កំពតៈ រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា បានលើកឡើងថា កត្តាសុខសន្តិភាពពេញលេញនិងកំណើនសេដ្ឋកិច្ចនៅកម្ពុជា គឺជាផ្នែកមួយដ៏សំខាន់ធ្វើឱ្យការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ដែលប្រែក្លាយពីការកាប់ឈើ ងាកមករក្សាព្រៃឈើឱ្យនៅឈរដើម្បីរកចំណូលវិញម្តង។
លោកបានលើកឡើងបែបនេះ នៅក្នុងឱកាសលោកចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកំពត កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២២ ។
លោក នេត្រ ភក្រ្តា ថ្លែងថា កត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយដ៏រឹងមាំ និងកំណើនសេដ្ឋកិច្ចខ្ពស់ បានផ្តល់កាលានុវត្តភាពដ៏វិសេសវិសាល សម្រាប់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព មិនធ្លាប់មានពីមុនមកសម្រាប់ប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖« ដោយសារតែកត្តាសុខសន្តិភាពពេញលេញបានធ្វើឱ្យការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិមានភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះ កម្ពុជាបានផ្លាស់ប្តូររបត់ថ្មីដោយប្រែក្លាយពីប្រទេសកាប់ឈើដើម្បីរកចំណូលសេដ្ឋកិច្ច មកជាប្រទេសដែលមានសមត្ថភាពពេញលេញលើការថែរក្សាព្រៃឈើឱ្យនៅឈរ ដើម្បីរកចំណូលសម្រាប់សង្គមតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ បង្កើតការងារនិងចំណូលជូនប្រជាពលរដ្ឋ»។
លោកបានបញ្ជាក់ថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានធ្វើឱ្យប្រជាពលរដ្ឋមានឱកាសក្នុងការស្គាល់ពីទឹកដីរបស់ខ្លួនតាមរយៈទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់និងទឹកដី និងបានប្រែក្លាយរូបភាព ពីអតីតកាលនៅពេលកម្ពុជាមានសង្គ្រាម គឺពលរដ្ឋចូលព្រៃម៉ាគី ដើម្បីតស៊ូប្រដាប់អាវុធ ច្បាំងគ្នា ប៉ុន្តែក្នុងសម័យសន្តិភាព ពលរដ្ឋចូលក្នុងព្រៃដើម្បីដើរកម្សាន្ត លំហែកាយ និងសិក្សាស្វែងយល់ពីជីវចម្រុះគ្រប់ប្រភេទដែលប្រទេសកម្ពុជាមាន។
ជាមួយគ្នានេះលោកបានបង្ហាញពីមោទនភាពដែលវិស័យបរិស្ថាន កិច្ចការពារធនធានធម្មជាតិ និងការអភិរក្សជីវចម្រុះ ទទួលបានការយកចិត្តទុកដាក់ ចាប់តាំងពីឆ្នាំ១៩២៥ មកម្ល៉េះ ដែលកម្ពុជាបានបង្កើតឧទ្យានជាតិអង្គរនៅឆ្នាំ១៩២៥ ដែលជាតំបន់ការពារធម្មជាតិទី១របស់ព្រះរាជាណាចក្រកម្ពុជា និងទី១ នៅអាស៊ីអាគ្នេយ៍។
លោកបន្ថែមថា៖« ក្រោយពីការងើបឡើងវិញពីផេះផង់ សមុទ្រឈាម និងគំនរឆ្អឹង នៃសង្គ្រាមស៊ីវិល កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្កើតឡើងវិញ នូវតំបន់ការពារធម្មជាតិ នៅក្នុងឆ្នាំ ១៩៩៣ ដោយមានឡាយព្រះហស្តលេខារបស់ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ និងការបង្កើតស្ថាប័នទទួលបន្ទុកវិស័យបរិស្ថាន ដែលជាការឆ្លុះបញ្ចាំងអំពីការគិតគូរជាយុទ្ធសាស្ត្រវែងឆ្ងាយក្នុងការរៀបចំកសាងសង្គមជាតិថ្មីជឿនលឿន»។
លោកគូសបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ក្រសួងបរិស្ថានបាននិងកំពុងចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ដោយបានធ្វើការផ្ទេរជាជំហានៗ នូវមុខងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជាពិសេស ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ឱ្យដល់មូលដ្ឋាន ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ។
ពាក់ព័ន្ធកិច្ចការអភិរក្សនេះ ក្រសួងបរិស្ថានបានរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីធ្វើការផ្ទេរធនធានចាំបាច់មួយចំនួននិងរៀបចំវគ្គបណ្តុះបណ្តាលនានា ដើម្បីជួយគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារដែលបានផ្ទេរជូន។
បន្ថែមពីនេះ ក្រសួងបរិស្ថាន ក៏បានសហការជាមួយក្រសួងមហាផ្ទៃ ធ្វើការកែសម្រួល«គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានបច្ចុប្បន្នភាព និងលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយដាក់បញ្ចូលបន្ថែមនូវលក្ខខណ្ឌបរិស្ថានមួយចំនួន៕