ភ្នំពេញៈ ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់ ចន្លោះ​ពី​ខែធ្នូ ដល់​ខែមករា នៃ​ឆ្នាំ​នីមួយៗ ជំងឺ​ផ្លូវដង្ហើម ដែល​មិនត្រូវ​នឹង​អាកាសធាតុ​ត្រជាក់ ឬ​ជា​ប្រភេទ​អាល្លែកហ្ស៊ី និង​ជំងឺ​ផ្លូវដង្ហើម បណ្តាលមកពី​វីរុស នឹង​កើតមាន​ជា​ញឹកញាប់​ដែល​ខណៈ​នេះ​ក្រ​សួង​សុខាភិបាល​នៅតែ​បន្ត​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ពី​ជំងឺ​កូ​វីដ​ ១៩ ដដែល​។


​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល នៅ​ថ្ងៃទី​ ១៩ ខែធ្នូ ស្តីពី​ការការពារ​ការចម្លង​វីរុស​កូ​វីដ ​១៩ និង​ការប្រុងប្រយ័ត្ន​ការពារ​សុខភាព​ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់ បញ្ជាក់ថា ស្ថានភាព​ជំងឺ​កូ​វីដ​ ១៩ នៅលើ​សកលលោក មានការ​ងើបឡើង​វិញ​នូវ​ការចម្លង​វីរុស​កូ​វីដ​ ១៩​ នេះ ហើយ​កម្ពុជា​ក៏​ជា​ប្រទេសមួយ​ដែល​ស្ថិតក្នុង​តំបន់ និង​នៅលើ​សកលលោក​ដែរ​។​

​ក្រសួង​លើកឡើងថា​៖ «​នេះ​បញ្ជាក់ថា វីរុស​កូ​វីដ​ ១៩ មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នៅឡើយ​ទេ ជាពិសេស​ពពួក​អូ​មី​ក្រុង នៅតែ​បន្ត​ការ​បំប្លែង​ខ្លួន​របស់​វា​ជា​បន្តបន្ទាប់ បណ្តាលឱ្យ​លទ្ធភាព​នៃ​ការចម្លង គឺ​កើតមាន​គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់កន្លែង​ទាំង​​អស់​។ ដូច្នេះ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា កុំឱ្យ​មានការ​ស្ទុះ​ងើបឡើង​វិញ​និង​ការឆ្លង​រាលដាល​នៃ​វីរុស​កូ​វីដ​ ១៩ ចូលទៅក្នុង​សហគមន៍​របស់​យើង​»​។​


​ទន្ទឹមនឹងនេះ លោក ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​​បញ្ជាក់ដែរថា កម្ពុជា​បាន​ឈានចូល​ជា​បណ្តើរៗ ដល់ពេល​វេលា​ដែល​អាកាសធាតុ​ត្រជាក់​នៃ​រដូវរងា​បាន​និង​កំពុង​មកដល់​។ លោក​ក៏បាន​​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវការពារ​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​ឱ្យបាន​ល្អ និង​ចៀស​ផុតពី​ជំងឺ​តម្កាត់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ ដែល​បណ្តាលមកពី​អាកាសធាតុ​ចុះ​ត្រជាក់​នេះ​។​

​លោក ​ម៉ម ប៊ុនហេង បន្តថា ក្នុងចំណោម​ជំងឺ​តាម​រដូវ​កាល ដែល​ជួបប្រទះ​ញឹកញាប់​ក្នុងអំឡុងពេល​អាកាសធាតុ​ចុះ​ត្រជាក់ នៅ​ចន្លោះ​ពី​ខែធ្នូ ដល់​ខែមករា នៃ​ឆ្នាំ​នីមួយៗ គឺ​ភាគច្រើន​មាន ដូចជា ជំងឺ​ផ្លូវដង្ហើម ដែល​មិនត្រូវ​នឹង​អាកាសធាតុ​ត្រជាក់ ឬ​ជា​ប្រភេទ​អាល្លែកហ្ស៊ី និង​ជំងឺ​ផ្លូវ​ដង្ហើម​បណ្តាលមកពី​វីរុស និង​មេរោគ​ស្ត្រិ​ប​តូ​កូក ដែល​បង្កឱ្យមាន​រោគសញ្ញា ដូចជា គ្រុនផ្ដាសាយ ហូរ​សំបោរ រលាក​បំពង់ក ក្អក និង​រលាក​ក្រពះ​ពោះវៀន ដោយ​ពពួក​វីរុស​ជាដើម​។​


​ដើម្បី​ការពារ​សុខភាព​ក្នុងពេល​អាកាសធាតុ​ត្រជាក់​នេះ ពលរដ្ឋ​ត្រូវ​ស្លៀក​ពាក់អាវ​ក្រាស់ៗ រុំ​ក​នឹង​កន្សែង ពាក់មួក និង​ស្រោមដៃ​រងា ដើម្បី​ការពារ​កុំឱ្យ​ធាតុ​ត្រជាក់​ប៉ះ​ខ្លួនប្រាណ​ដោយ​ចំហ ធ្វើយ៉ាងណា​ឱ្យមាន​ការ​​រក្សា​កម្តៅ​ក្នុង​ខ្លួន​ជាធម្មតា​។​

​លោក​ថ្លែងថា​៖ «​ចូរ​ស្វែងរក​ការ​ព្យា​បាល​វេជ្ជសាស្ត្រ​នៅ​គ្រឹះស្ថាន​សុខាភិបាល ប្រសិនបើ​លោកអ្នក​មាន​រោគសញ្ញា ពិបាក​ដកដង្ហើម គ្រុនក្តៅ ក្អក ឈឺ​ក និង​ឈឺ​សាច់ដុំ ឬ​សង្ស័យថា ជា​ជំងឺ​កូ​វីដ​ ១៩ ឬ​មាន​បញ្ហា​សុខភាព​ផ្សេងទៀត ហើយ​ត្រូវ​ចាំ​ថា សូម​ធ្វើដំណើរ តែ​នៅពេលដែល​លោកអ្នក​មាន​សុខ​ភាពល្អ​»​។​

​ទារក កុមារ និង​មនុ​ស្សមាន​វ័យ​​ចំណាស់ មាន​ហានិភ័យ​ខ្ពស់ ទាក់ទង​នឹង​ជំងឺ បណ្តាលមកពី​អាកាសធាតុ​ត្រជាក់ ដោយសារ​ទារក​បាត់បង់​កម្តៅ​រាងកាយ​រហ័ស​ជាង​មនុស្ស​ធំ​។ ឯ​មនុស្ស​ចាស់ សរីរាង្គ​ពិបាក​ទប់ទល់​នឹង​អាកាសធាតុ​ត្រជាក់​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ម៉ម ប៊ុនហេង​។​

​ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល ក៏បាន​អំពាវនាវ និង​បន្ត​លើកទឹកចិត្ត​ដល់​បុគ្គល​ម្នាក់ៗ ឱ្យ​អនុវត្ត​ធ្វើតេស្ត​​រហ័ស​ដោយ​ខ្លួនឯង ក្នុងករណី​មាន​រោគសញ្ញា​ណាមួយ​ដែល​សង្ស័យ ដើម្បី​ចៀសវាង​ការចម្លង​ទៅកាន់​បុគ្គល​ដទៃ​ទៀត ដែល​អាច​បង្កឱ្យមាន​កា​រ​ចម្លង​ទ្រង់ទ្រាយ​ធំ នៅក្នុង​សហគមន៍​។

​ក្រសួង​បញ្ជាក់ថា​៖ «​ប្រសិនបើ​មាន​លទ្ធផល​វិជ្ជមាន ត្រូវ​នៅ​ដាច់​ពី​ក្រុមគ្រួសារ ថែទាំ និង​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ ក្នុងករណី​ស្រាល​។ តែបើ​មាន​រោគ​សញ្ញា​វិ​វ​ឌ្ឍ​ទៅ​ធ្ងន់ធ្ងរ ត្រូវ​ទៅ​ស្វែងរក​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​ឱ្យបាន​ឆាប់​។ ប្រសិនបើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ការឆ្លង​ជំងឺ​ដទៃទៀត សូម​ប្រញាប់​ទៅ​ស្វែងរក​ការពិនិត្យ ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​»​។​

​ទាក់ទង​នឹង​អាកាសធាតុ​ត្រជាក់​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​កូនៗ​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​លើ​សុខភាព និង​ការកើត​មាននូវ​ជំងឺ​ផ្សេងៗ របស់​ឪពុកម្តាយ អាណាព្យាបាល ជីដូន​ជីតា និង​មនុស្ស​ចាស់ ក្នុងពេលដែល​អាកាសធាតុ​ត្រជាក់​។​

​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​ ១៣ ខែធ្នូ ក៏បាន​ជូនដំណឹង​ដែរ​ថា ចាប់ពី​ថ្ងៃទី ​១៤ ដល់ ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២២ សីតុណ្ហភាព នឹង​ចុះ​ត្រជាក់​ដល់​ ១៦​ អង្សា​សេ នៅ​ខេត្ត​មួយចំនួន ក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅ​ភូមិភាគ​ឦសាន ដោយ​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ (​ចិន​) និង​ខ្យល់មូសុង​​ឦសាន ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ខ្លាំង​។​

​ស្ថានភាព​បែបនេះ នឹងធ្វើ​ឱ្យ​តំបន់​ទំនាប​កណ្តាល រួមមាន ខេត្ត​បន្ទាយ​មានជ័យ ប៉ៃលិន សៀមរាប និង​ខេត្តបាត់ដំបង សីតុណ្ហភាព នឹង​អាច​ចុះ​ត្រជាក់ ក្នុង​រង្វង់ ពី ១៦-១៩ ​អង្សា​សេ​។ រីឯ​នៅ​បណ្តា​ខេត្ត​មួយចំនួន​នៅ​តំបន់​​ខ្ពង់រាប មាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​សីតុណ្ហភាព​អប្បបរមា នឹង​អាច​ចុះ​ត្រជាក់​ក្នុង​រង្វង់ ពី ១៦-១៨ ​អង្សា​សេ​។ ចំណែក​នៅលើ​ផ្ទៃសមុទ្រ អាចមាន​រលក​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ដល់​សាធារណជន ជាពិសេស​ប្រជាពលរដ្ឋ និង​វីរ​កងទ័ព ដែល​រស់នៅ និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន ព្រម​ទាំង​ប្រជា​នេសាទ ត្រូវ​បង្កើន​ការយក​ចិត្ត​ទុកដាក់​ថែរក្សា​សុខភាព​ចំពោះ​ស្ថាន​ភាពចុះ​ត្រជាក់​នេះ​ផងដែរ​៕