ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងសម្រាប់គម្រោងចំនួន ៦ ដែលមានតម្លៃសរុប ៣៦១,៤ លានដុល្លារ។ ពិធីនេះ បានធ្វើឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងនាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា គឺ លោកស្រី Jyotsana Varma។
កិច្ចព្រមព្រៀងថ្មីទាំងនេះ បានធ្វើឱ្យប្រាក់កម្ចី និងជំនួយឥតសំណងសរុបដែលបានចុះកិច្ចព្រមព្រៀងក្នុងឆ្នាំ២០២២នេះ មានចំនួន៥៧៦,៣លានដុល្លារ ដែលក្នុងនោះ១៦៣,៧លានដុល្លារជាសហហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត។
គម្រោងថ្មីខាងលើនឹងជួយជំរុញការអប់រំផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា(STEM)នៅកម្ពុជា ពង្រីកសេវាថែទាំសុខភាពនៅតាមតំបន់ព្រំដែន ពន្លឿនអន្តរកម្មថាមពលស្អាតរបស់ប្រទេសពង្រឹងពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង និង គាំទ្រដល់ផលិតកម្មបសុសត្វនិងជលផលសមុទ្រប្រកបដោយអាកាសធាតុឆ្លាតវៃ (climate smart)។
នៅក្នុងពិធីនោះ លោកស្រី Jyotsana Varma ថ្លែងថា៖«គម្រោងទាំង៦ ដែលបានចុះហត្ថលេខាថ្ងៃនេះ នឹងគាំទ្រដល់អាទិភាពនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសកម្ពុជាស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ គម្រោងទាំងនេះនឹងគាំទ្រប្រព័ន្ធសុខាភិបាល និងការអប់រំរបស់កម្ពុជា ក្នុងការពង្រឹងធនធានមនុស្ស ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈដំណោះស្រាយកាត់បន្ថយ និងបន្សាំ ព្រមទាំងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេស»។
លោកស្រី Jyotsana Varma ថ្លែងថា គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការអប់រំ មធ្យមសិក្សាទុតិយភូមិ ដែលមានទឹកប្រាក់៧០លានដុល្លារ នឹងជួយកម្ពុជា អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ STEM ខណៈដែលប្រទេសនេះប្រាថ្នាចង់ប្រែក្លាយខ្លួនទៅជាសេដ្ឋកិច្ច ដែលជំរុញដោយបច្ចេកវិទ្យា ជាមួយចំណេះដឹងជាមូលដ្ឋាន។ គម្រោងនេះ មានគោលបំណងបង្កើនប្រសិទ្ធភាព ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ និងសំដៅជំរុញឱ្យមានការចុះឈ្មោះចូលរៀនខ្ពស់នៅក្នុងសាលាជំនាន់ថ្មី ជាពិសេសក្នុងចំណោមកុមារី។
ចំណែកគម្រោងសុខភាពតំបន់ព្រំដែន នៃមហាអនុតំបន់មេគង្គ(GMS)កម្ពុជា ដែលមានទឹកប្រាក់៣២,៥លានដុល្លារ ត្រូវបានគេរំពឹងថា នឹងជួយពង្រីកសេវាសុខភាពឱ្យបានដល់ពលករចំណាកស្រុកជាច្រើនពាន់នាក់ ដែលងាយរងគ្រោះនឹងហានិភ័យសុខភាពទូទៅនិងសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។ គម្រោងនេះ ក៏នឹងធ្វើការសាកល្បង លើការធានារ៉ាប់រងផ្នែកសុខភាព ដែលមានតម្លៃទាបសម្រាប់ពលករចំណាកស្រុក និងពង្រឹងការប្រើប្រាស់សេវាសុខាភិបាល ក្នុងចំណោមអ្នកជំងឺ ដែលមិនត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតផងដែរ។
កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពល ដែលមានទឹកប្រាក់៧៣លានដុល្លារមានរួមបញ្ចូលនូវកំណែទម្រង់គោលនយោបាយ និងការវិនិយោគគម្រោង ដែលនឹងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនផលចំណេញ និងត្រួសត្រាយផ្លូវសម្រាប់ការវិនិយោគពីវិស័យសាធារណៈ និងឯកជន ក្នុងបច្ចេកវិទ្យាថ្មីសំខាន់ៗ ដូចជាប្រសិទ្ធភាពថាមពលនិងថ្មផ្ទុក។ កម្មវិធីនេះ ក៏នឹងកំណត់គោលដៅថាមពលស្អាតសម្រាប់ប្រទេស និងរួមបញ្ចូលផែនការអភិវឌ្ឍន៍ថាមពល និងប្រើប្រាស់ថាមពលប្រសើរជាងមុន ទៅក្នុងវិស័យនានារួមទាំងហេដ្ឋារចនាសម្ព័ន្ធចម្បងៗដែលធន់នឹងអាកាសធាតុផងដែរ។
កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដែលមានទឹកប្រាក់៥០លានដុល្លារនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតនៅកម្ពុជាដើម្បីធ្វើកំណែទម្រង់ការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូច និងមធ្យម និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។ កម្មវិធីនេះនឹងគាំទ្រសហគ្រាសខ្នាតតូចនិងមធ្យមថ្មីចំនួន៥0 000 ដើម្បីចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។
គម្រោងកែលម្អសុខភាព និងខ្សែចង្វាក់តម្លៃបសុសត្វឆ្លងព្រំដែន ក្នុងមហាអនុតំបន់មេគង្គ(GMS) ដែលមានទឹកប្រាក់ ៦២,៩លានដុល្លារ នឹងជួយលើកកម្ពស់ផលិតកម្មបសុសត្វ ប្រកបដោយអាកាសធាតុឆ្លាតវៃ និងកែលម្អនិរន្តរភាពខ្សែចង្វាក់តម្លៃបសុសត្វ។ គម្រោងនេះមានគោលដៅបង្កើនពាណិជ្ជកម្មផ្លូវការក្នុងតំបន់សម្រាប់ផលិតផលបសុសត្វនិងបសុសត្វជាមួយប្រទេសជិតខាង។
ថ្លែងនៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន បានរំឭកឡើងវិញអំពីកិច្ចសហប្រតិបត្តិការ ADB ដែលបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៧៧ប៊ីលានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ ប៊ីលានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង កម្មវិធីចំនួន ១៣០ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨,៤៥លាន ដុល្លារអាមរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៦៩។
លោកមានប្រសាសន៍ថា៖«ការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB ដែលបាន និងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា និងបន្តដើរតួនាទីជា ដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ ហើយអាចក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា»៕