កណ្តាលៈ រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​តែងតែ​និយម​ធ្វើ​ត្រី​ប្រហុក ឬ​ផ្អក ឱ្យ​រួសរាន់​ទៅធ្វើ​ចាប់ពី​ថ្ងៃទី​ ២៩ ខែធ្នូ តទៅ ស្រប​ពេលដែល​ការប្រមូល​ផល​នេសាទ​អំឡុង​ចុង​ខែ​នេះ និង​ដើមខែ​មករា ទទួលបាន​ទិន្នផល​ច្រើន​។​


​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ជល​ផល​ចុះ​ថ្ងៃទី​ ២៨ ខែធ្នូ បាន​ជម្រាបជូន​សាធារណជន​ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២២-២០២៣ រដូវ​ធ្វើ​ត្រី​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី​នឹង​ចាប់ផ្តើម​សម្បូរ​ច្រើន​ចាប់ពី​ថ្ងៃទី​ ២៩ ខែធ្នូ ឆ្នាំ ​២០២២ រហូតដល់​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ​ ២០២៣​។

​សេចក្តីជូនដំណឹង​បានឱ្យដឹងថា​៖ «​តាម​ការសង្កេត​ត្រី​ចាប់ផ្ដើម​បំ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង​ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយផល​ដល់​ការធ្វើ​នេសាទ​បាន​ត្រី​ច្រើន ជាពិសេស​គន្លង​ដាយ​ត្រី​តាម​ដង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្ដាល និង​រាជធានី​ភ្នំ​ពេញ​ចាប់​ពីថ្ងៃ​ ៧ ​កើត ដល់​ថ្ងៃ​ ១២​កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃទី​ ២៩ ខែធ្នូ ដល់​ថ្ងៃទី​ ៣ ខែមករា ឆ្នាំ ​២០២៣ ក្នុងករណី​មេឃ​ស្រឡះ​ល្អ​គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួល​​រង​ឥទ្ធិពល​ព្យុះភ្លៀង​»​។


​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត​កណ្តាល លោក​ហេង សុភា​រិ​ទ្ធ បាន​ប្រាប់ថា សម្រាប់​ត្រី​ឆ្នាំនេះ​មាន​លក្ខណៈ​ល្អ​ប្រសើរ​មានការ​កើនឡើង​បើ​ប្រៀបធៀប​ទៅនឹង​រដូវ​ធ្វើ​ប្រហុក​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​កាលពី​ខ្នើត​មុននេះ អាកាស​ធាតុ​មិនសូវ​ល្អ មាន​ភ្លៀង​ធ្លាក់​ទើប​ត្រី​មិនសូវ​សម្បូរ ប៉ុន្តែ​តាម​ការសង្កេត​ខ្នើត​ក្រោយ​ពោលគឺ​ពីថ្ងៃ​ទី​ ២៩ ​ធ្នូ​តទៅ ត្រី​នឹង​សម្បូរ​វិញ​ដោយសារ​មេឃ​ស្រឡះ ហើយ​ត្រី​ឆ្នាំនេះ​ល្អប្រសើរ​ជាង​ឆ្នាំ​កន្លងទៅជា​ពិសេស​ត្រី​សម្បូរ​នៅ​ស្រុក​ពញាឮ​»​។​


​លោក​បញ្ជាក់​ផងដែរ​ថា មូល​ហេតុដែល​ធ្វើឱ្យមាន​ត្រី​សម្បូរ​នេះ ក៏​គួបផ្សំ​នឹង​វិធានការ​របស់​រដ្ឋបាល​ជលផល​ខេត្ត​កណ្តាល​កន្លងមក​ផងដែរ ដែល​បាន​សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ពញាឮ ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​ជាក់​​ស្តែង តាម​ដង​ទន្លេសាប ដូចជា ឧ​បករ​ណ៍​ឆក់​ត្រី និង​ឧបករណ៍​នេសាទ​ស្បៃ​មុង ដែល​មក​ធ្វើ​ការនេសាទ​ក្នុង​ដែន​នេសាទ ទាំង​នៅតាម​ដង​ទន្លេ បឹង ព្រែក ស្ទឹង និង​អូរ ព្រោះថា ឧបករណ៍​ទាំងនេះ​បាន​បំផ្លិច​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ទាំង​ត្រី​មេ​ពូជ និង​កូន​​ត្រី​តូចៗ ដែលជា​ដើមហេតុ​ឱ្យ​ត្រី​ផុត​ពូជ​។

​លោក​ថា​៖ «​យើង​នឹង​បន្ត​សហការ​ជា​​មួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​ចុះ​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​ប​ទ​ល្មើស ជលផល​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កណ្ដាល ពិសេស​ចាត់វិធានការ​ទៅលើ​ឡូត៍​ដាយ​ត្រី​ខុសច្បាប់​ទាំងអស់ ដើម្បី​ជួយ​ការពារ​ធនធាន​មច្ឆជាតិ​របស់​យើង​ឱ្យមាន​ការកើនឡើង​»​។​

​អ្នកស្រី​សុខ ធីតា អាយុ ៤០ ​ឆ្នាំ រស់​នៅក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​តែងតែ​ធ្វើ​ប្រហុក​ទុក​ហូប​ជា​លក្ខណៈ​គ្រួសារ បាន​ថ្លែងថា ឆ្នាំនេះ​ក៏​មិន​ខុសពី​ឆ្នាំមុន​ដែរ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​អ្នកស្រី​នឹង​ទៅ​ទិញ​ត្រី​សម្រាប់ធ្វើ​ប្រហុក​។

​អ្នកស្រី​ថា​៖ «​ជា​រៀងរាល់ឆ្នាំ​ខ្ញុំ​ធ្វើ​ប្រហុក​ពី ៣០​ ទៅ ៥០ ​គីឡូ​ប៉ុណ្ណោះ សម្រាប់​ទុក​ហូប​ក្នុង​គ្រួសារ ហើយ​ពេលខ្លះ​នៅពេល​អ្នកភូមិ​គាត់​ចង់​ទិញ​ក៏​លក់​ខ្លះទៅ តែ​មិន​ចំណេញ​ច្រើន​ទេ​ព្រោះ​ខ្ញុំ​ទិញ​មក​ពេលខ្លះ​ត្រី​ធ្វើ​ប្រហុក​តម្លៃ​ពី​ ២ ០០០​ រៀល​ទៅ ៤ ០០០​ រៀល​ក្នុង ​១ ​គីឡូក្រាម ប៉ុន្តែ​ឆ្នាំនេះ​មិនទាន់​ដឹងថា គេ​លក់​តម្លៃ​ប៉ុន្មាន​ទេ​»​។​

​ទន្ទឹមនឹង​នេះដែរ រដ្ឋបាល​ជលផល បានស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថ​កិច្ច​ពាក់ព័ន្ធ សូម​បង្កលក្ខណៈ​ងាយ​ស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ធ្វើ​ដំណើរ ស្នាក់នៅ និង​ដឹកជញ្ជូន​ផលិត​ផល​ត្រី​បាន​ដោយ​រលូន​តាម​ការគួរ​៕