ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី ១៦ ខែធ្នូនេះបានប្រកាសថា ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ នេះ អាកាសធាតុអាចចុះត្រជាក់ខ្លាំង ជាពិសេសបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាននៃប្រទេសកម្ពុជា។
ស្ថានភាពអាកាសធាតុ ត្រូវបានសង្កេតឃើញថា ទ្រនុងសម្ពាធខ្ពស់ពីចិនបានធ្លាក់យ៉ាងគំហុកមកក្រោមជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី ១៨-២០ ខែធ្នូ ធាតុអាកាសអាចចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន។
ដោយឡែកក្នុងខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៥-១៦°C ហើយខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះក្នុងរង្វង់ពី ១៧-១៨°C ។
ចំពោះរាជធានី និងបណ្តាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ ២០°C។ នៅក្នុងអំឡុងពេលនោះដែរ សង្កេតឃើញសីតុណ្ហភាពអតិបរមានៅវេលាថ្ងៃមានពី ២៦-២៩១°C។ បន្ទាប់ពីថ្ងៃទី ២១ ខែធ្នូ សីតុណ្ហភាពអាចកើនឡើងពី ២-៣°C វិញ៕