ព្រះវិហារៈ ក្រុម​អ្នក​​​សិក្សា​​ស្រាវជ្រាវ​ផ្នែក​បុរាណ​វិទ្យាបារាំង ​​​​​​​បាន​និងកំពុង​ធ្វើពិសោធ​ន៍​​ឡើ​ង​វិញ​​លើ​​របៀប​នៃ​ការផលិត​ដែក​​​របស់​​​ខ្មែរ​​កាល​ពី​សម័យ​​​អង្គរ​ ដែលការ​ធ្វើ​ពិសោធន៍​នោះ ​​​គឺ​ធ្វើឡើង​នៅ​លើ​ទីតំាង​​​​តំបន់ផលិត​​ដែកដ៏​ធំ​កាល​ពីសម័យ​អង្គរ​ នៅក្នុង​ស្រុក​រវៀង​។


​ក្រុមអ្នកសិក្សាស្រាវជ្រាវ​បាន​​​​​រក​ឃើញ​​​និង​ធ្វើពិសោធ​ន៍​​ពី​ការ​កំណត់​តំបន់​មាន​រ៉ែដែក​ដ៏​ធំ​ល្វឹងល្វើយ​នៅ​​​ខេត្ត​ព្រះវិហារកាល​ពី​ឆ្នាំ​​​២០១០ និង​មាន​កា​រផ្សព្វ​ផ្សាយ​​កាល​ពី​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣។

លោកសាស្ត្រាចារ្យ ធុយ ចាន់ធួន នៃ​រាជ​ប​ណ្ឌិត្យសភា​កម្ពុជា បាន​​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ក្រុម​អ្នកស្រាវជ្រាវ​​ដែល​មក​តាមរយៈ​​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​បារាំង​ចុង​បូព៌ា​​​ បាន​​ធ្វើ​ពិសោធ​ន៍​​លើ​ការងារ​​​ស្រាវជ្រាវ​ពី​លោហធាតុ​​​នៅ​ទី​តាំង​ស្រុក​រវៀង​នេះ ដែល​បង្ហាញ​​ពីវត្តមាន​នៃ​រ៉ែដែក​និង​របៀប​នៃ​ការ​ផលិត​ដែក​របស់ខ្មែរ​បុរាណ​។


យោង​តាម​​ការ​ផ្សាយរបស់​​មន្ទីរព័ត៌មាន​ខេត្តសៀមរាប អ្នក​ជំនាញ​ផ្នែក​លោហ:នៃ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​បារាំង​ចុង​បូព៌ា​ កញ្ញា Stepharie Leroy បាន​ឱ្យ​ដឹង​នៅ​ក្នុង​ពេល​ដែល​ធ្វើ​ពិធី​តាំង​ពិព័រណ៍​ឡស្ល​ដែក​បុរាណ​ខ្មែរ ​នៅ​ក្នុង​សាលាបារាំង​ចុង​បូព៌ា​ប្រចាំ​ខេត្ត​សៀមរាប កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ តំបន់​ភ្នំដែក​នៃ​ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ គឺជា​កន្លែង​ដ៏សំខាន់​បំផុត​ ក្នុង​ការផ្គត់ផ្គង់​ឧបករណ៍​ប្រើប្រាស់​ ដែល​ធ្វើ​អំពី​ដែក​​​ផ្គត់ផ្គង់​ដល់​​​ក្រុង​អង្គរ​ នាសម័យ​​អាណាចក្រ​ខ្មែរ។

ក្រុមអ្នក​ស្រាវជ្រាវ​បារាំង បាន​រ​ក​ឃើញ​ថា នៅ​អំឡុង​សតវត្ស​រ៍ទី១១​នៃ​គ្រិស្ដ​សករាជ ទីក្រុង​អង្គរ​មាន​របស់​ប្រើ​ប្រាស់​ផលិត​អំពី​ដែក​ជាច្រើន ដែល​ដែក​ទាំង​នោះ​ត្រូវ​បាន​គេយកមក​ពី​តំបន់​ផ្សេងៗ ​មិនទាន់​ដឹង​ប្រភព​ពីទីណា​នៅ​ឡើយ ប៉ុន្តែ​ចាប់​ពី​អំឡុង​សតវត្ស​រ៍ទី១២​ នៃ​គ្រិស្ដ​សករាជ​មក វត្ថុ​ប្រើប្រាស់​ធ្វើ​អំពី​ដែក​ជា​ច្រើន​ ដែល​គេយក​មក​ប្រើប្រាស់​ក្នុង​អាណាចក្រ​អង្គរ ​ហើយ​មាន​គុណភាព​ល្អ​គឺមាន​ប្រភព​មក​ពី​តំបន់​ភ្នំ​ដែក នៃ​ខេត្ត​ព្រះវិហារ​ទាំងអស់។


ទោះ​យ៉ាង​ណា​លោក​ ធុយ ចាន់ធួន ហាក់​​​​រិះគន់​ខ្លះថា ការ​ធ្វើពិសោធន៍​នោះ​​គឺ​​វាទំនើប​ពេក​​ដោយ​មិនឆ្លុះ​បញ្ចាំង​ពី​វិធី​សាស្រ្ត​បុរាណ​ ដែលគ្មាន​កា​រប្រើ​ប្រាស់​ឧស្ម័ន​សម្រាប់​ដុត​ឡើយ​។

​យោងតាម​ព័ត៌មាន​របស់មន្ទីរព័ត៌មាន​ដែល​លាត​ត្រដាង​ដោយ​រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន ​កញ្ញា ​Stepharie Leroy បាន​លើក​ឡើង​ថា ​ក្រុមអ្នក​ស្រាវជ្រាវ​បារាំង បាន​​រក​ឃើញ​ថា ​នៅ​ជុំវិញ​តំបន់​​ភ្នំ​ដែក​ភាគ​ខាង​ត្បូង​ គឺ​មាន​ឡស្ល​ដែក​បុរាណ​ប្រមាណ​ជាង ២ ០០០​កន្លែង ដែល​ផលិត​ជា​វត្ថុ​ប្រើប្រាស់​មក​ផ្គត់ផ្គង់​ឱ្យ​ក្រុង​អង្គរ និង​ខេត្ត​ដទៃ​ទៀត​។

កាល​ពី​អំឡុង​ឆ្នាំ២០១៧​ ក្រុម​ការងារស្រាវ​ជ្រាវ​របស់​បារាំង បាន​រកឃើញ​ឡស្ល​ដែក​សំខាន់ៗ​ចំនួន​៣​កន្លែង​ នៅ​តំបន់​ទន្លេ​បាក់​ នៃ​ទឹក​ដីខេត្ត​ព្រះវិហារ។

ក្រុម​អ្នក​ស្រាវជ្រាវ​ទាំងខ្មែរ និង​បរទេស​ បាន​យល់​ស្រប​ដូចគ្នា​ថា ​អាណាចក្រខ្មែរ​អង្គរ សម័យ​បុរាណ​ដែល​រុង​រឿង និង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំងមូលទៅ​បាន​ គឺ​ដោយសារតែ​ខ្មែរ​ចេះ​បច្ចេក​ទេស​ខ្ពស់​ក្នុង​ការទាញ​យករ៉ែ​ដែក​មក​ស្ល ធ្វើ​ជា​សម្ភារប្រើប្រាស់​ច្រើន​យ៉ាង ដូចជា​យក​ដែក​ធ្វើ​ជា​ឧបករណ៍​បម្រើ​​ឱ្យ​វិស័យ​កសិកម្ម ​ឧបករណ៍​សម្រាប់​ធ្វើ​ជាង​សំណង់ ​ប្រាសាទ ​ព្រម​ទាំង​ផលិត​ជា​គ្រឿង​សាស្ត្រា​វុធ​ចម្បាំង​​ជាដើម៕