ត្បូងឃ្មុំៈប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ លោក អ៊ិន ពៅសម្បត្តិ ត្រូវបានក្រុមគ្រូបង្រៀននៅតាមសាលាជាច្រើនអះអាងថា បានលួចកិបកេងកាត់ប្រាក់បៀវត្សរ៍របស់ពួកគាត់អស់ជាច្រើនខែ និងប្រាក់មុខការងារផ្សេងៗទៀតសរុប ៣០០ លានរៀល ដោយយកលេសថា ពួកគាត់បានព្យួរឈ្មោះ ហើយចូលទៅបម្រើការងារជាមន្ត្រីរៀបចំការបោះឆ្នោតនៅតាមឃុំសង្កាត់។
លោកសុខ ជា អាយុ៥១ឆ្នាំ ជានាយកសាលាបឋមសិក្សាជីរោទិ៍កណ្ដាលមានលំនៅក្នុងភូមិជីរោទិ៍កណ្ដាល ឃុំជីរោទិ៍១ ស្រុកត្បូងឃ្មុំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដើម្បីបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗគាត់ត្រូវខិតខំធ្វើការងារដោយសឹងរកគ្មានថ្ងៃសម្រាកនោះឡើយ។
លោកបានបន្តថា នៅមុនការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ លោកបានដាក់ពាក្យបម្រើការងារជាមន្ត្រីរៀបចំការបោះឆ្នោតក្នុងតួនាទីជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ក្នុងមូលដ្ឋានដែលគាត់រស់នៅ ដោយទទួលបានប្រាក់ខែក្នុង១ខែ ចំនួន១,២៥លានរៀល។ ប៉ុន្តែក្នុងរយៈពេល៤ខែ ដែលគាត់បម្រើការងារជាមន្ត្រីរៀបចំការបោះឆ្នោតនោះ សម្រាប់តែប្រាក់បៀវត្សរ៍ជានាយកសាលានិងគ្រូបង្រៀនរបស់គាត់ ត្រូវបានកាត់អស់៥លានរៀលទៅវិញ។
លោកសុខ ជា មានប្រសាសន៍ថា៖«ថ្វីបើខ្ញុំ ដាក់ពាក្យបម្រើការងារជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ប៉ុន្តែខ្ញុំមិនដែលបោះបង់ការងារ និងតួនាទីជានាយកសាលា និងជាគ្រូបង្រៀននោះទេ។ ខ្ញុំតែងតែចាត់ចែងការងារដល់បុគ្គលិកសិក្សា និងគ្រូបង្រៀននៅក្នុងសាលារៀនរបស់ខ្ញុំ មុនពេលខ្ញុំចាប់ផ្ដើមទៅបំពេញការងារជាមន្ត្រីរៀបចំការបោះឆ្នោត»។
បើតាមលោក សុខ ជា កន្លងមក គាត់ក៏ធ្លាប់បម្រើការងារជាមន្ត្រីការរៀបចំការបោះឆ្នោតផង និងបង្រៀនសិស្សនៅឯសាលារៀនរបស់គាត់ផងអ៊ីចឹងដែរ ប៉ុន្តែពុំដែលមានករណីកាត់ប្រាក់បៀវត្សរ៍ដ៏ច្រើនបែបហ្នឹងនោះទេ។ លោកទាមទារឱ្យថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ពន្យល់បកស្រាយឱ្យបានច្បាស់ថា តើកាត់លុយរបស់គាត់ដ៏ច្រើនបែបនោះយកទៅធ្វើអ្វីខ្លះ?
លោកបានបញ្ជាក់ថា៖«វាអយុត្តិធម៌ណាស់សម្រាប់ខ្ញុំ និងលោកគ្រូអ្នកគ្រូផ្សេងទៀតដែលខិតខំធ្វើការងារដោយលំបាក ដើម្បីជីវភាពគ្រួសារ បែរជារងការកាត់ប្រាក់បៀវត្សរ៍ដោយគ្មានមូលហេតុ។ ខ្ញុំធ្វើការងារបោះឆ្នោត៤ខែបានប្រាក់ខែសរុប៥លានរៀល តែត្រូវថ្នាក់ដឹកនាំនៅមន្ទីរ កាត់បៀវត្សរ៍អស់៥លានរៀលវិញ»។
ស្រដៀងគ្នានេះ លោក ឈុន សុខ អាយុ៤៨ឆ្នាំ ជានាយកសាលាបឋមសិក្សាបឹងព្រះ មានលំនៅក្នុងភូមិ-ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើសិនជារាជរដ្ឋាភិបាលមានការខ្វះខាត តម្រូវឱ្យខាងមន្ទីរកាត់ប្រាក់បៀវត្សរ៍របស់ពួកគាត់ជាគ្រូបង្រៀនដើម្បីយកថវិកាទៅជួយទំនុកបម្រុងក្នុងវិស័យអ្វីមួយផ្សេងទៀតនោះ ក៏ពួកគាត់មិនជំទាស់ដែរ តែសូមកុំកាត់ដល់ច្រើនបែបហ្នឹងខ្លាំងពេក។
លោកថ្លែងថា៖«ខ្ញុំនិងលោកគ្រូអ្នកគ្រូមួយចំនួនទៀតបានដាក់ញត្តិសុំឱ្យលោកអភិបាលខេត្តជួយដោះស្រាយលើករណីនេះ ដើម្បីដឹងថា តើលុយដែលត្រូវបានកាត់ដ៏ច្រើនសន្ធឹកសន្ធាប់នោះយកទៅធ្វើអ្វី?ហើយត្រឹមត្រូវ
តាមទម្រង់ច្បាប់ឬអត់?សម្រាប់ខ្ញុំ ក្នុងករណីកាត់នេះមិនត្រឹមត្រូវសូមបង្វែរលុយនោះមកឱ្យខ្ញុំវិញ ទោះមិនបានទាំងអស់ក៏សូមត្រឹម៥០ភាគរយវិញមក ព្រោះវាជាកម្លាំងញើសឈាមរបស់ខ្ញុំ ដែលខិតខំបង្រៀនសិស្សថ្នាក់ផ្គួប [ថ្នាក់ទី៣-៤] »។
បើតាមលោក ឈុន សុខ ក្រៅពីតួនាទីជានាយកសាលាបឋមសិក្សាបឹងព្រះ គាត់នៅឆ្លៀតជួយបង្រៀនសិស្សថ្នាក់ផ្គួប គឺថ្នាក់ទី៣-៤នេះ១វេនថែមទៀត ព្រោះសាលារៀនរបស់គាត់ខ្វះគ្រូបង្រៀន។ ក្នុងអំឡុងពេលគាត់បំពេញការងារជាមន្ត្រីរៀបចំការបោះឆ្នោតក្នុងរយៈពេល៤ខែកន្លងមកនេះ គាត់ត្រូវបានគេកាត់ប្រាក់បៀវត្សរ៍សរុបអស់៣លានរៀល។
ជុំវិញករណីនេះ លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា មិនអាចទាក់ទងស្នើសុំការអធិប្បាយបានទេ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
យ៉ាងណាក៏ដោយ ប្រភពពីមន្ត្រីសំខាន់ម្នាក់នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោក អ៊ិន ពៅសម្បត្តិ និងបក្ខពួកត្រូវបានគេរកឃើញថាបានកេងប្រវ័ញ្ចប្រាក់បៀវត្សរ៍គ្រូបង្រៀនកិច្ចសន្យាចំនួន៩០នាក់ នៅស្រុកមេមត់ នូវថវិកាក្នុង១ខែៗ សរុបជិត១០០លានរៀល និងបានបន្លំឯកសារសាធារណៈ រំលោភសេចក្តីទុកចិត្ត កេងប្រវ័ញប្រាក់បៀវត្សរ៍គ្រូបង្រៀន ២វេន សម្រាប់ឆ្នាំ២០២២ ដោយបន្លំដាក់ឈ្មោះបក្ខពួកមិនមានក្របខ័ណ្ឌមន្ត្រីអប់រំ ដាក់បន្លំប្តីប្រពន្ធ លាក់បាំងដោយដាក់ឈ្មោះជាគ្រូ២វេន ដោយសាមីខ្លួនមិនដឹង ដើម្បីកុហសថា ធនាគារវេលុយច្រឡំ ហើយសូមអ្នកទទួលនោះ វេរលុយត្រឡប់មកឱ្យពួកគេវិញ។
ប្រភពបានបញ្ជាក់ថា៖«ប្រាក់បៀវត្សរ៍ រ៍ដែលត្រូវបានកេងប្រវ័ញ្ចពីគ្រូបង្រៀន២វេននោះ គឺបានកើតឡើងចាប់តាំងពីខែមករា ដល់ ខែសីហា ឆ្នាំ២០២២ ក្នុងគ្រូម្នាក់ៗ អស់ជាង ១១ លានរៀល សរុបជាថវិកា ជាង ២០០ លាន រៀល »។
ជុំវិញការផ្ទុះបាតុភាពដ៏ចម្រូងចម្រាសនេះ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមសារអេឡិចត្រនិកថា ជាទូទៅ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវដោះស្រាយករណីបាតុភាពផ្សេងៗ នៅតាមគ្រឹះស្ថានសិក្សា ដោយចាត់វិធានការតាមទិដ្ឋភាពជាក់ស្តែង។
លោកបានបន្ថែមថា បើចាំបាច់ គណ:គ្រប់គ្រងគ្រឹះស្ថានសិក្សា អាចសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត រាជធានី ដែលជាសេនាធិការ តាមឋានានុក្រមនៃក្រសួងអប់រំ យុវជន និងកីឡា៕
វីដេអូ៖