ភ្នំពេញៈ ​មនុស្ស​ជិត​ ៩០០ ​នាក់ បាន​ស្លាប់ និង​រងរបួស ដោយ​សារ​ធ្វើអត្តឃាត​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងនោះ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​។ នេះ​បើតាម​តារាង​ទិន្នន័យ​ស្ដីពី​គ្រោះថ្នាក់​សង្គម​ប្រចាំឆ្នាំ​ ២០២២​ ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​មន្ត្រី​ជំនាញ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។


​ទិន្នន័យ​នេះ​បាន​បង្ហាញថា​ «​មនុស្ស​ចំនួន​ ៨៧៣​ នាក់​បាន​ស្លាប់ និង​១៣​នាក់​ទៀត​បាន​រងរបួស ក្នុងនោះ​រាជធានី​ភ្នំពេញ ត្រូវបាន​កត់ត្រា​ថា មានការ​ធ្វើ​អត្តឃាត​ច្រើនជាងគេ​នៅក្នុង​ឆ្នាំនេះ ដោយមាន​ចំនួន ១២៣ ករណី ក្នុងនោះ​អ្នកធ្វើ​អត្តឃាត​ចំនួន​ ១១៩​ នាក់​បាន​ស្លាប់ និង​៤​នាក់​ទៀត​បាន​រងរបួស​»​។

​បន្ទាប់ពី​រាជធានី​ភ្នំពេញ ខេត្តបាត់ដំបង ត្រូវបាន​គេ​កត់ត្រា​ថា មាន​មនុស្ស​ ៧១ ​នាក់ បានធ្វើ​អត្តឃាត ក្នុងនោះ ​៦៤​ នាក់​បាន​ស្លាប់ និង ​៧​នាក់​ទៀត​រងរបួស ខណៈ​ខេត្តកំពង់ចាម​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​ ៣ ដែលមាន​ករណី​អ​ត្ឃា​ត​ច្រើន បន្ទាប់ពី​រាជធានី​ភ្នំពេញ​និង​ខេត្តបាត់ដំបង​នោះ ត្រូវបាន​គេ​កត់ត្រា​ថា មាន​មនុស្ស​ ៦៦​ នាក់​បានធ្វើ​អត្ត​​ឃាត ហើយ​គ្មាន​នរណាម្នាក់​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល​នោះទេ​។


​តាមរយៈ​តារាង​ទិន្នន័យ​ដដែល​នោះ ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​ ២៥ នៅ​ទូទាំង​ប្រទេស​កម្ពុជា​គឺមាន​តែ​ខេត្តរតនគិរី ប៉ុណ្ណោះ ដែល​ត្រូវបាន​គេ​កត់ត្រា​ថា មាន​ករណី​ធ្វើអត្តឃាត​តិចជាងគេ គឺមាន​ចំនួន​ ៦ ​ករណី ហើយ​ជនរងគ្រោះ​បាន​ស្លាប់​ទាំងអស់​។

​យោងតាម​របាយការណ៍​ព័ត៌មាន​ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​ពី​អាជ្ញាធរ​មូលដ្ឋាន​នាពេល​កន្លងមក បាន​បង្ហាញថា ជន​ធ្វើ​អត្ត​​ឃាត ភាគច្រើន​ធ្វើ​សកម្មភាព​សម្លាប់​ខ្លួនឯង ដោយ​ការចងក លេបថ្នាំ​ពុល លោតទឹក លោត​ពីលើ​អគារ ប្រើ​សាំង​ដុត​សម្លាប់ខ្លួន និង​ប្រើ​អាវុធ​បាញ់សម្លាប់​ខ្លួនឯង ហើយ​មូលហេតុ​នៃ​ការធ្វើអត្តឃាត ភាគច្រើន ជាប់​ពាក់ព័ន្ធ​នឹង​បំណុល​ច្រើន​ហួសប្រមាណ បាក់​ទឹកចិត្ត ព្រោះ​ស្នេហា​ប្រេះឆា និង​ក្រោម​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រ៉ាំរ៉ៃ ឬ​វិកលចរិត ដោយសារ​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​។


«​រាល់​ការធ្វើអត្តឃាត គឺជា​សោកនាដកម្ម ដែល​ជះឥទ្ធិពល​យូរអង្វែង​លើ​អ្នក​រស់រានមានជីវិត រួមទាំង​ក្រុមគ្រួសារ សហគមន៍ និង​ប្រជាជាតិ​ទាំងមូល​។ វា​ជា​មូលហេតុ​ធំ​បំផុត​ទី​ ៤ ​នៃ​ការស្លាប់​នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម​អ្នក​ដែលមាន​អាយុ​ពី ​១៥-២៩ ​ឆ្នាំ​»​។ នេះ​បើតាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO)​។​

​របាយការណ៍​នោះបាន​គូសបញ្ជាក់ថា ទោះបីជា​មានការ​ជាប់ទាក់ទង​គ្នា​ខ្លាំង​រវាង​ជំងឺផ្លូវចិត្ត និង​ការធ្វើអត្តឃាត​នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ ជាពិសេស​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​ហួសប្រមាណ​ក៏ដោយ ក៏​ការធ្វើអត្តឃាត​ភាគច្រើន​កើតឡើង​ដោយ​អន្ទះអន្ទែង​ក្នុង​គ្រា​មាន​វិបត្តិ ដោយ​​សារ​ការបែកបាក់​នៃ​យន្តការ​ទប់ទល់​នឹង​ភាព​តានតឹង​ក្នុង​ជីវិត ដូចជា ការឈឺចាប់​រ៉ាំរ៉ៃ និង​ជំងឺ រួមទាំង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ និង​ការបែកបាក់​ទំនាក់ទំនង​ជាដើម​។

​បើតាមអង្គការ​ WHO ករណី​ធ្វើអត្តឃាត​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដែល​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ​មក​។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា ករណីនេះ​បាន​ផ្ទុះឡើង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​២០១៨ ដោយមាន​អ្នកស្លាប់​ក្នុងករណី​ធ្វើអត្តឃាត​ចំនួន ៨៣៦ ​នាក់ ស្មើនឹង​ ១,០២​ ភាគរយ​នៃ​ចំនួន​អ្នកស្លាប់​ដោយ​ជំងឺមិនឆ្លង​ ១​ សែន​នាក់​។

​ទន្ទឹមនឹងនេះ គេ​ក៏​ពុំ​ឃើញ​មាន​ប្រទេស​ណាមួយ​នៅក្នុង​ពិភពលោក​អះអាងថា បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ជោគជ័យ​នៅឡើយ​ទេ​។​

​យ៉ាងណាក៏ដោយ លោក សេក សុជាតិ ស្ថាបនិក​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត ​(MDO)​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការរង​នូវ​សម្ពាធ​អយុត្តិធម៌​សង្គម និង​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ជា​កត្តា​ជំរុញ​ឱ្យ​បុគ្គល​មួយចំនួន​ជាប់គាំង​ផ្នែក​គំនិត ហើយ​ឈានទៅរក​ការកើតមាន​ជំងឺ​​ធ្លាក់​ទឹកចិត្ត ហើយ​បើ​ធ្ងន់ធ្ងរ អ្នកជំងឺ​បាត់​បង់​ភាពម្ចាស់ការ​លើ​ខ្លួនឯង ហើយ​គិត​ចង់​ធ្វើ​អ្វីមួយ​ដែល​ខ្លួន​ចង់​ធ្វើ​ដោយ​ចិត្តអន្ទះសា​មិន​ខ្វល់​អំពី​ជីវិត​ខ្លួនឯង​ហើយ​នឹកឃើញ​ចង់​ធ្វើអត្តឃាត​។

​លោក​បាន​បញ្ជាក់ថា​៖ «​កង្វះ​យន្តការ​អប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ក៏​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឱ្យ​មនុស្ស​ភាគច្រើន​ងាយ​នឹង​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​...​ឈានទៅរក​ការធ្វើអត្តឃាត ដូច្នេះ​ដំណោះស្រាយ​ចាំបាច់ និង​បន្ទាន់​នោះ​គឺ​ការរៀបចំ​យន្តការ​បញ្ជ្រាប​ការអប់រំ​ពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​និង​ការផ្ដល់​ការ​គាំពារ​ផ្នែក​សុខភាព សង្គម និង​សេដ្ឋ​​កិច្ច ឱ្យដល់​សហគមន៍​មូលដ្ឋាន​»​។​

​ចំណែក​លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា អ្នកឯកទេស​វិកល​វិទ្យា​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នកជំងឺ​វិកលចរិត​រ៉ាំរ៉ៃ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ ដោយសារ​កង្វះ​ការលើកទឹកចិត្ត ភាពក្រីក្រ ឬ​ការ​ទទួលរង​នូវ​អំពើហិង្សា​នានា ច្រើន​ហួសប្រមាណ និង​ការរើសអើង​ក៏​ជា​កត្តា​ជំរុញឱ្យមាន​អំពើ​អត្តឃាត​ផងដែរ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការដឹង​ខ្លួន​ជាមុន​ថា មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ហើយ​ទៅ​ប្រឹក្សា​រក​ដំណោះស្រាយ​នៃ​បញ្ហា ដែល​កំពុង​កើតមាន ឬ​ទទួលយក​ការព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​គឺជា​រឿង​សំខាន់បំផុត​ដែល​អ្នកជំងឺ​អាច​គ្រប់គ្រង​ភាព​តានតឹង និង​ថប់​​អារម្មណ៍​របស់ខ្លួន​បាន ជាពិសេស អាណា​ព្យាបាល ឬ​សមាជិកគ្រួសារ ត្រូវ​ផ្ដល់​កម្លាំងចិត្ត និង​លើកទឹកចិត្ត​ដល់​អ្នកជំងឺ​ឱ្យទទួល​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​»​។​

​បើតាម​លោក សុ​បុត្រា បច្ចុប្បន្ន ការ​ស្វែង​​យល់​អំពី​បញ្ហា​សុខភាព ជាពិសេស​សុខភាព​ផ្លូវចិត្ត​របស់​ពលរដ្ឋ​ខ្មែរ នៅមានកម្រិត​នៅឡើយ ដែល​ទាមទារ​ឱ្យ​គ្រប់​អង្គភាព​និង​ស្ថាប័ន​ជំនាញ​ទាំងអស់​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​សុខ​ភាព ត្រូវ​បង្កើន​កិច្ចសហការ អប់រំ​ផ្សព្វផ្សាយ និង​ចែករំលែក​បទពិសោធន៍ ចំណេះដឹង​ជា​មូលដ្ឋាន​នៃ​ការថែទាំ​សុខភាព​រាងកាយ និង​ផ្លូវចិត្ត ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យបាន​ទូលំ​លាយ និង​ប្រកបដោយ​បរិ​យា​ប័ន្ន​៕