ភ្នំពេញៈ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៦​ធ្នូ​នេះ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្ដរក្រសួង ដើម្បី​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ដែល​គណៈកម្មការ​នេះ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ អមដោយ​អនុប្រធាន​៦​រូប និង​សមាជិក​១៤​រូប​។​


​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោ​កស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​និង​មានការ​អញ្ជើញ​ចូលរួម​ផ្ទាល់ និង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​សន្និសីទ ពី​សំណាក់ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​កអគ្គ​ស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មការ​អន្ដរក្រសួង ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស បាន​អាន​នូវ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការបង្កើត​គណៈកម្មការ​អន្ដរក្រសួង​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស ដែល​ដឹកនាំ​ដោយ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អមដោយ​អនុប្រធាន​៦​រូប និង​សមាជិក​១៤​រូប​។


​លោក​សក់ សេដ្ឋា​ថ្លែងថា គណៈកម្មការ​អន្តរក្រសួង​នេះ បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​ដឹកនាំ​ពង្រឹង ការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន និង​ដើម្បី​ជំរុញ​ការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស និង​ផ្សព្វផ្សាយ​គោលការណ៍ វិធានការ​ពាក់ព័ន្ធ​នៅតាម​សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និង​ក្លិប​កម្សាន្ត​នានា​។​

​លោក​បន្ថែមថា គណៈកម្មការ​អន្តរក្រសួង​នេះ ក៏មាន​គោលដៅ​គាំទ្រ​ដល់​ផែនការ​ប្រតិបត្តិការ បង្កើន​ការងារ​ប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។


​លោក​រដ្ឋលេខាធិការ​ប្រចាំការ បានបញ្ជាក់​ទៀតថា ប្រធាន អនុប្រធាន និង​សមាជិក នៃ​គណៈកម្មការ​នេះ មាន​សិទ្ធិ​ចាត់ចែង​ប្រើប្រាស់​មន្ដ្រីក្រោមឱវាទ​ឱ្យចូល​រួម​បំពេញការងារ​តាម​ការចាំបាច់​។​

​នាឱកាស​នោះដែរ លោក អ៊ិត សំហេង ដែលជា​ប្រធាន​គណៈកម្មការ​អន្ដរក្រសួង​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស បាន​ថ្លែង​ប្ដេជ្ញាចិត្ត​បំពេញការងារ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម បរទេស​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​បន្ថែម​ពីនេះ​លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រសួងមហាផ្ទៃ បាន​សម្ដែង​ការកោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អាជ្ញាធរ កម្លាំង​មាន​សមត្ថកិច្ច​នានា និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស​នាពេល​កន្លងមក សំដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់​ការងារ នៅ​កម្ពុជា​។​

​លោក​ឧបនាយករដ្ឋមន្ដ្រី បាន​ណែនាំ​អំពី​របៀបរបប​ធ្វើ​ការងារ ក្នុងពេល​បំពេញបេសកកម្ម​ការងា​រ​នេះ ក្នុងនោះ​លោក​ក៏បាន​ណែនាំ​ដល់​គណៈកម្មការ​អន្ដរក្រសួង ត្រូវ​ជំរុញ និង​ត្រួតពិនិត្យ​ការងារ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​បរទេស គណៈបញ្ជាការ​ដឹកនាំ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​ក្រុមការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ ត្រូវធ្វើ​យ៉ាងណា​បំពេញការងារ​ឱ្យមាន​ប្រសិទ្ធភាព​៕