ភ្នំពេញៈ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ធ្វើជា​អធិបតី បើក​សន្និសីទ​អធិការកិច្ច​ការងារ​អា​ស៊ាន​លើក​ទី​១១ ក្រោម​មូលបទ​«​ការធ្វើ​ទំនើបកម្ម​អធិការកិច្ច​ការងារ តាមរយៈ​បដិវត្ត​កម្ម​បច្ចេកវិទ្យា នៅក្រោយ​ជំងឺ​រាតត្បាត​ជាស​កល​» កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ ដោយមាន​ការចូលរួម​ពី​មន្ត្រី​បង្គោល​អធិការ​កិច្ចការ​ងារ​អាស៊ាន មន្ត្រី​បង្គោល​សុវត្ថិភាព និង​សុខភាព​ការងារ​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន និង​ដៃគូ​អាស៊ាន តាមរយៈ​ប្រព័ន្ធ​វីដេអូ​។


​បើតាម​ក្រសួង​ការងារ មូលបទ​នៃ​សន្និសីទ​នេះ ក៏​ជា​ចំណែក​មួយ​ក្នុងការ​ចូលរួម​សម្រេច​ឱ្យ បាន​នូវ​គោលដៅ​រួម​ក្នុង​ក្របខ័ណ្ឌ​របស់​អាស៊ាន ដែល​ថ្នាក់ដឹកនាំ​កំពូល​បានអនុម័ត ក៏ដូចជា​ការបន្ត​សម្រេច​ឱ្យបាន​នូវ​កម្មវិធី​ការងារ​នៃ​រដ្ឋមន្ត្រី​ការងារ​អាស៊ាន សំដៅ​ធ្វើឱ្យ​ការអនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ នឹង​វិស័យ​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ តាមរយៈ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ជួយ​គាំទ្រ​ក្នុងការ​ពង្រឹង​ប្រសិទ្ធភាព​អធិការកិច្ច​ការងារ សេវា​អធិការកិច្ច​ការងារ​កា​ន់​តែ​ឆាប់រហ័ស ផ្តល់​ភាពងាយស្រួល​ក្នុងការ​វាយតម្លៃ​លក្ខខណ្ឌ​ការងារ និង​លក្ខខណ្ឌ​សុវត្ថិភាព និង​សុខភាព​ការងារ​។​

​បន្ថែម​ពីនេះ ក៏​ដើម្បី​សម្រួល​ដល់​ការចុះ​ធ្វើ​អធិការកិច្ច​ការងារ​នៅ​ទីកន្លែង​ដែលមាន​ហានិភ័យ ឬ​ទីកន្លែង​ដែល​អធិការ​ការងារ មិនអាច​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​ដោយផ្ទាល់​បាន ដោយសារ​កត្តា​គ្រោះធម្មជាតិ ឬ​ជំងឺឆ្លង​ផ្សេងៗ​។


​ជាងនេះទៅទៀត ប្រព័ន្ធ​អធិការកិច្ច​ការងារ​បែប​ទំនើប​ក៏​នឹង​ជួយ លើកកម្ពស់​កិច្ចសន្ទនា​សង្គម​ឱ្យ​កាន់តែ​ប្រសើរឡើង និង​ធានា​អនុលោមភាព​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ ស្តីពី​ការងារ​ផងដែរ​។

​លោក​អ៊ិត សំហេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រី​បង្គោល​អធិការ​កិច្ចការ​ងារ​អាស៊ាន និង​មន្ត្រី​បង្គោល​សុវត្ថិភាព និង​សុខភាព​ការងារ​អាស៊ាន ដែល​បានសម្រេច​គាំទ្រ​កម្ពុជា ក្នុងការ​ជ្រើស​រើសយក​មូលបទ​ដ៏​មាន​សារ​:​សំខាន់​នេះ ដោយមាន​អនុ​មូលបទ ចំនួន ២ មក​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការពិភាក្សា​នៅក្នុង​សន្និសីទ​លើក​ទី​១១​។​


​អនុ​មូលបទ​ទាំង​២​នោះ គឺ ទី​១-​អធិការកិច្ច និង​បច្ចេកវិទ្យា​ដែល​ជំរុញឱ្យមាន​ការផ្លាស់ប្តូ​រ​សម្រាប់​ការងារ​សមរម្យ និង​ទី​២-​អធិការកិច្ច​ការងារ នៅក្នុង​ពិភពលោក​ក្រោយ​ជំងឺ​រាតត្បាត​។ មូលបទ​នេះ ពិត​ជាមាន​លក្ខណ​:​សមស្រប​បំផុត ឆ្លើយតប​ទៅ​ស្ថានភាព នៃ​ការវិវត្តន៍​សេដ្ឋកិច្ច​-​សង្គម ដែល​បាន​រង​ផលប៉ះពាល​ពី​ជំងឺ​កូ​វីដ​១៩ ក្នុង​តំបន់​អាស៊ាន និង​ជាស​កល​លើ​ការអភិវឌ្ឍ​គ្រប់​វិស័យ រួមមាន​ទាំង​វិស័យ​ការងារ ជាពិសេស ស្ថានភាព​សុវត្ថិភាព និង​សុខភាព​ការងារ ព្រមទាំង​លក្ខខណ្ឌ​ការងារ​ផងដែរ​។

​បើតាម​ក្រសួង​ការងារ​សន្និសីទ​អធិការកិច្ច​ការងារ​អា​ស៊ាន​លើក​ទី​១១ នេះ​មាន​គោលបំណង​មិន​ត្រឹមតែ​ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពិភាក្សា​លើ​នវានុវត្តន៍ បញ្ហា​ប្រឈម និង​យុទ្ធសាស្ត្រ​ឆ្ពោះទៅរក​ការប្រើប្រាស់​ប្រព័ន្ធ​អាយ​ស៊ី​ធី (ICT) ក្នុង​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ផងដែរ​។ ដើម្បីឱ្យ​អង្គ​សន្និសីទ​ទទួលបាន​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ដូចខាងក្រោម​៖

​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ចំនួន​៣​ចំណុច ក្នុងនោះ​រួមមាន​៖

​ទី​១-​គណៈកម្មការ​អធិការកិច្ច​ការងារ​អា​ស៊ាន និង​ស្ថាប័ន​អាស៊ាន គួរពិនិត្យមើល​លទ្ធភាព​បន្ថែម​ក្នុងការ​បង្កើត យន្តការ​តាមដាន និង​វាយតម្លៃ​ការអនុវត្ត​សេចក្តីសន្និដ្ឋាន និង​អនុសាសន៍​ដែល​បាន​ដាក់ចេញ​ដោយ អង្គ​សន្និសីទ​កន្លងមក ព្រមទាំង​លើកទឹកចិត្ត​ដល់​រដ្ឋ​ជា​សមាជិក​ក្នុង​ការស្នើ​គម្រោង​/​សកម្មភាព​នានា ស្របតាម​អ្វីដែល​បានដាក់​ក្នុង​អនុសាសន៍​នេះ និង​កៀរគរ​ការចូលរួមរ​បស់​អង្គការ​ដៃគូ​ខាងក្រៅ​អាស៊ាន​ផងដែរ​។​

​ទី​២- អាស៊ាន​គួរ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ​សមាជិក​អាស៊ាន និង​ជាមួយ​ដៃគូ​សន្ទនា​/​អភិវឌ្ឍន៍ របស់​អាស៊ាន ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ភាពជោគជ័យ​របស់ខ្លួន​ក្នុង​វិស័យ​អធិការកិច្ច​ការងារ ជាពិសេស​ជាមួយ​ប្រទេស​ប្រើប្រាស់​បច្ចេកទេស​កម្រិត​ខ្ពស់ សម្រាប់​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​អធិការកិច្ច​ការងារ ថ្នាក់ជាតិ​របស់ខ្លួន ក្នុង​ទម្រង់​ដូចជា​៖ ដំណើរ​ទស្សនកិច្ច​សិក្សា សិក្ខាសាលា​/​វេទិកា​ចែករំលែក ជាដើម​។

​ចំណែក​ទី​៣- គណៈកម្មការ​អធិការកិច្ច​ការងារ​អា​ស៊ាន គួរ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន ការបណ្តុះបណ្តាល និង​ការបញ្ជ្រាប​ការយល់ដឹង​ពី​បច្ចេកវិទ្យា វិស័យ​អធិការកិច្ច​ការងារ និង​ការផ្តល់​សេវាសាធារណៈ​ដ​ល់​កម្មករនិយោជិត​នៅ​បណ្តា​ប្រទេស​អាស៊ាន​៕

​​