ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាផ្លូវការនៃការដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ នៅក្នុងខេត្តបាត់ដំបង សំដៅទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងជាពិសេសទាក់ទាញការវិនិយោគនៅក្នុងខេត្តនេះ។
បើយោងតាមផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង បានលើកឡើងនិងកំណត់ចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ច្បាស់លាស់ និងផែនការសកម្មភាពលម្អិត ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាព ប្រសិទ្ធភាព និងមានទំនួលខុសត្រូវ។ ផែនការអភិវឌ្ឍន៍ទេសចរណ៍ បច្ចុប្បន្នកម្មនេះ ធ្វើឡើងស្របតាមផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ និងស្របតាមគោលការណ៍របស់មន្ទីរទេសចរណ៍ជាអាទិភាព សម្រាប់ជំរុញការអភិវឌ្ឍទេសចរណ៍ស្របតាមនិន្នាការបច្ចុប្បន្ន។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ផែនការនេះ បានបង្ហាញពីសក្តានុពលទេសចរណ៍ខេត្តបាត់ដំបង ដ៏សម្បូរបែប និងមានលក្ខណពិសេសដោយមានលក្ខណៈអំណោយផល និងល្អវិសេសវិសាល ប្រភពធនធានដែលមានលក្ខណៈល្អប្លែក ជាពិសេសប្រាសាទបូរាណវត្តអារាម សំណង់ស្ថាបត្យកម្ម ឡូរីជើងភ្នំបាណន់ ជីវចម្រុះគ្រប់ប្រភេទនៅក្នុងបឹងទន្លេសាប ព្រមទាំងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៃតំបន់សក្តានុពលក្នុងស្រុកសំឡូត សម្រាប់បម្រើឱ្យវិស័យទេសចរណ៍។
ជាមួយគ្នានេះលោក អំពាវនាវ ដល់អ្នកវិនិយោគ អង្គការក្រៅរដ្ឋាភិបាល ផ្នែកសាធារណៈ វិស័យឯកជនចូលរួមអនុវត្តទាំងអស់គ្នា។
លោកបានថ្លែងបញ្ជាក់ថា៖«ខ្ញុំសូមអំពាវនាវឱ្យមានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ប្រើប្រាស់ជាត្រីវិស័យក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តបាត់ដំបង ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចសង្គម ធនធានមនុស្ស ការពង្រឹងគុណភាពផលិតផល និងសេវាទេសចរណ៍»។
ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក អ៊ុច អ៊ុភីនីស្សារ៉ា មានប្រសាសន៍ថា ផែនការនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តបាត់ដំបងឱ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត។
លោកបានមានប្រសាសន៍ថា៖«ក្នុងនាមថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ ខ្ញុំជឿជាក់យ៉ាងមុតមាំថាផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តបាត់ដំបង នឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយកិច្ចអភិវឌ្ឍផលិតផល និងសម្បទាទេសចរណ៍ ការពង្រឹងគុណភាព និងសេវាកម្មទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ក៏ដូចជាការចូលរួមចំណែកក្នុងការអភិរក្សបេតិកភណ្ឌវប្បធ៌ម ការការពារធនធានធម្មជាតិ និងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព»។
យោងតាមការសិក្សារបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ភ្ញៀវទេសចរដែលធ្វើដំណើរមកកាន់ខេត្តបាត់ដំបងស្នាក់នៅជាមធ្យមចំនួន២យប់ ៣ថ្ងៃដោយប្រើប្រាស់សេវាដឹកជញ្ជូនស្នាក់នៅម្ហូបអាហារ ភេសជ្ជៈ មគ្គុទ្ទេសក៍ទេសចរណ៍ សេវាកម្សាន្ត សេវាទស្សនា និងទិញវត្ថុអនុស្សាវរីយ៍។ ក្នុងនោះ ភ្ញៀវជាតិម្នាក់ចំណាយជាមធ្យម ៥០ដុល្លារអាមេរិក និងភ្ញៀវអន្តរជាតិម្នាក់ចំណាយជាមធ្យម ១១០ដុល្លារអាមេរិក។
ក្នុងឆ្នាំ២០២០ ទេសចរជាតិបានមកកម្សាន្តក្នុងខេត្តបាត់ដំបងចំនួន ៤៧០ ៨៧២ នាក់ ដែលអាចនាំចំណូលចូលសេដ្ឋកិច្ចខេត្ត បានប្រមាណជាង ២៣ លានដុល្លារអាមេរិក រីឯទេសចរអន្តរជាតិចំនួន៣៣ ៨៨៧ នាក់ ដែលអាចនាំចំណូលចូលសេដ្ឋកិច្ចខេត្តចំនួនជាង ៣,៧ លានដុល្លារអាមេរិក។
សរុបរួម ចំណូលបានពីភ្ញៀវទេចរជាតិ និងអន្តរជាតិដែលមកទស្សនាខេត្តបាត់ដំបងឆ្នាំ២០២០មានប្រមាណជាង២៧លានដុល្លារ៕