សៀមរាបៈ ​គណៈ​កម្មាធិការ​អន្តរ​ជាតិ សម្របសម្រួល​កិច្ច​គាំពារ​ និង​អភិវឌ្ឍ​រមណីយ​ដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ​(អាយស៊ីស៊ី-អង្គរ) ​និង​សំបូរ​ព្រៃគុក​នៅ​ព្រឹក​ថ្ងៃ​ទី១៦ ធ្នូ ឆ្នាំ២០២២ បាន​បើក​កិច្ច​ប្រជុំ​ពេញអង្គ​ លើក​ទី២៩ ដើម្បី​ធ្វើ​ការពិភាក្សា​ទៅ​លើ​ការ​បន្តអភិរក្ស និង​ការជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ ព្រមទាំង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស។


កិច្ច​ប្រជុំ​ពេញអង្គ​នៅ​ខេត្ត​សៀមរាប​នេះ បាន​ធ្វើ​ឡើង ​ក្រោម​អធិបតី​ភាពលោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ​និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​អាជ្ញា​ធរ​ជាតិ​អប្សរា ព្រម​ទាំង​សហ​ប្រធាន​នៃ​កិច្ច​ប្រជុំ ​លោក MIKAMI Masahiro ​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ និង​ លោក​ Jacques PELLET ​ឯក​អគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​ព្រះរាជា​ណាចក្រ​កម្ពុជា។

កិច្ច​ប្រជុំ​ពេញអង្គ​លើក​ទី២៩ ​នាពេលនេះ​នឹង​ពិនិត្យ ពិភាក្សា​ទៅ​លើ​របាយ​ការណ៍​សកម្មភាព​នានា​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ​និង​អាជ្ញា​ធរ​ជាតិ​សំបូរ​ព្រៃគុក​ ការអភិរក្ស​ជួសជុល​ ការស្រាវជ្រាវ បុរាណ​វិទ្យា​ ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ​និង​ការងារ​សង្គ្រោះ​បន្ទាន់​ទៅ​លើ​ប្រាសាទ និង​បុរាណ​ដ្ឋាន​នានា​ជាដើម​។


ក្នុងនោះ​ដែរ​ ក៏មាន​ការចុះ​ហត្ថលេខា​លើ​អនុស្ស​រណៈ យោគយល់​គ្នា​ចំនួន​២៖​ ទី១-អាជ្ញា​ធរ​ជាតិ​អប្សរា​ និង​សហ​ជីព​អង្គរ​ សង្កាត់​គ្រប់គ្រង​ទឹក​នៃ​ជ្រលង​ប៊ីយ៉ែវ្រ SIAVB (បារាំង) ​ទី២-អាជ្ញា​ធរ​ជាតិ​អប្សរា​ និង​ ស្ថាប័ន​ JASA​ ជប៉ុន​។

បន្ថែម​ពី​លើនេះ​ នៅ​រសៀល​ថ្ងៃ​ទី​១៦ ​ខែធ្នូ ​នេះ លោកស្រី​ ម៉ែន សំអន​ ឧប​នាយក​រដ្ឋ​មន្រ្តី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ ព្រឹទ្ធ​សភា ​និង​អធិការ​កិច្ច​ នឹង អញ្ជើញ​ចូលរួម​ជាអធិបតី​ក្នុង​​ការបំពាក់​គ្រឿង​ឥស្សរិយ​យស ជូន​ដល់​អ្នក​ជំនាញ​ជាតិ​និង​អន្តរ​ជាតិ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​កិច្ច​អភិរក្ស​ និង​អភិ​វឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​សម្រាប់​រមណីយ​ដ្ឋាន​អង្គរ​រយៈ​ពេល​ ៣០​ឆ្នាំ ​មក​នេះ៕