ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ភូ លិ អភិបាលរង​ខេត្ត​កែប បន្ទាប់ពី​រង​ការ​ចោទថា​បាន​ប្រើ​អំពើហិង្សា និង​ព្យាយាម​បៀតបៀន​លើ​ស្ត្រី​ ២​ រូប​។


​អនុក្រឹត្យ​ចុះ​ថ្ងៃទី​៣១ ខែធ្នូ ដែល​ចុះហត្ថលេខា​ដោយ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​បញ្ចប់​មុខតំណែង​លោក ភូ លិ ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១ ពី​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កែប​»​។​

​ការបញ្ចប់​មុខតំណែង​នេះ ធ្វើឡើង​យោងតាម​សំណើ​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង​។​


​លោក ភូ លិ និង​ស្ត្រីជន​រងគ្រោះ​មិនទាន់​អាចទាក់ទង​បាន​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ​នេះ​។

​ប៉ុន្តែ​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ហេតុការណ៍​ហិង្សា​នោះបាន​កើតឡើង​នៅវេលា​ម៉ោង ៧​និង ៣០​នាទី​យប់​ថ្ងៃទី ២៩ ខែធ្នូ នៅក្នុង​ពិធីជប់លៀង​មួយ ដែល​គ្រានោះ​លោក ភូ លិ បាន​ព្យាយាម​បៀតបៀន​លើ​ស្ត្រី​២​រូប ប៉ុន្តែ​ត្រូវបាន​ស្ត្រី​ទាំងនោះ​បដិសេធ​។


​ប្រភព​ដដែល​បន្តថា មួយសន្ទុះ​ក្រោយមក ស្រី្ត​រងគ្រោះ​ទាំង​នោះបាន​ដើរចេញ ប៉ុន្តែ​ត្រូវបាន​អភិបាលរង​រូបនេះ យក​កែវស្រា​គប់​លើ​ជនរងគ្រោះ បែកក្បាល ដេរ​ប្រមាណ ១៦​ថ្នេរ ។

​គួររំឭកថា លោក ភូ លិ ត្រូវបាន​ផ្ទេរ​ភារកិច្ច​មកកាន់​តំណែង​ជា​អភិបាលរង​ខេត្ត​កែប កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ ២០២០៕​