចប៉ូលិស»។
លោកស ខេង បានបន្ថែមថា៖«ចំណុចនេះ ខ្ញុំសុំឱ្យពួកគាត់ដូរនូវការយល់ឃើញនេះ ដូរនូវទស្សនៈយល់ឃើញនេះចេញដោយត្រូវខ្លាចច្បាប់ជាងខ្លាចប៉ូលិស។យើងត្រូវម្ចាស់ការដើម្បីការពារខ្លួនឯង ស្រឡាញ់ខ្លួនឯង»។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឱ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលយប់នៅតែមានច្រើនគួរឱ្យបារម្ភដោយលោកបានបន្តអំពាវនាវ និងជំរុញឱ្យប្រជាពលរដ្ឋមានការភ្ញាក់រឭកលើបញ្ហានេះផងដែរ។
ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានឱ្យដឹងថា ចំនួនយានយន្តដែលចុះបញ្ជីមានកាន់តែច្រើន ហើយអ្នកបើកបរក៏មានកាន់តែច្រើន ទាំងអ្នកប្រើប្រាស់រថយន្ត និងម៉ូតូ តែអ្នកបើកបរម៉ូតូភាគច្រើនមិនទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវនោះទេ។
លោកបានថ្លែងថា៖«យើងមើលឃើញថា ពី១ថ្ងៃទៅ១ថ្ងៃមានចំនួនយានយន្តកាន់តែច្រើន ហើយម៉ូតូក្រោម១២៥Cគឺមិនតម្រូវឱ្យមានបណ្ណបើកបរផងនោះ ដូច្នេះហើយធ្វើឱ្យឥរិយាបថបើកបររបស់ពួកគាត់នៅតាមដងផ្លូវមានលក្ខណៈប្រថុយប្រថានច្រើន»។
លោក គឹម បញ្ញា បានបន្ថែមថា វិធានការចំនួន៣ ដែលរួមមាន វិធានការអប់រំផ្សព្វផ្សាយ វិធានការរដ្ឋបាល និងវិធានការច្បាប់គឺលោកចង់ធ្វើឱ្យស្ថានភាពចរាចរណ៍ល្អប្រសើរឡើងក្នុងរយៈពេលយូរអង្វែងដោយមិនចង់ធ្វើឱ្យមានតែក្នុងរយៈពេលភ្លាមៗនោះទេ។
លោកបានបញ្ជាក់បន្ថែមថា៖«ពាក់ព័ន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដូចជាស្លាកសញ្ញាបន្ថយល្បឿន កែលម្អផ្លូវ ការធ្វើបែបនេះគឺជួយបានច្រើន។យើងបំពាក់គំនូសសញ្ញាអីផ្សេងៗគឺជួយកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍»។
ទោះជាយ៉ាងណា លោកថា ករណីនេះគួរតែមានការជួបជុំពីគ្រប់ស្ថាប័នពាក់ព័ន្ធរៀងរាល់៣ខែម្ដងដោយមានការចូលរួមពីសង្គមស៊ីវិល អ្នកសារព័ត៌មានជាដើម ដែលអាចរកដំណោះស្រាយដ៏សមស្របក្នុងរូបភាពយូរអង្វែង
សម្រាប់ធ្វើឱ្យចរាចរណ៍មានភាពប្រសើរ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា រយៈពេល៩ខែដំបូងនៃឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ២៨៦ កើនឡើង២១ភាគរយ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន១ ៣៤២នាក់ កើនឡើង ២៧ភាគរយ៕