ភ្នំពេញៈ មុនពេលដែលប្រព័ន្ធបច្ចេកវិទ្យាបានសាយភាយចូលមកបម្រើឱ្យការរស់នៅរបស់មនុស្ស ការធ្វើការងារសព្វបែបយ៉ាងច្រើនតែប្រព្រឹត្តទៅដោយផ្ទាល់ សូម្បីតែការបង្កើតទំនាក់ទំនងរវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក៏ត្រូវធ្វើឡើងដោយផ្ទាល់ផងដែរ។
តែបន្ទាប់ពីសករាជនៃបច្ចេកវិទ្យាបានឈានចូលមកដល់ការងាររបស់មនុស្សភាគច្រើនត្រូវបានសម្រាលឱ្យកាន់តែមានភាពងាយស្រួលជាងមុន។ ការសិក្សា ការបង្កើតទំនាក់ទំនង ការធ្វើការ ការធ្វើជំនួញ គឺសុទ្ធតែអាចធ្វើទៅបានពីចម្ងាយដោយគ្រាន់តែប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត។
សម្រាប់ការអានសៀវភៅវិញក៏ដូចគ្នា ដោយអ្នកអានកាន់តែមានជម្រើសច្រើនជាងមុន និងងាយស្រួលជាងមុនក្នុងការស្វែងរកចំណេះដឹង។ ជំនួសដោយការកាន់យកសៀវភៅទៅគ្រប់ទីកន្លែង បច្ចុប្បន្នគេអាចអានសៀវភៅតាមអេឡិចត្រូនិក (E-Book) និងថែមទាំងអាចចំណេញប្រាក់ក្នុងការទិញសៀវភៅទៀតផង។ ប៉ុន្តែ វាក៏មិនទាំងស្រុងដែរ អ្នកអានមួយចំនួនក៏នៅតែមិនទទួលយកភាពងាយស្រួលនៃបច្ចេកវិទ្យា ដោយគិតថា ការអានលើក្រដាសសៀវភៅផ្ទាល់គឺមានភាពស្និទ្ធស្នាលជាង។
លោក ឡុង ម៉េងឈៀង ជានិស្សិតកំពុងសិក្សាឆ្នាំទី ៤ គឺជាយុវជន ១ រូប ដែលចូលចិត្តការអានលើ សៀវភៅផ្ទាល់ជាជាងការអានលើអេឡិចត្រូនិក។ លោកថា អានផ្ទាល់វាធ្វើឱ្យលោកបានប៉ះពាល់សន្លឹកសៀវភៅ បានបើកទំព័រសៀវភៅ ដែលនោះគឺជាភាពពិតមួយ ដែលលោកគួរតែបានពីការអានសៀវភៅ។
និស្សិតវ័យ ២០ ឆ្នាំស្ដើង រូបនេះបានរៀបរាប់បន្តថា៖ «ខ្ញុំធ្លាប់សាកអានលើអេឡិចត្រូនិក ប៉ុន្តែវាពិបាកមើលហើយមានអារម្មណ៍ថា ទំនាក់ទំនងយើងជាមួយសៀវភៅ វាដូចជាគ្មានសោះ»។
យ៉ាងណាមិញ លោកសង្កេតឃើញពីទំនោរនៃការអានតាមអេឡិចត្រូនិកមានការកើនឡើង ជាពិសេសការអានតាម Kindle ដែលអាចផ្ទុកសៀវភៅបានច្រើនក្បាល និងមិនបង្កជាការឈឺភ្នែក ដូចមើលលើកញ្ចក់អេក្រង់ទូរស័ព្ទ។ និស្សិតរូបនេះបន្តថា ការអានសៀវភៅអេឡិចត្រូនិកអាចនឹងពេញនិយមនៅពេលឆាប់ៗខាងមុខ។
កញ្ញា ម៉ារឺឌី ដែលជានិស្សិតទើបបញ្ចប់ការសិក្សាឯណោះវិញយល់ថា ការអានបែបណាក៏សុទ្ធតែមានសារៈសំខាន់ និងមានគោលដៅតែមួយគឺស្វែងយល់ និងក្រេបចំណេះដឹង។
ប៉ុន្តែសម្រាប់ការនិយមរបស់កញ្ញា គឺការអានលើសៀវភៅដោយផ្ទាល់ដោយកញ្ញាចូលចិត្តក្លិនសៀវភៅ និងចូលចិត្តនៅពេលដែលបានចាប់កាន់សៀវភៅដោយផ្ទាល់។ ម្យ៉ាងទៀត ការអានលើសៀវភៅគឺមិនចាំបាច់ត្រូវអង្គុយសម្លឹងអេក្រង់យូរ។ «បើទោះជាការអានតាមអេឡិចត្រូនិកមានលក្ខណៈទំនើបជាង និងអាចចាយលុយតិចជាងខ្ញុំនៅតែជ្រើសរើសទិញសៀវភៅមកអានផ្ទាល់ ហើយប្រមូលសៀវភៅទុកដាក់តាំងយកសោភណភាពវិញ»។
ខុសគ្នាពីយុវជនខាងលើសម្រាប់កញ្ញា សុភ័គវីយ៍ ឯណោះវិញ ចូលចិត្តការអានលើអេឡិចត្រូនិក ជាងអានលើសៀវភៅ។ កញ្ញាបានរៀបរាប់ពីមូលហេតុនៃការនិយមចូលចិត្តអានរបស់ខ្លួនថា៖ «អានតាមអេឡិចត្រូនិក ខ្ញុំអាចសន្សំលុយបានច្រើនហើយអាចយកតាមខ្លួនបានគ្រប់ទីកន្លែង ដោយមិនចាំបាច់ត្រូវស្ពាយសៀវភៅតាម»។
កញ្ញាបន្តថា៖ «ម្យ៉ាងទៀត ខ្ញុំចង់ឱ្យការប្រើប្រាស់ទូរស័ព្ទរបស់ខ្ញុំគឺផ្ដោតលើការអានសៀវភៅជាជាងការលេងបណ្ដាញសង្គមដែលវាអាចខាតបង់ពេលវេលាច្រើន...ដូច្នេះរាល់ពេលដែលខ្ញុំកាន់ទូរស័ព្ទគឺខ្ញុំនឹកឃើញពីការអានសៀវភៅ»។
កញ្ញាបន្តរៀបរាប់ពីភាពងាយស្រួលនៃការអានតាមអេឡិចត្រូនិកថា វាមានភាពងាយស្រួលជាងសៀវភៅដោយអាចកត់ត្រា បកប្រែ យ៉ាងមានរបៀបរៀបរយ។ អ្វីដែលកាន់តែពិសេសកញ្ញាថា ខ្លួនក៏អាចបើកមុខងារអាននៅលើទូរស័ព្ទដៃ ដោយធ្វើដូច្នេះកញ្ញាគ្រាន់តែស្ដាប់ក៏អាចយល់ពីខ្លឹមសារនៃសៀវភៅបានដូចគ្នា។
ទន្ទឹមគ្នានេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី ៩ ធ្នូ បានលើកឡើងអំពីការអានរបស់យុវជនសតវត្សរ៍ទី ២១ នេះផងដែរ។ ក្នុងឱកាសនៃពិធីបើកពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី ៩ នោះ លោកស្រីបានជំរុញឱ្យយុវជនដែលជាសសរទ្រូងដ៏សំខាន់នៃប្រទេសជាតិខិតខំស្វែងរកចំណេះដាក់ខ្លួន។
បើទោះបីជាបច្ចុប្បន្នមានការនិយមអានសៀវភៅអេឡិចត្រូនិកយ៉ាងណាក៏ដោយក៏លោកស្រីនៅតែបន្តការនិយមអានរបស់ខ្លួនគឺ អានសៀវភៅដោយផ្ទាល់។ ប៉ុន្តែយ៉ាងណា មិនថា តាមវិធីបែបណានោះទេ សៀវភៅសុទ្ធតែមានចំណែកក្នុងការកែប្រែការគិតរបស់អ្នកអាន។ ដូច្នេះលោកស្រីលើកទឹកចិត្តដល់ឪពុកម្ដាយក្នុងការទិញសៀវភៅដាក់ផ្ទះដើម្បីបណ្ដុះទម្លាប់អានរបស់កូនៗតាំងពីវ័យកុមារតទៅ។
លោកស្រីក៏បានរំឭកអំពីការផ្ដួចផ្ដើមគំនិតដាក់បញ្ចូលសៀវភៅទៅក្នុងពន្ធនាគារផងដែរ ដើម្បីធានាថា សៀវភៅត្រូវបានចរាចរទៅគ្រប់ទីកន្លែង ដែលមានន័យថា ពុទ្ធិអាចកើតមានគ្រប់ទីកន្លែងដូចគ្នា៕