ភ្នំពេញ: ប្រជា​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ការ​កត់​សម្គាល់​ថាអំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះនិង​ត្រូវបាន​រៀបចំ​នៅ​សណ្ឋា​គារ​សុខា​ទាំង​ចរាចរណ៍​ផ្លូវ​ទឹកជា​ពិសេស​សំរាម​ទាំង​នៅលើ​ច្រាំង​​ និង​ផ្ទៃ​ទន្លេ​ហាក់​ដូច​ជា​ស្អាត​ ស្ទើរ​តែ​គ្មាន​ឃើញ ១​សរសៃ​ឱ្យ​ទើស​ភ្នែក​។

ប្រាកដ​ណាស់បើ​គ្មាន​ការ​សម្អាត​សំរាម​នៅលើ​ផ្ទៃ​ទឹកនិង​ច្រាំង​ទន្លេ​មិន​រសាត់​បាត់​ដោយ​ឯកឯង​នោះទេ​។ទាំង​នេះ​ជា​កិច្ចការ​របស់​ក្រុម​អង្គការ​សម្អាត​ទន្លេ​សមុទ្រ (ROC) (River Ocean Cleanup) ដែល​បាន​ចំណាយ​ពេល​១​ខែ​ក្នុង​ការ​សម្អាត​បរិស្ថាន​មុន​ពេល​កិច្ច​ប្រជុំ​មក​ដល់​។

យ៉ាង​ណា​មិញ ​នេះ​មិន​មែន​ជាការ​ងារ​តែ១​មុខ ដែល​អង្គការ​នេះត្រូវ​ធ្វើ​​នោះទេ​។អង្គការ​ ដែល​ចាប់​កំណើត​កាល​ពី​ខែ​កក្កដាឆ្នាំ​២០២០​ អំឡុង​ពេល​វិបត្ដិ​កូវីដកំពុង​តែ​រីករាល​ខ្លាំង​មួយនេះ​ បាន​ចាប់​ផ្ដើម​បេសក​កម្ម​ជា​ផ្លូវការ​របស់​ខ្លួន​នៅ​ខែ​មីនាឆ្នាំ​២០២២​កន្លង​ទៅ​ថ្មីៗ​នេះ​ ដោយ​ប្រមូល​សំរាម​នៅ​តាម​ផ្ទៃទឹក​និង​ច្រាំ​ងទន្លេ​ប្រមាណ​ជិត​២០០​តោន​មក​ហើយ​​។


លោកនូ សុវណ្ណ នាយក​ប្រតិ​បត្តិ​អង្គការ​សម្អាត​ទន្លេ​សមុទ្របាន​ឱ្យ​ដឹងថា​៖ «​បេសក​កម្ម​សម្អាត​បរិស្ថាន​ត្រូវ​បាន​រអាក់​រអួល​ដោយ​សារ​កូវីដ​១៩​រហូត​ដល់​ខែ​មីនាឆ្នាំ​២០២២​បេសក​កម្ម​សម្អាត​ទន្លេ​ជា​ប្រវត្ដិ​សាស្ដ្រ​ដែល​សហ​ការ​ជាមួយ​ «everwave» របស់​អាល្លឺ​ម៉ង់​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​»​។

​​អង្គការ «everwave» ជា​សហគ្រាស​សង្គម​ដែល​ការពារ​ទន្លេ​និង​សមុទ្រ​ពី​កាក​សំណល់​ប្លាស្ទិក​ និង​លើក​កម្ពស់​ការ​រស់​នៅ​ប្រកប​ដោយ​ចីរភាព​ ដើម្បី​សម្អាត​បរិស្ថាន​ផ្ទៃទឹក​សម្រាប់​ជា​ជម្រក​មច្ឆា​ប្រភព​អាហារ​និង​តំបន់​សេដ្ឋកិច្ច​បាន​ផ្ដល់​ទូក​បំពាក់​បច្ចេក​វិទ្យា​ទំនើប​បំផុត​មក​ពី​ប្រទេស​អាល្លឺម៉ង់​ដែល​មាន​សមត្ថ​ភាព​ទាក់​យក​ទិន្ន​ន័យ​សំរាម​ត្រូវ​បាន​ប្រមូល​ចេញ​ពី​ទន្លេ​ហើយ​​នៅ​មាន​កាមេរ៉ា​ដ្រូន​ចាប់​យក​ចំណុច​សំរាម​នៅតាម​ដង​ទន្លេ​ទៀត​ផង។


សណ្ឋាន​ស្រដៀង​ទូក​ដដែល​មាន​របារ​ទម្លាក់​ចុះ​សម្រាប់​ឱ្យ​យាន​យន្ដ​បរ​ឡើង​លើ​ទូកទូក​ប្រមូល​សំរាម​ឈ្មោះ Moringa by Landmarken ទម្លាក់​របារ​សម្រាប់​ទាញ​យក​សំរាម​ដោយ​ការ​ប្រើ​ប្រព័ន្ធ​បញ្ជា​ឱ្យ​ដែក​សំណាញ់​រមូរ​ឡើង​ នាំ​ទាំង​សំរាម​ចូល​ទូក​។

សំរាម​​ប្រមាណ​ជាង១៥០​តោន ក្នុង​ចំណោម២​០០​តោន​ ត្រូវបាន​បញ្ជូន​ទៅកាន់​មជ្ឈ​មណ្ឌល​គ្មាន​សំណល់​ដែល​អង្គការ​​ទើប​កសាង​រួច​ចំនួន៤​ទីតាំង​ កំពុង​ដំណើរ​កា​របាន៧​ខែហើយ​។

ពួកវា​ត្រូវបាន​​យក​ទៅ​ញែក​តាម​ប្រភេទ​ ដោយ​បែង​ចែក​ប្រភេទ​សំរាម​កែច្នៃដែ​ល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ជាមួ​យ​កិច្ច​សហ​ការ​ក្រុមហ៊ុន​ឯកជន​ក្នុង​ប្រទេស ​និង​កំពុង​រៀបចំ​សាក​ល្បង​នាំ​ចេញ​ទៅ​កាន់​​ប្រទេស​នៅ​អឺរ៉ុបដើម្បី​សាក​ល្បង​កែច្នៃ​ទៅ​ជា​វត្ថុ​អនុស្សាវ​រីយ៍​ផ្សេងៗ​។នេះ​បើ​យោង​តាម​លោក​សុវណ្ណ។

ផ្ដើម​ពី​ចំណុច​ទន្លេ​ចតុមុខ​ អង្គការ​សម្អាត​ទន្លេ​សមុទ្រ​មាន​មហិច្ឆតា​សម្អាត​ទន្លេ​មេគង្គ​មាន​ប្រវែង​៤៨០​គីឡូ​ម៉ែត្រ​ទន្លេ​សាប​ជាង​២០០​គីឡូម៉ែត្រនិ​ង​ទន្លេ​បាសាក់ ​ប្រវែង​​ជិត១០០​គីឡូម៉ែត្រ​ ដែល​ទាមទា​រ​ឱ្យ​មាន​ទូក​ប្រមូល​សំរាម​ទំនើប​បន្ថែម​ទៀត​។

​លោក​ សុវណ្ណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​​​គោល​បំណង​សម្រាប់​បេសក​កម្ម​ធំ​បំផុត​គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​ចូលរួម​ជាមួយ​រាជ​រដ្ឋា​ភិបាល​​ក្នុងការ​ធ្វើ​ឱ្យ​ទន្លេ​យើង​គ្មាន​​សំរាម​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​»។

មហិច្ឆតា​សម្អាត​បរិស្ថាន​តាម​ដង​ទន្លេ និង​សមុទ្រ​ដ៏​មហិមា​នេះបាន​ធ្វើ​ឱ្យ​អង្គការ​សហគ្រាស​សង្គម «everwave» សម្រេច​​​សហការ​តាម​រយៈផ្ដល់​ទូក​ប្រមូល​សំរាម​និង​ក្រុម​បច្ចេក​ទេស​។

បើ​យោង​តាម Jacqueline Plaster ប្រធាន​គម្រោង​នៃ​ក្រុមហ៊ុន​ចាប់​ផ្តើម​អាជីវ​កម្ម​អាល្លឺ​ម៉ង់ everwave និង​ជា​អនុ​ប្រធាន​សមា​គម​អាល្លឺ​ម៉ង់ Everwave Community e.V. បាន​ឱ្យ​ដឹង​ថា ROC គឺជា​អង្គ​ការ​ក្រៅរដ្ឋាភិ​បាល​ក្នុង​ស្រុក​ដែល​មាន​គោល​ដៅ​ច្បាស់​លាស់​ ​បំណង​ដោះ​ស្រាយ​បញ្ហា​កាក​សំណល់​នៅក្នុង​ទន្លេ​និង​​សមុទ្រ។

​អ្នកស្រី​ Jacque​line បាន​និយាយ​ថា លោ​ក​ សុវណ្ណ​ បាន​ទាក់​ទង​ជា​មួយ everwave នៅ​ខែសីហា​ ឆ្នាំ២០២១​ថា​ តើ​សហ​គ្រិន​សង្គម​នេះ​អាចជួយ​ផ្នែក​បច្ចេក​វិទ្យា​សម្អាត​ទន្លេ​នៅ​កម្ពុជា​បាន​ទេ?​​​

​អ្នកស្រី​បាន​ឱ្យ​ដឹង​ថា៖«​យើង​បាន​ចាប់ផ្តើ​ម​ជាមួយ​នឹង​ការវិ​ភាគ​នៅនឹងក​ន្លែង​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០២១​ជា​កន្លែង​ដែល​យើង​បាន​វិភាគ​អំពី​​ទន្លេ​ទីតាំង​ប្រតិ​បត្តិការ ​​កាក​សំណល់​និង​អ្វីៗ​ផ្សេង​ទៀត​។​​ យើង​មាន​ចក្ខុវិស័យ​ដូច​គ្នាស​ម្អាត​ទន្លេ​នៃ​ប្រទេស​កម្ពុជា​រក្សា​ប្រទេស​កម្ពុជា​ឱ្យ​ស្រស់​ស្អាត​!»។

everwave​ ជួយ​ផ្នែក​​បច្ចេក​វិទ្យា​ទូក​ប្រមូល​សំរាម Moringa by Landmarken ការ​កសាង​សមត្ថ​ភាព​សម្រាប់​ប្រតិ​បត្តិការ​ទូក​សំរាម​ការ​គ្រប់​គ្រង​ទិន្ន​ន័យ​រួមទាំង​កាមេរ៉ា​ដ្រូន​ បញ្ញា​សិប្ប​និម្មិត​និង NIR-spectrometer ដើម្បី​ស្គាល់​ទិន្នន័យ​​ប្រភេទ​ប្លា​ស្ទិ​ក​។​

អ្នកស្រី​​បន្ដ​ថា មាន​ក្រុម​​បំពេញ​ការងារ​​​នៅ​កម្ពុជា​និង​ក្រុម​ធ្វើការ​ពី​ចម្ងាយ​នៅ​ប្រទេស​អាល្លឺម៉ង់​ក៏ដូច​ជា​​ជំនួយ​ហិរញ្ញ​វត្ថុ​ដល់​គម្រោង​នេះ​ដែរ​។​

អ្នកស្រី Jacqueline លើក​ឡើង​ថា​៖ «​រហូត​មក​ទល់​ពេល​នេះ​គម្រោង​នេះ​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្ប​ទាន​ជា​ចម្បង​តាមរយៈ ​everwave ដែល​គាំទ្រ​ដោយ​Land​marken និង Kühne+Nagel Germany។ប៉ុន្តែ​ដើម្បី​ឱ្យ​មាន​​និរន្តរ​ភាព​ក្នុង​រយៈ​ពេល​វែង​យើង​ត្រូវ​ការ​ការ​គាំទ្រ​ក្នុង​ស្រុក​។បច្ចុប្បន្ន​នេះវា​ជាការ​ផ្តោត​សំខាន់​របស់​យើង​»​។​

នាយក​ប្រតិ​បត្តិអង្គ​ការ​សម្អាត​ទន្លេ​សមុទ្រ​បាន​ឱ្យ​ដឹង​ថា សំ​រាម​មិន​មែន​មាន​តែ​នៅ​លើ​ផ្ទៃ​ទឹកឬ​នៅលើ​ច្រាំង​ទន្លេ​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​សំរាម​មាន​លិច​មាន​អណ្ដែត​វិលវល់​គ្រប់​ទីកន្លែង​នៃ​ផ្ទៃ​ទន្លេ​​ ដែល​ទាមទារ​បច្ចេកទេស​ក្នុងការ​ទាញ​យក​សំរាម​ទាំង​នោះ​ចេញ​មក​ដើម្បី​ការពារ​ទន្លេ​​​ពីការ​បំពុល​ដោយ​សំរាម​គ្រប់​ប្រភេទ។

ថ្មីៗ​នេះមុន​ពេល​ប្រជុំ​​​ប្រជុំ​កំពូល​អាស៊ាន​ អង្គការ​​បានបញ្ចេញ​ទូក​​ធ្វើ​យុទ្ធនាការ​សម្អាត​នៅ​ម្ដុំ​សណ្ឋាគារ​សុខា​ រយៈ​ពេល​១ខែ​​ដោយ​​បាន​ប្រមែ​ប្រមូល​សំរាម​ទាំង​នៅ​តាម​ច្រាំង ​លើ​ច្រាំងនិង​លើ​ផ្ទៃ​ទឹក​ទន្លេបាន​ចំនួន​ជិត៤០​តោននៅ​តំបន់​ជ្រោយ​ចង្វារ​។

លោក​សុវណ្ណ​បាន​ឱ្យ​ដឹងថា វាជា​គោល​បំណង​ធំ​របស់​អង្គការ​និង​ក៏ជា​កិច្ចសហ​ការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ គណៈ​កម្មការ​ជាតិ​​វាយតម្លៃ​ទីក្រុង​ស្អាត​និង​ក្រសួង​បរិស្ថាន​ផង​ដែរក្នុង​ការ​សម្អាត​ទន្លេ​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​នេះ​។

លោក​បាន​បន្ដថា​៖«​តាម​ពិត​យើង​មាន​បេសក​កម្ម​សម្អាត​រៀង​រាល់​ថ្ងៃ​ទៅ​ហើយ​តែចំពោះ​កិច្ចប្រជុំ​អាស៊ាន​ ស្មារតី​អង្គការ​ចង់​ឃើញ​ទីក្រុង​ស្អាត​ឱ្យ​បាន​ឆាប់។ដូច្នេះ​យើង​បាន​ធ្វើ​សកម្ម​ភាព​នេះ​រៀង​រាល់​ថ្ងៃ​ជាពិសេស​តំបន់​អាទិភាព​»។

​អង្គការ​​មិន​ត្រឹម​តែ​ជួយ​ដល់​បរិស្ថាន​ទន្លេ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​បាន​ជួយ​លើក​មុខ​មាត់​ប្រទេស​និង​ជួយ​ដល់​ប្រជា​ពលរដ្ឋ​១៦​លាន​នាក់​ក្នុង​ការ​ទទួល​ទាន​ទឹក​ទន្លេ​ផង​ដែរ​។ដូច្នេះការ​សម្អាត​ទន្លេ​នេះ មាន​ផល​ប្រយោជន៍​ខ្លាំង​សម្រាប់​ប្រជា​ពលរដ្ឋ​សម្រាប់​ទឹក​សូម្បី​តែ​សត្វ​នៅ​ក្នុង​ទឹក​ទាំង​អស់​ក៏​ដោយ​។

ជាមួយ​សមត្ថភាព​ និង​ការ​ប្ដេជ្ញាចិត្ដ​ដ៏​មុត​មាំ​របស់​ក្រុម​ការងារ​ម្ចាស់​ជំនួយ​ទូក​ប្រមូល​សំរាម​ប្រើ​បច្ចេក​ទេស​ទំនើប​ក៏​មាន​ក្ដី​រំភើប​ចំពោះ​លទ្ធ​ផល​ដែល​ទទួល​បាន​នេះ​​ដែរ។

​អ្នកស្រី J​acqueline ដែល​បានមក​ទស្សនា​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៦​និង​មាន​អារម្មណ៍​ស្រឡាញ់​ប្រទេស​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខ្ញុំ​មាន​មោទន​ភាព​ដែល​ឃើញ​សមិទ្ធ​ផល​សម្រេច​បាន​ច្រើន​ជាមួយ​គ្នា​។ជាមួយនឹង​បច្ចេក​វិទ្យា​របស់​យើង​ក្រុម​ការងារ​ROCនិង​សហការ​ជា​មួយ​គណៈក​ម្មការ​វាយ​តម្លៃ​ទីក្រុង​ស្អាត​នៃ​ក្រសួង​ទេសច​រណ៍​​ ក្រសួង​បរិស្ថាន ​សាលា​រាជ​ធានី​ និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​»។​​​

​អ្នកស្រី​និយាយ​ថា ​រហូត​មក​ទល់​ពេល​នេះ​ក្រុម​យើង​ប្រមូល​សំរាម​បាន​ជាង១៥០តោន​ពី​ទន្លេនិ​ង​ច្រាំង​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​រយៈ​ពេល​មិន​ដល់​១ឆ្នាំ​ផង​។ពួកគេ​បាន​សាង​សង់​កន្លែងបែ​ង​ចែក​សំរាម​និង​បង្កើត​ការងារ​ជាង​៧០​នាក់​ នៅក្នុង​វិស័យ​ផ្លូវការនិង​ក្រៅ​ផ្លូវការ​។តើ​អ្នក​អាច​ស្រមៃ​មើល​ថា ​តើ​ទូក​និង​ឧបករណ៍​​បែង​ចែក​សំរាម​​​អាច​ធ្វើអ្វី​បាន​ខ្លះ?

​ក្នុងនាម​ជា​អ្នក​គ្រប់​គ្រង​គម្រោង​ និង​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​បេសក​កម្ម​នេះ​អ្នកស្រី Jacqueline និយាយ​ថា​ អ្នកស្រី​កំពុង​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​ ROC ទាំងមូល​ ជា​ពិសេស​នាយក​ប្រតិបត្តិ​លោក​នូ សុវណ្ណ​និង​លោក​ហួតរិទ្ធី​អគ្គ​នាយក​រង​នៃ​គណៈ​កម្មការ​វាយ​តម្លៃ​ទីក្រុង​ស្អាត​នៃ​ក្រសួង​ទេស​ចរណ៍(NCCA-MoT) និង​ជាមួយ​ក្រុម​ការ​ងារ​នៅ​ប្រទេស​អាល្លឺ​ម៉ង់​​ពី​ចម្ងាយ​។​

​អ្នកស្រី​បន្ដថា៖ «​​បន្ទាប់ពី​បាន​ធ្វើការ​ជា​មួយ​គ្នា​អស់​រយៈ​ពេល​១ឆ្នាំ​មក​យើង​មាន​ទំនាក់​ទំនង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ហើយ​បាន​រីក​ចម្រើន​ជា​មួយ​គ្នា​ជា​ក្រុម​ដ៏​ធំ​១មកពី​អង្គការ​ចំនួន​២​ប្រទេស​ទាំង២​ដោយ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិ​បាល​ក្រុម​ហ៊ុន​គ្រប់​គ្រង​កាក​សំណល់និ​ង​ក្នុង​កិច្ច​សហប្រ​តិបត្តិកា​រ ​ក៏ដូចជា​​ផ្លាស់ប្តូរ​ជា​មួយ​ភាគី​ពាក់​ព័ន្ធ​ជាច្រើន​ទៀត​»។

ស្ថាបនិក​អង្គការ​សម្អាត​ទន្លេ​សមុទ្រ​លោក​សុវណ្ណបា​ន​ឱ្យ​ដឹង​ថា ឥ​ឡូវនេះរយៈ​ពេល៨​ខែ​ ​ក្រុមការងារ​​បាន​សម្អាត​ទន្លេ​ក្នុង​បរិវេណ​រាជធានី​ភ្នំពេញ​បាន​៦០​ភាគរយ​។ប៉ុន្ដែ​គួរ​ចាំ​ថា​សំរាម​នៅ​វិលវ​ល់ទៅតា​ម​ខ្សែ​ទឹក​ ដោយ​សំរាម​ខ្លះ​ដែល​លិច​ចុះ​ក្រោម​អណ្ដែត​ឡើង​មក​វិញ​ ហើយ​សំរាម​អណ្ដែត​ខ្លះក៏​លិច​ចុះ​ទៅ​ក្រោម​វិញ​ ដែល​ទាម​ទារ​បន្ដ​បេស​កកម្ម​ដដែលៗ​។

លោក​បាន​ប្រាប់​ថា​៖ «​យើង​មិន​ហ៊ាន​ធានា​ថាយើង​ធ្វើ​បាន​ប៉ុន្មាន​ភាគ​រយ​នោះ​ទេតែ​​បើ​គិត​ពី​រយៈ​ពេលរយៈ​ចម្ងាយ​និង​ចំណុច​សំរាម​ យើង​អាច​សម្រេច​បាន​៦០​ភាគរយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​»។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​នា​ឱកាស​សន្និ​បាត​បូក​សរុប​លទ្ធផល​ការងារ​បរិស្ថាន​ឆ្នាំ​២០២២​និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣ ​កាល​ពី​ថ្ងៃទី​៣១​ខែតុលា ​រដ្ឋលេខាធិ​ការ​ក្រសួង​បរិស្ថាន​លោក ​នេត្រ ​ភក្ត្រា បា​ន​ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​២០២២​សំរាម​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ជាង៤​លាន​តោន​នៅ​ក្នុង ​១ឆ្នាំៗ​។

លោក​បាន​ឱ្យដឹង​ថា ​ក្នុង​១ថ្ងៃ​ សំរាម​មាន​ជាង​១​ម៉ឺន​តោន​ ហើយ​កម្រិត​នៃ​ការ​កើន​ឡើង​សំណល់​រឹង​សំរាម​នៅ​ប្រទេស​កម្ពុជា​ គឺមាន​ចន្លោះ​ពី១០​ទៅ​១៥​ ភាគ​រយ​នៅ​ក្នុង​១​ឆ្នាំ​។

លោក​ថ្លែង​ថា​៖ «ក្នុង​ចំណោម​សំរាម​ ១០០​ភាគ​រយ ​គឺ​មាន​តែ​សំរា​ម៦៤​ភាគរយ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​យក​ទៅ​ចាក់​នៅ​លើ​លាន ​ក្រៅពី​នោះសំរាម ​៣៦ភាគ​រយ​ទៀតគឺ​រាយ​ប៉ាយនៅ​តាម​ទី​តាំង​ផ្សេង ​ឬ​នៅ​ប្រភព​ទឹក​ ឬ​នៅ​តាម​ទីសា​ធារណៈ​ដែល​នេះ​ជា​កិច្ច​ការងារ​បន្ត​​»​។

មន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​បរិស្ថាន​រូបនេះ​​ បាន​សាទរ​ចំពោះ​សកម្មភាព​ និង​ការ​ប្ដេជ្ញាចិត្ដ​ចូលរួម​​សម្អាត​បរិស្ថាន​ទាំង​នៅ​តាម​ដង​ទន្លេ​ និង​ទីឋាន​ផ្សេងៗ​ក្នុងការ​ចូល​រួម​ចំណែក​លើក​ស្ទួយ​បរិ​ស្ថាន​បៃ​តង​។

លោក​នេត្រ ​ភក្ដ្រា ​​ ដែលជា​អ្នក​នាំ​ពាក្យ​​ក្រសួង​បរិស្ថាន​ផង​នោះ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ក្រ​សួង​បរិស្ថាន​ស្វា​គមន៍​និង​កោត​សរសើរ​ចំពោះ​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​និង​សមា​គម​និង​អង្គការ​ក្រៅរ​ដ្ឋាភិបាល​ក្នុងការ​សម្អាត​អនា​ម័យ​បរិស្ថាន»​​។

លោក​បាន​បន្ដ​ថា​៖ «​នេះ​គឺជា​ការចូល​រួមជា​មួយ​អាជ្ញា​ធរ​និង​ប្រជា​សហ​គមន៍​ក្នុងការ​សម្អាត​អនា​ម័យ​បរិស្ថាន​ជាពិសេស​សំណល់​​រឹង​សំរាម​ដើម្បី​ឱ្យ​ទីក្រុង​កាន់​តែមាន​សោភណ​ភាព​ស្អាត​បៃតង​និង​មាន​ភាព​ប្រកួត​ប្រជែង​និង​ជា​កន្លែង​សម្រាប់​ការ​រស់នៅ​​ប្រកប​ដោយ​គុណ​ភាព​ និង​សុវត្ថិ​ភាព​»។

ដោយ​មាន​ការ​គាំទ្រ​ស្មារតី​ពីរាជរដ្ឋាភិ​បាល​ លោក​សុវណ្ណ​ ក៏បាន​​សុំ​ឱ្យ​មាន​ការ​ចូលរួម​ពីសំ​ណាក់​ប្រជាពលរដ្ឋ​ក្រុម​ហ៊ុន​ឯកជនក្នុ​ង​ការ​ចូល​រួមឬ​​​ផ្ដល់​ជា​​ថវិកា​ចំពោះ​មូលនិធិ​សម្អាត​ទន្លេ​ដើម្បី​ទិញ​ទូក​សម្អាត​ទន្លេ​ជា​បន្ដ​ទៀត​ ដោយ​សារ​លទ្ធភាព​នៃការ​សម្អាត​​​របស់​ទូក​១​គ្រឿង​នៅ​មិន​ទាន់​គ្រប់​គ្រាន់​។អង្គការ​​កំពុង​ធ្វើ​បេសក​កម្ម​ក្នុង​រាជធានី​ភ្នំពេញ​និង​បន្ដ​ទៅ​ទូទាំង​ប្រទេស​នា​ឆ្នាំ​​ក្រោយ​។

​​អង្គការ​សម្អាត​ទន្លេ​សមុទ្រ​បាន​ស្នើ​សុំ​សាលា​រាជធា​នី​នូវ​មធ្យោបា​យ​ដឹកជញ្ជូន​សំរាម​ចេញ​ពី​ទន្លេ​ ដូចជា រ​ថយន្ដឬ​ម៉ូតូ​កង់​៣ជា​ដើម​ ដោយសារ​អង្គការ​កំពុង​​ខ្វះ​ខាត​មធ្យោ​បាយ​សម្រាប់​ដឹក​ជញ្ជូន​សំរាម​ចេញ​ពី​ទន្លេ​ឱ្យ​បាន​ឆាប់​។

នាយក​ប្រតិ​បត្ដិ​លោក​សុវណ្ណ​បាន​ឱ្យ​ដឹ​ងថា ​បច្ចុប្បន្ន​នេះអង្គ​ការ​ជួល​ម៉ូតូ​កង់​៣​សម្រាប់​ដឹក​សំរាម​ចេញ​ទៅ​កន្លែង​កែ​ច្នៃដែ​ល​ចំណាយ​ធន​ធាន​របស់​អង្គ​ការ​១៥០​ដុល្លារ​ក្នុង​១​ខែ។

ក្រៅ​ពី​ការ​ស្នើសុំ​មធ្យោ​បាយ​ដឹក​ជញ្ជូន​អង្គការ​ក៏បាន​ដាក់​លិខិត​ទៅ​កាន់​រដ្ឋាក​រទឹកដែ​ល​ធ្វើការ​បូម​ទឹក​ពី​ទន្លេ​ខណៈ​អង្គការ​មាន​ភារ​កិច្ច​សម្អាត​ទឹក​ ដោយ​ការ​ស្នើ​សុំ​វិភាគ​ទាន​ពី​រដ្ឋាករ​ទឹក​។

លោក​បាន​និយាយ​ថា​៖ «ជាក់​ស្ដែង​ប្រសិន​បើ​យើង​សម្អាត​ទឹក​កាន់តែ​ស្អាត​ខាង​រដ្ឋាករ​ទឹក​ក៏​អាច​បន្ថយ​សារធាតុ​សម្លាប់​មេរោគ​។ខ្ញុំ​កំពុង​មើល​លទ្ធភាព​ស្ថា​ប័ន​ពាក់​ព័ន្ធ​ណា​ដែល​ចូលរួម​ជា​ថវិកាភ័​ស្ដុភារ​ទៅ​តាម​លទ្ធភាព​»។

​ទម្លាប់​បោះ​ចោល​សំរាម​ទៅក្នុង​ទឹក​ពី​សំណាក់​​ពលរដ្ឋ​​គឺជា​បញ្ហា​ក្ដៅ​គគុក​សម្រាប់​ខាង​អង្គការ​បន្ដ​ដោះ​ស្រាយ​។ ​លោក​ សុវណ្ណ​ បាន​បន្ដ​សំណូម​ពរ​ទាំង​ប្រជា​ពលរដ្ឋ​ និង​អាជ្ញាធ​រ​មូល​ដ្ឋាន​ជួយ​ផ្សព្វ​ផ្សាយ​និង​មាន​វិធាន​ការ​។

​លោកបាន​បន្ថែម​ថា ​សំរាម​ភាគ​ច្រើន​នៅ​កុះ​កុញ​​ក្នុង​​ភូមិសាស្ដ្រ​ភូមិ​នេសាទដែល​ពួកគេ​​រស់នៅ​​លើ​ផ្ទៃ​​ទឹក​ទាំងការ​ចោល​សំរាម​និង​ការ​កក​ស្ទះ​សំរាម​ដែល​ហូរ​ពីលើ​ខ្សែ​ទឹក​មក​ថែម​ទៀត​។

លោកនិយាយ​ទាំង​មោទនភាព​ថា៖​ «​យើង​មើល​ឃើញ​ថាសំរាម​មាន​ការ​ថយ​ចុះ​ច្រើន​នៅ​តាម​ច្រាំងនិង​ទឹក​ទន្លេ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយសារ​បង​ប្អូន​ចូល​រួម​ផង​និង​ការ​សម្អាត​ជា​បន្ដ​បន្ទាប់​ផង»​។

ទន្ទឹម​នឹងការ​សម្អាត​សំរាម​នៅ​តាមដង​ទន្លេនេះ លោកសុវណ្ណ ក៏​បាន​សង្កេត​ឃើញទុយោ​បង្ហូរ​ទឹក​សម្អុយ​ចូលទន្លេ​ជា​ច្រើន​​។លោក​ថា ​រាជរដ្ឋាភិ​បាល​បាន​រៀបចំ​ប្រព័ន្ធ​លូ​ធំ​រួច​ហើយតែ​ក៏​នៅ​មាន​បំពង់​បង្ហូរ​ប៉ុ​​នតាម​ផ្ទះ​ច្រើនដែរ​​។ប៉ុន្ដែ​វា​ហួស​ដែន​សមត្ថកិច្ច​របស់​​អង្គការ​ដែល​មាន​ភារកិច្ច​ត្រឹម​សម្អាត​សំរាម​រឹង​។​​

ពេល​សំណង់​មិន​រៀបរយ​នៅ​បរិវេណ​មាត់​ទន្លេ​នៃ​ភូមិ​សាស្ដ្រ​សង្កាត់​ឫស្សីកែវ​ត្រូវបាន​រុះរើលោ​កសុវ​ណ្ណបាន​ឱ្យ​ដឹងថា​សំរាម​នៅ​ជួរ​តាម​មាត់​ទន្លេ​នោះ​មិន​តិច​ជាង​១០០​តោន​នោះទេ​ដែល​ទាមទារ​ឱ្យ​សម្អាត​ចេញ​។

លោក​បាន​អះអាង​ថា​៖ «ជាកា​រពិ​តណាស់! ការ​រុះ​រើ​សំណង់​មិន​រៀបរយ​នេះ​ពិត​ជា​បាន​ជួយ​កាត់​បន្ថយ​សំរាម​ពី​ច្រាំង​និង​ទឹក​ទន្លេ​​បាន​យ៉ាង​ច្រើនបំ​ផុត​ ដោយ​សារ​កន្លង​មក​ពួកគាត់​ចោល​សំរាម​ចូល​ទឹក​។គួរ​ឱ្យ​កត់​សម្គាល់​ថាលូ​បង្ហូរទឹក​សម្អុយ​ចូល​ទន្លេ​នៅ​ម្ដុំ​ព្រែក​ព្នៅ​នោះក៏​ផ្ទុក​ទៅ​ដោយ​សំរាម​ច្រើន​ដែរហើយ​បងប្អូន​រស់​នៅ​អនាធិប​តេយ្យ​បោះ​ចោល​សំរាម​ទៅក្នុង​ទន្លេ​ហើយ​ភូមិ​សាស្ដ្រ​នោះ​ពិបាក​ដល់ក្រុម​ការងា​រប្រមូល​សំរាម​យ៉ាង​ខ្លាំង​រួម​ទាំង​ក្លិន​អសោច​ផង»។

​អង្គការ​​​ផ្ដោត​នៅ​ភូមិ​សាស្ដ្រ​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​ជាមុន​សិន​និង​​បាន​ចុះ​អនុស្សរ​ណៈជាមួយ​​គណៈ​កម្មការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត ​មុន​ពេល​​បន្ដ​បេសក​កម្ម​ទៅ​សម្អាត​សមុទ្រ​នៅពេល​ដែល​អង្គការ​​មាន​ធន​ធាន​គ្រប់​គ្រាន់​។

លោក​បាន​ឱ្យ​ដឹង​ថា​ នៅពេ​ល​ឃើញ​ទី​កន្លែង​១ស្អាតប្រជាជន​នឹង​លែង​បោះ​ចោល​សំរាម​នៅ​ទីនោះ​ទៀត​ហើយ​ឬ​ក៏​បោះ​តិច​ជាង​មុន​ដែរ​ដោយ​សារ​កន្លង​មកមិន​មាន​អ្នក​សម្អាត​។ការ​អប់រំ​គឺ​មាន​នៅ​តាម​រយៈ​សកម្មភា​ព​ធ្វើ​ជាក់​ស្ដែង​នេះ​ឯង​។

លោក​ សុវណ្ណ​ បន្ដ​ថា​៖ «ដំណាក់​កាល​នេះយើ​ង​បាន​បង្ហាញ​ពី​សមត្ថ​ភាព​និង​ចំណេះដឹ​ងក៏ដូច​ជា​ធន​ធាន​មនុស្ស​ ដែល​យើង​អាច​សម្រេច​មហិច្ឆតា​សម្អាត​ទន្លេ​ឱ្យ​អស់​សំរាម​ក្នុង​រយៈ​ពេល៥​​ឆ្នាំ​។ប៉ុន្ដែ​អ្វី​ដែល​នៅ​ខ្វះ​នោះ​គឺ​សម្ភារ​ជា​ពិសេស​ទូក​បច្ចេក​វិទ្យា​​ទំនើប។​កិច្ចការ​សម្អាត​បរិស្ថាន​នេះមិន​មាន​អង្គការ​ធំៗ​ឬ​អង្គការ​សហ​ប្រជា​ជាតិ​ណា​អាច​មក​ជួយ​យើង​បាន​នោះ​ទេ​មាន​តែ​ខ្មែរ​គ្នា​យើង​ ដែល​រួម​ដៃ​ជួយ​គ្នា​»។

អ្នកស្រី Jacqueline និយាយ​ថា​ ការ​ចុះ​អនុស្សរ​ណៈ​យោគ​យល់​រវាង​ក្រសួងទេ​សចរណ៍និ​ង​អង្គការ​សម្អាត​ទន្លេ​សមុទ្របេសក​កម្ម​នឹង​ពង្រីក​នៅ​ទូទាំង​ប្រទេស​រហូត​ដល់​ឆ្នាំ​២០២៧​ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំពុល​ប្លា​ស្ទិក​ក្នុង​ទឹក​កម្ពុជា​។​

​​អ្នកស្រី​បន្ដ​ថា ​អ្នកស្រី​មាន​អារម្មណ៍​ស្រឡាញ់​ប្រទេស​នេះ​ជាពិសេស​ក្រុមកា​រងារ​​លើកទឹកចិត្ត​។ជាមួយនឹង​ថវិកា​កាន់​តែ​ច្រើន​ពួក​គេ​អាច​នាំយក​ទូក​កាន់​តែ​ច្រើន​រៀបចំ​គ្រឿង​បរិក្ខារ​បន្ថែម​និង​បង្កើត​ការងារ​កាន់​តែច្រើ​ន​។​

អ្នកស្រី​បន្ថែម​ថា​៖ «​​យើង​នឹង​ស្នាក់​នៅ​ដរាប​ណា​ត្រូវការ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​។កិច្ចការ​ដ៏​ធំ​បំផុត​របស់​យើង​នៅ​ពេល​នេះគឺ​ការ​ប្រមូល​មូល​និធិ​បន្ថែម​ទៀត​។យើង​បាន​បង្ហាញ​ថា​ឆ្នាំនេះ​តើ​យើង​អាច​សម្រេច​បាន​ប៉ុន្មាន​ជា​មួយ​នឹង​ទូក​១និង​ក្រុម​តូច​១ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​។​​យើង​អាច​គាំទ្រ​រដ្ឋាភិ​បាល​ជាមួយនឹ​ង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តាម​មាត់ទន្លេ ​ក៏​ដូចជា​​អប់រំ​សិស្សានុ​សិស្ស​និង​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​»​។​

​យោង​តាម​ប្រធាន​គម្រោង​នៃ​ក្រុម​ហ៊ុន​ចាប់​ផ្តើម​អាជី​វកម្ម​អាល្លឺ​ម៉ង់​ everwave បាន​ឱ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ឧបត្ថម្ភ​បេសក​កម្ម​ដូចជា ​MAERSK ក្រុមហ៊ុន​ព្រូ​ដិ​នស​លនិង CAMBREW ហើយ​សមា​ជិក​ក្រុម​ពិតជា​សប្បាយ​រីករាយ​ណាស់​ដែល​ក្រុម​ហ៊ុន​និង​ប្រជា​ពលរដ្ឋ​កាន់តែ​ច្រើន​ឡើងៗ​បាន​​ចូល​រួម​ចំណែក​ក្នុង​បេសក​កម្ម​សម្អាត​ទន្លេ​នេះ​។​

លោក​សុវណ្ណ បា​ន​បញ្ជាក់​ថា​ អង្គ​ការ​​នៅ​ត្រូវការ​ឧបករណ៍​លើ​កដាក់​សំរាម​នៅ​មជ្ឈ​មណ្ឌល​គ្មាន​សំណល់​ទូក​ប្រមូល​សំរាម​ប៉ុន្មាន​គ្រឿង​ទៀត​និង​បើក​មជ្ឈ​មណ្ឌល​​កែច្នៃ​សំរាម​យ៉ាង​ហោច​៥​កន្លែង​ទៀត​ដើម្បី​ទ្រទ្រង់​បេសក​កម្ម​នេះ​នៅទូ​ទាំង​ប្រទេស៕