ភ្នំពេញ: កុមារ​​តូចៗ​រហូត​ដល់​យុវជន​វ័យ​​ក្រោម ២៥ ឆ្នាំ​ បាន​រាយ​ការណ៍ទៅ​កាន់​លេខ​ទូរស័ព្ទ ១២៨០ ជា​បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​ ​អំពី​អំពើ​បៀតបៀន​តាម​អនឡាញក្នុង​ឆ្នាំ​ ២០២២ ​នេះ​មាន​​ ១៥​ ករណី ដែលមាន​ការ​កើន​ឡើង​គួរ​ឱ្យ​បារម្ភ​​ក្នុង​សម័យ​បច្ចេក​វិទ្យា​រីក​ចម្រើន​នេះ​។


១៥ ករណី ដែល​រួម​មាន​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អនឡាញ​ (Online Child Sexual Exploitation and Abuse) មាន ៥ ករណី​ ហើយ​ការ​បៀតបៀន​តាម​អ៊ីនធឺណិត (Cyber Bulling) មាន ១០ ករណី​ ត្រូវ​បាន​កត់​ត្រា​ដោយ​អង្គការ​តែមួយ​គិត​ត្រឹម​ថ្ងៃទី ២០​ ខែធ្នូ​​ឆ្នាំ២០២២​​។

វា​ជា​​អង្គការ​​​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា (Child Helpline Cambodia)​ ផ្តល់​សេវា​ពិគ្រោះ​យោបល់ ផ្តល់​ព័ត៌មាន​អប់រំ និង​សេវា​បញ្ជូន​បន្ត តាម​រយៈលេខ​ទូរស័ព្ទ ១២៨០​ (ឥតគិតថ្លៃ) ដែល​ត្រូវបាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៧ ដោយ​អង្គការ​អន្ដរ​ជាតិ​​ធំៗ​ចំនួន ១១ ដូចជា UNICEF, PLAN, Save the Children ជាដើម​។


លោក ស៊ាង សុខថៃ ​នាយក​ប្រតិបត្តិ​អង្គការទូរ​ស័ព្ទ​ជំនួយ​កុមារ​កម្ពុជា បាន​និយាយថា​៖ ​«ជន​ល្មើស​ព្យាយាម​បង្កើត​ទំនាក់​ទំនង​ជាមួយ​ក្មេងៗ​តាម​អនឡាញ ដោយ​ឱ្យ​ជា​កាដូ កាត​ទូរស័ព្ទ លុយ​កាក់​ និង​លួងលោមក្នុង​​បំណង​នៃការ​រួមភេទ​។ ករណី​ខ្លះ បទល្មើស​ផ្ញើ​ជា​វីដេអូ​អាសអាភាស​តាមអនឡាញ​ឱ្យ​ក្មេង​មើល​ ហើយ​មួយ​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​ក្មេង​តាម​អនឡាញ​តែម្ដង»។

លោក​បាន​ពន្យល់​ថា​ បុគ្គល​ល្មើស​ថត​ជា​វីដេអូ​សម្រេច​កាម​ខ្លួន​ឯង រួច​ផ្ញើ​ទៅ​កាន់​ក្មេង​ ដើម្បី​ឱ្យ​មាន​អារម្មណ៍​ផ្លូវ​ភេទ​ជាមួយ​រូប​គេ​។ នេះ​ជា​ករណី​ហៅថា Online Child Sexual Exploitation and Abuse ដែល​កុមារ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​ពាក់​ព័ន្ធ​រឿងទាំង​អស់​នេះទេ។


លោកសុខ​ថៃបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ការបៀតបៀន​តាម​អ៊ីនធឺណិត​ (Cyber Bulling) ជាករណី​ផ្សេង​ទៀតដែល​ទាក់ទង​ការ​ចែក​រំលែក​វីដេអូ ឬ​រូបភាព​ក្មេង​អាក្រាត​ ហើយ​ក៏​មាន​ការណី​បៀតបៀន​ (Harassment) ផ្លូវ​ភេទ​តាម​អនឡាញ ក៏ដូចជា​ការ​គំរាម​បង្ហោះ​រូប​អាស​អាភាស​របស់​ក្មេង​តាម​រយៈ​ការ​លួងលោម​សុំ​រូប​ រួច​ធ្វើ​ការ​គំរាម​យក​លុយ»​។

របាយការណ៍​កាលពី​​ឆ្នាំ​កន្លង​មក អំពើ​រំលោភ​បំពាន​តាម​អនឡាញ មាន​ត្រឹមតែ ១ ឬ ២ ករណី​ប៉ុណ្ណោះ​ ខណៈ​បញ្ហា​បំពាន​គ្នា​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ឬ Cyber Bullying មាន ៥​ករណី​ ក្នុង​ឆ្នាំ​២០២១​។

យ៉ាងណាមិញ លោក​ សុខថៃ បាន​អះអាង​ថា វា​មិន​មែន​មាន​ន័យថា កន្លងមក​​មិនមាន​បញ្ហា​នេះ​​កើត​មាន​នោះទេ តែ​កម្រ​មាន​ការ​ខល​សុំ​ជំនួយ​​ទាំងករណី​បៀតបៀន​តាម​អ៊ីនធឺណិត និង​​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អនឡាញ។

អំឡុងពេល​ប្រតិបត្ដិការ​​រយៈ​ពេល​ ១៥ ​ឆ្នាំមក​​នេះបញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋដែល​ហៅ​ទូរស័ព្ទ​មក​កាន់​ Helpline ១២៨០ នេះ មាន​ការ​វិវត្ដ​ទៅ​តាម​កាល​វេលា។

​នាយក​ប្រតិបត្ដិ​អង្គការ បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ វា​ចាប់​ផ្ដើម​ផ្ទុះ​បញ្ហា​ក្មេង​ស្រី​រៀបការ​ទៅ​ចិន​ ហើយ​ក្រោយមក​ចន្លោះ​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០១៩ វា​កើត​ចេញ​ជា​រឿង​រំលោភ​បំពាន​តាម​អនឡាញ​ ដោយ​ក្មេង​ៗ​បៀតបៀន​​គ្នា​ ហៅ​គ្នា​ថតរូប​អាសអាភាស​ដើម្បី​យក​ទៅ​គំរាម​គ្នា​។

លោក​អះអាង​ថា​៖ «​ថ្មីៗ​នេះ វា​ផ្ទុះ​រឿង​លេង​ហ្គេម​អនឡាញ​ ដោយ​ការ​ចាប់​ជំរិត​គ្នា និង​លាង​លុយ​កខ្វក់​ផ្សេងៗ​។ បញ្ហា​ទាំង​​អស់​នេះ​សុទ្ធតែ​ទាក់ទង​យុវជន​»។

ថ្វីដ្បិតតែ​​លេខជំនួយ​នេះ​ជា​លេខ​​ខ្លីដូចគ្នា ដូចជា លេខ​ប៉ូលិស ១១៧ លេខ​ពេទ្យ ១១៩ និង ១១៥ ហើយ​លេខ​របស់​ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​ ១២៨៨​ ជាប្រភេទ​បណ្ដាញ​សង្គម​ផ្ដល់​សេវា​បន្ទាន់ តែ​លេខ Helpline ១២៨០ គ្រាន់តែ​ជា​ទូរស័ព្ទ​ជំនួយ​។

លោក​បាន​បញ្ជាក់​ថា​៖ «លេខ​របស់​រដ្ឋ​ទាំង​អម្បាលមាន​ខាងលើ​ជា​លេខ​តម្រូវ​ដោយច្បាប់ អាច​ធ្វើ​អន្ដរាគមន៍​ភ្លាមៗ និង​មាន​សិទ្ធិ​ចូល​ចាប់​ចង​ជន​ល្មើស [តាមដិការ​] ដល់​ក្នុង​ផ្ទះភ្លាម​ៗ។ ប៉ុន្ដែ​ខាង​ Helpline ១២៨០ គ្រាន់តែ​ផ្ដល់​ការ​គាំទ្រ​ផ្លូវ​ចិត្ដ ផ្ដល់​ការ​ពិគ្រោះ​យោបល់​ដោយ​មាន​វិជ្ជា​ជីវៈ​ និង​ផ្ដល់​ព័ត៌មាន ក៏ដូចជា​បញ្ជូន​បញ្ហា​ណាមួយ​ទៅកាន់​អាជ្ញាធរ​ ឬ​អង្គការ​សង្គម​ស៊ីវិល​ ហើយ​បុគ្គលិក​យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចុះ​អន្ដរាគមន៍​នៅ​ក្នុង​ផ្ទះ​ពលរដ្ឋ​បាន​ទេ»។

របាយ​ការណ៍​ឆ្នាំ​ ២០២១ និង​ឆ្នាំ ២០២២​

បញ្ហា​ផ្លូវ​ចិត្ដ​សង្គម​ចំនួន ៦៧០​នាក់ បញ្ហា​ទំនាក់ទំនង​ក្នុង​គ្រួសារ មាន ២០៦​ នាក់ សម្រាប់​របាយ​ការណ៍​ឆ្នាំ​២០២២ ​ហើយ​​ឆ្នាំ​២០២១ វិបត្ដិ​សុខភាព​ផ្លូវចិត្ដ​​ (Mental health) មាន​ចំនួន​រហូត​ដល់ ៧៧៩​ករណី និង​បញ្ហា​ក្នុង​គ្រួសារ​ ដែល​កើត​ពី​ការ​អន់​ចិត្ដ​ ខិង​សម្បា ឬ​សម្ពាធ​គ្រួសារ​ មានត្រឹម​ ១២៤​ករណី​។

​ខណៈបញ្ហា​ធំ​ទី២ក្នុង​ឆ្នាំ​២០២១ គឺ​អំពើ​ហិង្សា​ទូទៅ ​​ជា​ជម្លោះ​រវាង​មនុស្ស​ធំ​ និង​ហិង្សា​ផ្សេង​ៗ មាន​ចំនួន ១៣៥​ករណី អំពើ​ហិង្សា​ក្នុង​គ្រួសារ​កើត​ឡើង​ច្រើន​ជាង​គេ ដែលមាន​ ៤៦ ករណី អំពើ​ហិង្សា​លើ​កុមារ មាន ៣៧​ករណី សម្រាប់​របាយការណ៍​ឆ្នាំ​២០២២ ហើយ​នៅ​មាន​ការ​ជួញដូរ​មនុស្ស ៣​ ករណី​ បញ្ហា​ក្មេង​បម្រើ​ផ្លូវភេទ​ក្នុង​វិស័យ​ទេសចរណ៍​មាន ៤ ករណី និង​​កុមារ​​មាន​សារធាតុ​ញៀន​ចំនួន ៦ នាក់​ទៀត។

លោក សុខ​ថៃ បាន​ឱ្យ​ដឹង​ថា​៖ «​នៅ​ឆ្នាំ​២០២២ ​នេះ ​បញ្ហា​នៅ​សាលា​រៀន​មាន ៨០ ​នាក់ ដែល​​ជា​ការ​ដាក់​ពិន័យ​លើ​រាងកាយ ឈ្លោះ​ជាមួយ​គ្រូ ពិបាក​រៀន ពិបាក​ផ្ចង់​អារម្មណ៍ ពិបាក​ជ្រើសរើស​មុខ​វិជ្ជា​សិក្សា បញ្ហា​ក្មេង​បោះបង់​ចោលការ​សិក្សា ខ្វះ​ខាត​សម្ភារ​សិក្សា និង​ផ្ទះ​នៅ​ឆ្ងាយ​ រួមទាំង​ក្មេង​គេច​សាលា។ នេះ មាន​ចំនួន ៨៩ ​ករណី​ក្នុង​ឆ្នាំ​២០២១»។

លោក​បន្ដថា​៖ «​ជាទូទៅ យើង​ព្យាយាម​ប៉ាន់​ប្រមាណ​លើ​បញ្ហា​របស់​ពួកគាត់​ ហើយ​បើសិន​ជា​ពួកគាត់​មាន​តម្រូវការ​មូល​ដ្ឋាន​​ណាមួយ​ដែល​ត្រូវ​ការ​ជា​ធនធាន និងសម្ភារ យើង​បញ្ជូន​ពួកគាត់​ទៅ​អង្គការ​ដៃគូ​ដែល​ធ្វើ​ការ​លើ​ផ្នែក​អប់រំ​»។

​ឆ្នាំ​២០២២ នៅមានក្មេង​បាត់​ខ្លួន ៥ ករណី ​​អំពើ​ហិង្សា​លើ​ស្ដ្រី មាន ៤៨​ ករណី​ ហើយ​ក្រៅ​ពី​នោះ អ្នក​ហៅ​ទូរស័ព្ទ​ចូល​មក​ ១២៨០ ដើម្បី​សាក​សួរ​ព័ត៌មាន​អំពី​បញ្ហា​សុខភាព សេវា​អង្គការ​ដទៃ ចំណេះដឹង​ផ្នែក​ច្បាប់ និង​ចំណេះដឹង​ពាក់​ព័ន្ធ​ពលកម្ម​កុមារ​ផ្សេងៗ​ មាន​ ៤ពាន់​ករណី​។

ចំណែក​ឯ​របាយការណ៍​ឆ្នាំ ២០២១ ​​អំពើ​រំលោភ​បំពាន​ផ្លូវ​ភេទ ​​មាន ៣៨​ករណី ហើយ​បញ្ហា​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យ​ក្មេង​ចំនួន ៦​ករណី​។

​​នាយកប្រតិបត្តិ​អង្គការលោក សុខថៃ បាន​លើក​ឡើង​ថា​ អំឡុង​ឆ្នាំ​២០២១ ប្រជាជន​ខ្លះ ដែល​មិន​បាន​ទាក់ទង​ទៅ​លេខ​បន្ទាន់​របស់​ក្រសួង​សុខាភិបាល ១១៥ ក៏​បាន​តេ​ចូល Helpline ១២៨០ ដែល​រាយ​ការណ៍​ពីការ​ឆ្លង​ជំងឺ​កូវីដចំនួន ៤៥ ​ករណី​។ ការ​ហៅ​ទូរស័ព្ទ​ចូល​ខ្ពស់​ជាង​គេ គឺ​ការ​សាក​សួរ​ព័ត៌មាន​អំពី​ប្រធាន​បទ​ផ្សេងៗ​ មាន ៥ ៦៣៣​ ករណី​។

លោក​បាន​ប្រាប់​ថា​៖ «​យើង​បញ្ជូន​បន្ដ​ទៅកាន់​ស្ថាប័ន​ជំនាញ និង​ពាក់ព័ន្ធ​ វា​អាស្រ័យ​ទៅលើ​ករណី​ដែរ។ ជាក់ស្ដែង វាជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​ជន​រង​គ្រោះ​អាយុ​ចាប់ពី ១៨ ​ឆ្នាំ​ឡើង យើង​ត្រូវ​មាន​ការ​ឯកភាព​ពី​គាត់​ក្នុង​ការ​បញ្ជូន​ករណី​នេះ​បន្ដ​ទៅ​ស្ថាប័ន​ជំនាញ​។ បើ​គាត់​មិន​ស្ម័គ្រ​ចិត្ដ ឬយល់ព្រម​ យើង​ក៏​មិន​អាច​បញ្ជូន​ករណី​របស់​គាត់​បន្ដ​បាន​ឡើយ»​។

ជាទូទៅ​ បញ្ហា​ត្រូវ​បាន​បញ្ជូន​​បន្ដ​​មាន​ចន្លោះ​ពី​ ៥០ ទៅ ៧០​ករណី​ ​ដូចជា ការ​បញ្ជូន​ទៅកាន់​ស្ថាប័ន​ប៉ូលិស​ឱ្យ​ចុះ​ជួយ​អន្ដរាគមន៍ ឬ​តម្រូវការ​សេវា​ផ្លូវ​ច្បាប់​ទៅ​ស្ថាប័ន​ដៃគូ ខណៈ​បញ្ហា​បញ្ជូន​បន្ដ​ឆ្នាំ​២០២២ មាន​ត្រឹម​ ២០ ករណី​។

លោក​បាន​អះអាង​ថា​៖ «ចំពោះ​ករណី​ជនរង​គ្រោះ​អាយុ​លើសពី ១៨​ ឆ្នាំ​ដែល​មិន​ព្រម​ឱ្យ​យើង​បញ្ជូន​រឿង​របស់​ពួកគេ​ទៅកាន់​អាជ្ញាធរ យើង​នៅតែ​បញ្ជូន​ មានន័យថា យើង​ជា​ស្ថាប័ន​មួយ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​ខ្លួន​ឯង»​។

ចំពោះ​ករណី​រំលោភ​បំពាន​លើ​ក្មេង​អាយុ​ក្រោម​អាយុ ១៥​ឆ្នាំ ដែល​​ខល​មក​រក​ជំនួយ​ សំណុំ​រឿង​របស់​ពួកគេ​ត្រូវ​តែ​បញ្ជូន​​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ស៊ើប​អង្កេត​បន្ដ​ ទោះ​កុមារ​នោះ​មិន​ស្ម័គ្រ​ចិត្ដ​ក៏ដោយ​។

លោក​និយាយថា​៖ «​ទោះបីជា​គាត់​មិន​ឱ្យ​យើង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅស្ថាប័ន​ជំនាញ​យ៉ាង​ណាក៏​ដោយ ក៏​យើង​ត្រូវតែ​បញ្ជូន​ ដោយសារ​នៅ​ក្នុង​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​តម្រូវ​ឱ្យ​ស្ថាប័ន​ធ្វើការ​ជាមួយ​ក្មេង ត្រូវ​ដឹង​ថា វា​ជា​រឿង​ពិត យើង​ត្រូវតែ​បញ្ជូន ដើម្បី​ឱ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​បន្ដ និង​ចាប់​ខ្លួន​ជន​បង្ក»​។

លោក​បន្ថែមថា​៖ «ពាក់​ព័ន្ធ​ការ​រួមភេទ​ចំពោះ​បុគ្គល​អាយុ​លើស ១៥​ឆ្នាំ យើង​ត្រូវ​ពិភាក្សា​ជាមួយ​គាត់​សិន​ថា តើ​ករណី​នេះ​ជា​ការ​ចាប់​បង្ខំ ឬ​រំលោភ​ឬក៏អត់ ?​»។

ករណី​បញ្ជូន​បន្ដ​ដ៏​ស្មុគស្មាញ​

ស្ដ្រី​ជា​ម្ដាយ​ ​​មាន​កូន​ស្រី​តូច​ដែល​បាន​អះអាង​ថា ​ត្រូវបាន​ឪពុក​ធំ​ចាប់​រំលោភ​តាំងពីអាយុ ៣​ ឆ្នាំ បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​អត្ដសញ្ញាណ​ថា កូន​ស្រី​របស់​អ្នកស្រី​តែងតែ​ចង្អុល​មុខ​ជន​បង្ក​ជា​អ៊ំ​បង្កើត​ នៅពេល​ម្ដាយ​ដឹងថា ប្រដាប់​ភេទ​កូន​ស្រី​តូច​មាន​បញ្ហា​។

អ្នកស្រី បាន​ឱ្យ​ដឹង​ថា អ្នកស្រី​បាន​ប្រាប់​ហេតុការណ៍​នេះដល់​ស្វាមី​ និង​ម្ដាយ​ក្មេក​ដែល​រួម​រស់​នៅ​ផ្ទះ​ជាមួយ​គ្នា​។ ប៉ុន្ដែ​គ្មាន​នរណា​ជឿ​ និងបាន​ចោទ​អ្នក​ស្រី​ថា​ បាន​ធ្វើ​បាប​កូន​ស្រី​ខ្លួន​ឯង​ដើម្បី​ចោទ​ប្រកាន់​បង​ថ្លៃ​។

ស្ដ្រីដែល​ត្រូវបាន​ស្វាមី​ និង​សាច់ញាតិ​ខាង​ស្វាមី​បណ្ដេញ​ចេញ​ពី​ផ្ទះ​រូប​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ខ្ញុំ​បាន​ប្ដឹង​ដល់​អាជ្ញាធរ​ រួច​បន្ដ​ទូរស័ព្ទ​ទៅ​លេខ​ជំនួយ ១២៨០ និង​អង្គការ​អាដហុក​ថែម​ទៀត​។ ប៉ុន្ដែ​គិត​មក​ដល់​ពេល​នេះ​ វាមាន​រយៈ​ពេល​ជាង១​ឆ្នាំ​ហើយ​ ហើយ​ខាង​អង្គការ​ដែល​បាន​ជួយ​ជា​មេធាវី​ក៏​មិន​មាន​ចម្លើយ​អំពីករណី​នេះ​ដែរ ដោយសារ​ពួកគេ​និយាយថា វា​ធ្លាក់​ទៅដល់​ដៃ​តុលាការ​ហើយ​»។

​អ្នកស្រី បាន​បន្ថែ​មថា អ្នកស្រី​ចង់​បាន​យុត្ដិធម៌​ និង​មិន​ចង់​ឱ្យ​កូន​ស្រី​តូច​មាន​ដំបៅ​ផ្លូវចិត្ដ​នៅ​ពេល​ធំ​ដឹង​ក្ដី​នោះទេ​។ ដូច្នេះ អ្នកស្រី​ចង់​ឱ្យ​បណ្ដឹង​នេះ​ត្រូវបាន​ដោះ​ស្រាយ​ឆាប់​ចប់​។

អំពើរំលោភ​បំពាន​ផ្លូវ​ភេទ​មាន​ការ​កើន​ឡើង​អំឡុង​ពេល​បិទខ្ទប់​

រំឭក​ដល់​កាល​គ្រា​​​បិទខ្ទប់​ដោយសារ​ជំងឺ​រាត​ត្បាត​កូវីដ​ ១៩ ចំនួនទូរស័ព្ទហៅចូល​​មាន​ការ​កើន​ឡើង​ទាំង​ខ្សែ​បណ្ដាញ​របស់​រដ្ឋ និង​សង្គម​ស៊ីវិល​។ ដូចគ្នា​នេះ អង្គការ ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ១២៨០ ក៏​មាន​ការ​កើន​ឡើង ដោយ​ទូរស័ព្ទ​តែងតែ​រោទ៍​ជាប់​ជានិច្ច​ ដែល​ភាគ​ច្រើន​សម្ដែង​ការបារម្ភ​ ភ័យ​ខ្លាច​ និង​អស់​ស្បៀង​ជាដើម​។

លោក សុខ​ថៃ បាន​និយាយថា​៖ «​ទាក់​ទងបញ្ហា​នេះ អ្នក​ជំនាញ​ពិគ្រោះ​យោបល់​ព្យាយាម​ផ្ដល់​ប្រឹក្សា​ឱ្យ​ពួកគាត់​រក្សា​ចិត្ដ​ឱ្យ​ស្ងប់​ ហើយ​យើង​បញ្ជូន​ពួកគាត់​ទៅ​រក​គណៈកម្មការ​ស្បៀង​នៅ​ក្នុងពេល​​បិទខ្ទប់​។ អ្នក​ហៅ​ទូរស័ព្ទ​មក​សុទ្ធតែ​ទទួល​បាន​ការ​ផ្ដល់​ប្រឹក្សា​ផ្លូវ​ចិត្ដ និងថែទាំ​សុខភាព​អំឡុង​ពេល​ផ្ទុះ​ជំងឺ​រាត​ត្បាត​ ក៏ដូចជា​ជំរុញ​ឱ្យ​ទៅ​ចាក់​វ៉ាក់សាំង»។

ក្រោយ​បញ្ចប់​ការ​បិទខ្ទប់​ និង​បើក​ប្រទេស​ឡើង​វិញ ចំនួន​ការ​ហៅ​ទូរស័ព្ទ Helpline ក៏​នៅ​មាន​ច្រើន គ្រាន់តែ​ផ្លាស់​ប្ដូរ​ទិស​ដៅ​ទៅ​រក​បញ្ហា​សុខភាពបន្ដ​ពូជ វិបត្ដិ​ផ្លូវ​ចិត្ដ​ ដែល​កើត​ចេញ​ពី​បញ្ហា​ហិរញ្ញវត្ថុ​គ្រួសារ អំពី​ហិង្សា និង​ការរំលោភ​បំពាន​។

យ៉ាងណាមិញ បញ្ហា​រំលោភ​បំពាន​ផ្លូវ​ភេទ​អំឡុង​ឆ្នាំ​២០២១ មាន​ ៣៨​ករណី​ ខណៈ​អំឡុង​ពេល​បិទខ្ទប់​នៃ​ឆ្នាំ​២០២០ អំពើ​រំលោភ​បំពាន​ផ្លូវ​មាន​រហូត​ដល់ ៤៨​ករណី​។

​មិន​ខុស​ពី​មុន​កូវីដ ១៩ ចំនួន​ការ​ហៅ​ទូរស័ព្ទ​​មាន​ប្រមាណ​ ៣ ០០០​ដង​ក្នុង១​ខែ​ដដែល តែ​មាន​និន្នាការ​ផ្លាស់​ប្ដូរ​មួយ​គឺ​ក្មេង និង​យុវជន​ ចេះ​ប្រើ​បណ្ដាញ​សង្គម​ ជាមួយ​សារ​ជា​សំឡេង និង​ការ​សរសេរ​ជា​អក្សរ​។ ដូច្នេះ ពួកគាត់​​ប្រើ​ប្រាស់​ទាំង​បណ្ដាញ​ទូរស័ព្ទ និង​បណ្ដាញ​សង្គម។

លោក សុខ​ថៃ បាន​បន្ដថា​៖ «​បញ្ហា​ច្រើន​ជាង​គេ​ គឺ​វិបត្ដិ​ផ្លូវ​ចិត្ដ ស្ដ្រេស ជា​កត្ដា​ទទួល​សម្ពាធ​ពី​គ្រួសារ ដោយសារ​គ្រួសារ​រង​សម្ពាធ​បន្ដ ដូចជា ជំពាក់​បំណុល​ធនាគារ។ អំពើ​ហិង្សា​លើ​កុមារ​ ជាពិសេស ក្មេងស្រី និង​ស្ដ្រី បញ្ហា​រឿង​បំលោភ​បំពាន​ ហើយ​ក្រៅពី​នេះ ពួកគាត់​សាក​សួរ​ព័ត៌មាន​សុខភាព​ផ្លូវ​ចិត្ដ សុខភាព​រាងកាយ ការ​សិក្សា​ និង​ការងារ​ប្រចាំ​ថ្ងៃ​»៕