ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​​ ២៤ ឆ្នាំ (២៩ ធ្នូ ១៩៩៨-២០២២) នៃ​ការបញ្ចប់​សង្គ្រាម​នៅ​កម្ពុជា ក្រោម​នយោបាយ​ឈ្នះ ឈ្នះ ដោយ​លោក​អះអាងថា នយោបាយ​នេះ​បាន​នាំមក​នូវ​ការធានា​ដល់​ការ​បង្រួប​បង្រួម​ជាតិ ឯកភាព​ជាតិ និង​ស​និ្ត​ភាព​នៅ​ប្រទេស​កម្ពុជា​។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ នេះ​កម្ពុជា​រកបាន​នូវ​សន្តិភាព​ពេញ​​លេញ និង​មានការ​ឯកភាព​ជាតិ​ទាំង​ស្រុង​ជា​ប្រវត្តិសាស្ត្រ​និង​ជា​ការបិទ​បញ្ចប់ «​សង្គ្រាម​ហែកហួរ​» និង​ការបែកបាក់​ជាតិ ដែល​បាន​កើតមានឡើង​តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ របស់លោក ហ៊ុន សែន ដែលជា​ស្ថាបនិក​។​

​ហ្វេ​ស​ប៊ុ​កលោក​ហ៊ុន សែន បញ្ជាក់​នា​ថ្ងៃទី ​២៩ ធ្នូ ថា​៖«​នយោបាយ​ឈ្នះ​ឈ្នះ គឺជា​យុទ្ធសាស្ត្រ​គោលការណ៍​ទាំងឡាយណា ដែល​បាន​នាំមក​នូវ ការធានា​ដល់​សន្តិសុខ​សង្គម ការ​បង្រួប​បង្រួម​ជាតិ ឯកភាព​ជាតិ ស​និ្ត​ភាព ការ​​ធានា​ដល់​បូរណភាព​ដែនដី អធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច នយោបាយ​សង្គម​ប្រកបដោយ​ចីរភាព​»​។​


​ក្រសួងការពារជាតិ​បានរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​ ២៤ ​នៃ​ «​ទិវា​នយោបាយ​ឈ្នះ ឈ្នះ​» រយៈពេល​ ៣ ​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​ ២៩-៣១ ខែធ្នូ ដើម្បី​រំឭក​ដល់​ការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​ដោយ​មិន​មានការ​បង្ហូរឈាម​ទទួលបាន​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ​ដោយ​ន​យោ​​បាយ​ឈ្នះ ឈ្នះ​នេះ​។ ពិធី​នេះ​ក៏មាន​គោលបំណង​បង្កើន​ស្មារតី​ស្រលាញ់​សន្តិភាព និង​បណ្ដុះ​ឆន្ទៈ​ដល់​សាធារណជន​ចូលរួម​ក្នុងការ​ការពារ ថែរក្សា​សន្តិ​ភាពជា​និរន្តរ៍​នៅ​កម្ពុជា​។ លោក ទៀ​បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​នេះ ដោយមាន​ការរៀបចំ​តាំងពិព័រណ៍​ស្តីពី​សមិទ្ធផល​នយោបាយ​ឈ្នះ​ឈ្នះ​របស់​បណ្តា​កងឯកភាព​ទ័ព និង​អង្គភាព​ពាក់ព័ន្ធ​។​

​លោក ទៀ បាញ់ ថ្លែងថា នៅក្នុង​រយៈពេល​ ២៤ ​ឆ្នាំ​កន្លងទៅនេះ ទោះបី​ត្រូវ​ប្រឈម​នឹង​ភាព​បត់​​បែន និង​ការប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​បំផុត​នៃ​សភាពការណ៍​ជាតិ និង​អន្តរជាតិ​យ៉ាងណាក្តី ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់លោក​ហ៊ុន សែន បាន​ពុះពារ​គ្រប់​ឧបសគ្គ ធ្វើដំណើរ​ទៅមុខ​ជានិច្ច​នៅលើ ​«​មាគ៌ា​ដ៏​ត្រឹមត្រូវ ភាព​អង់អាច និង​បត់បែន​តាម​ការវិវត្ត​នៃ​សភាពការណ៍​ជាតិ និង​អន្តរជាតិ​បានធ្វើឱ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​គ្រប់​វិស័យ បង្កើតបាន​សមិទ្ធផល​ធំៗ​ជា​ប្រវត្តិ​សាស្ត្រ​ជូន​ជាតិ​មាតុភូមិ​»​។​


​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្ពុជា​ក្រោយ​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា (UNTAC) ​នៅ​ឆ្នាំ​ ១៩៩៣ ដ្បិតតែ មានការ​រៀបចំ​បោះឆ្នោត​បង្កើត​រដ្ឋាភិបាល​លើក​ទី​១​ បាន​យ៉ាង​ណាក៏ដោយ​ក៏ប៉ុន្តែ​សង្គ្រាម​ផ្ទៃក្នុង​នៅតែ​មិនទាន់​ផុតរលត់​នោះទេ​។ នៅពេលនោះ កម្ពុជា​ប្រជា​ធិ​ប​​តេ​យ្យ គឺ​នៅមាន​ជីវិត​រស់រាន​នៅឡើយ ដោយ​បន្ត​រស់នៅ​ក្រៅច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បន្តថា​៖ «​មានន័យថា ប្រទេសមួយ​មាន​រដ្ឋាភិបាល ​២ រដ្ឋាភិបាល​ក្រុងភ្នំពេញ និង​រដ្ឋា​​ភិ​បាល​នៅក្នុង​ព្រៃ​ដែល​ដឹកនាំ​ដោយ​កម្ពុជា​ប្រជាធិបតេយ្យ​ហ្នឹង អ៊ីចឹង​បន្ត​តស៊ូ​ប្រយុទ្ធប្រឆាំង​គ្នា​រហូត​ទៅដល់​ឆ្នាំ​ ១៩៩៨ គឺ​ថ្ងៃ​ ២៩ ធ្នូ ១៩៩៨ នេះ​ទើប​កម្ពុជា ទទួលបាន​ឯកភាព​ទឹកដី​ទាំង​​ស្រុង​។ អ៊ីចឹង​យើង​ឃើញថា ការ​​ដែល​ប្រទេសមួយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​លើសពី​ ១ ​នេះ​ធ្វើឱ្យ​យើង​ជួប​នូវ​វិបត្តិ​នយោបាយ​សង្គ្រាមស៊ីវិល​ហែ​ក​ហួរ​គ្នា បំផ្លិច​​បំផ្លាញ​ធនធានធម្មជាតិ បំផ្លិច​បំផ្លាញ​រចនា​សង្គម​អី​ផ្សេងៗ​។ អ៊ីចឹង​នេះ​ជា​បញ្ហា​មួយ​ដែល​យើង​បាន​ជួបប្រទះ​កាលពី​ ២៤ ឆ្នាំមុន​»​។​

​លោក​បន្តថា តាម​នយោបាយ​ឈ្នះ ឈ្នះ របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​បច្ចុប្បន្ននេះ​ដឹកនាំ​ដោយ​លោក​ហ៊ុនសែន​គឺ​បាន​ដាក់ចេញ​នូវ​វិធានការ​អភិក្រម​សំខាន់ៗ ដូចជា​នយោបាយ​គាំពារ​អ្នក​ដែល​ត្រូវ​សមាហរណកម្ម​ជាមួយគ្នា​ជាដើម ដែល​ធ្វើឱ្យមាន​ការឯកភាព​ទឹកដី​ទាំងស្រុង​គឺ​សមរ​ភូមិ​ចុងក្រោយ​ដែល​រឹងមាំ​ជាងគេ​គឺ​គ្រប់គ្រង​ដោយ​តា​ម៉ុក​អតីត​មេដឹកនាំ​ខ្មែរក្រហម​នៅ​តំបន់​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​យង់ ពៅ ថ្លែងថា​៖ «​អ៊ីចឹង នៅពេលដែល​កម្ពុជា​ទទួល​បាន​ឯកភាព​ទឹកដី​ពេញលេញ​នោះបាន​សន្តិភាព​មាន​ទូទាំង​ព្រះ​រា​ជាណា​ចក្រ​កម្ពុជា​លែងមាន​ស្នូរ​កាំភ្លើង​តតាំង​គ្នា​រវាង​ភាគី​ភ្នំពេញ​និង​ភាគី​នៅក្នុង​ព្រៃ​ទៀតហើយ​។ អ៊ីចឹង​ហើយ​យើង​បាន​សន្តិភាព​ពេញលេញ​ចាប់ពីពេលនោះ​មករ​ហូត​មកដល់​បច្ចុប្បន្ននេះ​»​។​

​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​(DCCam)​ បានឱ្យដឹងថា របប​ខ្មែរក្រហម បាន​ប្រព្រឹត្ត​ការ​បំពារ​​បំពាន​សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​សតវត្សរ៍​ទី​ ២០ ដែល​បណ្តាលឱ្យ​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​ ២​ លាន​នាក់​បាត់​​បង់ជីវិត​។ នេះ​គឺជា​សោក​នាដ​កម្ម​ដ៏​សោកសង្រេង​នៅក្នុង​ប្រវត្តិ​​សាស្ត្រ​មនុស្សជាតិ​។ កម្ពុជា​បានទទួល​រង​ទុក្ខ​ទោម្នេញ​ពី​របប​នេះ​ដោយផ្ទាល់ ក៏ប៉ុន្តែ កម្ពុជា បាន​ស្វះស្វែង​ស្តារ​ប្រទេស​របស់ខ្លួន​ពី​បាត​ដៃទទេ រហូត​មាន​ថ្ងៃនេះ​។

DCCam បញ្ជាក់​ក្នុង​សេច​​ក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ២៩ ខែធ្នូ​ថា​៖ «​កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ​ខ្លួន​ឱ្យ​ប្រសើរឡើង​ពី​ ១ ​ថ្ងៃ​ទៅ​១​ថ្ងៃ ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​និង​ជា​ផ្នែក​មួយ​នៃ​ពិភពលោក​ដ៏​ត្រចះត្រចង់​។ DCCam មាន​មោទនភាព​ក្នុងការ​ចងក្រង​ឯក​សារ​អំពី​ប្រវត្តិសាស្ត្រ​ដ៏​លំបាក​លំបិន​នេះ​ដើម្បី​បុព្វហេតុ​យុ​ត្តិធម៌ ការចងចាំ និង​ការផ្សះផ្សា សម្រាប់​ប្រជាជាតិ​របស់ខ្លួន និង​ពិភពលោក​»៕