ភ្នំពេញៈ កិច្ចប្រជុំ​រវាង​តំណាង​ក្រុមហ៊ុន​ណាហ្គាវើ​លដ៍ និង​តំណាង​កម្មករ​និយោ​ជិត ក្រោម​កិច្ច​សម្រប​សម្រួល​ពីក្រសួង​​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ កាល​ពី​ថ្ងៃទី ២១ ​ខែធ្នូ នៅ​តែពុំ​ទាន់​អាចរក​ដំណោះ​ស្រាយ​ឃើញ​នៅ​ឡើយ​ទេ ហើយ​ភាគីទាំង ​២​ បាន​កំណត់​ជួប​ប្រជុំគ្នា​ដើម្បី​រកដំណោះស្រាយ​ជាថ្មី​ទៀត​នៅ​ដើមឆ្នាំ​ក្រោយ​។ នេះ​បើ​យោង​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​កាលពី​ថ្ងៃទី ២១ ខែធ្នូ។


នៅ​ក្នុង​កិច្ចប្រជុំ​កាលពីថ្ងៃទី ​២១ ធ្នូ​ មានការ​សម្រប​សម្រួល​ដោយ​លោក ទេស រុក្ខា​ផល អគ្គ​លេខាធិ​ការ នៃ​អគ្គ​លេខាធិការ​ដ្ឋាន គ.ក.ប និង​ជា​ប្រធាន​អង្គ​ប្រជុំ ដោយ​មាន​ការចូលរួម​ពីតំណាង​ភាគី​កម្មករ​និយោ​ជិត រួមមាន លោក​ស្រី រី សុវណ្ណ​ឌី, លោកស្រី ហៃ សុភាព និង​លោកស្រី សុន ស្រី​ពេជ្រ និង​តំណាង​ភាគី​និយោជក រួមមាន លោកស្រី ឌី សីហា និង​លោក​ស្រី រស់ ប៊ុន​ឡេង។

ឆ្លង​តាមរយៈ​កិច្ចពិភាក្សា​ ភាគី​ទាំង២​នៅតែ​មិនទាន់​រកឃើញ​ដំណោះស្រាយ​ដែល​ភាគី​ទាំង២​អាច​ទទួលយក​បាន ព្រោះ​ភាគី​តំណាង​កម្មករនិយោជិត​នៅតែ​បន្ត​ទាមទារ​ឱ្យ​យកអតីត​បុគ្គលិក​​ចូលធ្វើការ​វិញ រីឯ​ភាគី​តំណាង​និយោ​ជក​​នៅតែ​បន្ត​បដិ​សេធ។


ទោះ​យ៉ាង​ណា ក្នុង​សេចក្តីជូន​ដំណឹង​បាន​បញ្ជាក់ថា ៖ «ភាគី​ទាំង២​ឯកភាព​កំណត់​កាលបរិច្ឆេទ​ប្រជុំ​បន្ទាប់ នៅ​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២៣ បន្ត​ទៀត ដើម្បី​មានឱកាស​ពិចារណា​ឡើងវិញ​ពី​លទ្ធភាព​នៃ​ការ​សម្បទាន​គ្នា​ទៅវិញ​ទៅមក​ដែល​អាច​ឈាន​ទៅ​បញ្ចប់​វិវាទ​នេះ»។

ជាថ្មី​ម្តង​ទៀត ក្រសួង​ការងារ ក៏បាន​ស្នើ​ឱ្យ​ភាគី​ទាំង២​មានការ​យោគ​យល់​គ្នា​ខ្ពស់​ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នេះ ដោយ​​បន្ត​សហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ភាគី​ពាក់ព័ន្ធ​ដោយ​សន្តិវិធី, ថែរក្សា​សន្តិសុខ សណ្តាប់​ធ្នាប់​សាធារណៈ និង​ត្រូវ​រក្សា​ភាព​ស្ងប់​ស្ងាត់។


យោងតាម​នីតិវិធី​ច្បាប់ ប្រសិន​បើ​វិវាទ​ការងារ​នេះ ​មិនអាច​ស្វែងរក​ដំណោះស្រាយ​បាន​ដោយ​ការផ្សះផ្សា នីតិវិធី​បន្ទាប់​គឺអាច​បញ្ជូន​ទៅ​តុលាការ ដើម្បី​រក​ដំណោះ​ស្រាយ​ចុង​ក្រោយ។

ទាក់ទិន​នឹង​ការដោះស្រាយ វិវាទ​ការងារ​រាំ​រៃ​នេះ អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (សង់​ត្រា​ល់) លោក ឃុន ថា​រ៉ូ លើកឡើង​ថា ការដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណា​ហ្គា​វើ​លដ៍​នេះ គឺមាន​ការប្រជុំ​ដោយ​រៀបចំ​ដោយ​ក្រសួង​ការងារ ដែល​ធ្វើឡើងជា​ច្រើនលើក​ច្រើនសា​មកហើយ ជា​មួយនឹង​ភាគី​វិវាទ​ទាំង២។

ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ដំណោះ​ស្រាយ ក្នុងការ​សម្រប​សម្រួល​ឱ្យ​ភាគី​សងខាង ត្រូវ​ឈាន​ទៅដល់​ចំណុចរួម​ដើម្បី​បញ្ចប់​វិវាទ​នេះ។

លោក​ថា៖ «ដូច្នេះ​ប្រសិទ្ធភាព​នៃ​ការ​សម្រប​សម្រួល​របស់​ក្រសួង​មកដល់​ពេលនេះ គឺ​មិន​ទាន់​ទទួលបាន​លទ្ធផល​ដោះស្រាយ​នូវ​អ្វី​ដែលជា​បញ្ហា​អាទិភាព​សំខាន់​ដែល​ឈានទៅដល់​សម្បទាន និង​ការបិទ​បញ្ចប់​វិវាទ​ការងារ​ហ្នឹង ដោយ​រឿង​ដែល​សំខាន់បំផុត​នោះ គឺ​ការទទួលយក​នូវ​ថ្នាក់ដឹកនាំ​សកម្មជន ប្រតិ​ភូសហជីព​ឱ្យ​ចូល​បម្រើ​ការងារ​វិញ ​ដោយសារ​ពួកគាត់​ទាំងអស់​ហ្នឹង គឺ​ទទួលបាន​ការពារ​ដោយ​ច្បាប់ អា​ហ្នឹង​ជា​សិទ្ធិ​មូលដ្ឋាន ហើយ​ឫស​គល់​នៃ​វិវាទ គឺ​នៅត្រង់​ហ្នឹង»។

លោក ឃុន ថា​រ៉ូ បាន​បន្ថែមថា ក្រសួង​ការងារ ត្រូវ​ឈរលើ​សិទ្ធិ​ជា​មូលដ្ឋាន ការធានា​នៃ​ការដោះស្រាយ​​វិវាទ​ប្រកបដោយ​សុ​ក្រឹត ប្រកបដោយ​ប្រសិទ្ធភាព ដោយ​យក​គោលការណ៍​ច្បាប់​មក​អនុវត្ត ដែល​​នេះ​វា​ជា​រឿង​​ដែល​សំខាន់​។

លោក​ថា៖ «ដូច្នេះ​ក្រសួង​នៅតែ​ជា​សមត្ថកិច្ច ប្រសិនជា​ក្រសួង​នៅ​ឈរ​ជា​ចំណុចកណ្ដាល​មួយ ដោយ​យក​គោល​ការណ៍​ច្បាប់​មក​ដោះ​ស្រាយ»។

ជាមួយ​គ្នា​នេះដែរ អ្នកនាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី២២ ខែធ្នូ​​ថា​ ការដោះ​ស្រាយ​វិវាទ​នេះ​នៅតែ​មាន​ការប្រជុំ​បន្តទៀត គឺ​ដោយ​សារ​ការដោះ​ស្រាយ​មិនមែន​ផ្តោត​សំខាន់​ទៅលើ​ការព្យាយាម​បកស្រាយ​ច្បាប់​ដោយ​ចិត្ត​ឯង​របស់​បុគ្គល​ខ្លះ​ដោយ​មិន​យក​ស្ថាប័ន និង​យន្តការ​ជា​គោល​នោះទេ។

ការតវ៉ា​នេះ​គឺ​ក្រសួង​បាន​ខិតខំ​ផ្សះផ្សា ពន្យល់ និង​បាន​រុញ​ករណី​វិវាទ​នេះ​ទៅគ្រប់​ដំណាក់កាល​នៃ​ការដោះ​ស្រាយ​​វិវាទ​ការងារ​រួម​ដែល​នៅ​ជា​ធរមាន​រួចហើយ ហើយក៏​នៅតែ​បន្ត​សម្របសម្រួលឱ្យ​ភាគី​តវ៉ា​ជួបគ្នា។

លោក ហេង សួរ បាន​ថ្លែងថា៖ «ប្រទេស​នីមួយៗមាន​ស្ថាប័ន និង​ច្បាប់​ជា​ធរមាន​ច្រើន ដែល​បាន​អនុវត្ត​ជាច្រើន​ឆ្នាំ និង​បាន​ផ្តល់នូវ​សុខដុមរមនា​នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈ​រួចហើយ ដូច្នេះ​យើង​មិនអាច​យក​ការបកស្រាយ​នៅ​ប្រទេស​នេះ ប្រទេស​នោះទេ សំខាន់​គឺ​យល់​ឱ្យ​បាន​នូវ​ខ្លឹមសារ​ច្បាប់ និង​យន្តការ​នានា​ដែល​នៅ​ជាធរ​មាននៅ​កម្ពុជា»។

សូម​បញ្ជាក់​ថា គិត​មក​ត្រឹម​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មាន​អតីត​បុគ្គលិក​ណាហ្គា​វើ​ល​ដ៍ចំនួន​ ២៤៩រូប​ហើយ ក្នុងចំណោម​៣៧៣រូប បាន​យល់​ព្រម​ទទួលយក​សំណង​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជាមួយ​ក្រុមហ៊ុន ដែល​ធ្វើ​ឱ្យ​អតីត​បុគ្គលិក​ណា​ហ្គាវើ​លដ៍​ដែល​មិន​ព្រម​ទទួលយក​សំណង​នៅសល់​ ១២៤នាក់៕