ភ្នំពេញៈ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ធ្នូ បានប្រកាសចូលរួមអបអរដល់បេក្ខជនចំនួន ២៥៩ នាក់ដែលទទួលបានលទ្ធផលល្អ(សម្ភាសការងារជាប់បឋម)ក្នុងវេទិកាការងាររបស់ NEA កាលពីថ្ងៃទី១៥ធ្នូ។
សម្រាប់រយៈពេញ១ថ្ងៃកាលពីថ្ងៃទី១៥ធ្នូ មានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើយ៉ាងច្រើនកុះករសរុបចំនួន ៣៥១ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនចំនួន១៦។
ជាលទ្ធផល មានអ្នកសម្ភាសការងារជាប់សរុបចំនួន ២៥៩នាក់ ដោយក្នុងនោះ អ្នកជាប់ជាស្ថាពរមានចំនួន ១៤នាក់ និង ២៤៥ នាក់ផ្សេងទៀតជាប់បឋម ហើយនឹងត្រូវសម្ភាសបន្តទៀត ជាមួយក្រុមហ៊ុននៅពេលក្រោយ។
បើយោងតាមក្រសួងការងារ វេទិកាការងារនេះ គឺជាយន្តការបន្ថែមរបស់ NEA ក្នុងការជួយឱ្យអស់លទ្ធភាពដល់អ្នកស្វែងរកការងារដែលបានចូលរួម និងដាក់ពាក្យក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ការងារ ថ្នាក់ជាតិនៅកោះពេជ្រកាលពីចុងខែតុលាកន្លងទៅ។
ក្រសួងការងារបានប្រកាសថា សម្រាប់យុវជន សិស្ស/និស្សិត ដទៃទៀតដែលចង់ស្វែងរកការងារទាំងពេញម៉ោង និងក្រៅម៉ោង សូមមកដាក់ពាក្យស្វែងរកការងារជាមួយ NEA ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និងវគ្គបណ្តុះបណ្តាលផ្សេងៗដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀតដោយ NEA រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសន៍ការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណសម្បត្តិចូលទីផ្សារការងារ និងជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស។
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត ក្រសួងការងារ បានប្រាប់ឱ្យទាក់ទងទៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ www.facebook.com/neakhmer (អិនអ៊ីអេ ខ្មែរ)៕