ភ្នំពេញៈ ក្នុង​វិស័យ​យុត្តិ​ធម៌​កម្ពុជា ស្រប​នឹង​យន្តការ​ប្រព័ន្ធ​តុលា​ការ គេ​ក៏​ឃើញ​មាន​ដែរ​នូវ​មធ្យោ​បាយ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ ដែល​ឱ្យ​គូ​ភាគី​ជម្លោះ​អាច​សម្រប​សម្រួល​ចរចា​គ្នា​បញ្ចប់​វិវាទ​បាន​។ ជុំវិញ​បញ្ហា​នេះ​ អ្នកជំ​នាញ​និង​អ្នក​ឃ្លាំ​មើល​សង្គម​បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា ការដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​បាន​ជួយ​កាត់​បន្ថយ​បញ្ហា​កក​ស្ទះ​សំណុំ​រឿង​ក្នុង​តុលា​ការ ​ចំណេញ​ថវិកា​ ចំណេញ​ពេល​វេលា​ពិសេស​បង្កើន​ភាព​សុ​ខ​ដុមរ​មនា​ក្នុង​សហ​គមន៍​។​


​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ ជិន ម៉ា​លីន រដ្ឋ​លេខា​ធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ពន្យល់​ថា យន្ត​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​មាន​សារ​ប្រយោជន៍​ដើរ​ទន្ទឹម​នឹង​ប្រព័ន្ធ​តុលា​ការ ដែល​អាច​ជួយ​បន្ថយ​ការកក​ស្ទះ​សំណុំ​រឿង និង​សម្រួល​បន្ទុក​ក្នុង​តុលា​ការ ខណៈ​ធនធា​ន​ហិរញ្ញវ​ត្ថុ បច្ចេកទេ​ស និង​ធនធាន​មនុស្ស​របស់​តុលា​ការ​កម្ពុជា​នៅ​មាន​កម្រិត​។ប៉ុន្តែ​ជុំវិញ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ធំៗ គេ​ត្រូវ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដាច់ខាត ដោយ​ឡែក​ ចំពោះ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​តូចៗឬ​បញ្ហា​ស៊ីវិល ជា​ជម្រើស​របស់​ភាគី​ជម្លោះ​ដោយ​ប្រើ​យន្ត​ការ​ក្រៅ​ប្រព័ន្ធ​តុលា​ការឬ​តុលា​ការ​។​

​លោក​ជិន ម៉ា​លីន បានបញ្ជាក់​ថា​៖ «​ការដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ វា​ចំណេញ​ពេលវេលា វា​មិនសូវ​ស្មុគ​ស្មាញ​ ដោយ​តុលាការ​មាន​នីតិ​វិធី​ច្បាប់​ច្រើន ហើយ​វា​អាច​រក្សា​ការ​សម្ងាត់​របស់​គូភាគី​ផង និង​ពិសេស​កា​ររ​ក្សាបាន​នូវ​ភាព​សុខដុមរ​មនា ដែល​គូភាគី​ព្រម​ព្រៀង​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​អាច​រាប់​អាន​គ្នា​»​។​


​លោក​ សង្កត់​ធ្ងន់​ថា ការ​បញ្ចប់​ជម្លោះ​នៅត្រឹម​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលា​កា​រអាចធ្វើ​មាន​សុ​ខ​ដុម​នីយក​ម្ម​សហ​គមន៍​បាន ដែល​ចៀស​វាង​គូប​ដិបក្ខ​មើលមុខ​គ្នា​មិន​ត្រូវ ​ក្លាយ​ជា​សត្រូវ​នឹងគ្នា ​ក្រោយ​កាត់ក្តី​តាម​ប្រព័ន្ធ​តុលា​ការ ព្រោះ​តុលាការ​នឹង​បញ្ចប់​ក្តី​ដោយ​ម្ខាង​ចាញ់ និង​ម្ខាង​ឈ្នះ​ប៉ុណ្ណោះ​។​

​ស្រដៀង​គ្នា​នេះដែរ ​លោក​មេធាវី​ ​សុក សំអឿន បាន​ថ្លែង​ថា យន្ត​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ជា​វិធី​សាស្ត្រ​ប្រសើរ​មួយ ប្រសិន​បើគេ​ប្រើ​ដោយ​ត្រឹម​ត្រូវ​។លោក​មេធាវី​រូបនេះ​មើល​ឃើញ​នូវ​សារៈ​សំខាន់ចំនួន​៣​យ៉ាងពី​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះគឺចំណេញ​ពេលវេលា​,​អាច​បន្ថយ​បន្ទុក​ទៅ​តុលាការ និង​អាច​រក្សា​ទំនាក់ទំនង​រវាង​ភាគី​ជម្លោះ​។


​លោកបាន​ប្រាប់ថា​៖ «​កន្លងមក​រឿងក្តី​តែង​អូសបន្លាយ​ក៏​ដោយសារ​បច្ចេកទេស​មេ​ធា​វី​មួយចំនួន និង​បញ្ហា​អំពើពុករលួយ​ក្នុង​ប្រព័ន្ធតុលាការ​មួយផ្នែក​ផងដែរ បើ​មេធាវី​គ្រប់គ្នា​មានចិត្ត​ផ្សះផ្សា​នោះ រឿងក្តី​វា​ឆាប់​ចប់ តែបើ​ឆាប់​ចប់ អត់​មាន​សេវា​ថ្លៃ​មេធាវី ចំណែក​តុលាការ​វិញ​ក៏​ពុករលួយ​»​។​

​លោក​បន្ថែមថា​ ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​អាចមាន​វិធីសាស្ត្រ២​យ៉ាង​ក្នុងនោះ ការប្រើប្រាស់​អ្នក​ផ្សះផ្សា និង​ការប្រើប្រាស់​វិធី​ច​រចា ដែល​មេធាវី​អាច​ប្រើប្រាស់​វិធី​ទាំង​២បាន​។​

​គួរ​បញ្ជាក់ថា កន្លងមក​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកទឹកចិត្ត​ឱ្យ​បង្កើន​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ផងដែរ ពិសេស​វិវាទ​ដីធ្លី ដែល​លោក​បាន​កោតសរសើរ​ចំពោះ​ការងារ​គំរូ​របស់​អភិបាល​ខេត្តកំពត លោក​ម៉ៅ ធនិន លើ​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ហើយ​អំពាវនាវ​ឱ្យ​ខេត្ត​ដទៃទៀត​យកតម្រាប់​តាម​។​

​ទន្ទឹមនឹងនេះ លោក​ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ក៏បានលើកឡើង​ដែរ​ថា កិច្ចការ​ដោះស្រាយ​វិវាទ​តាម​ប្រព័ន្ធតុលាការ​នេះ ជា​រឿង​ល្អ ជាការ​ចូលរួមចំណែក​ក្នុងការ​ស្វែងរក​យុត្តិធម៌​និង​ដំណោះស្រាយ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

​លោក​បានថ្លែងថា​៖ «​កន្លងមក​យើង​ឃើញ​ហើយ​ថា​ មាន​វេទិកា​ដោះស្រាយ​វិវាទ ដែល​វា​មិនទាន់​ជាមាន​ប្រព័ន្ធ​ជាក់លាក់​ណា​មួយ​ដែល​យើង​ឃើញ​មាន​អភិ​បាល​ខេត្ត​កំពត អតីត​អភិ​បាល​ខេត្ត​ពោ​ធិ៍សាត់​ លោក​ម៉ៅ ធនិន ​ប៉ុន្តែ​ការធ្វើ​កន្លង​មក​នេះ មិនមាន​វិធាន​ច្បាប់​ណាមួយ​ច្បាស់លាស់​ទេ​»​។

​សម្រាប់​លោក​ ស៊ឹង ​សែន​ករុណា លោក​សាទរ​ចំពោះ​ការដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ ប៉ុន្តែ​លោក​មើល​ឃើញ​ថា កន្លង​មក យន្ត​ការ​នេះ​ដោះ​ស្រាយ​បានតែ​រឿង​តូច​តាច​ប៉ុណ្ណោះ​។​

​លោក​បន្ត​ថា​ដោយ​ឡែក​វិវាទ​រវាង​ពលរដ្ឋ​ជា​មួយ​អ្នក​មាន​អំណាច​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​ណាមួយ​ទេដែល​លោក​សង្ឃឹម​ថា​ រដ្ឋាភិ​បាល​និង​បណ្តា​ខេត្ត​ណា​ដែល​ចង់​អនុវត្ត​កិច្ច​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុ​លាការ​នេះ ត្រូវ​ប្រកប​ដោយ​បទដ្ឋាន​ច្បាប់​ត្រឹមត្រូវ​សម្រាប់​ផ្តល់​យុត្តិ​ធម៌​ដល់​ពលរដ្ឋ​ជា​ជាង​ទៅ​តាម​គំនិត​បុគ្គល​មាន​អំណាច​ដូច​យន្ត​ការ​កន្លង​មក​។​

​សម្រាប់​លោក ​អ៊ូ ច័ន្ទ​រ័ត្ន សហ​ស្ថាប​និក​គណ​បក្ស​កែទម្រង់​កម្ពុជា​និង​ជា​អតីត​តំណាង​រាស្ត្រ​ខេត្ត​តាកែវ​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ប្រើ​ប្រាស់​យន្តការ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជា​រឿង​ប្រសើរ​ចំពោះ​បញ្ហា​ដីធ្លី និ​ង​ទំនាស់​នៅតាម​សហគ​មន៍​ជា​ពិសេសទំនាស់​ដីធ្លី​នៅ​កម្ពុជា​តាម​មូលដ្ឋាន​នេះ​កំពុង​កើត​ឡើង​និង​បន្ត​រ៉ាំរ៉ៃ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​មាន​ការ​ចាប់​ចង​មនុស្ស​ជា​ច្រើន​ករណី​ផង​ព្រោះ​យន្ត​ការ​តុលា​ការ​។​

​លោក​ថា​៖ «​វិធី​ណា​ក៏ដោយ​ឱ្យ​តែ​ពល​រដ្ឋ លោក​សុខ​ចិត្ត បើជា​អ្នករង​គ្រោះ​មិន​សុខ​ចិត្ត​ទេ ប្រព័ន្ធ​តុលា​ការ​នៅតែ​ជា​រឿង​ចាំ​បាច់ ប៉ុន្តែ​តុលា​ការ​ត្រូវ​តែ​ផ្តល់​យុត្តិ​ធម៌​ដល់​ជនរង​គ្រោះ ព្រោះ​កន្លង​មក ​អ្នក​ធ្លាប់​មាន​ជម្លោះ​ដីធ្លី​ភាគ​ច្រើន​មិន​សូវ​ជា​ទទួល​ភាព​កក់​ក្តៅ​និង​យុត្តិ​ធម៌ ពី​តុលា​ការ​សោះ មិន​ខុសពី​ការ​លើក​ឡើង​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​នោះ​ទេ ដែល​អ្នក​ឈ្នះ​ថា​ យុត្តិ​ធម៌ អ្នក​ចាញ់​ថា ​អយុត្តិ​ធម៌​នោះ​»​។​

​គួរ​រំ​ឭ​កថា ក្នុង​យន្តការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​នេះ ក្រសួង​យុត្តិ​ធម៌​ក៏​កំពុង​សិក្សា​បង្កើត​អង្គភាព​វិជ្ជាជីវៈ​ដើម្បី​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលា​ការ ដោយ​ផ្តោត​ជា​ពិសេស​លើ​រឿងក្តី​រដ្ឋ​ប្បវេណី និង​រឿងក្តី​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​។ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​កើត រឹទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ក្នុង​ពិធី​បិទ​បញ្ចប់​សន្និបាត​លើក​ទី ២៧​ របស់​គណៈ​មេធាវី​កម្ពុជា កាលពី​ខែតុលា ឆ្នាំ​២០២២ កន្លង​ទៅ​។

​អង្គភាព​វិជ្ជាជីវៈ​នោះ​ហៅថា​«​សន្ធាន​ការី​»ដែល​អាច​ដោះ​ស្រាយ​រឿងក្តី​រដ្ឋប្បវេណី តួយ៉ាង ​ទំនាស់​ដីធ្លី ភ្លឺ​ស្រែ ទំ​នាស់​គ្រួសារ និង​រឿងក្តី​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល ​ក្នុង​ន័យ​ជួយ​សម្រាល​បន្ទុក​តុលា​រការ ​និង​លើក​កម្ពស់​វប្បធម៌​យោគ​យល់​អធ្យា​ស្រ័យ​គ្នា និង​មរតក​នយោ​បាយ​ឈ្នះ​-​ឈ្នះ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​។​

​កន្លង​មក​ក្នុង​យន្ត​ការ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នេះ ក្រសួង​យុត្តិ​ធម៌បាន​ចេញ​សេចក្ដី​សម្រេច​ចំនួន​២ ដាច់ដោយ​ឡែក​ពីគ្នា ​ស្តីពី​ការ​បង្កើត​គណៈ​កម្មការ​រៀបចំ​ដំណើរ​ការ​តុលា​ការ​ជំនាញ​ក្នុង​នោះ រួមមាន ​តុលា​ការ​ពាណិជ្ជ​កម្ម និង​តុលា​ការ​ការ​ងារ​ដើម្បី​ដោះ​ស្រាយ​ភាព​ចាំបាច់​នៃ​សំណុំរឿង​ពិសេស​ដាច់​ដោយ​ឡែក​ជុំវិញ​វិវាទ​ការងា​រនិង​ពាណិជ្ជ​កម្ម ​ក្រៅពី​គម្រោង​អង្គ​ភាព​ដោះ​ស្រាយ​តាម​រយៈ​សន្ធាន​ការី​។

​ចំណែក​ក្រសួង​មហា​ផ្ទៃ​វិញ​ក៏​ធ្លាប់​បាន​បង្កើត​យន្ត​ការ​ដើម្បី​ដោះ​ស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលា​ការ​នៅ​តាម​មូល​ដ្ឋាន​ផង​ដែរ​៕