ភ្នំពេញៈ​ ក្រសួង​ទេស​ចរណ៍​បាន​បើ​ក​កិច្ចពិ​ភាក្សា​ពិគ្រោះ​យោបល់​តាមរយៈ​សិក្ខា​សាលា​មួយ​ក្រោម​ប្រធាន​បទ«ការ​លើក​កម្ពស់​គុណ​ភាព​ការផ្តល់​សេវា​កម្ម​ទេសច​រណ៍​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន»ដែល​ដឹក


នាំ​ដោយ​តំណាង​ក្រសួង​ទេស​ចរណ៍​កម្ពុជា​ និង​កុង​ស៊ុល​ចិន​ប្រចាំ​ខេត្ត​សៀម​រាប​នៅ​ព្រឹក​ថ្ងៃទី​១៩ ​ធ្នូ ​ឆ្នាំ​២០២២​។​

​សិក្ខា​សាលា​​នេះ ​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រតិ​បត្តិ​ករ​ទេស​ចរណ៍ ​អ្នក​ជំនាញ​ទេស​ចរ​ណ៍ សិស្ស ​និស្សិត​ប្រមាណ២០០​នាក់​។​


​ក្រសួង​ទេស​ចរណ៍​បញ្ជា​ក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា សិក្ខា​សាលា​នេះ​ធ្វើ​ឡើង ក្រោម​មូលនិធិ​ពិសេស​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មេគង្គ​-​ឡាង​ឆាង​។​

​ប្រភព​ដដែល​បន្តថា«​សិក្ខា​សាលា​រៀបចំ​ឡើង​ស្រប​ពេល​វេលា​នឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ក្រសួង​ទេសចរណ៍​នៅ​ក្នុង​ការ​ជំរុញ​អភិវឌ្ឍ​សមត្ថ​ភាព​អ្នក​ជំនាញ​ទេសច​រណ៍ និង​ប្រតិបត្តិ​ករ​ទេស​ចរណ៍​ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​ភ្ញៀវ​ទេស​ចរ​ជា​ពិសេស​ភ្ញៀវ​ទេស​ចរ​ចិន​មក​កាន់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​»​។​


​ក្រសួង​ទេស​ចរណ៍​បន្ថែ​ម​ថា ​ក្រោម​នយោបា​យ​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា​បាន​ឈាន​ដល់​ការបើក​សកម្ម​ភាព​សេដ្ឋ​កិច្ច សង្គម ​និង​ទេស​ចរណ៍​នៅ​ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី​ឡើង​វិញ ​ហើយ​ការបើក​ដំណើរ​ការ​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​កម្សាន្ត​ទេស​ចរណ៍​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​។

​ក្រសួង​ទេសច​រណ៍​បាន​បញ្ជាក់​ថា«​តាមរយៈ​សិក្ខា​សាលានេះ​នឹងមិន​ត្រឹមតែ​ចូលរួម​ដល់​ការ​បណ្តុះប​ណ្តាល​ ​ទេពកោ​សល្យ​ជំនាញ​ដល់​ប្រតិបត្តិ​ករ​ទេសច​រណ៍និង​អ្នក​បម្រើ​ការ​ក្នុង​វិស័យ​ទេស​ចរ​ណ៍ឱ្យ​កាន់​តែ​មាន​សមត្ថ​ភាព​នៅ​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ជូន​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះទេ ថែម​ទាំង​ជា​ផ្នែក​មួយ​ដ៏សំខាន់​នៃ​ការ​ចូលរួម​ និង​ភាព​ជា​ដៃគូ​ជំរុញ​ការ​បណ្តុះ​បណ្តាល និង​អភិ​វឌ្ឍ​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ទេស​ចរណ៍​»​។

​ទោះជា​យ៉ាង​ណា ​គោ​លន​យោ​យ​បាយ​កូ​វីដ​សូន្យ​របស់​ចិន​បាន​ប៉ះ​ពាល់​មួយផ្នែក​ធំ​ដល់​កំណើន​ទេសចរណ៍​នៅ​ប្រទេស​ក្នុង​តំបន់​រួម​ទាំង​កម្ពុជា​ផង​។​

កាល​ពី​ខែ​កក្កដា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន​ បាន​ថ្លែង​ថា ​ប្រសិនបើ​ប្រទេស​ចិន​ដក​វិធាន​ការ​បម្រាម​កូ​វីដ​១៩​ឡើង​វិញ ភ្ញៀវ​ចិន​កាន់​តែច្រើ​ន​នឹង​មក​កម្សាន្ត​នៅ​កម្ពុជា ក្រោម​ហេតុ​ផល​ទំនាក់​ទំនង​ល្អ​ និង​ជើង​ហោះហើ​រ​ត្រង់​រវាង​ប្រទេស​ទាំង​២​។ជាមួយគ្នា​នោះ​លោក​ហ៊ុន​ សែន​ បាន​បញ្ជា​ឱ្យ​ភាគី​ពាក់​ព័ន្ធ​តាម​ដាន ​និង​វាយ​តម្លៃ​ជាប្រចាំ​ដើម្បី​រៀបចំ​ផែន​ការ​ទាក់​ទាញ​ភ្ញៀ​វទេសចរ​ពី​ចិន​នៅពេល​ចិន​ផ្ដើម​បន្ធូរ​បន្ថយ​បម្រាម​កូ​វីដ​១៩​នាពេល​អនា​គត​។​

​ប្រធាន​នាយក​ដ្ឋាន​បណ្ដុះ​បណ្ដា​លជំនាញ​វិជ្ជាជីវៈ​ទេស​ចរណ៍នៃ​ក្រសួង​ទេស​ចរណ៍​លោក ​មាន វ៉ាន់​ដេ​ត បាន​ថ្លែងថា​៖«​ការ​ពង្រឹង​គុណ​ភាព​សេវា​កម្ម​ទេស​ចរណ៍ ​ចាំបាច់​ទាម​ទារ​ឱ្យមាន​ការគិត​គូរ​ដល់​ការបណ្តុះ​បណ្តាល​និង​អភិវឌ្ឍ​សមត្ថ​ភាព​អ្នកជំ​នាញ​ដើម្បី​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​និង​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការផ្តល់​សេវា​កម្ម​ដល់​ទេសចរ​កាន់​តែ​ប្រសើរ​ និង​ប្រកប​ដោយ​ភាព​ពេញ​ចិត្ត​ដល់​ភ្ញៀវ​ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​»​។​

​លោក​បាន​បន្ថែម​ថា​ ក្រសួង​ទេសច​រណ៍​បាន​មើល​ឃើញ​ច្បាស់​ពី​សារៈ​សំខាន់​ក្នុង​កា​រប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា និង​ព័ត៌​មាន ​ជួយ​ដល់​ការ​រៀបចំ​បណ្តុះ​បណ្តាល និង​វាយ​តម្លៃ​សមត្ថ​ភាព​អ្នក​ជំនាញ​ផ្នែក​ទេសចរ​ណ៍​។​

​របាយ​ការណ៍​ពី​ក្រសួង​ទេសចរណ៍​បង្ហាញ​ថា គិត​ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០២០​ រហូត​មកដល់ ខែ ធ្នូ ឆ្នាំ​២០២២ ក្រសួង​បាន​បណ្ដុះ​បណ្ដាល​សិក្ខា​កាម​តាម​អន​ឡាញ​សរុប​ប្រមាណ​៦៩​ ៥៩៥​នាក់​។ ​ក្រសួង​ទេស​ចរណ៍​បញ្ជា​ក់ថា កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ប្រមាណ​ជាង​១​លាន​៥​សែន​នាក់​នៅ​ឆ្នាំ​២០២២​នេះ​ ដោយ​ភ្ញៀវ​ចិន​ក៏​ជា​ភ្ញៀវ​ដ៏​មាន​សក្ដានុ​ពល​មួយ​ដែរ​ ដែល​ពួកគេ​​បាន​មក​កម្សាន្ត​ផង​ និង​រកស៊ី​ផង​៕