ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែធ្នូ បានជូនដំណឹងដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជន ស្តីពីការជ្រើសរើសបេក្ខជនចំនួន ២៤ ២៣៨ នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ការជ្រើសរើសបេក្ខជនចំនួន ២៤ ២៣៨ នាក់ នេះគឺដើម្បីចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ២ (C2) និង ៣ (C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង បច្ចេកទេស/ឯកទេស (HDT/S) និងកម្រិតបរិញ្ញាបត្របច្ចេកវិទ្យា/ឯកទេស/សញ្ញាបត្រវិស្វករ (BT/S/BE) ទៅតាមចំនួន ជំនាញ/មុខរបរ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ។

ចំពោះព័ត៌មានផ្សេងៗទៀត បេក្ខជនអាចធ្វើការទំនាក់ទំនងផ្ទាល់ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនីមួយៗដែលខ្លួនមានបំណងចូលរៀន។


គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន ក្រសួងការងារ បានចូលរួមអបអរដល់បេក្ខជនចំនួន ២៥៩ នាក់ដែលទទួលបានលទ្ធផលល្អក្នុងវេទិកាការងាររបស់ NEA ក្នុងចំណោមយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើចំនួន ៣៥១ នាក់ ដែលបានដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនទាំង១៦៕