ភ្នំពេញៈ ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ឱ្យ​កសិដ្ឋាន​ i7 ​រ៉េ​ន​ច៍​ខេ​ម​បូ​ឌា (i7 Ranch Cambodia)​ បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​អគ្គ​នាយក​ដ្ឋាន​សុខ​ភាព​សត្វ ​និង​ផលិត​កម្ម​សត្វ ​ដើម្បី​ពង្រីក​វិស័យ​ចិញ្ចឹម​គោ​នៅ​កម្ពុជា​ ពី​លក្ខណៈ​គ្រួសារ​ទៅ​ជា​លក្ខណៈ​អាជីវ​កម្ម​ ដោយ​ប្រើប្រាស់​ពូជ​គោ​នាំចូល​ពី​បរទេស​ជាមួយ​នឹង​ពូជ​ក្នុង​ស្រុក​។​​


លោក​ស្រី​ ហោ​ ម៉ា​លីន​ រដ្ឋ​លេខាធិ​ការ​ក្រសួង​កសិកម្ម​ រុ​ក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល ​និង​អប​អរ​សាទរ​ចំពោះ​លោក​ ស្រី ​ច​ន្ធូ​ អគ្គ​នាយ​កកសិ​ដ្ឋាន​i7​ ដែល​បាន​លះ​បង់​ទាំង​ធនធាន​ និង​កម្លាំង​កាយ​ ចិត្ត​ ក្នុង​ការ​កែប្រែ​តំបន់​ដាច់​ស្រ​យាល ​នៅ​ក្នុង​តំបន់​ 7NG​ ឱ្យ​ក្លាយ​ទៅ​ជា​កសិដ្ឋាន​ដ៏​ធំ ដែល​មាន​ការ​បង្កាត់​ពូជ​គោ​នាំ​ចូល​ពី​បរទេស​ជា​ច្រើន​ប្រភេទ​ និង​មាន​ដៃគូ​សហ​ការ​ជា​ច្រើន​ នៅ​ក្រៅ​ប្រទេស​ ដោយ​សកម្ម​ភាព​នេះ ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​លើក​កម្ពស់​វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​។​​

លោក​ស្រី​ ហោ​ ម៉ា​លីន​ បាន​ថ្លែង​ថា​៖«​នាង​ខ្ញុំ​ ជា​តំណាង​ឱ្យ​ឯក​ឧត្តម​ ទិ​ត​ ឌី​ណា​ រ​ដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​ គឺ​ខ្ញុំ​ពិត​ជា​មាន​មោទ​ន​ភាព​ណាស់​ ដែល​មិន​នឹក​ស្មាន​ថា​ កម្ពុជា​ មាន​កសិដ្ឋាន​ចិញ្ចឹម​គោ​ពូជ​ដ៏​ធំ​មួយ​ នៅ​ក្នុង​តំបន់​ 7NG​ ដែល​ពីមុន​ជា​តំបន់​ទី​ដាច់​ស្រយាល​ តែ​ពេល​នេះ​បាន​ក្លាយ​ជា​កសិដ្ឋាន​ដែល​មាន​ពូជ​គោ​ល្អៗ​។​ យើង​សង្ឃឹម​ថា ​ពូជ​គោ​ទាំង​អស់​នេះ អាច​ជា​ទុន​មួយ​ សម្រាប់​ឱ្យ​ប្រជាក​សិករ​យើង​នៅ​ជន​បទ​ លោក​បាន​ពូជ​ដ៏​ល្អ​ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​»​។​


ការ​លើក​ឡើង​របស់​លោក​ស្រី​ ហោ​ ម៉ា​លីន​ ត្រូវ​បាន​ធ្វើឡើង​ នៅ​ពេល​លោក​ស្រី​ បាន​ដឹកនាំ​ក្រុម​ជំនាញ​នៃ​អគ្គនា​យកដ្ឋាន​សុខ​ភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​ របស់​ក្រសួង​កសិកម្ម​ ទៅ​ចូលរួម​ ក្នុង​ពិធី​ពិព័រណ៍​ និង​ដេញ​ថ្លៃ​គោ​នៅ​កសិដ្ឋាន​ចិញ្ចឹម​គោ i7​កាល​ពី​ថ្ងៃ​ទី​១៧ ​ដល់​ទី​១៨ ​ខែ​ធ្នូ​នេះ​។​​


នៅ​ក្នុង​ពិធី​ពិព័រណ៍ ​និង​ដេញ​ថ្លៃ​គោ​ដែល​មាន​ការ​ចូលរួម​ជា​ច្រើន​ ពី​ប្រជាក​សិករ ​និង​ម្ចាស់​គោ មក​ពី​បណ្តា​ខេត្ត​មួយ​ចំនួន​ផង​នោះ ​គឺ​កសិដ្ឋាន​ i7 ​បាន​បង្ហាញ​ទាំង​ប្រភេទ​គោ​ចិញ្ចឹម​យក​សាច់​យក​ទឹកដោះ ​និង​គោ​សម្រាប់​ផលិត​ពូជ​ ដូច​ជា​ពូជ​ប្រា​ម៉ាន់ ​(Brahman)​ ខេ​ម​បូ​ភី​ន​តា​ឌូ ​(Cambo-Pintado)​ណៃ​ឡ​ភី​ន​តា​ដូ ​(Nellore Pintado)​វ៉ា​ឃ្យូ ​(Wagyu)​ អេង​ហ្គ័ស ​(Angus)​ប្រេង​ហ្គ័ស ​(Brangus)​ ប៊ី​ស​ម៉ា​ស្ទ័​រ​ (Beef Master)​ហូល​ស្ទី​ន​ (Holstein)​និង​ឥណ្ឌូ​ប្រេ​ស៊ី​ល (Indo-Brazil)​ ដែល​សុទ្ធ​តែ​ជា​គោ​ពូជ ​នាំ​យក​ពី​បរ​ទេស​មាន​តម្លៃ​ថ្លៃ​។​​

ជាមួយ​គ្នា​នោះ ​កសិដ្ឋាន​ i7​ ក៏​មាន​ការ​បង្ហាញ​គោ​ពូជ​ក្នុង​ស្រុក​ (Local Cattle)​ មក​ពី​កសិ​ដ្ឋាន​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​រៀប​ចំ​ឱ្យមាន​ការ​ប្រកួត​គោ​ញី ​និង​គោ​ឈ្មោល ​តាម​ពូជ​ តាម​ក្រុម​ តាម​អាយុ ​និង​សម្បុរ​ផង​ដែរ​ ដោយ​មាន​លោក PJ Budler​ជា​អគ្គ​នាយក​ ដំណោះ​ស្រាយ​បសុ​សត្វ​សកល ​និង​ជា​អាជ្ញា​កណ្តាល​កាត់​សេចក្តី​ប្រកួត​គោ​អន្តរ​ជាតិ​ ម​ក​ពី​សហ​រដ្ឋ​អា​មេរិក​ ជា​អ្នក​វាយ​តម្លៃ ​និង​កាត់​សេចក្តី​ផង​ដែរ​​។​​

លោក​ស្រី​ ហោ​ ម៉ា​លីន​ បាន​បន្ថែម​ថា​៖​«​​តាម​រយៈ​ការ​ពិព័រណ៍​ និង​ដេញ​ថ្លៃ​គោ​នេះ​ ខ្ញុំ​សង្កេត​ឃើញ​ថា មាន​ពូជ​គោ​ល្អៗ ហើយ​មាន​ទាំង​អ្នក​ជំនាញ​ការ​មកពី​អាមេរិក​ ធ្វើការ​បទ​បង្ហាញ​ពី​នីតិ​វិធី​ក្នុង​ការ​ចិញ្ចឹម​ និង​ជ្រើស​រើស​ពូជ​ ដែល​នេះ​ការងារ​មួយ​ដ៏​ល្អ​ប្រសើរ​ ព្រោះ​គោល​បំណង​របស់​លោក​អគ្គ​នាយក ​I7​ គឺ​ចង់​ឱ្យ​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា​ ជាពិសេស​ ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​ អាច​មាន​លទ្ធភាព​ពង្រីក​មុខ​របរ​ក្នុង​វិស័យ​ចិញ្ចឹម​សត្វ​ហ្នឹង​ ដោយ​ប្រែក្លាយ​ពី​ការ​ចិញ្ចឹម​គោ​ជា​លក្ខណៈ​គ្រួសារ​ទៅ​ជា​ចិញ្ចឹម​គោ​លក្ខណៈ​អាជីវ​កម្ម​ ហើយ​ប្រើប្រាស់​ពូជ​បង្កាត់​មួយ​ថ្មី​ ដែល​មាន​ពូជ​នាំចូល​ពី​បរទេស​ជាមួយ​នឹង​ពូជ​ក្នុង​ស្រុក​»​។​

«​កម្ពុជា​យើង​ ពិត​ជា​មាន​ភ័ព្វ​វាសនា​ បើសិន​ជា​កិច្ច​សហ​ការ​រវាង​ក្រសួង​កសិកម្ម​ ជា​មួយ​នឹង​វិស័យ​ឯកជន​ ទទួល​បាន​ជោគ​ជ័យ​ នា​ថ្ងៃ​អនា​គត​។ ​ដូច្នេះ​ខ្ញុំ​សូម​សំណូម​ពរ​ឱ្យ​កសិដ្ឋាន​ i7 ​ប្រឹងប្រែង​សហការ​ជា​មួយ​អគ្គនា​យកដ្ឋាន​សុខ​ភាព​សត្វ​ និង​ផលិត​កម្ម​សត្វ ​ដើម្បី​បំពេញ​នូវ​បែបបទ​មួយ​ចំនួន​ ដើម្បី​ឱ្យ​កិច្ច​ដំណើរ​ការ ​ក្នុង​ការ​អនុវត្ត​ការងារ​នេះ​ អាច​ឈាន​ទៅ​ពង្រីក​ទាំង​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស​។​ បាន​ន័យ​ថា​ នៅ​ពេល​កសិដ្ឋាន ​i7 កាន់​តែ​រីក​ធំធាត់​ទៅ​នោះ​ យើង​នឹង​អាច​មាន​លទ្ធ​ភាព​ ក្នុង​ការ​នាំ​ចេញ​ ដោយ​លុប​បំបាត់​នៅ​ហានិ​ភ័យ​ផ្សេងៗ​»​។​ លោក​ស្រី​ ម៉ា​លីន​ បាន​បញ្ជាក់​។​

ជា​មួយ​គ្នា​នេះ​ លោក​ ស្រី​ ច​ន្ធូ​ អគ្គនា​យក​កសិដ្ឋាន​ i7 បាន​សម្តែង​ការ​រីករាយ​ ក្នុង​ការ​សហ​ការ​ជា​មួយ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ ​និង​នេសាទ​ដើម្បី​ធ្វើឱ្យ​ផលិក​ម្ម​ចិញ្ចឹម​គោ ​នៅ​កម្ពុជា ​កាន់​តែ​មាន​ភាព​ស្តង់ដា ​ហើយ​ទន្ទឹម​នេះ​នេះ​ លោក​មាន​គម្រោង​បង្កាត់​ពូជ​គោ​ ដោយ​ប្រើ​មេជី​វិត​គោ​ពូជ​ក្នុង​កសិដ្ឋាន​ i7 ​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ដោយ​ឥតគិត​ថ្លៃ ​គឺមា​ន​ន័យ​នេះ​នៅ​ពេល​គម្រោង​នេះ​ចេញ​ជា​រូបរាង​ អ្នក​ចិញ្ចឹម​គោ​ទាំង​អស់​នៅ​កម្ពុជា​អាច​យក​មេគោ​របស់​ខ្លួន​មក​បង្កាត់​ពូជ​តាម​រយៈ​ការ​ចាក់​បញ្ចូល​មេ​ជី​វិត​នៅ​កសិដ្ឋាន​ i7 ​ដោយ​សេរី ​និង​ឥត​គិត​ថ្លៃ​។​

សម្រាប់​គម្រោង​បង្កាត់​ពូជ​គោ ​ដោយ​ប្រើ​មេ​ជី​វិត​គោ​ពូជ​ក្នុង​កសិដ្ឋាន​ i7​ ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ដោយ​​ឥត​គិត​ថ្លៃ​នេះ លោក​ ស្រី​ ច​ន្ធូ​ បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ អាច​នឹង​ចាប់​ផ្តើម​អនុវត្ត​នៅ​អំឡុង​ឆ្នាំ​២០២៣​ ដោយ​ឆ្នាំ​ដំបូង​ ផ្តោត​សំខាន់​ទៅ​លើ​ការអ​ភិ​វឌ្ឍ​ធន​ធាន​មនុស្ស ​និង​បណ្តុះ​បណ្តាល​ពី​បច្ចេក​ទេស​នៃ​ការ​បង្កាត់​ពូជ​គោ​តាម​រយៈ​ការចាក់​បញ្ចូល​មេជី​វិត​តាមបែប​សិប្ប​និម្មិត​។​​

លោក​ ស្រី ​ច​ន្ធូ​ បាន​ថ្លែង​ថា​៖ «​ការ​នាំយក​គោ​ថ្លៃៗ​មកពី​ក្រៅ​ប្រទេស​នេះ ​គឺ​ដើម្បី​ធ្វើជា​មេ​ពូជ​ ហើយ​បើសិន​ជា​កសិករ​របស់​យើង ​ចង់​បង្កាត់​ពូជ​ យើង​នឹង​បង្កាត់​ជូន​គាត់​ ដោយ​មិន​គិតថ្លៃ​ ហើយ​ជា​មួយ​គ្នា​នេះ​ យើង​ត្រូវ​ផលិត​ធនធាន​មនុស្ស​បន្ថែម​ទៀត​។​ នៅ​ពេល​ធនធាន​មនុស្ស​របស់​យើង ​អាច​មាន​សមត្ថ​ភាព​គ្រប់គ្រង​ទៅ​លើ​២៤​ខេត្ត​-​ក្រុង​បាន​ គឺ​យើង​នឹង​ដើរ​ទៅ​ដល់​២៤​ខេត្ត​-​ក្រុង​ ក្នុង​ការ​បង្ហាត់​ពូជ​គោ​ឱ្យ​គាត់ ​ហើយ​យើង​ក៏​នឹង​ទិញ​គោ​របស់​ពួក​គាត់​ចូល​វិញ​ផង​ដែរ​»​​។​​

សម្រាប់​ការ​ផលិត​ពូជ​គោ ​គឺ​កសិដ្ឋាន​ i7​ ផ្តោ​ត​លើ​ការ​ផលិត​ពូជ​សិប្ប​និម្មិត​ជា​មួយ​ AI ​និង I​BS​។​ លោក ច​ន្ធួ​ បាន​ពន្យល់​ថា​ សម្រាប់​ A​I​ គឺ​គោ​បា​មួយ ​អាច​ផលិត​ទឹក​ស្ពែ​ម (​មេជី​វិត​)​ បាន​២៥០​បំពង់ ហើយ​២៥០​បំពង់​នេះ​ យើង​យក​ទៅ​ដាក់​លើ​គោ​មេ វា​បាន​២៥០​ក្បាល​ ក្នុង​១​ដប វា​ផ្ទុយ​ពី​ការបង្កា​ត់កូន​តាមបែប​ធម្មជាតិ​ ដែល​មេជី​វិត​របស់​គោបា​អាច​ផលិត​កូន​បាន​តែ​មួយ​ប៉ុណ្ណោះ​។​

ចំណែក​ការបង្ហាត់​ពូជ​គោ ​តាម​បែប​IBS​ លោក​និយាយ​ថា​៖ «​យើង​យក​មេជី​វិត​ញី មក​បង្កាត់ជា​មួយ​មេជី​វិត​ឈ្មោល​ ដើម្បី​បង្កើត​បាន​ជា​មេជី​វិត​ យ​កមក​ចិញ្ចឹម​ក្នុង​កែវ រួច​យក​វា​ទៅ​ផ្ញើ​ពោះគោ​ផ្សេង​ ដោយ​គោ​ញី​១​ក្បាល​ហ្នឹង​ យើង​អាច​ផលិត​បាន​គោ​ពី​១០០​ទៅ​១២០​ក្បាល​ អ៊ី​ចឹង​នេះ​ជា​កត្តា​សំខាន់​បំផុត​ ដែល​យើង​ដាច់ខា​ត​ ត្រូ​វតែ​ធ្វើ​ ដើម្បី​បង្កើន​ចង្វាក់​ផលិត​កម្ម​របស់​យើង​ឱ្យ​ឡើង​ខ្ពស់​»​។​

យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​ជំហាន​ដំបូង​ នៃ​ការ​បង្ហាត់​ពូជ​គោ​ ដោយ​មិន​គិតថ្លៃ ​ដល់​ប្រជា​កសិករ​ក្នុង​ប្រទេស​នេះ​ លោក ស្រី ច​ន្ធូ​ ថា​ ត្រូវ​ចំណាយ​ពេល​ច្រើន​ថែម​ទៀត​ ដោយ​យើង​ត្រូវ​បង្កើត​ជា​សហ​គន៍​ឱ្យបាន​ច្បាស់​លាស់​សិន​ ព្រោះ​ពេល​នេះ កសិដ្ឋាន​ i7 ​មិន​ទាន់​អាច​ផ្តល់​ជូន​នៅ​ទឹក​ស្ពែ​ម​ ឱ្យ​ពួក​គាត់​ យក​ទៅ​បង្កាត់​ពូជ​គោ ​ដោយ​ខ្លួន​ឯង​ បាន​នោះទេ​ ខណៈ​បច្ចុប្បន្ន​កសិដ្ឋាន​ i7 ​មាន​គោ​ពូជ​ល្អៗ​នាំចូល​ពី​បរទេស​ចំនួន​៥០០​ក្បាល​ ដោយ​គោ​ទាំង​នេះ​មាន​តម្លៃ​ចន្លោះ​ពី​២ ​៥០០​ដុល្លារ​រហូត​ដល់​២៥​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​១​ក្បាល​។​

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​ត្រូវ​ចង​ក្រង​ជា​សហ​គមន៍​សិន​ ព្រោះ​យើង​ត្រូវ​គិត​គូរ​ពី​ប្រសិទ្ធ​ភាព​នៃ​ការ​ប្រើប្រាស់​របស់​ពួក​គាត់​ អ៊ី​ចឹង​យើង​បើក​ចំហ​ឱ្យ​គាត់​យក​គោ​របស់​គាត់​ មក​បង្កាត់​នៅក្នុង​កសិដ្ឋាន​របស់​យើង​ផ្ទាល់​តែម្តង​ គឺ​រាប់​សែន​ក្បាល​ក៏បាន​ដែរ ​ព្រោះ​យើង​មាន​ក្រុម​ការងារ​អាច​ជឿទុ​ក​ចិត្ត​បាន​ ហើយ​ខ្ញុំ​គិតថា​ នេះ​ជា​យុទ្ធ​សាស្ត្រ​នៅក្នុង​វិស័យ​កសិកម្ម​ ក្នុង​ការ​ជួយ​បង្កើន​ចំណូល​របស់​ពួក​គាត់​ ព្រោះ​គាត់​ចំណាយ​ថ្លៃដើម​ស្ទើរ​តែ​ស្មើ​សូន្យ​ តែ​គាត់​បានមក​វិញ​នូវ​ផលិតផល​របស់​គាត់ ​១​គុណ​នឹង​២ ទាំង​តម្លៃ ​និង​សាច់​គោ​»​៕​