ត្បូងឃ្មុំៈ ​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី ​៤ ខែមករា បាន​ច្រានចោល​ការចោទប្រកាន់​រឿង​អំពើពុករលួយ​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​ការកេងប្រវ័ញ្ច​ថវិការដ្ឋ និង​ប្រាក់ខែ​គ្រូបង្រៀន​នៅក្នុង​ក្របខ័ណ្ឌ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូងឃ្មុំ​។​


យោងតាម​សេចក្ដីបំភ្លឺ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣ បានឱ្យដឹងថា​មានការ​បង្ហោះ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ដោយបាន​ចោទប្រកាន់​ប្រធាន​មន្ទីរអប់រំ​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ អ៊ិន ពៅ​សម្បត្តិ បាន​កេងប្រវ័ញ្ច​ថវិកា​ពាក់ព័ន្ធ​នឹង​គ្រូបង្រៀន និង​សាច់​ញាតិនិយម​ប្រមាណ​៧៤ ៩៣៣​ដុល្លារ​សហរដ្ឋអាមេរិក​(​ជាង​២៩៩,៧៣​លាន​រៀល​)​។​


រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បាន​បង្កើត​ក្រុមការងារ​ថ្នាក់​ខេត្ដ​ដើម្បី​ពិនិត្យ សិក្សា ស្រាវជ្រាវ អង្កេត និង​ដោះស្រាយ ដោយបាន​ចុះទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ដ​ត្បូងឃ្មុំ ពិនិត្យ​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់ និង​ហ្មត់ចត់​បំផុត ដោយ​ផ្អែកលើ​ករណី​បណ្ដឹង​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ការកេងប្រវ័ញ្ច និង​សាច់​ញាតិនិយម​។ ការស្រាវជ្រាវ​នេះ​ធ្វើឡើង​តាមរយៈ​ការសាកសួរ​មន្ដ្រី លោកគ្រូ អ្នកគ្រូ និង​អ្នកពាក់ព័ន្ធ​ដោយ​រក្សា​ការសម្ងាត់ និង​ស្រាវជ្រាវ​ប្រមូល​ឯកសារ​ធាតុ​ចូល​នៃ​អង្គហេតុ​នីមួយៗ និង​បានដាក់​ឆ្លង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ដ ដើម្បី​ពិនិត្យ ពិភាក្សា​ករណី​ចោទប្រកាន់​នេះ​ដោយ​ឈរលើ​គោលការណ៍​ច្បាប់ និង​ប្រកបដោយ​អព្យាក្រឹតភាព​។


យោងតាម​សេចក្ដីបំភ្លឺ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់ថា​៖ «​ជា​លទ្ធផល នៅក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ដ​មិន​ត្រឹមតែ​រក​មិនឃើញ​នូវ​កំហុសឆ្គង​ដូច​ការចោទប្រកាន់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​បាន​រកឃើញ​អំពី​លក្ខណ​សម្បត្ដិ​ល្អប្រសើរ​ក្នុងការ​ដឹកនាំ គ្រប់គ្រង​របស់លោក​ប្រធាន​មន្ទីរ​ទៅវិញ​»​។

ទោះយ៉ាងណា​ក៏ដោយ លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ថ្លែងថា រឿង​អំពើពុករលួយ​គ្មានអ្វី​ចម្លែក​នោះទេ​នៅក្នុង​សង្គម​បច្ចុប្បន្ន​កើតមាន​តាំងពី​ថ្នក់​ក្រោម​ដល់​ថ្នាក់លើ​។​

លោកស្រី អ៊ុក ឆា​យ៉ា​វី ថ្លែងថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ ខ្ញុំ​គ្រាន់តែ​ផ្ដាំ​ទៅដល់​លោកគ្រូ អ្នកគ្រូ​អ្វីដែល​យើង​ធ្វើ អ្វីដែល​យើង​តវ៉ា គឺ​គេ​មិន​ឲ្យ​តម្លៃ​យើង​ទេ ទោះបីជា​គេ​ឃើញ​ហើយ​ថា​មាន​អំពើពុករលួយ ប៉ុន្តែ​គេ​ថា​នូវតែ​អត់​មាន​អំពើពុករលួយ​»​។​

លោក ឡេង សេង​ហាន មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស និង​ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ប្រចាំខេត្ត​ត្បូងឃ្មុំ បាន​ថ្លែងថា នៅក្នុង​លិខិត​ឆ្លើយបំភ្លឺ វា​បានបង្ហាញ​តែមួយ​ជ្រុង ដោយ​មិនបាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​សុក្រឹត យុត្តិធម៌ ប៉ុន្តែ​ក៏ត្រូវ​តែ​រង់ចាំ​មើល​ពី​ក្រសួង​ផងដែរ ពីព្រោះ​កន្លងមក​ករណីនេះ ក្រសួង​អប់រំ ក៏បាន​បង្កើត​គណៈកម្មកា​រ​១ ដើម្បី​ស្រាវជ្រាវ​ដែរ​។​

លោក​ថ្លែងថា​៖ «​ប្រសិនបើ​ម្ចាស់​ដើមបណ្ដឹង​មិនអាច​ទទួលយក​ការឆ្លើយបំភ្លឺ​នេះ​បានទេ ដូច្នេះ​មានន័យថា​សេចក្ដីបំភ្លឺ​របស់​រដ្ឋបាល​ត្បូងឃ្មុំ មាន​ភាពមិន​គ្រប់​ជ្រុងជ្រោយ​ឡើយ​»​។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សុ​វាចា នៅ​ថ្ងៃទី​៤ ខែមករា​នេះ មិនអាច​ទាក់ទង​សុំ​ការអធិប្បាយ​បាន​នោះទេ​។​

​សូមបញ្ជាក់ថា កន្លងមក​លោក អ៊ិន ពៅ​សម្បត្តិ ត្រូវបាន​លោកគ្រូ អ្នកគ្រូ រួម​នឹង​មន្ដ្រី​នៅ​មន្ទីរអប់រំ ប្ដឹងទៅ​អភិបាលខេត្ដ​និង​ក្រសួង​អប់រំ​ផងដែរ ហើយ​បានទាមទារ​ឲ្យ​ចាត់វិធានការ​បញ្ចប់​មុខតំណែង​ថ្នាក់ដឹកនាំ​រូបនេះ​ដោយ​ក្រោម​ហេតុផល​បាន​ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ​ធ្ងន់ធ្ងរ​ជាច្រើន​ករណី ដោយ​កិបកេង​ប្រាក់​រដ្ឋ កាត់​ប្រាក់ខែ​គ្រូ គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ជាដើម​៕