ភ្នំពេញៈក្រុមហ៊ុន IT មួយដែលមានស្ថាបនិកសុទ្ធសឹងជាកូនខ្មែរបានប្ដេជ្ញាច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីចូលរួមលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង។ នេះបើតាមការបញ្ជាក់របស់តំណាងក្រុមហ៊ុនបច្ចេកវិទ្យាសុខាភិបាល «ពេទ្យយើង» ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសប្ដាហ៍នេះ។
កម្មវិធីពេទ្យយើង ជាប្រព័ន្ធគ្រប់គ្រងប្រតិបត្តិការ និងផ្តល់សេវាសុខាភិបាល និងព្យាបាលបែបឌីជីថលដែលផ្ដល់ជំនួយនិងដោះស្រាយដល់គ្លីនិកនិងមន្ទីរពេទ្យរដ្ឋ និងឯកជននានា លើការរក្សាកំណត់ត្រាព្យាបាលអ្នកជំងឺ គ្រប់គ្រងអ្នកជំងឺ រក្សាគុណភាពក្នុងការផ្តល់សេវាព្យាបាល និងការគ្រប់គ្រងប្រតិបត្តិការនៅមន្ទីរពេទ្យគ្រប់គ្រងបែបឌីជីថល ។
សហស្ថានិកក្រុមហ៊ុនបច្ចេកវិទ្យាពេទ្យយើងលោក ប៊ិន សុជាតិ បានឱ្យដឹងថា កម្មវិធីពេទ្យយើងបានរៀបចំផែនការយុទ្ធសាស្ត្ររួចរាល់សម្រាប់ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើការច្នៃប្រឌិតបច្ចេកវិទ្យាបម្រើឱ្យសេវាកម្មសុខាភិបាល។
លោក ប៊ិន សុជាតិ ដែលជាទីប្រឹក្សាគ្រប់គ្រងអាជីវកម្មផងនោះ បានថ្លែងថា ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះពេទ្យយើង(pethyoeung) បានច្នៃប្រឌិតប្រព័ន្ធឌីជីថលសុខាភិបាលថ្មីៗជាច្រើនដើម្បីផ្ដល់នូវដំណោះស្រាយឌីជីថលដែលទំនើបមានភាពច្នៃប្រឌិត និងងាយស្រួលសម្រាប់អ្នកផ្ដល់សេវាសុខភាពព្រមទាំងអ្នកជំងឺក្នុងប្រទេសកម្ពុជា។លោកថា នៅឆ្នាំថ្មីខាងមុខ ក្រុមហ៊ុនបានរៀបចំការងារចាំបាច់នានាដើម្បីប្រជែងលើទីផ្សារព្រមទាំងពង្រឹងសេវាកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរ។
លោក ប៊ិន សុជាតិ បានបញ្ជាក់ថា៖«ឆ្នាំថ្មីខាងមុខApp ពេទ្យយើង ទី១ យើងបន្ថែមសេវាបែបឌីជីថលបង្កើតជាភ្នាក់ងារផ្ដល់ព័ត៌មានសុខាភិបាលទៅតាមសហគមន៍នានា ទី២ គឺបន្ថែមកម្មវិធីណាត់ជួបពេទ្យនិងរំឭកអ្នកជំងឺពីថ្ងៃណាត់ជាមួយពេទ្យ និងទី៣ ផ្ដល់សេវាឌីជីថលសម្រួលដល់ការបើកថ្នាំ និងពិនិត្យឈាមជាដើម»។
របាយការណ៍ផ្សព្វផ្សាយរបស់ពេទ្យយើងឱ្យដឹងថាAppរបស់ខ្លួននេះបានចូលរួមចំណែកឱ្យគ្លីនិកនិងមន្ទីរពេទ្យដៃគូអាចរក្សាកំណត់ត្រាព្យាបាលបែបឌីជីថលជូនដល់ពលរដ្ឋកម្ពុជាជាង៣លាននាក់រួចមកហើយ។កម្មវិធី«ពេទ្យយើង» មានអ្នកប្រើប្រាស់ទូទៅដល់ជិត ៣០ ០០០នាក់។
លោក ប៊ិន សុជាតិ បានដាក់ក្ដីរំពឹងថា៖«យើងសង្ឃឹមថា ទទួលបានការគាំទ្រពិសេសពីក្រសួងជំនាញពីដៃគូពាក់ព័ន្ធផ្សេងៗ ជាពិសេសការគាំទ្រពីប្រជាពលរដ្ឋ ព្រោះថា បច្ចេកវិទ្យាពិតជាអាចដោះស្រាយបញ្ហាសុខាភិបាលបានច្រើន ជួយឱ្យអ្នកទទួលសេវា និងផ្ដល់សេវាសុខាភិបាលកាន់តែងាយស្រួលជាងមុន»។
កម្មវិធី «ពេទ្យយើង» ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងបានឈ្នះការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិមួយចំនួនដូចជា ពានរង្វាន់ ក្រុមហ៊ុន Startup លើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យបច្ចេកវិទ្យាសុខភិបាល និងក្រុមហ៊ុនមានការទទួលខុសត្រូវសង្គមក្នុងការប្រកួតប្រជែងគំរូអាជីវកម្មជាតិនិងអន្តរជាតិ រួមមានពីសហរដ្ឋអាមេរិកនៅឆ្នាំ២០២២ និង២០២១,ជប៉ុន និងសិង្ហបុរីនៅឆ្នាំ២០២១,នៅទីក្រុង Geneva ប្រទេសស្វ៊ីស ឆ្នាំ២០១៩ និងទទួលបានពានរង្វាន់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីខែមីនា ឆ្នាំ២០១៩៕