ភ្នំពេញៈ ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ​សហការ​ជាមួយ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា ​និង​វិទ្យុ​មិត្តភាព​ចិន​-កម្ពុជា ​បានរៀបចំ​បើក​ជាផ្លូវការ​នូវ​ដំណើរ​ភាពយន្ដ​ចល័តចិន​-កម្ពុជា​ដ៏​ឆ្នើម ​លើកទី៦ ​ដែលធ្វើ​ឡើង​នៅ​សាល​មហោ​ស្រព​ចតុមុខ​ ក្រោម​អធិបតីភាព​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ​របស់​ប្រទេស​ទាំង២។​


ចាប់​ផ្ដើម​ឡើង​តាំងពី​ឆ្នាំ២០១៦ ​ដំណើរភាពយន្ត​ចល័ត​ចិន​-ខ្មែរ​ដ៏ឆ្នើម​កើតឡើង​ដោយ​ក្រុម​ការងារ​ចាក់​បញ្ចាំង​ភាព​យន្ត​ដែលមក​ពី​វិទ្យុ​មិត្តភាព​កម្ពុជា-​ចិន ​និង​បានធ្វើដំណើរ​ទៅកាន់​២៥​ខេត្ត-​រាជធានី​នៃ​ប្រទេស​កម្ពុជា ​និង​បាន​ចូល​ទៅ​ដល់​ទីជនបទ​ដាច់​ស្រយាល ​សហគមន៍ ​សាលារៀន ​បន្ទាយ​យោធា ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ជាដើម។

រហូត​មកដល់​ឆ្នាំ២០២២​នេះ ​ទំនាក់​ទំនង​ដែកថែប ​រវាង​កម្ពុជា ​និង​ចិន​សម្រេចបាន​ ៦៤ឆ្នាំ​ហើយ ​រីឯ​ការចាក់​បញ្ចាំង​ខ្សែ​ភាពយន្ដ​នេះ ​គឺជា​ចំណែក​១ ​ក្នុង​ការបន្ត​រឹតបន្តឹង​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំង២។


លោក​វ៉ាង វិនធាន ​អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បានថ្លែង​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ការបើក​ជាផ្លូវការ​នូវ​ដំណើរភាព​យន្ដ​ចល័ត​ចិន​-ខ្មែរ​ដ៏ឆ្នើម​លើក​ទី៦​នេះ ​និង​បានសាទរ​ចំពោះ​ទំនាក់​ទំនង​ដ៏ជ្រាលជ្រៅ​រវាង​ប្រទេស​ទាំង២។

លោក​វ៉ាង វិនធាន ​មាន​ប្រសាសន៍ថា​៖«មិត្តភាព​រវាង​ចិន ​និង​កម្ពុជា ​គឺជា​មិត្តភាព​ដែកថែប ​ដែល​កន្លងមក​យើង​មាន​កិច្ចសហ​ប្រតិបត្តិការ​ល្អ ​រវាង​គ្នា។ ដោយ​ឡែក ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នឹង​បន្ត​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​ដែល​បម្រើ​ឱ្យ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ជាមិត្ត»។


លោក​បាន​បន្តថា ​ប្រទេស​ទាំង២ ​នឹង​បន្ត​សហការ​ជាមួយ​គ្នា​ក្នុង​ក្របខ័ណ្ឌ​ដៃគូ​យុទ្ធសាស្ត្រ ​ព្រមទាំង​បន្ត​ចែករំលែក​នូវ​វប្បធម៌​ប្រពៃណី​ដ៏ចំណាស់​ជាមួយ​គ្នា ​ក៏ដូចជា​ជំរុញ​ការយល់ដឹង​ពី​គ្នា ​ទៅវិញ​ទៅមក ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង២។

ជាមួយ​គ្នានោះ ​លោក​ឯក សំអុល ​ទីប្រឹក្សា​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា ​និង​ជា​ប្រធាន​សមាគម​មិត្ត​ភាព​កម្ពុជា​ចិន​បាន​ថ្លែង​ស្វាគមន៍ ​និង​គាំទ្រ​ផងដែរ​ ចំពោះ​សកម្មភាព​ទាំងឡាយ​ណា ​ដែល​បម្រើឱ្យ​ទំនាក់​ទំនង​ប្រទេស​ទាំង២។

លោក​មាន​ប្រសាសន៍ថា​៖«ភាពយន្ដ​នេះ​ជាចំណែក​១​ក្នុង​ការកសាង​មិត្តភាព​ រវាង​ប្រជាជន ​និង​ប្រជាជន...​មិនត្រឹម​តែ​ប៉ុណ្ណោះ ​ខ្សែ​ភាពយន្ដ​ទាំងនេះ​បានក្លាយ​ជា​ស្ពាន​ចម្លង ​ក្នុង​ការលើក​កម្ពស់​ចំណេះដឹង ​រវាង​ប្រទេស​ទាំង​២ផង​ដែរ»។

សូម​បញ្ជាក់ថា ​ដំណើរភាពយន្ដ​ចល័តចិន​-កម្ពុជា​ដ៏ឆ្នើម​បានចាប់​ផ្ដើម​តាំងពី​ឆ្នាំ២០១៦​មក​ម្លេះ​ ដោយ​ក្រុម​ការងារ​ភាពយន្ត​នេះ ​បានធ្វើ​ដំណើរ​ទៅ​គ្រប់​ខេត្ត​-ក្រុង​នៃ​កម្ពុជា ​ក្នុង​រយៈពេល​៥ឆ្នាំ​មកនេះ ​និង​បានចាក់​បញ្ចាំង​ភាពយន្ដ​ជាង​១០០រឿង​ឱ្យ​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​១សែន​នាក់​ទស្សនា។

ចាប់​ពី​ចុង​ខែធ្នូ ​ឆ្នាំ២០២២​នេះ​តទៅ ​ដំណើរភាពយន្ដ​ចល័ត​ចិន​-កម្ពុជា ​នឹង​ធ្វើដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​នានា ​ដូចជា ​ខេត្តកំពង់ឆ្នាំង ​ពោធិ៍សាត់ ​និង​ខេត្តបាត់ដំបង ​ដើម្បី​ចាក់បញ្ចាំង​ខ្សែភាពយន្ដ​ដ៏ឆ្នើម ​ដែលបាន​ថត​នៅ​ប្រទេស​កម្ពុជា ​និង​ប្រទេស​ចិន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ភាពយន្ដ​ដែល​នឹង​ត្រូវយក​ទៅ​ចាក់​បញ្ចាំង ​រួមមាន ​រឿង​ដំណើរ​នៃប្រាក់ ​រឿង​ឆ្លងកាត់​ទន្លេ​យារ៉ូ ​រឿង​មួយ​គីឡូម៉ែត្រ​ចុង​ក្រោយ ​និង​រឿង​ផ្សេងៗ​ទៀត៕ ​