ភ្នំពេញៈ រយៈពេលកន្លងទៅនេះ អគារផ្កាម្លិះបានទទួលកុមារសរុបចំនួន៥៦៣នាក់។ ក្នុងនោះកុមារផ្ទុកមេរោគអេដស៍-ជំងឺអេដស៍មានចំនួន ៤០២ នាក់ និងកុមាររងផលប៉ះពាល់ដោយមេរោគអេដស៍មានចំនួន១៦១នាក់ ដោយសហការជាមួយមណ្ឌលកុមារកំព្រាចំនួន៧ក្នុងរាជធានីភ្នំពេញ និងមួយចំនួនទៀតមកពីតាមសហគមន៍។ នេះបើយោងតាមអគារផ្កាម្លិះគាំទ្រចិត្តសាស្រ្តសង្គមនៃសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០២២នេះ។
លោកស្រី ហង្ស ណាវី ប្រធានការិយាល័យសុខភាព និងជានាយិកាអគារផ្កាម្លិះគាំទ្រចិត្តសាស្រ្តសង្គមបានថ្លែងក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ ធ្នូថា ចំពោះមុខអគារផ្កាម្លិះនៅតែបន្តសកម្មភាពស្នូលរបស់ខ្លួនជាប់ជាប្រចាំ។ ក្នុងនោះរួមមានអប់រំចិត្តសាស្រ្ត អប់រំសុខភាព ពង្រឹងការប្រើប្រាស់ថ្នាំប្រឆាំងនឹងមេរោគឱ្យបានត្រឹមត្រូវ និងទៀងទាត់ពេលវេលា បង្រៀនភាសាខ្មែរ បង្រៀនភាសាអង់គ្លេស បង្រៀនកុំព្យូទ័រ គូរគំនូរ និងសកម្មភាពបន្ទាប់បន្សំមួយចំនួនទៀត។
លោកស្រីបានបន្ថែមថា ក្រៅពីការងារទាំងអស់នេះ អគារផ្កាម្លិះនៅតែបន្តសហការជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ មន្ទីរពេទ្យកុមារជាតិ និងអង្គការដៃគូមួយចំនួនក្នុងការស្វែងរកដំណោះផ្សេងៗ ទាក់ទងទៅនឹងស្ថានភាពជំងឺរបស់កុមារ ព្រមទាំងមានការជួយព្យាបាលជំងឺភ្នែក ត្រចៀក មាត់ ធ្មេញ ដែលជាសំណូមពរ និងតម្រូវការរបស់កុមារផងដែរ។
ក្រៅពីនោះ ជារៀងរាល់ខែអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គម បានការជួយឧបត្ថម្ភជាអង្ករចំនួន១តោន និងថវិកាចំនួន៣លានរៀល ពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន រួមជាមួយនឹងសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក្នុងការរៀបចំអាហារ៣ពេលសម្រាប់កុមារផងដែរ៕