ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី ២៩ ខែធ្នូ បានអញ្ជើញចូលរួមពិធីអបអរសាទរខួប ២៤ ឆ្នាំ (២៩ធ្នូ ១៩៩៨-២៩ធ្នូ ២០២២) នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងលោកនាយករដ្ឋមន្ត្រី។
ពិធីនេះ ក៏មានការរៀបចំស្តង់តាំងពិព័រណ៌ បង្ហាញពីសមិទ្ធផលនានា នៅតាមបណ្តាអង្គភាពនានាចំណុះឱ្យក្រសួងការពារជាតិ ព្រមទាំងមានការបាញ់កាំជ្រួច ដើម្បីបង្ហាញពីការអបអរសាទរ នៃទិវាដ៏មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា។
លោក ទៀ បាញ់ បានមានប្រសាសន៍លើកឡើងនៅក្នុងពិធីនេះថា នៅក្នុងរយៈពេល២៤ឆ្នាំកន្លងទៅនេះ ទោះបីត្រូវប្រឈមនឹងភាពបត់បែន និងការប្រែប្រួលយ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងអន្តរជាតិយ៉ាងណាក្តី «ប៉ុន្តែរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានពុះពារគ្រប់ឧបសគ្គ ធ្វើដំណើរទៅមុខជានិច្ចនៅលើមាគ៌ាដ៏ត្រឹមត្រូវ ភាពអង់អាច និងបត់បែនតាមការវិវត្តនៃសភាពការណ៍ជាតិ និងអន្តរជាតិ បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យ បង្កើតបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រជូនជាតិ មាតុភូមិ»៕