សៀមរាបៈអនុវិទ្យា​ល័យ​ចំនួន​២ និង​បឋម​សិក្សា​ចំនួន​២​ បាន​ជាប់​ការ​វាយ​តម្លៃ​ជា​សាលា​គំរូ​ផ្នែក​សេវា​សាធារណ​:​សម្រាប់​វិស័យ​អប់រំក្នុង​ចំណោម​សាលារៀន​ជិត​១០០នៅ​ក្នុង​ខេត្ត​សៀមរាប​ដែល​នឹង​ត្រៀម​ខ្លួន​ចូលរួម​ការ​ប្រកួត​ថ្នាក់​ជាតិ​ក្នុង​ពេល​ខាង​មុខ​។​


​កា​លពី​ថ្មីៗ​នេះ រដ្ឋបាល​ខេត្ដ​សៀម​រាប និង​មន្ទីរ​អប់រំ យុ​វជន និង​កីឡា​ខេត្ត​សៀម​រាប ​បាន​បង្ហាញ​លទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ​ចំពោះ​សាលា​បឋម​សិក្សា​ និង​អនុវិទ្យា​ល័យ​ជិត​១០០ ​ដែល​បាន​ចូលរួម​ប្រកួត​លើ​ការផ្ដល់​សេវា​សាធា​រណ​:​គំរូ​សម្រាប់​វិស័យ​អប់រំ​នៅក្នុង​សាលា​រៀន​។​

​លោក​ លី ប៊ុណ្ណា ប្រធាន​មន្ទី​រអប់រំ​យុវជន និង​កីឡា ខេត្ដ​សៀម​រាប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១២ ធ្នូ​ថា​ ក្រោយ​គណៈ​កម្មការ បាន​​វាយត​ម្លៃ​ចប់ ហើយ​បាន​ប្រកាស​លទ្ធផល​​ដោយមាន​​អនុវិទ្យា​ល័យ​ចំនួន​២ គឺមាន​អនុវិ​ទ្យាល័យ​ខ្មែរ​មិ​ត្ដ​ភាព​ជប៉ុន​ព្រះ​ឥន្ទ​កោសា​ក្រុង​សៀម​រាប​បានជា​ប់​ចំណាត់​ថ្នាក់​លេខ​១ និង​អនុវិ​ទ្យាល័យ​អង្គរធំ​ បានជា​ប់​ចំណាត់​លេខ​២ ទូទាំ​ង​ខេត្ដ​លើ​ការ​ផ្ដល់​សេវា​សាធា​រណៈ​គំរូ​សម្រាប់​វិស័យ​អប់រំ​។​


​លោកបាន​ឱ្យដឹង​ទៀតថា សម្រាប់​សាលា​បឋម​សិក្សា ក៏មាន​ចំនួន​២​ដែរ​ ដែ​ល​ត្រូវបាន​វាយតម្លៃថា​ជាសាលា​ផ្ដល់​សេវាសា​ធារណៈ​គំរូ​សម្រាប់​វិស័យ​អប់រំ ​ដោយមា​ន​បឋម​សិក្សា​វ​ត្ត​បូ​ព៌ និង​បឋម​សិក្សា​ក្រ​វាន់ ហើយ​សាលា​ទាំង​អស់នេះ​ គឺ​ត្រៀម​នឹង​ចូល​ប្រកួត​ថ្នាក់​ជាតិ​នៃ​ចលនា​ប្រឡង​ប្រណាំង​ផ្តល់​សេវា​សាធា​រណៈ​ល្អ​ផ្នែក​អប់រំ​ទាំង​៨​លក្ខណវិ​ច្ឆ័​យ​។​

​លោកបាន​បញ្ជាក់​ថា​៖«​ការផ្ដល់​ពិន្ទុ និង​វាយ​តម្លៃ​ដល់​សាលា​រៀន​គំរូ​ទាំងនេះ ​គឺមាន​ការស​ម្រប​សម្រួល​ពី​អាជ្ញា​ធរ​ខេត្ដ មន្ទីរ​មុខ​ងារ​សាធារណ​: និង​ស្ថាប័ន​ពាក់​ព័ន្ធ​ផងដែរ​។ នៅ​ពេល​យើង​បាន​វាយ​តម្លៃ​បែប​នេះ គឺ​យើង​បាន​ចូលរួម​ឱ្យ​អង្គ​ភាព​របស់​យើង ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​បង្ហាញ​ស្នាដៃ​ដែរ ព្រោះ​នេះ គឺ​រឿង​សំខាន់​មួយ​សម្រាប់​ជា​កិត្ដិយស​សម្រាប់​ជា​គុណ​ភាព​ក្នុង​ការ​ផ្តល់​សេវ​នេះ​។ ការវាយត​ម្លៃ​នេះ ក៏បាន​ជំរុញ​ឱ្យ​សិស្សានុ​សិស្ស​របស់​យើង​ខិតខំ​រៀន​សូត្រ និង​គួប​ផ្សំ​ជាមួយ​បុគ្គ​លិក​អប់រំ និង​សហ​គមន៍​យើង​ដែរ​»​។​


​លោក ​លី ប៊ុណ្ណា មាន​ក្តី​សង្ឃឹម​ថា សាលា​ទាំង​៤​នេះ នឹង​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​ការប្រ​កួត​ថ្នាក់ជាតិ​ សម្រាប់​ការ​វាយ​តម្លៃ​ជា​សាលា​គំរូ​ផ្នែក​សេវា​សាធារណ​:​សម្រាប់​វិស័យ​អប់រំ​នៅ​ទូទាំងប្រ​ទេស ដោយ​លោក​អះអាងថា​ អាជ្ញាធរ​ខេត្ត និង​សាលា​ទាំង​​៤​នេះបាន​ត្រៀម​លក្ខណៈ​ជាស្រេច​ក្នុងការ​រៀបចំ​កែលម្អ​ទៅនឹង​អ្វី​ដែល​ជា​ស្ថាន​ភាព​ និង​សូចនា​ករ​នៃ​ការ​វាស់វែង​លក្ខណៈ​វិ​ច្ឆ័​យ​ទាំង​៨​ហ្នឹង​។

​យោង​តាម​របា​យការណ៍​ឧបករ​ណ៍​វាយតម្លៃ​ និង​ការទ​ទួលស្គា​ល់​សាលា​ល្អ​សាធារណ​:របស់​រដ្ឋបាល​ខេត្ដ​សៀម​រាប បាន​បង្ហាញ​ថា ​លក្ខណ​​វិនិច្ឆ័យ​គោល​ទាំង​៨​ចំណុច ​ដែល​ត្រូវបាន​យក​មក​ធ្វើការ​វាយ​តម្លៃគឺ​រួមមាន​ទី​១គឺ​ផ្តោត​លើ ស្ដង់ដា​សេវាសា​ធារណ​: ទី​២ ស្ដង់​ដា​ឬ​និយាម​នៃ​ការផ្ដល់​សេវាសា​ធារណ​:​ក្នុង​វិស័យ​អប់រំ ទី​៣ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​:​នៅក្នុង​​អង្គភាព ទី​៤ ការ​គ្រប់​គ្រង និង​ការ​អភិវឌ្ឍ​ធនធា​នមនុស្ស​នៅក្នុង​អង្គភាព ទី​៥ ការរៀ​បចំ និង​កែលម្អ​បរិស្ថាន​នៅ​ក្នុង​អង្គភាព​។​

​រីឯលក្ខណ​វិនិច្ឆ័យ​​វាយ​តម្លៃ​ទី​៦ គឺ​ផ្តោតលើ​​ទំនាក់ទំ​នង​ល្អជា​មួយ​ប្រជាព​លរដ្ឋ សហគ​មន៍ និង​ដៃគូ​អភិវ​ឌ្ឍន៍ ព្រមទាំង​ការ​ចូល​រួម​វាយតម្លៃ​ពី​អ្នក​ប្រើ​ប្រាស់​សេវា​សាធា​រណ​: ទី​៧ ​ការដោះ​ស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ប្រជា​ពលរ​ដ្ឋ និង​សហ​គមន៍​ និង​ទី​៨ ការ​ផ្ដួច​ផ្ដើម​គំនិត​ថ្មីៗ និង​ន​វា​នុ​វត្ដ​ន៍ ដើម្បី​ឱ្យ​អង្គ​ភាព​មាន​ដំណើរ​ការ​កាន់​តែ​ប្រសើរ​។​

​លោក​ ជា តិច​ស៊ីន នាយក​អនុ​វិទ្យាល័​យ​អង្គរធំ បាន​ថ្លែងថា​ អនុវិទ្យា​ល័យ​អង្គរធំ​ស្ថិតក្នុង​ ភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​​អង្គរ​ធំ ខេត្ត​សៀមរាប បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២​សម្រាប់​ថ្នាក់​ខេត្តសៀ​មរាប​។ លោកបាន​បន្តថា អនុវិទ្យាល័​យ​លោកបាន​ត្រៀមខ្លួន​រួចជាស្រេ​ច​ក្នុងការ​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​នៃ​ចលនា​ប្រឡង​ប្រណាំង​ផ្តល់​សេវា​សាធារ​ណៈ​ល្អ​ក្នុង​វិស័យ​អប់រំ​នេះ​។​

​លោកបា​ន​អះអាង​ថា បើទោះ​បី​អនុវិទ្យា​ល័យ​អង្គរធំ​ ស្ថិតនៅ​ជនបទ​ក្ដី ក៏ប៉ុន្ដែ​សាលា​មួយ​នេះ រៀបចំ​បាន​យ៉ាង​ល្អ ​ទាំង​បរិស្ថាន ​ហើយ​មាន​កន្លែង​ស្នាក់​នៅ​របស់​សិស្ស ​មាន​ផ្ដល់​អាហារ​ហូបចុក​គ្រប់គ្រាន់​​ដល់​សិស្ស ​និង​ការប​ង្រៀន​បំប៉ន​ដោយ​មិន​គិ​តថ្លៃ ព្រម​ទាំង​មាន​រថយន្ដ​ដឹក​សិស្ស​ទៅ​បំពេញ​ការ​សិក្សា​នៅ​ថ្នាក់​វិទ្យា​ល័យ​ថែម​ទៀត​។

​បន្ថែម​ពីនេះ​ លោក ​អះអាង​បន្ត​ថា សា​លា​នេះ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ដៃគូអភិវឌ្ឍន៍​ផង​ដែរ ​ដូចជា​អង្គការ​សាលា​ដើម្បី​អនាគ​ត និង​សុភ​មង្គល​ មកពី​ប្រទេស​អាល្លឺ​ម៉ង់ ហើយ​ការទ​ទួលបាន​ចំណាត់​ថ្នាក់​ល្អ​នេះ លោ​ករំ​ពឹងថា នឹងធ្វើ​ឱ្យ លោក​គ្រូ ​អ្នកគ្រូ សិស្សា​នុសិ​ស្ស​មាន​មោទន​ភាព ។​

​លោក​បាន​បញ្ជា​ក់ថា​៖«​ផ្នែក​លក្ខណ​វិ​ច្ឆ័​យ​ទាំង​៨ ក្នុង​នោះយើង​លេច​ធ្លោ​ចំនួន​២ មាន​ផ្តល់​កន្លែង​ស្នាក់​នៅ​សម្រាប់​សិស្ស​រៀន​សូត្រ និង​ថ្នាល​ដី​កសិកម្ម​សម្រាប់​អនុវត្ត​ ព្រម​ទាំង​ការ​គ្រប់គ្រង​ល្អ​។ យើង នឹង​បន្ដ​កា​រកែលម្អ​បន្ថែម​ទៀត​នូវ​អ្វីដែល​ខ្វះ​ខាត​ ជាពិសេស​ផ្លូវ​ថ្នល់​ចូល​សា​លារៀ​នដើម្បី​បន្ដ​ប្រ​កួត​ប្រជែង​នៅ​ថ្នាក់​ជាតិនាពេល​ខាងមុខ​ឱ្យ​ទទួល​ចំណាត់​ថ្នាក់​ល្អ​បន្ថែម​ទៀត​»​។​

​កាលពី​ឆ្នាំ​២០១៨ ​រដ្ឋាភិបា​ល បាន​ដាក់​ចេញ​អនុ​ក្រឹត្យ​ស្តីពី​ការ​វាយតម្លៃ​ និង​ការ​ទទួ​លស្គាល់​អង្គភា​ព​ផ្តល់​សេ​វាសាធា​រណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបា​ល ដើម្បី​ជំរុញ និង​លើ​កកម្ពស់​ប្រ​សិ​ទ្ធ​ភាព និង​គុណភា​ព​នៃ​ដំណើរ​ការ​របស់​អង្គភាព​ផ្តល់​សេវាសា​ធារណៈ​ឱ្យ​កាន់តែ​​ប្រសើរ​។

​ជាមួយ​នឹង​ប្រកាស​លទ្ធផល​ក្នុង​វិស័យ​អប់រំ រដ្ឋបាល​ខេត្តសៀម​រាបក៏បាន​ប្រកាស​ឱ្យដឹង​​ដែរ​ថា សម្រាប់​ការវា​យតម្លៃ​ និង​ការទ​ទួ​លស្គាល់​អង្គភាព​ផ្តល់​សេវាសា​ធារ​ណៈ​គំរូ​ក្នុង​វិស័យ​សុខាភិ​បាល​ឆ្នាំ​២០២២​ប្រចាំខេ​ត្ត​សៀមរា​បគឺមាន​មណ្ឌល​សុខ​ភាព​គោកច​ក និង​មណ្ឌល​សុខ​ភាព​ពង្រ​ក្រោម បាន​ជាប់​ការវា​យត​ម្លៃ​នេះ​៕