ភ្នំពេញៈ ​អ្នកជំនាញ​អចលនទ្រព្យ​បាន​លើកឡើងថា ការអភិរក្ស​សំណង់​អគារ​ចាស់ៗ​នៅ​បាត់ដំបង ជា​ការជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​ទីនោះ​។ ការលើកឡើង​នេះ ស្រប​ពេលដែល​ក្រុង​បាត់ដំបង​មាន​សំណង់​អគារ​បេតិកភណ្ឌ​ក្នុង​ក្រុង​ជាច្រើន ជាពិសេស​សំណង់ផ្ទះរាប់រយខ្នង ដែលមាន​រចនាប័ទ្ម​ស​ម័​យ​អាណានិគម​បារាំង​។​


អភិបាលខេត្ត​បាត់ដំបង លោក​សុខ លូ បាន​លើកឡើងថា ការអភិរក្ស​អគារ​ចាស់ៗ ដូចជា អគារ​រដ្ឋបាល លំនៅឋាន បុរី និង​ផ្សារ ពិសេស​សំណង់​ដែល​បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង ដែល​ស្ថិតនៅ​កណ្ដាល​ទីក្រុង គឺជា​ការកំណត់​អត្តសញ្ញាណ​មួយ​ដែល​មិនគួរ​មើលរំលង​។ ទន្ទឹមគ្នានេះ លោក​មើលឃើញថា ការថែរក្សា​ទុក​នូវ​សំណង់​អគារ​ចាស់ៗ​បុរាណ​ទាំងនោះ ក៏​ជា​ចំណែក​សំខាន់​មួយ​ក្នុង​ការជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​លោក​ក៏បាន​បង្ហាញ​អំពី​ទិន្នន័យ​វប្បធម៌ និង​វិចិត្រសិល្បៈ​នៅ​ខេត្តបាត់ដំបង រួមមាន​ ប្រាសាទបុរាណ​មាន​ចំនួន​៥ ស្ថានីយបុរេប្រវត្តិសាស្ត្រ​ចំនួន​៦​កន្លែង ទួល​បុរាណ​មាន​ចំនួន​៤៤២​ទួល ផ្ទះ​រចនាប័ទ្មសម័យ​អាណានិគម​បារាំង​ចំនួន​៨២៨​ខ្នង ស្ថិតនៅ​កណ្តាល​ទីក្រុង​បាត់ដំបង តាមផ្លូវ​លេខ​១ លេខ​១​កន្លះ លេខ​២ លេខ​២​កន្លះ និង​ផ្លូវ​លេខ​៣ ផ្ទះ​ខ្មែរ​មាន​៣៣៤​ខ្នង វត្ត​បុរាណ​ចំនួន​១៣៩​វត្ត​ផងដែរ​។​


ទាក់ទិន​នឹង​ការលើកឡើង​នេះដែរ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង លោក សុខ ឃ​ន បាន​បញ្ជាក់ដែរថា ការអភិរក្ស​សំណង់​អគារ​ចាស់ៗ ពិសេស​សំណង់​បេតិកភណ្ឌ​នេះ ក៏បាន​ចូលរួមចំណែក​អភិរក្ស​សំណង់​ស្ថាបត្យកម្ម និង​ការលើកតម្លៃ​សម្បត្តិ​វប្បធម៌​ជាតិ​​នៅ​ខេត្តបាត់ដំបង មិនតែប៉ុណ្ណោះ​ក៏បានផ្តល់​ធាតុ​ចូល​ជាច្រើន​សម្រាប់​ការសិក្សា​របស់​និស្សិត​ជំនាញ​ស្ថាបត្យកម្ម និង​ទេសចរណ៍​ថែមទៀត​។​


លោក​ថ្លែងថា​៖« ខេត្តបាត់ដំបង​មិន​ត្រឹមតែ​ជា​ខេត្ត​ជង្រុក​ស្រូវ និង​សម្បូរដោយ​សម្បត្តិ​ធម្មជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បន្ថែម​លើ​សម្បត្តិ​ធម្មជាតិ​ដ៏​សម្បូរបែប ខេត្តបាត់ដំបង​នៅមាន​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​មហាសាល​ជាច្រើន​ថែមទៀត​មានដូចជា សំណង់​ប្រាសាទបុរាណ សំណង់ផ្ទះ​ខ្មែរ​បុរាណ ផ្ទះល្វែង​ប្រមាណ​ជាង​៨០០​ខ្នង ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង សំណង់​អគារ​រដ្ឋបាល​នានា ផ្សារណាត់ ស្ពាន​បុរាណ វត្ត​អារាម និង​សំណង់​ព្រះវិហារ​បុរាណ​ជាច្រើន​កន្លែង​ផងដែរ​» ។

បច្ចុប្បន្ន​សំណង់​ទាំងនេះ កំពុង​ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល តាមរយៈ​រដ្ឋបាល​ក្រុង​បាត់ដំបង និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ រួមសហការ​គ្នា​ធ្វើការ​អភិរក្ស ជួសជុល និង​រៀបចំ​ឱ្យមាន​សណ្តាប់ធ្នាប់ និង​មាន​សោភណភាព​ឡើងវិញ ធ្វើយ៉ាងណា​ឱ្យក្លាយ​ទៅជា​តំបន់​ការពារ​បេតិកភណ្ឌ​ជាតិ​ដ៏​មានតម្លៃ ក្នុងការ​ថែរក្សា​ការពារ​នូវ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប និង​មានតម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​ខេត្តបាត់ដំបង​។​នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​បាត់ដំបង លោក សុខ ឃ​ន​។​

ជុំវិញ​ការលើកឡើង​នេះ​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​លើកឡើងថា សំណង់​អគារ​ចាស់ៗ ពិសេស​សំណង់​អគារ​ដែល​បន្សល់ទុក​ពី​សម័យ​បារាំង សំណង់​បេតិកភណ្ឌ គឺ​សុទ្ធតែ​អាច​ចាត់ទុកជា​សំណង់​ប្រវត្តិសាស្ត្រ​ទាំងអស់​។​

ហេតុនេះ លោក ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បន្ដ​យកចិត្តទុកដាក់​អភិរក្ស​អគារ​ចាស់ៗ​ទាំងនោះ ដើម្បី​រក្សា​ទុកជា​កេរ​មរតក​វប្បធម៌ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​។ ទន្ទឹមនឹង​អគារ​ថ្មីៗ និង​ខ្ពស់ៗ​ជាច្រើន​ដែល​កំពុង​រីកលូតលាស់​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត សំណង់​អគារ​ចាស់ៗ​មួយចំនួន ក៏​នៅតែមាន​ទីផ្សារ​ដែរ​។ ជាក់ស្តែង​មាន​អគារ និង​ផ្ទះ​ចាស់ៗ​មួយចំនួន ត្រូវបាន​កែប្រែ​ទៅជា​ហាង​លក់ទំនិញ ជាទី​ស្នាក់ការ​ក្រុមហ៊ុន និង​ជា​កន្លែង​ស្នាក់នៅ​ជាដើម​។​កត្តា​នេះ គឺជា​ការរួមចំណែក​សំខាន់ ជួយ​លើកស្ទួយ​វប្បធម៌ និង​សេដ្ឋកិច្ចជាតិ​ថែមទៀត​។

ទោះ​មិនបាន​បញ្ជាក់​ពី​ចំនួន​សំណង់​អគារ​ចាស់​នៅ​កម្ពុជា ថា​មាន​ចំនួន​ប៉ុន្មាន​នោះឡើយ​ក្តី បើតាម​ក្រសួង​រៀបចំ​ដែនដី ក៏​ធ្លាប់បាន​បញ្ជាក់ដែរថា សំណង់​អាគារ​ដែលមាន​អាយុ​ចាស់ កម្ពុជា​នឹង​ខិតខំ​អភិរក្ស​ដោយ​រក្សា​នូវ​ទ្រង់ទ្រាយ​ដើម ហើយ​សម្រាប់​ម្ចាស់​សំណង់​អគារ​ចាស់​ទាំងនោះ ត្រូវតែ​ធ្វើការ​ជួសជុល​និង​រក្សា​អត្តសញ្ញាណ​ដើម​។ ដោយឡែក អគារ​ចាស់ៗ​ដែល​មានការ​បាក់បែក​ខ្លាំង ក្រសួង​នឹង​ចេញ​លិខិត​ឱ្យមាន​ការជួសជុល តែ​នៅតែ​រក្សា​រូបរាង​ដើម​ដដែល​។​

យ៉ាងណាមិញ អ្នកជំនាញ នៅតែ​បានបង្ហាញ​ពី​ការជឿជាក់​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ ចំពោះ​ការយកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​ការពារ​នូវ​សំណង់​បេតិកភណ្ឌ​ដើម្បី​ទុកឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់ដឹង ព្រមទាំង​ដើម្បី​អភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈ​ការទាក់ទាញ​ទេសចរ​ជាដើម​៕​