រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការព្រមានចាត់វិធានការលើសមាគមគ្រូបង្រៀនឯករាជ្យ និងស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្តុំសម្តែងមតិនៅទីលានប្រជាធិបតេយ្យ ក្រោមហេតុផលថា ការប្រមូលផ្តុំនោះមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងផ្ទុយពីសេចក្តីជូនដំណឹង។
ប៉ុន្តែថ្នាក់ដឹកនាំសមាគមនេះ អះអាងថា ការរៀបចំសម្ដែងមតិនេះ គឺជាសកម្មភាពស្របច្បាប់។
ការព្រមាននេះ បានធ្វើឡើង បន្ទាប់ពីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងបានដើរហែរក្បួន មកសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងលិខិតរបស់អភិបាលរងរាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ដែលបានជម្រាបជូន លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និង លោក ឡុង រឹម សមាជិកគណៈកម្មាធិការនាយកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពប្រមូលផ្តុំនោះ។
ក្នុងលិខិតបញ្ជាក់ថា៖«រដ្ឋបាលរាជធានីភ្នំពេញ សូមព្រមានជាលាយលក្ខណ៍អក្សរចំពោះលោក-លោកស្រី ហើយស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពប្រមូលផ្តុំជួបជុំសម្តែងមតិ ដែលមិនស្របតាមច្បាប់ ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ក្នុងករណីដែលលោក និងលោកស្រី នៅតែបន្តសកម្មភាពបែបនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានតាមផ្លូវច្បាប់ជាធរមាន»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយ៉ាវី បានលើកឡើងថា ការជួបជុំសម្តែងមតិ ដើម្បីទាមទារឱ្យដោះលែងអ្នកទោសនយោបាយគឺជាបេសកកម្មសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងស្របតាមច្បាប់។
លិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលលិខិត របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្តីពីការជូនដំណឹង អំពីការប្រមូលផ្ដុំ សម្តែងមតិ ដើម្បីទាមទារឱ្យមានការដោះលែង សកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។ បន្ទាប់មក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញលោក និងលោកស្រី មកប្រជុំពិភាក្សា អំពីសំណើខាងលើ ហើយបានឯកភាពគ្នា ធ្វើការកែសម្រួលកម្មវត្ថុ ឱ្យស្របតាមលក្ខន្តិកៈ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។
លិខិតដដែលបន្តទៀតថា ក្រោយមក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ បានទទួល ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការជូនដំណឹងជាថ្មី ស្តីពីការប្រមូលផ្តុំសម្ដែងមតិរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញលោក និងលោកស្រី មកប្រជុំ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធ បានពិនិត្យឃើញថា កម្មវត្ថុនៃការសម្តែងមតិនេះ មិនស្របនឹងមាត្រា ៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយលោក និង លោកស្រី ក៏បានឯកភាពគ្នា ធ្វើការកែសម្រួលកម្មវត្ថុ នៃលិខិតស្នើសុំឱ្យស្របតាមច្បាប់ ដោយបានចុះហត្ថលេខា លើកំណត់ហេតុ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។
លិខិតនេះបន្តទៀតថា ស្រាប់តែនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា បានធ្វើបាតុកម្មលើទ្រូងផ្លូវសាធារណៈ នៅក្បែរទីលានប្រជាធិបតេយ្យឫស្សីកែវ ហើយបន្តដើរដោយថ្មើរជើង តាមដងផ្លូវ ឆ្ពោះទៅសាលាដំបូងរាជធានីភ្នំពេញ។
លិខិតរបស់សាលារាជធានីភ្នំពេញបញ្ជាក់ថា៖«ទង្វើខាងលើនេះ ជាសកម្មភាពមិនស្របច្បាប់ គឺមិនស្របមាត្រា ៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី ដោយសារលោក និងលោកស្រី មិនបានជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ សាជាថ្មីឡើយ។ មិនស្របមាត្រា ១៦ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីដោយសារសកម្មភាពខាងលើ មិនបានជូនដំណឹង មកអាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ»៕