ភ្នំពេញៈ មនុស្ស ១៣ នាក់ និងកាណូតចំនួន ៣ គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បង្ក្រាបចាប់បានភ្លាមៗក្នុងពេលកំពុងធ្វើសកម្មភាពនេសាទត្រីតាមដងទន្លេសាបកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ នៅចំណុចភូមិដូនវៀត ឃុំពាមឆ្កោក ស្រុកជលគិរី ដោយប្រើប្រាស់ឧបករណ៍នាមខុសទីតាំងដែលត្រូវបានស្នើសុំការអនុញ្ញាតពីមន្ត្រីជំនាញ។ នេះបើតាមសម្ដីមន្ត្រីជលផល។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការឃាត់ខ្លួនក្រុមប្រជានេសាទទាំងនោះ ដោយសារពួកគេចូលមកនេសាទត្រី ដោយប្រើឧបករណ៍នាម ក្នុងទីតាំងភូមិសាស្ត្រនៃខេត្តកំពង់ឆ្នាំង ខណៈលិខិតអនុញ្ញាតធ្វើអាជីវកម្ម ដែលពួកគាត់ទទួលបានពីសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល គឺពួកគាត់មានសិទ្ធិប្រកបអាជីវកម្មនេសាទត្រីដោយប្រើឧបករណ៍នាម បានតែនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖«ច្បាប់គឺអនុញ្ញាតឱ្យអ្នកនេសាទប្រើប្រាស់ឧបករណ៍នាម ប៉ុន្តែនៅក្នុងរង្វង់ទីតាំងដែលត្រូវបានអនុញ្ញាតឱ្យធ្វើអាជីវកម្មប៉ុណ្ណោះ។ ករណីនេះ គឺពួកគាត់បានធ្វើសកម្មភាពនេសាទ ដោយបំពានចូលមកក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខណៈលិខិតអនុញ្ញាតរបស់ពួកគាត់ គឺនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល»។
បើតាមលោក លី ឡា ប្រជានេសាទទាំង១៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ អនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគាត់វិញហើយ បន្ទាប់ពីបានយល់ព្រមបង់ផាកពិន័យក្នុង១កាណូត២លានរៀល។
ទន្ទឹមជាមួយគ្នានេះ លោកបានប្រាប់ឱ្យដឹងទៀតថា នៅក្នុងរដូវនេសាទត្រីដ៏មមាញឹកនេះ បទល្មើសនេសាទបានកើតឡើងជាញឹកញាប់នៅតាមដងទន្លេសាប និង តំបន់ស្ទឹង បឹង ព្រែកនានានៅទូទាំងខេត្តកំពង់ឆ្នាំង ដោយជនប្រព្រឹត្តបទល្មើសភាគច្រើន បានលួចប្រើប្រាស់របាំងសាច់អួន របាំងស្បៃមុង និង លូសាច់អួនប្រវែងលើសច្បាប់កំណត់ដាក់ពង្រាយរាំងភ្ជិតស្ទឹង ព្រែក រាំងស្ទះដល់ចរាចរណ៍ត្រី។ មិនតែប៉ុណ្ណោះក៏មានករណី លបលួចធ្វើនេសាទក្នុងកន្លែងអភិរក្សផងដែរ។
លោក បានបញ្ជាក់ថា៖ «យ៉ាងណាក៏ដោយក្នុងយុទ្ធនាការបង្ក្រាបបទល្មើសជលផលប្រចាំឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចជំនាញបានចុះបង្ក្រាបបទល្មើសនេសាទបាន២៤៨ករណី ដោយបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២៦នាក់ និងបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការចំនួន១៤នាក់ ខណៈ១១នាក់ទៀតត្រូវបានអប់រំនិងផាកពិន័យគិតជាប្រាក់សរុប ៧៦, ៥លានរៀល»។
លោកបានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសប្រចាំឆ្នាំ២០២២នេះ សមត្ថកិច្ចបានធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងបទល្មើស២២១ករណី រួមមានបទល្មើសនេសាទដោយប្រើរបាំងសាច់អួន៨៧ករណី ស្ថិតក្នុងទីតាំង៤២៦កន្លែង មានប្រវែងសរុប៣ ៤៣៨០ម បទល្មើសនេសាទដោយប្រើរបាំងស្បៃមុង១០២ករណី ស្ថិតក្នុងទីតាំង៧៨៨កន្លែង មានប្រវែងសរុប៣២ ៣១០ម បទល្មើសនេសាទដោយប្រើរបាំងរាំងភ្ជិតព្រែក៣ករណី ស្ថិតនៅទីតាំង១៤កន្លែង មានប្រវែងសរុប៣៦៥ម និងបទល្មើសនេសាទដោយប្រើសម្រាស់២៩ករណី ស្ថិតនៅក្នុងទីតាំង១៧៧កន្លែង មានទំហំសរុប២ ៤១៨០ម៉ែត្រក្រឡា និងរុះរើបង្គោលសម្រាស់សរុប ចំនួន៣ ៧៧៥០ដើម និងបានចាក់លែងកូនត្រីចម្រុះប្រភេទចំនួន៤ ៤៦៥គីឡូក្រាម។
ជាមួយគ្នានេះបានធ្វើការដកហូតវត្ថុតាងមួយចំនួនទៀតទុកជាសម្បត្តិរដ្ឋ រួមមានអាំងវែទ័រ១គ្រឿង ទូកបាឡាស្មាច់ភ្ជាប់ម៉ាស៊ីនហាយឡែនឌ័រ២គ្រឿង គោយន្ត៦គ្រឿង រ៉ឺម៉កសណ្ដោងគោយន្ត៥គ្រឿង ម៉ាស៊ីនបូមទឹក៤គ្រឿង ទុយោទឹកប្រវែង១៣ម៉ែត្រ រថយន្តស្ទូច១គ្រឿង និងរថយន្តដឹកទំនិញ ១គ្រឿង៕