កណ្ដាលៈ ត្រីរាជស្ថិតក្នុងបញ្ជីក្រហមដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ ១ របស់អនុសញ្ញាសាយតេស (CITES) ដែលហាមដាច់ខាតការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។
នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីថ្ងៃទី ២៧ ខែធ្នូ ដោយភ្ជាប់ជាមួយនឹងការសាទរ និងថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលបានលែងត្រីរាជ ១ ក្បាល ដែលមានទម្ងន់ ៤៦ គីឡូក្រាម និងមានប្រវែង ១៥៧ សង់ទីម៉ែត្រ។
លោកថា៖ «ខ្ញុំសូមអបអរសាទរនិងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលបានលែងត្រីរាជ១ក្បាលដែលមានទម្ងន់ ៤៦ គីឡូក្រាម និងមានប្រវែង ១៥៧ សង់ទីម៉ែត្រដែលអ្នកនេសាទ នេសាទបាន ចូលទៅក្នុងទឹកទន្លេមេគង្គវិញ ត្រង់ភូមិសាស្ត្រភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល»។
ត្រីរាជ ត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះតាមរយៈក្រមនេសាទលេខ៨០ ន.ស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា(ទឹកសាប)។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ គិតមកទល់ពេលនេះក្នុងចំណោមត្រីធំៗបំផុតទាំង ៣ ប្រភេទ មានត្រីបបែលយក្ស, ត្រីរាជ និងត្រីគល់រាំង។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា៖ «ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចរណ៍រយៈចម្ងាយឆ្ងាយ»។
អភិបាលស្រុកខ្សាច់កណ្តាល លោក ចេង ឌីណា បានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា ត្រីរាជនេះត្រូវបានលែងចូលក្នុងទន្លេមេគង្គវិញ បន្ទាប់ពីវាបានជាប់ជាមួយនឹងឧបករណ៍នេសាទរបស់អ្នកនេសាទ។
លោកបានបញ្ជាក់ថា៖ «សង្កាត់រដ្ឋបាលជលផលស្រុក សហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាបចុះធ្វើការបានពាក់ស្លាកសញ្ញាសម្គាល់របស់ជំនាញជលផលលើត្រីរាជដែលអ្នកនេសាទចាប់បានដើម្បីដឹងពីដំណើរវិវត្តន៍របស់ត្រីរាជ ហើយចំពោះត្រីរាជដែលអ្នកនេសាទចាប់នោះ ត្រូវបានលែងចូលទន្លេមេគង្គវិញផងដែរ»។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាបហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរណ៍ចេញពីបឹងទន្លេសាបនៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗតាមដងទន្លេមេគង្គលើ។
ត្រីរាជពេញវ័យអាចបន្តពូជបាននៅពេលមានអាយុចាប់ពី ៦ ទៅ ៨ ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដានៅបឹងទន្លេសាបហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង ១២ទៅ ១៥ សង់ទីម៉ែត្រ។
ក្រសួងបានបន្តថា ត្រីរាជអាចរស់បានរហូតដល់អាយុ ៦០ ឆ្នាំ ហើយជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង ១ ឆ្នាំអាចឡើងទម្ងន់ជាង ១០ គីឡូក្រាម។ត្រីរាជស៊ីស្លែជាអាហារចម្បង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។
តាមរបាយការណ៍ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជ ១ ក្បាល ដែលមានទម្ងន់ជិត ៣០០ គីឡូក្រាម និងមានប្រវែង ២,៧៤ ម៉ែត្រដែលចូលដាយត្រី។ ត្រីរាជនេះត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានលែងចូលទៅក្នុងទន្លេវិញ៕