រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​លើកឡើងថា សៀវភៅ​គោលការណ៍​ណែនាំ​ស្តីពី​អធិការកិច្ច​ការងារ គឺជា​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ចុះ​ធ្វើ​អធិការកិច្ច​ការងារ ឱ្យ​កាន់តែ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព ខណៈដែល​អត្រា​រោងចក្រ សហគ្រាស ដែល​មិន​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​ទាក់ទង​នឹង​វិស័យ​ការងារ​មានការ​ថយចុះ​ជា​បន្តបន្ទាប់​។​


​លោក​បាន​ថ្លែង​ដូចនេះ​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​នូវ «​សៀវភៅ​គោលការណ៍​ណែនាំ​ស្តីពី​អធិការកិច្ច​ការងារ​» នា​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ ដើម្បី​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ល្អប្រសើរ និង​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៩-២០២៣​។​

​សៀវភៅ​នេះ ក៏​ជា​សមិទ្ធផល​ដ៏​មាន​សារៈសំខាន់​ថ្មី​មួយទៀត ក្រោម​គម្រោង​របស់​អង្គការ GIZ ក្នុងការ​ចូលរួមចំណែក​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អធិការកិច្ច​ការងារ និង​ឯកសារ​គោល និង​មិនអាច​ខ្វះ​បាន​សម្រាប់​អធិការ​ការងារ​ទាំងអស់​ក្នុង​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​ឱ្យ​កាន់តែ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។​


​លោក អ៊ិត សំហេង ថ្លែងថា ៖ «​គិត​ត្រឹម​៩​ខែ ឆ្នាំ​២០២២ ក្រសួង​បាន​ចុះ​អធិការកិច្ច​ការងារ​ស​រុ​ប​ចំនួន ៣ ៤៦៤​លើក ក្នុងនោះ អធិការកិច្ច​ការងារ​សាមញ្ញ​ចំនួន ៣ ៣៤៤​លើក ចុះ​ធ្វើ​អធិការកិច្ច​តាមដាន​ការដាក់កំហិត​ចំនួន ១០​លើក និង​ចុះ​អធិការកិច្ច​ការងារ​ពិសេស​ចំនួន ១១០​លើក​»​។

​រដ្ឋមន្ត្រីក្រសួង​ការងារ​រូបនេះ បានបញ្ជាក់​ទៀតថា តាមរយៈ​ការចុះ​អធិការកិច្ច​ការងារ​នេះ ពិនិត្យឃើញថា អត្រា​រោងចក្រ សហគ្រាស ដែល​មិន​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​ទាក់ទង​នឹង​វិស័យ​ការងារ​មានការ​ថយចុះ​ជា​បន្តបន្ទាប់​។


​លោក​បាន​បន្តថា ក្រសួង​បាន​អភិវឌ្ឍ​សមត្ថភាព​មន្ត្រីរាជការ​ក្នុង​វិស័យ​ការងារ​ឱ្យ​ក្លាយជា​អធិការ​ការងារ អធិការ​ពេទ្យ​ការងារ និង​អភិបាល​ការងារ ដោយបាន​ផ្តល់​វិក្រឹត្យការ​ដល់​មន្ត្រី​អធិការកិច្ច​ការងារ ដើម្បី​មាន​នីតិសម្បទា​គ្រប់គ្រាន់​ជា​មន្ត្រីនគរបាល​យុត្តិធម៌​។

​នាឱកាស​នោះ​ផងដែរ លោក អ៊ិ​ត សំហេង បាន​ថ្លែង​ដោយ​លោក​សង្ឃឹមថា គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នឹងចូលរួម​អនុវត្តតាម​សៀវភៅ​គោលការណ៍​ណែនាំ​នេះ ដោយ​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ប្រកបដោយ​ស្មារតី​បុ​រេ​សកម្ម និង​ការទទួលខុសត្រូវ​ខ្ពស់​។

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​កែសម្រួល​យន្តការ​អធិការកិច្ច​ការងារ តាមរយៈ​ការច្របាច់បញ្ចូលគ្នា​ក្រុមអធិការកិច្ច​ការងារ ច្រើន​ក្រុម​ឱ្យទៅជា​ក្រុមអធិការកិច្ច​ការងារ​តែមួយ និង​ទំនើបកម្ម​ការធ្វើ​អធិការកិច្ច​ការងារ​ផ្ទៃក្នុង សំដៅ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ ដោយ​ក្រសួង​បាន​បន្ត​ពង្រឹង​យន្តការ​ក្រុមអធិការកិច្ច​ការងារ​តែមួយ​។

​ក្រសួង​បាន​បន្តថា ការកែសម្រួល​យន្តការ​អធិការកិច្ច​ការងារ​នេះ ដើម្បី​សំដៅ​កាត់បន្ថយ​ការរំខាន​ដល់​ប្រតិបត្តិការ​អាជីវកម្ម កាត់បន្ថយ​បន្ទុក​របស់​ម្ចាស់​រោងចក្រ សហគ្រាស និង​ធានា​ប្រសិទ្ធភាព និង​អនុលោមភាព​តាមច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ទាក់ទង​នឹង​ចុះ​អធិការកិច្ច ដោយ​ផ្តោតលើ​ចំណាត់ថ្នាក់​នៃ​កម្រិត​ហានិភ័យ​របស់​រោងចក្រ សហគ្រាស​នីមួយៗ​។

​សូម​រំឭក​ផងដែរ​ថា នា​វេទិកា​ភាពជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន លើក​ទី​១៨ ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​នូវ​វិធានការ​កំណែទម្រង់​មុត​ស្រួច​ជា​កញ្ចប់ ដោយបាន​កំណត់​នូវ​អាទិភាព​ក្នុងការ​រៀបចំ​ក្រុមអធិការកិច្ច​អន្តរ​ស្ថាប័ន និង​ចុះ​តែមួយ​លើក​ចំពោះ​គោលដៅ​តែមួយ ដោយ​ច្របាច់​បញ្ចូល​ក្រុមអធិការកិច្ច​ទាំងអស់​ឱ្យទៅជា​ក្រុម​តែមួយ​និង​ចុះ​តែមួយ​លើក​ក្នុង​១​ឆ្នាំ ចំពោះ​គោលដៅ​មួយ លើកលែង​តែមាន​ករណី​ចាំបាច់ ឬ​ករណី​មាន​បទល្មើស ដែល​ត្រូវ​ឱ្យមាន​ការធ្វើ​អធិការកិច្ច​ពិសេស​ដោយឡែក របស់​ក្រុមការងារ​ជំនាញ​មាន​សមត្ថកិច្ច​។

​បើតាម​របាយការណ៍រ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន ក្រុមការងារ រៀបចំ​ក្រុមអធិការកិច្ច​អន្ដរ​ស្ថាប័ន​ក្នុង​វិស័យ​ចំនួន ៣ ត្រូវបាន​បង្កើត រួមមាន វិស័យ​កម្មន្ដសាល​, វិស័យ កសិកម្ម និង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ដោយមាន​ការចូលរួម​ពី​ក្រសួង​ពាក់ព័ន្ធ​ចំនួន ៦​។​

​ក្រសួង​ទាំងនោះ​មានដូចជា វិស័យ​កម្មន្ដសាល (​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ក្រសួងបរិស្ថាន​), វិស័យ​កសិកម្ម (​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​, ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ និង​ក្រសួងបរិស្ថាន​) និង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ (​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដា​វិជ្ជាជីវៈ​, ក្រសួងបរិស្ថាន​, ក្រសួងទេសចរណ៍ និង​ក្រសួងសុខាភិបាល​)​។

​ក្រុមអធិការកិច្ច​អន្តរ​ស្ថាប័ន បាន​ជួបប្រជុំ​ជាច្រើនលើក ដើម្បី​ដាក់​ផែនការ​ចុះ​ធ្វើ​អធិការកិច្ច​នៅ​ដើមឆ្នាំ​២០២៣ ខាងមុខនេះ​៕