សៀមរាបៈ គណៈកម្មាធិការ​អន្តរជាតិ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ (​អាយ​ស៊ី​ស៊ី​-​អង្គរ​) នឹង​បើក​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​៣៦ និង​កិច្ចប្រជុំពេញអង្គ​លើក​ទី​២៩ ចាប់ពី​ថ្ងៃទី​១៥​ដល់​១៦ ខែធ្នូ នៅ​ខេត្តសៀមរាប ស្របពេល​មានការ​ប្រារព្ធ​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ​រយៈពេល​៣​ថ្ងៃ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​១៦​ធ្នូ​។​


​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា កិច្ចប្រជុំ​ទាំង​២ របស់​អាយ​ស៊ី​ស៊ី​-​អង្គរ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី​ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងនាម​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា រួម​នឹង​សហប្រធាន​គណៈកម្មាធិកា​រ​អន្តរជាតិ​អាយ​ស៊ី​ស៊ី​-​អង្គរ ដែលមាន​លោក ឯកអគ្គរដ្ឋទូត​ប្រទេស​បារាំង​ប្រចាំ​កម្ពុជា និង​លោក​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​របៀប​វារ​:​នៃ​កិច្ចប្រជុំ​ទាំងនេះ នឹង​ផ្តោតទៅលើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖ តាមដាន​ការអនុវត្ត​អនុសាសន៍​កិច្ចប្រជុំ​កន្លងមក អំពី​កិច្ចការ​អភិរក្ស​ជួសជុល និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ របាយការណ៍​សកម្មភាព​ស្តីអំពី​ការងារ​អភិរក្ស និង​កិច្ចការ​ស្រាវជ្រាវ​បុរាណវិទ្យា​។​


​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា អាយ​ស៊ី​ស៊ី​-​អង្គរ រៀបចំ​កិច្ចប្រជុំ​របស់ខ្លួន​២​ដង​ក្នុង​១​ឆ្នាំ ម្តង​ជាមួយ​សមាជិក គឺ​កិច្ចប្រជុំពេញអង្គ និង​ម្តងទៀត គឺ​កិច្ចប្រជុំ​បច្ចេកទេស​។​

​ជាមួយគ្នានេះ​អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ប្រារព្ធ​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ​រយៈពេល​៣​ថ្ងៃ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤ រហូតដល់​ថ្ងៃទី​១៦ ធ្នូ​។​


​លោក ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា តាម​ការគ្រោងទុក​ពិធី​រំឭក​គុណ​អង្គរ ចំនួន​៣​ថ្ងៃ គឺមាន​កម្មវិធី​សាសនា ស្ដង់​ពិព័រណ៍ និង​ការសម្ដែង​សិល្បៈ​បុរាណ​នៅពេល​រាត្រី​។​

​ដោយ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២២ ពិធីបួងសួង​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ នឹងត្រូវ​ធ្វើឡើង​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ដោយ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​។

​នៅ​ព្រឹក​ថ្ងៃ​នោះដែរ​បន្ទាប់ពី​កម្មវិធី​បួងសួង ក៏មាន​ពិធី​រាប់​បាត​ព្រះសង្ឃ​ចំនួន​១៣០​អង្គ​ផងដែរ​។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ថ្ងៃ​បន្តបន្ទាប់​ក៏មាន​នូវ​ទស្សនីយភាព​ជាច្រើន​ដូចជា កម្មវិធី​បែប​សាសនា​សំខាន់ៗ ការតាំងពិព័រណ៍​បង្ហា​ញ​សមិទ្ធផល​ការងារ​រយ​:​ពេល​៣០​ឆ្នាំកន្លងមក​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ស្នាដៃ​សិល្បៈ​ជាច្រើន​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​អង្គការ​យូណេស្កូ ការសម្តែង​អា​យ៉ៃ​ឆ្លើយឆ្លង​ដោយ​លោក ព្រហ្ម ម៉ាញ ព្រមទាំង​ការចាក់​បញ្ចាំងភាពយន្ត​អំពី​អង្គរ​ជាដើម​។

​រាល់​កម្មវិធី​សាសនា សិល្បៈ​ទស្សនីយភាព​ទាំងអស់​នឹង​បើក​ជា​សាធារណៈ​ចូល​ទស្សនា​ដោយ​ពុំមាន​បង់ប្រាក់​នោះទេ ៕