ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ បាន​សម្តែង​ការរីករាយ​នៅពេល​ឃើញ​ផ្លែមៀន​ខ្មែរ ត្រូវ​បាន​ដាក់​លក់​នៅ​លើ​វេបសាយ​ទីផ្សារ​អនឡាញ​លំដាប់​ពិភព​លោក​ Alibaba​ ដោយ​ចាត់ទុក​ថា​ជាគំនិត​ផ្តួចផ្កើម​ដ៏ល្អ​មួយ ខណៈ​ក្រសួង​នឹង​ខិតខំ​ធ្វើការ​ជាមួយ​កសិករ​ដាំ​ផ្លែមៀន​ ដើម្បី​ពង្រឹង​គុណភាព​និង​អនាម័យ​បន្ថែម​ទៀត​។


ការ​បង្ហាញ​ចំណាប់​អារម្មណ៍​នេះ បន្ទាប់​ពី​ផ្លែមៀន​ប៉ៃលិន​របស់​កម្ពុជា ត្រូវ​បាន​សម្ពោធ​ដាក់​លក់​លើ​ទីផ្សារ​អនឡាញ​របស់​ក្រុមហ៊ុន​ Alibaba Group​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ ២០២២ ​នៅ​ទីក្រុង​ហាន់​ចូវ​ ខេត្ត​ជឺជាំង​ប្រទេសចិន។ នេះ​បើ​តាម​ លោក​ នាង​ សំរិតកុមារ​ អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀងហៃ​ (ប្រទេសចិន)​ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន​ Fresh News ​កាលពី​ថ្ងៃ​ទី ២១ ធ្នូ​ ឆ្នាំ ២០២២​។

អ្នកនាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​កញ្ញា ​អ៊ឹម​ រចនា​ បាន​ឱ្យ​ដឹង​ថា​ សម្រាប់​ក្រសួង​កសិកម្ម​ ការយក​ផ្លែមៀន​ខ្មែរ​ទៅ​ដាក់លក់​លើ​វេបសាយ​ Alibaba​ គឺ​ជាការ​ផ្ដួចផ្ដើម​ដ៏ល្អ​មួយ​ ដែល​ក្រសួង​ស្វាគមន៍​។


កញ្ញា​បញ្ជាក់​ថា ៖ «​ការចូលរួម​នេះ​ គឺ​ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ និង​ជំរុញ​ទីផ្សារ​ផលិតផល​មៀន​កម្ពុជា​ឱ្យ​កាន់តែ​មាន​សន្ទុះ​បន្ថែម​ទៀត ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន និង​អន្ដរ​ជាតិ»​។

ឆ្លើយ​នឹង​សំណួរ​ថា​តើ​តាម​រយៈ​ការដាក់​លក់មៀន​កម្ពុជា​លើ​វេបសាយ​នេះ អាច​ជំរុញ​ឱ្យ​តម្លៃ​ផ្លែ​មៀន​កម្ពុជា​កើន​ឡើង​ដែរឬ​យ៉ាង​ណា កញ្ញា​មាន​ប្រសាសន៍​ថា​ ការណ៍​នេះ​ វា​ផ្សារ​ភ្ជាប់គ្នា​ចៀស​មិនរួច​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ ដូច្នេះ​ នៅពេល​ដែល​តម្រូវការ​កើន​ឡើង​ នោះ​តម្លៃ​ក៏​នឹងកើន​ឡើង​ទៅតាម​នោះ​ដែរ​។


អ្នកនាំ​ពាក្យ​រូបនេះ​ បន្ថែម​ថា ​ក្រសួង​កសិកម្ម​ នឹង​បន្ត​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រជា​កសិករ​ និង​ក្រុមហ៊ុន​ ធ្វើ​យ៉ាងណា​ធានា​នូវ​ការផលិត​ផ្លែមៀន​សមស្រប​ទៅនឹង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ តាមរយៈ​ការផ្សព្វផ្សាយ​និង​ណែនាំ​ដល់​ម្ចាស់​ចម្ការ​ និង​រោងចក្រ​វេច​ខ្ចប់​ផ្លែមៀន​អំពី​លក្ខខណ្ឌ​តម្រូវ​ដែល​មាន​ចែង​ក្នុង​ពិធី​សារ។

កញ្ញាថា​៖ «ក្រសួង​បាន​និង​កំពុង​ចាត់​មន្ត្រី​ជំនាញ​ចុះ​អង្កេត​តាមដាន​និង​គ្រប់គ្រង​សមាសភាព​ចង្រៃ​តាម​ចម្ការ បណ្ដុះបណ្ដាល​ដល់​ម្ចាស់​ចម្ការ​ស្ដី​ពី​ការអនុវត្ត​កសិកម្ម​ ការគ្រប់គ្រង​សមាសភាព​ចង្រៃ​ និង​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​ បន្ត​ជំរុញ​ការចុះ​បញ្ជី​ចម្ការ​ជាចម្ការ​អនុវត្ត​កសិកម្ម​ល្អ និង​បន្ត​ជំរុញ​ការចុះ​បញ្ជី​ចម្ការ​និង​រោងចក្រ​វេចខ្ចប់​ផ្លែមៀន​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន»។

បើ​តាម​កញ្ញា អ៊ឹម រចនា​ រហូត​មកទល់​ពេលនេះ​ មាន​ចម្ការ​មៀន​ចំនួន​ ៧៤ និង​រោងចក្រ​វេចខ្ចប់​ផ្លែមៀន​ចំនួន​៨ ​ទទួល​បាន​ការចុះ​បញ្ជី​ និង​ទទួល​ស្គាល់​ដោយ​អគ្គ​នាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​អគ្គ​រដ្ឋបាល​គយ​ចិន​។

គិត​ត្រឹមថ្ងៃ​ទី២១ ខែ​ធ្នូ ​ឆ្នាំ២០២២​ ផ្លែមៀន​ស្រស់​កម្ពុជា​ចំនួន​ ២ ៥៩៦,១៧​តោន ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។ ​សម្រាប់​ឆ្នាំ២០២៣​ ក្រសួង​កសិកម្ម​ រំពឹងថា​ កម្ពុជា​នឹង​អាច​នាំចេញ​មៀនប៉ៃលិន​ប្រមាណ​ជា ​៧ ០០០ ​ទៅ ៨ ០០០ ​តោន៕