កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា សមាគមជាតិ​កាកបាទក្រហម​ចិន ផ្តល់​វ៉ាក់សាំង​កូ​វីដ​១៩​ប្រភេទ ស៊ី​ណូ​ហ្វា​ម ចំនួន ៣០ ម៉ឺន​ដូ​ស ដល់​កាកបាទក្រហមកម្ពុជា ដែល​វ៉ាក់សាំង​នេះ​នឹងធ្វើ​ការប្រគល់​-​ទទួល នៅ​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០២២​នេះ​។​


​ប្រភព​ដដែល​បានឱ្យដឹងថា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលជា​ប្រធាន​កាកបាទក្រហមកម្ពុជា នឹង​អញ្ជើញ​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​នេះ នាអាកាស​យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ឯកអគ្គរដ្ឋទូត​វិ​សាម​ញ្ញា និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិ​ន​ធៀន​។​

​សូមបញ្ជាក់​ផងដែរ​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​សមាគមជាតិ​កាកបាទក្រហម​ចិន​បានផ្តល់​ជា​ជំនួយ​នូវ​វ៉ាក់សាំង​កូ​វីដ​១៩​ប្រភេទ​ស៊ី​ណូ​ហ្វា​ម នេះ​មកដល់​កាកបាទក្រហមកម្ពុជា ដែល​កាលពី​ខែសីហា ឆ្នាំ​២០២១ កន្លងមកនេះ សមាគមជាតិ​កាកបាទក្រហម​ចិន បានផ្តល់​ជំនួយ​នូវ​វ៉ាក់សាំង​ប្រភេទ​នេះ ចំនួន​១០​ម៉ឺន​ដូ​ស រួចមកហើយ​មកដល់​កាកបាទក្រហមកម្ពុជា​។​


​លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ធ្លាប់បាន​លើកឡើងថា វ៉ាក់សាំង​កូ​វីដ​១៩​គឺជា​ទំនិញ​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ទាំង​នៅក្នុង​ប្រ​ទេ​កម្ពុជា និង​នៅលើ​ពិភពលោក​។​

​លោកស្រី​មានប្រសាសន៍ថា ៖ «​ការផ្តល់​ជំនួយ​នេះ ជាការ​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាព​កាន់តែ​ស្អិតរ​មួ​ត និង​ឥត​ប្រួល​ប្រែជា​យូរអង្វែង​រវាង​ប្រទេស​ទាំង​២ ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​កាកបាទក្រហមកម្ពុជា និង​សមាគមជាតិ​កាកបាទក្រហម​ចិន​»​។​


​យោងតាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២២ អត្រា​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន នាក់ មាន​ចំនួន ៩៥,២១%​។

​ក្រសួង​បានបញ្ជាក់​ទៀតថា សម្រាប់​អត្រា​អ្នក​ចាក់​ដូ​ស​ទី​៣ បាន​ចំនួន ជាង​១០,៣ លាន​នាក់ អត្រា​អ្នក​ចាក់​ដូ​ស​ទី​៤ បាន​ចំនួន ជាង ៤,៧​លាន​នាក់ និង​អ្នក​ដែល​បានទទួល​ដូ​ស​ទី​៥ មាន​ចំនួន ជាង​១​លាន​នាក់​។​

​អ្នកនាំពាក្យ​នៃ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស លោកស្រី ឱ វណ្ណឌី​ន បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្តទៅ​ទទួល​ការចាក់ វ៉ាក់សាំង​កូ​វីដ​១៩​ឱ្យបាន​គ្រប់​ដូ​ស ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ ដើម្បី​ពង្រឹង​កងការពារ​ខ្លួន និង​ពង្រឹង​ភាពស៊ាំ​សហគមន៍ ដើម្បី​បន្ត​ចៀស​ផុតពី​គ្រោះមហន្តរាយ សុខភាព​សាធារណៈ និង​បន្ត​និរន្តរភាព​នៃ​ការរស់នៅ​ធម្មតា តាម​គន្លង​ប្រក្រតីភាព​ថ្មី​។​

​លោកស្រី​ក៏បាន​ធ្វើការ​ក្រើនរំឭក​ជាថ្មី​ម្តងទៀត ទៅដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​បន្ត និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងអំឡុងពេល​បុណ្យ​ណូអែល និង​ពេល​ឈប់សម្រាក​ក្នុងឱកាស​ចូលឆ្នាំ​សកល ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ​ផងដែរ​៕​