​ខេត្តបាត់ដំបង ខេត្តបាត់ដំបង នឹង​រៀបចំ​ការបង្ហាញ​ពិព័រណ៍​មុខម្ហូប​ខ្មែរ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ដើម្បី​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលមក​កម្សាន្ត​ក្នុង​ខេត្តបាត់ដំបង​។​ នេះ​បើតាម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង ​កាលពី​ថ្ងៃ​ទី​ ២១ ​ខែធ្នូ​ កន្លងទៅ​។​


អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​លោក នូ ថា ថ្លែងថា ការរៀបចំ​បង្ហាញ​ពិព័រណ៍​មុខម្ហូប​ខ្មែរ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នេះ គឺ​ដោយសារ​ខេត្តបាត់ដំបង គឺជា​ខេត្ត​មួយ​ដែលមាន​ប្រវត្តិសាស្ត្រ វប្បធម៌ ទំនៀមទម្លាប់​យ៉ាង​សម្បូរបែប​តាំងពីដើម​មក​។​


លោក​បន្ថែមថា​៖«​អ្វីដែល​ជាការ​កត់សម្គាល់​មួយ គឺ​ភ្ញៀវទេសចរ​ភាគច្រើន ជាពិសេស​ភ្ញៀវទេសចរ​ក្នុងស្រុក ពេលដែល​ឮឈ្មោះ​បាត់ដំបង គេ​តែងតែ​នឹកឃើញ​ដល់​បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ី​សាមុត ដែល​បាន​រៀបរាប់​ពីមុខ​ម្ហូបចំណី អាហារ ដ៏​ឈ្ងុយឆ្ងាញ់ ដែល​អ្នកនិពន្ធ បាន​ចងក្រង​ពី​ប្រវត្តិ​មុខម្ហូប​ដ៏​ពេញនិយម​និង​ឈ្ងុយឆ្ងាញ់​ដូចជា​អា​ម៉ុក​ត្រី​ផ្អកត្រីប្រៃ​ណែម​ត្រី​ក្រូចពោធិ៍សាត់ និង​ដូងខ្ទិះ​ជាដើម​»​។​


លោក​បញ្ជាក់ថា ពិ​ព័រ​ណ៌​នេះ​ឆ្លុះបញ្ចាំង និង​បង្ហាញ​ពី​អត្តសញ្ញាណ ស្នាដៃ​ចម្អិនម្ហូប​អាហារ​របស់​អ្នក​បាត់ដំបង រហូត​ពេលខ្លះ​បាន​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ ឱ្យ​មកលេង​កម្សាន្ត ដើម្បី​បាន​ភ្លក្ស និង​ស្គាល់​រសជាតិ និង​មុខម្ហូប​ខ្លះៗ​ផងដែរ​។​

លោក នូ ថា ថ្លែង​ទៀតថា​៖ «​នេះ​ជា​ព្រឹត្តិការណ៍​មួយ ដែល​យើង​ធ្វើ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​ជាពិសេស​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​យើង​បង្ហាញ​ពី​សមិទ្ធផល​ម្ហូប​ខ្មែរ​យើង ដែល​បន្សល់ទុក​ពីមុន​ដូនតា​យើង​មក​អ៊ីចឹង​។ ហើយ​យើង​នឹងធ្វើ​ការផ្សព្វផ្សាយ​ថា​ម្ហូប​នេះ ជា​ម្ហូប​អ្នក​ខេត្តបាត់ដំបង យើង​ផ្សព្វផ្សាយ​ទៅកាន់​ភ្ញៀវទេសចរ​អន្តរជាតិ ដើម្បី​ទាក់ទាញ​»​។​

​លោក​បន្ថែមថា ចំពោះ​ការយក​ម្ហូប​ខ្មែរ​មក​តាំង​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ម្ហូបអាហារ​នេះ គឺមាន​ការរៀបចំ និង​ជា​ស្នាដៃ​របស់​ប្រជាពលរដ្ឋ សហគមន៍​ទេសចរ និង​តាម​បណ្ដា​ស្ថាប័នរដ្ឋ​ផងដែរ​។​ក្រៅពី​ពិ​ព័រ​ណ៌​ម្ហូបអាហារ បាត់ដំបង​ក៏​នឹង​គ្រោង​រៀបចំ​ឱ្យមាន​ការដាក់​តាំងពិព័រណ៍ ផលិតផល ការសម្តែង​សិល្បៈ​របាំ​ប្រពៃណី និង​របាំ​ប្រជាប្រិយ ការសម្តែង​សៀក របស់​អង្គការ​ហ្វា​ពន្លឺ​សិល្បៈ​កម្ពុជា ការប្រគុំ​តន្ត្រី​ខ្នាតតូច​-​ធំ និង ការអុច​កាំជ្រួច ឆ្លង​ឆ្នាំ​នៅ​រាត្រី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២២​ជាដើម​។​

លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែងថា​គ្រប់​អាជ្ញាធរ​ក្រុង និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ទាំងអស់ នឹងធ្វើ​ការចុះ​ពិនិត្យមើល​ទីតាំង​ត្រៀម​រៀបចំ​ការដាក់​តាំង​បង្ហាញ​ពិព័រណ៍​មុខម្ហូប​ខ្មែរ របស់​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ដែល​ល្បីល្បាញ ដើម្បី​បង្ហាញជូន​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​នឹង​មក​ចូលរួម​លេង​កម្សាន្ត​នៅទីនេះ នាឱកាស​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំថ្មី ឆ្នាំ​សកល​។​

ការត្រៀម​រៀបចំ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២២ ឈាន​ចូលឆ្នាំថ្មី​២០២៣ រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៣០-៣១ ខែធ្នូ ឆ្នាំ​២០២២ ដោយ​កំណត់​យក​ទីតាំង​ខាងមុខ​សាលាខេត្ត បរិវេណ​មន្ទីរ​ទេសចរណ៍​ខេត្ត តាម​ដងផ្លូវ​ភ្លោះ​ចាប់ពី​ស្ពានថ្ម​ថ្មី​១៣​មករា ខាងមុខ​សាលាខេត្ត​ចាស់​រហូតដល់​សួនច្បារ​ស្តុ​ប​សួន​យុវ័ន ក្នុង​សង្កាត់​រតនៈ ក្រុង​បាត់ដំបង​៕