សៀមរាបៈ ក្នុង​រយៈពេល ២ ថ្ងៃ​កន្លង​មកនេះ ចាប់ពី​ថ្ងៃទី ១៤ និង ១៥ ខែធ្នូ ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ឱឡារិក អធិកអធម ព្រម​ជាមួយ​កម្មវិធី​ជាច្រើន ទាំង​បែប​ប្រពៃណី​សាសនា កម្មវិធី​ពិព័រណ៍​បង្ហាញ​សមិទ្ធផល​ការងារ​សំខាន់ៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ការសម្តែង​សិល្បៈ​ជាច្រើន​ទម្រង់។


​ព្រឹត្តិការណ៍​នេះ មានការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ។​

​លោក ឡុង កុសល អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍​ឱ្យដឹង​ថា នៅ​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ ជា​ថ្ងៃ​ចុងក្រោយ​នៅក្នុង​ព្រឹត្តិការណ៍​រំឭក​គុណ​អង្គរ សកម្មភាព និង​កម្មវិធី​ជាច្រើន​នៅតែ​បន្ត ដើម្បីឱ្យ​សាធារណជន​បាន​ចូលរួម​ទស្សនា​កម្សាន្ត​ដោយ​សេរី ដោយ​ឥតគិតថ្លៃ។


​លោក​បន្តថា ចាប់ពី​ម៉ោង ៨ ព្រឹក រហូតដល់​ម៉ោង ៥ ល្ងាច មានការ​តាំងពិព័រណ៍​សមិទ្ធផល​ការងារ​សំខាន់ៗ របស់​អាជ្ញាធរ​ជាតិ​អប្សរា ការតាំង​បង្ហាញ​ពី​សកម្មភាព​នៅ​សារមន្ទីរ សកម្មភាព​ការងារ​តាម​ការដ្ឋាន​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ និង​សកម្មភាព​ផ្សេងៗ រួមមាន​ការតាំង​ពិព័រណ៍​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ និង​បរទេស។

​នៅតាម​ស្តង់​បង្ហាញ​នីមួយៗ​មាន​អ្នកជំនាញ​លើ​ផ្នែក​ផ្សេងៗ​របស់​អាជ្ញាធរ​ជាតិ​អប្សរា និង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​ល​។ ដោយ​កម្មវិធី​ទាំងនេះ រៀបចំ​នៅ​ទីតាំង បរិវេណ​មុខ​ប្រាសាទ​អង្គរវត្ត និង​ការដ្ឋាន​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ។​


​លោក​បន្តថា នៅពេល​ល្ងាច​ចាប់ពី​ម៉ោង ១៨៖០០ ដល់​ម៉ោង ២២៖០០ មានការ​សម្តែង​សិល្បៈ​ល្ខោនស្បែក​ធំ សម្តែង​ដោយ​ក្រុម​សិល្បៈ​វត្ត​រាជបូរណ៍ និង​ព្រឹត្តិការណ៍​ល្បែង​សៀក​ជាដើម​នៅ​ទីតាំង​បរិវេណ​ខាងត្បូង នៃ​ទីលាន​បដិសណ្ឋារកិច្ច (​អតីត​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ)៕