កំពង់ស្ពឺៈ ​ទុស្សេ​ខ្សែភ្លើង​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ផ្ទះ ១ ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង នា​យប់​ថ្ងៃទី ២៥ ខែធ្នូ ក្នុងភូមិ​ត្រពាំង​ទន្លាប់ ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យ​បុរស​វិកលចរិត​ម្នាក់​ស្លាប់​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​។


​ ប្រភព​ដដែល​បានឱ្យដឹងថា អគ្គិភ័យ​នេះ​ឆាបឆេះ​ឡើង​នៅវេលា​ម៉ោង​១ និង​២០ នាទី​រំលង​អធ្រាត្រ ឆេះ​ផ្ទះ ១​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ទំហំ ៥ គុណ ៧ ម៉ែត្រ របស់​ម្ចាស់​ឈ្មោះ សយ រ៉ា ភេទ​ស្រី អាយុ ៤៩​ឆ្នាំ​។ ជនរងគ្រោះ​ស្លាប់​ក្នុង​ហេតុការណ៍​នេះ គឺ​បុរស​វិកលចរិត​ម្នាក់ អាយុ ២៣​ឆ្នាំ ត្រូវជា​កូន​ម្ចាស់ផ្ទះ​។

​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជាក់ថា​៖«​អ​គ្កិ​ភ័យ​នេះ​បាន​ឆេះ​ផ្ទះ​អស់ទាំង​ស្រុង ស្លាប់​មនុស្ស ១​នាក់ ឈ្មោះ ឡេង ណា​រ៉ាត់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ (​វិកលចរិត​) ត្រូវជា​កូន​ម្ចាស់ផ្ទះ ស្រូវ​ចំនួន ៤​បាវ និង ទូ​ដាក់​សម្លៀកបំពាក់១ ព្រមទាំង​សម្ភារប្រើប្រាស់​មួយចំនួន​តូច​»​។


​ នៅ​យប់​ដដែល​នោះ វេលា​កណ្តាល​អធ្រាត្រ ក៏មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​១​កន្លែង​ទៀត ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង​ស្ពឺ​។​ផ្ទះ​ឈើ​លើ បេតុង​ក្រោម ប្រក់​ក្បឿង និង​ត​យ៉ាប​ប្រក់ស​ង្ក័​សី ទំហំ ៨​គុណ ១៤ ម៉ែត្រ មាន ម្ចាស់​ឈ្មោះ ណុ​ក ចន្ថា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ​។ មូលហេតុ​នៃ​អគ្គិភ័យ​នេះ​កើតឡើង​ដោយសារ ម្ចាស់ផ្ទះ​ដុត​ទៀន​បំភ្លឺ រួច​ដេកលក់ បណ្តាលឱ្យ​ឆេះ​រាលដាល​ដល់​ពូក និង​ឆេះ​ផ្ទះ និង​បាន​រាលដាល​ធ្វើឱ្យ​ផ្ទះ ១​ខ្នង​ទៀត ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី ទំហំ ៥​គុណ ១២ ម៉ែត្រ ឆេះ​អស់ទាំង​ស្រុង​ផងដែរ​។

​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បញ្ជាក់ថា​៖«​កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​អន្តរាគមន៍​សង្គ្រោះ ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន ៧​គ្រឿង (​ស្នងការដ្ឋាន ២​គ្រឿង អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ១​គ្រឿង ក្រុង​ច្បា​មន ១​គ្រឿង កងរាជអាវុធហត្ថ​ខេត្ត ១​គ្រឿង កោះ​ឆ្នេរ ១​គ្រឿង សាលា​កម្ពុជា​.​វៀតណាម ១​គ្រឿង )»​។


​ នៅ​រសៀល​ថ្ងៃទី​២៦ ខែ​ធ្នូ អគ្គិភ័យ​បាន​ឆាបឆេះ​បន្ទប់​ជួល​កម្មករ​ចំនួន​៨ នៅ​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ រង​ការខូចខាត​ធ្ងន់ធ្ងរ ប៉ុន្តែ​មិនមាន​អ្នករងគ្រោះថ្នាក់​ឡើយ​។ ក្រោយពេល​កើត​កើតហេតុ អាជ្ញាធរ និង​ក្រុម​រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់​ភ្លាមៗ តែ​ដោយ​សារ​ស្ថាន​ផ្លូវ​តូចចង្អៀត​ពិបាក​ចូល ទើប​បណ្តាលឱ្យ​អគ្គិភ័យ​បន្ត​រាលដាល​ទៅ​បន្ទប់​ផ្សេងៗ​។

​ ដោយឡែក នៅ​ម៉ោង​១ យប់​រំលង​អធ្រាត្រ ឈានចូល ថ្ងៃទី​២៦ ខែធ្នូ នៅ​ចំណុច​អគារ​បុរី​កីឡា អគារ​ទី​៦ ភូមិ​បុរី​កីឡា សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មាន​អគ្គិភ័យ​កើតឡើង​បណ្តាល​ឲ្យ​ឆាបឆេះ​អស់ ១១​បន្ទប់​ទាំងស្រុង ថ្ម​បេតុង ទំហំ ២​ម៉ែត្រ x ៤​ម៉ែត្រ ខូ​ត​ខាត​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​អស់ទាំង​ស្រុង ។

​ លោក​ ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យដឹងថា ករណី​អគ្គិភ័យ​នេះ ត្រូវបាន​រលត់ទៅវិញ នៅវេលា​ម៉ោង​២ និង​៣០​នាទី​​រំលង​អធ្រាតនា​ថ្ងៃ​ដដែល ដោយ​ក្នុងនោះ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន ២១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២១​ឡាន ស្មើរ​នឹង ៨៤​ម៉ែត្រគុប និង​រថយន្ត​ជំនួយ​មកពី​ក្រុមហ៊ុន ស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន ស្មើនឹង ៦​ម៉ែត្រគុប និង​រថយន្ត​ទីផ្សារ​ទំនើប អូ​ឡាំ​ព្យ៉ា ចំនួន ២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២​ឡាន ស្មើ​នឹង ៨​ម៉ែត្រគុប ។​

​លោក ព្រហ្ម យ៉​ន បញ្ជាក់ថា​៖«​ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងតែធ្វើការ​ស្រាវជ្រាវ ដោយនៅ​ក្នុងនោះ មិនមាន​អ្នកណាម្នាក់​រងរបួស និង​ប៉ះពាល់​ដល់​អាយុជីវិត​នោះឡើយ​»​។​

​ លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ពី​អគ្គិភ័យ​ក្នុង​រដូវប្រាំង ជាពិសេស​លើ​ការប្រើប្រាស់​ឧបករណ៍ សារធាតុ ដែល​ងាយ​ឆេះ​ឱ្យបាន​កាន់តែខ្លាំង​ថែមទៀត​។ ការ​អំពាវ​នេះ​ធ្វើឡើង ក្នុងឱកាស​នៃ​ការធ្វើ​លំ​ហាត់​សមយុទ្ធ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៅ​ថ្ងៃទី​២៦ ខែធ្នូ​នៅ​អគារ​ស្ថាបនា (SATHAPHANA TOWER) ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​ លោក​ថ្លែងថា​៖«​សុំឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​គិតគូរ​មែនទែន​ទាក់ទង​នឹង​កា​រត​បណ្តាញ​ខ្សែភ្លើង ត្រូវ​ប្តូរ​បំពង់​ពន្លត់​អគ្គិភ័យ​ដែល​ចាស់​ពេក​ចេញ និង​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​ភ្លើង​ និង​ប្រយ័ត្ន​ដែល​អាច​ឆាបឆេះ​ព្រៃឈើ​ជាដើម​»​។​

​ លោក នេ​ត វ​ន្ថា ឱ្យដឹងថា ការធ្វើ​សមយុទ្ធ​នេះ គឺ​ដើម្បី​ឱ្យបុគ្គលិក​នៅក្នុង​អគារ​ចេះ​អំពី​វិធាន​ការបង្ការ និង​ពន្លត់​អគ្គិភ័យ​បឋម​ដោយ​ខ្លួនឯង និង​ចេះ​ជម្លៀស​ខ្លួន​ចេញពី​កន្លែងកើតហេតុ ព្រមទាំង​ផ្សារភ្ជាប់​ជាមួយ​ជំនាញ​របស់​សមត្ថកិច្ច​។​លំ​ហាត់​សមយុទ្ធ​ក្នុងឱកាស​នោះ រួមមាន ការប្រកាសអាសន្ន​ជម្លៀស​ខ្លួន ការសង្គ្រោះ​ជន​ដែល​រងគ្រោះ និង​ការ​ពន្លត់​អគ្គិភ័យ​។​

​ លោក​បញ្ជាក់ថា​៖«​ខ្ញុំ​ចង់ឱ្យ​គ្រប់​ធនាគារ​ឬ​អគារ​ធំៗ​ដែលមាន​បុគ្គលិក​ច្រើន គួរតែមាន​ការធ្វើ​លំ​ហាត់​សមយុទ្ធ​ពន្លត់​អគ្គិភ័យ​នេះ ហើយ​ការងារ​លើ​អគ្គិភ័យ​នេះ មិនមែន​ជន​គ្រប់រូប​ចេះ​ទាំងអស់គ្នា​នោះទេ គឺ​ទាល់តែ​មានការ​សហការ​គ្នា បង្រៀន​ពី​ជំនាញ និង​យល់ដឹង​ពី​ហេតុផល ក៏ដូចជា​ការចូលរួម​សមយុទ្ធ​នាពេលនេះ​ជាដើម​»​។​

​ ឆ្លងកាត់​សមយុទ្ធ​នេះ លោក​ថ្លែងថា ប្រតិបត្តិការ​រប​ស់បុ​គ្គ​លិ​ក និង​មន្ដ្រី​ជំនាញ គឺ​អនុវត្ត​បានល្អ​ស្មើ​ដៃ​គ្នា និង​មាន​ជំនាញ​ច្បាស់លាស់ ដែល​លោក​រំពឹងថា ក្នុងករណី​មាន​ហេតុការណ៍​បន្ទាន់​កើតឡើង បុគ្គលិក​របស់​ធនាគា​រ​ស្ថាបនា​អាចមាន​លទ្ធភាព​សង្គ្រោះ​បឋម​ដោយ​ខ្លួនឯងបាន ហើយ​ក្នុងករណី​តូចតាច​ក៏​អាច​គ្រប់គ្រង​បាន និង​មិន​ធ្វើ​ឲ្យ​រីក​រាលដាល​ផងដែរ​។​

​ លោក នេ​ត វ​ន្ថា បាន​បញ្ជាក់ថា ៖ «​ខ្ញុំ​សូម​សំណូមពរ​ដល់​អ្នកគ្រប់គ្រង​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ត្រូវអនុវត្ត​វិធានការ​បង្ការ ពន្លត់​អគ្គិភ័យ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព​សុវត្ថិភាព​ខ្ពស់ និង​ត្រូវអនុវត្ត​តាមច្បាប់​បទ​ដ្ឋា​ន​គតិយុត្ត​អគ្គិភ័យ ដែលមាន​ចែង​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​ ទាក់ទង​នឹង​ការធ្វើ​សមយុទ្ធ​នេះដែរ លោក នេ​ត វ​ន្ថា បាន​ប្រាប់​ឱ្យដឹងថា នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២៣ ខាងមុខនេះ នឹងមាន​ការធ្វើ​សមយុទ្ធ​នៅ​អ៊ី​អន​៣ ក្នុង​ខណ្ឌមានជ័យ​។

​ អនុប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ​ស្ថាបនា លោក Kenji Kuroki បាន​ថ្លែងថា ដោយ​មើលឃើញ​ពី​សារៈសំខាន់​ក្នុងការ​បង្ការ ទប់ស្កាត់ និង​សង្គ្រោះ​គ្រោះ​អគ្គិភ័យ ទើប​ធនាគារ​លោក​បាន​ស្នើសុំ​កិច្ចសហការ​ពី​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដើម្បី​បង្ហាត់បង្ហាញ​ដល់​បុគ្គលិក​របស់​ធនាគារ អំពី​វិធីសាស្ដ្រ​បង្ការ និង​សង្គ្រោះ​ផ្សេងៗ នៅពេល​មាន​ហេតុការណ៍​កើតឡើង​ជាយថាហេតុ​។​

​ លោក​បាន​ថ្លែងថា​៖ «​ដោយសារតែ​អគារ​ធនាគារ​ស្ថាបនា មាន​កម្ពស់​រហូតដល់​១៩​ជាន់ និង​ជម្រៅ​ទៅ​ក្រោម​ដី​៤​ជាន់ ជាមួយ​បុគ្គលិក​ជាង ១ ០០០​នាក់​នោះ យើង​មើលឃើញថា ការយល់ដឹង​អំពី​វិធីសាស្ដ្រ​ទាំងអស់នេះ គឺជា​រឿង​សំខាន់បំផុត​»​។

​ លោក​Kenji Kuroki បញ្ជាក់​ផងដែរ​ថា ធនាគារ​ស្ថាបនា តែង​សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ធ្វើ​លំ​ហាត់​សមយុទ្ធ​នេះ​ជា​រៀងរាល់ឆ្នាំ​។​

​ នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២២​នេះ មាន​គ្រោះថ្នាក់​អគ្គិភ័យ​កើតឡើង​នៅ​ទូទាំងប្រទេស ចំនួន​៦១៨​លើក លើ​៦៧០​លើក ថយចុះ​៥២​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១​។ ប្រភព​ដដែល​បន្តថា គ្រោះថ្នាក់​អគ្គិភ័យ​នេះ​បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៧​នាក់ លើ​២៤​នាក់​, របួស ៥៩​នាក់ លើ​៣៥​នាក់​, ឆេះ​ផ្ទះ​ចំនួន​៦៩៧​ខ្នង​, តូប​ចំនួន​១០៩​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ បណ្ដាលមកពី អគ្គិសនី ៤១,៥៥​ភាគរយ​, ប្រើប្រាស់​ភ្លើង ៣៨,២៤​ភាគរយ និង​ក្ដាប់​មិនបាន ២០,២១​ភាគរយ​៕