ភ្នំពេញៈ នាយក​ប្រតិបត្តិការ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា លោក មុំ គង់ ស្នើ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ចំពោះ​អ្នក​ដែល​កំពុង​ផ្សព្វផ្សាយ​លក់​បារី​អេឡិចត្រូនិក​តាមរយៈ​បណ្ដាញ​សង្គម បើទោះបីជា​អាជ្ញាធរ​បាន​រឹបអូស និង​ប្រមូល​ដុត​កម្ទេច​បារី​នេះ​ចោល​ជាច្រើន​យ៉ាងណាក៏ដោយ​។​


ការលើកឡើង​ដូចនេះ បន្ទាប់ពី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ពាក់ព័ន្ធ បាន​រឹបអូស និង​នាំយក​ផលិតផល​បារី​អេឡិចត្រូនិក​(E-Cigarette) ចំនួន​២៨៨​កា​តុង ស្មើនឹង ៧ ២០០​ប្រអប់ ទៅធ្វើ​ការបំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២​។​


លោក មុំ គង់ បាន​ប្រាប់​ឱ្យដឹងថា ​ការដកហូត​បារី​អេឡិចត្រូនិក និង​ការដុត​កម្ទេច​បារី​អេឡិចត្រូនិក​នេះ វា​ជាការ​រួមចំណែក​មួយ ក្នុងការ​បង្ការ​ដើម្បី​កុំឱ្យ​យុវជន កុមារ ប្រើប្រាស់​បារី​អេឡិចត្រូនិក​នេះ​បន្តទៀត​។ ដូច្នេះ​ការដុត​ចោល​នេះ វា​ជា​ផ្នែក​មួយ​ក្នុងការ​កាត់បន្ថយ​កុំឱ្យ​យុវជន និង​កុមារ អាចមាន​ឱកាស​ក្នុងការ​ប្រើប្រាស់​បារី​នេះ​ជាដើម​។​


ក្រៅពីនេះទៀត សម្រាប់​រូបលោក​មានការ​សាទរ​ការណ៍​ដែល​អាជ្ញាធរ​បានធ្វើ​ការដុត​បំផ្លាញ​បារី​អេឡិចត្រូនិក​ដែល​បាន​រកឃើញ​កន្លងមក ពីព្រោះ​ការដុត​កម្ទេចចោល​នេះ វា​បញ្ជាក់​ពី​ស្មារតី​ក្នុងការ​ចូលរួម​ប្រឆាំង​យុវជន និង​កុមារ​ប្រើប្រាស់​បារី​អេឡិចត្រូនិក​។​

លោក មុំ គង់ បាន​ថ្លែងថា ៖ «​ខ្ញុំ​ពិតជា​គាំទ្រ​ឱ្យមាន​ការដកហូត ឱ្យមាន​ការបញ្ឈប់ កុំឱ្យ​មានការ​ផ្សព្វផ្សាយ​លក់ ឬក៏​ចែកចាយ​បារី​អេឡិចត្រូនិក​នេះ ដូចជា​អ្វីដែល​យើង​បានចែង​នៅក្នុង​សេចក្ដីណែនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​យើង​ហ្នឹង ហើយ​ខ្ញុំ​ក៏​ចង់​ស្នើឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រសួង​មាន​សមត្ថកិច្ច ធ្វើ​ការចេញ​វិធានការ​យ៉ាងណា ទៅលើ​អ្នក​ដែល​កំពុង​ផ្សព្វផ្សាយ​លក់​បារី​អេឡិចត្រូនិក​ទៅ​ឱ្យ​កុមារ និង​យុវជន តាម​បណ្ដាញ​ព័ត៌មាន​សង្គម ដែល​យើង​ឃើញថា ​បច្ចុប្បន្ននេះ គឺ​នូវតែ​ឃើញ​មាន​ដដែល​»​។​

លោក​ថ្លែងថា ថ្មីៗ​នេះ ឃើញ​មាន​សិស្សានុសិស្ស​ដែល​ទើបតែ​ប្រឡង​បញ្ចប់​បាក់​ឌុប​ត្រូវ​រង​ឥទ្ធិ​ពល​ពី​អាជីវករ ឬ​ក្រុមហ៊ុន​ខ្លះ បាន​ផ្សព្វផ្សាយ និង​ធ្វើការ​លើកទឹកចិត្ត ដោយ​ការអំពាវនាវ​អំពី​ការបញ្ចុះ​តម្លៃ​បារី​អេឡិចត្រូនិក​នេះ​ជាដើម​។ សកម្មភាព​ទាំងអស់នេះ គឺ​គួរតែ​ត្រូវបាន​ស្ថាប័ន​មាន​សមត្ថកិច្ចចាត់វិធានកា​រ​ឱ្យបាន​តឹងរ៉ឹង ចំពោះ​អ្នក​ដែល​បន្ត​ផុស​លក់ និង​ចែកចាយ ឬ​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​ព័ត៌មាន​សង្គម​នេះ​ផងដែរ​។​

លោក គង់ ថ្លែងថា ប្រសិនបើ​អាជ្ញា​ធរមាន​វិធានការ​តឹងរ៉ឹង ចំពោះ​ការផ្សព្វផ្សាយ​បារី​អេឡិចត្រូនិក​តាមរយៈ​បណ្ដាញ​ព័ត៌មាន​សង្គម​នេះ វា​ជាការ​រឿង​ល្អ​ខ្លាំងណាស់ ដើម្បី​បង្ការ​កុមារ និង​យុវជន កុំឱ្យ​មានការ​ខូ​ច​ខាត​ខួរក្បាល កុំឱ្យ​មានការ​ខូ​ច​ខាត​សួត និង​រួមទាំង​ការ​ខូ​ចខាត​បេះដូង ដោយសារ​បារី​អេឡិចត្រូនិក​នេះ​ជាដើម​។​

សូមបញ្ជាក់​ផងដែរ​ថា ផលិតផល​បារី​អេឡិចត្រូនិក​(E-Cigarette) ដែល​បាន​ដុត​កម្ទេចចោល​ទាំងនោះ បានមកពី​ការដកហូត កាលពីដើម​ខែវិច្ឆិកា ឆ្នាំ​២០២២ ពី​ទីតាំង​ស្តុក​ទុក​ចែកចាយ​១​កន្លែង ដោយយោង​តាម​ដីការ​សម្រេច​រឹបអូស​ចា​ប់យក​វត្ថុតាង​ទៅ​បំផ្លាញចោល របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ស៊ើបអង្កេត នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម​។​

បើ​យោង​របាយការណ៍​ស្រាវជ្រាវ​១​របស់​សាកលវិទ្យាល័យ​ជាតិ​មានជ័យ បាន​បង្ហាញថា នៅ​កម្ពុជា ក្នុង​១​ឆ្នាំៗ​មាន​អ្នកស្លាប់​ចំនួន ១​ម៉ឺន​៥​ពាន់​នាក់​ដោយសារ​ការជក់បារី ក្នុងចំណោម​អ្នកប្រើប្រាស់​សរុប​ជាង ២​លាន​នាក់ ក្នុង​នោះបាន​ចំណាយ​ថវិកា​ជាង ១៦០​លាន​ដុល្លារ សម្រាប់​សេវា​ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ទូទៅ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជក់បារី ឬ​ស្មើនឹង ៣% នៃ GDP (RTI, MOH, UNDP, FCTC, WHO, ២០១៩)​។​

​បន្ថែម​ពីនេះ ប្រទេស​កម្ពុជា​ស្ថិតនៅក្នុង​បណ្តា​ប្រទេស​មាន​អត្រាពន្ធ​ទាប លើ​ផលិតផល​ថ្នាំជក់ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន (SEATCA, ២០១៩)៕

វីដេអូ៖