ភ្នំពេញៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​៤.០ ​លោក ​ហ៊ុន ​ម៉ានី ​អះអាងថា​ កម្មវីធី ​«ផ្សារ​បច្ចេកវិទ្យា​ខ្មែរ» ​(Khmer Tech Market) ​ជា​ថ្នាល​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ​ក្នុង​ការផ្គូផ្គង ​រវាង​ផ្នែក​តម្រូវការ ​និង​ផ្នែក​ផ្គត់ផ្គង់ ​លើ​សេវាកម្ម​បច្ចេកវិទ្យា ​វិទ្យាសាស្ត្រ ​និង​វិស្វកម្ម ​ក៏ដូចជា​ផ្ដល់​ឱកាស​ដល់​អ្នកជំនាញ ​និង​អ្នកបច្ចេកទេស ​ដែលមាន​ទេពកោសល្យ​ល្អ​ ក្នុង​ការផ្សព្វផ្សាយ​អំពី​សេវា​របស់​ខ្លួន ​និង​ងាយស្រួល​ស្វែងរក​ទីផ្សារ​។​


ការអះអាង​របស់​លោក​ហ៊ុន ម៉ានី ​ធ្វើឡើង​ក្នុង​ពិធី​អបអរសាទរ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ “ផ្សារ​បច្ចេកវិទ្យា​ខ្មែរ”​ (Khmer Tech Market) ​កាលពី​ថ្ងៃទី​២១ ​ខែធ្នូ ​ឆ្នាំ​២០២២ ​នៅ​អគារ ​The Kampus​។​

លោក​ហ៊ុន ម៉ានី ​សម្តែង​ការអបអរសាទរ​ និង​កោតសរសើរ​ចំពោះ​អ្នក​អភិវឌ្ឍន៍​(Developers) ​ថ្នាល​បច្ចេកវិទ្យា​នានា​ ទាំង​ក្រោម​ទម្រង់​ជា​គេហទំព័រ ​កម្មវិធី​ទូរស័ព្ទ ​កម្មវិធី​កុំព្យូទ័រ ​និង​ទម្រង់​ផ្សេងៗ​ទៀត ​ដែល​បាន​ចូលរួម​ធ្វើឱ្យ​កម្ពុជា​មាន​ការរីក​ចម្រើន​លើ​ទិដ្ឋភាព​ប្រព័ន្ធ​អេកូឡូស៊ី ​កាន់​តែ​មាន​លក្ខណៈ​ប្រទាក់​ក្រឡា ​ចងភ្ជាប់​គ្នា ​បម្រើ​ដល់​សកម្មភាព​សង្គម​-សេដ្ឋកិច្ច​ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ជា​ជំនួយ​។​


លោក​ថ្លែងថា​៖«ថ្ងៃនេះ ​យើង​បាន​បង្កើត​សមិទ្ធផល​ថ្មី​មួយ ​ក្នុង​ការបោះ​ជំហាន​ទៅមុខ​ក្នុង​វិស័យ​ឌីជីថល ​ដែល​កើតចេញ​ពី​គំនិត​ច្នៃប្រឌិត​ និង​ការរចនា​របស់​អ្នកជំនាញ​ខ្មែរ ​ហើយ​ផ្សារ​បច្ចេកវិទ្យា​ខ្មែរ ​នឹង​ក្លាយជា​ថ្នាល​ឌីជីថល ​ដែល​ប្រមូលផ្ដុំ​គ្រប់​ភាគី​ពាក់ព័ន្ធ ​ក្នុង​ការផ្ដល់​ដំណោះស្រាយ​ឌីជីថល ​សម្រាប់​អាជីវកម្ម ​ការបំពេញ​ការងារ ​និង​សកម្មភាព​សេដ្ឋកិច្ច​-សង្គម»។​

បើ​តាម ​លោក​ហ៊ុន ម៉ានី ​ផ្សារ​បច្ចេកវិទ្យា​ខ្មែរ​ត្រូវបាន​អភិវឌ្ឍ​ក្នុង​គោលបំណង​សំខាន់​២ ​រួមមាន ​ការដើរ​តួ​ជា​ថ្នាល​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ​ដែល​អនុញ្ញាតឱ្យ​មាន​ការផ្គូផ្គង​ រវាង​ផ្នែក​តម្រូវការ ​និង​ផ្នែក​ផ្គត់ផ្គង់ ​លើ​សេវាកម្ម​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ​ និង​វិស្វកម្ម ​ដើម្បី​ផ្ដល់​គុណ​តម្លៃ​បន្ថែម​ដល់​អ្នក​ដែលមាន​ទេពកោសល្យ​ក្នុង​ស្រុក​។


គោល​បំណង​មួយទៀត ​គឺ​ការដើរតួ​ជា​ថ្នាល​ឌីជីថល ​សម្រាប់​ការបង្កើត​នូវ​តម្រូវការ​ថ្មីៗ ​ដើម្បី​ផ្ដល់​ឱកាស​ដល់​អ្នកជំនាញ​ និង​អ្នកបច្ចេកទេស​ផ្នែក​បច្ចេកវិទ្យា​ វិទ្យាសាស្ត្រ ​និង​វិស្វកម្ម ​នៅ​កម្ពុជា ​ដែលមាន​ទេពកោសល្យ​ល្អ ​ក្នុង​ការផ្សព្វផ្សាយ​អំពី​សេវា​របស់​ខ្លួន ​និង​ងាយស្រួល​ស្វែងរក​ទីផ្សារ​។​

លោក​អាំង សុវណ្ណរ័ត្ន​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ​៤.០ ​បញ្ជាក់ថា ​ថ្នាល​ផ្សារ​បច្ចេកវិទ្យា​ខ្មែរ​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​អ្នក​ប្រើប្រាស់ ​ទាំង​អ្នកផ្គត់ផ្គង់​សេវា ​និង​អតិថិជន​ដែលមាន​តម្រូវការ​។ ក្នុងនោះ​ មាន​ដូចជា ​មាន​មុខងារ​ផ្គូផ្គង​ រវាង​ផ្នែក​តម្រូវការ ​និង​ផ្នែក​ផ្គត់ផ្គង់ ​ផ្ញើ​សារ​ទៅវិញ​ទៅមក​នៅលើ​ថ្នាល ​មាន​ការជូនដំណឹង​ (Notification) ​មិនមាន​ការបង់ប្រាក់​ប្រចាំខែ ​មិនមាន​ការបង់ប្រាក់​សមាជិកភាព ​បង្ហោះ​សេវាកម្ម ​និង​ការងារ ​ដោយ​គ្មាន​ដែន​កំណត់ ​និង​ឥត​គិតថ្លៃ​ និង​ងាយស្រួល​ប្រើប្រាស់ ​ទាំង​សម្រាប់​អ្នកផ្គត់ផ្គង់ ​និង​អ្នកមាន​តម្រូវការ​។​

លោក​សុវណ្ណរ័ត្ន​បន្តថា​៖«តួអង្គ​ដែលជា​អ្នកផ្គត់ផ្គង់​នៅ​ក្នុង​ថ្នាល​ផ្សារ​បច្ចេកវិទ្យា​ខ្មែរ​អាច​មាន​ជា​លក្ខណៈ​ក្រុមហ៊ុន ​អ្នកធ្វើការ​ឯករាជ្យ​(Freelancer) ​អាចជា​និស្សិត ​អ្នក​កំពុង​បំពេញ​ការងារ ​និង​អ្នកគ្មាន​ការងារ​ធ្វើ​ជាដើម។ ​ដោយឡែក ​តួអង្គ​ដែល​ជា​អ្នកមាន​តម្រូវការ ​អាចជា​សាធារណជន​ទូទៅ ​ស្ថាប័នរដ្ឋ ​ស្ថាប័ន​ឯកជន ​និង​អង្គការ​ផង​ដែរ»។​

សូម​បញ្ជាក់ថា ​មជ្ឈមណ្ឌល​កម្ពុជា ​៤.០ ​ផ្តល់នូវ​«លម្ហ»​(Space) ​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការជំរុញ​ឌីជីថ​លូប​នីយកម្ម ​ដែល​តាមរយៈ​ផ្សារ​បច្ចេកវិទ្យា​ខ្មែរ​មជ្ឈមណ្ឌល​កម្ពុជា ​៤.០ ​នឹង​បង្កើត​នូវ​លម្ហ ​សម្រាប់​ការផ្គូផ្គង ​រវាង​អ្នកមាន​តម្រូវការ ​និង​អ្នកផ្គត់ផ្គង់​ឱ្យបាន​ជួបគ្នា ​ដោះដូរ​សេវា ​និង​ប្រតិបត្តិការ​ការងារ៕